ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿប្រវត្តិជំនឿ និងអានិសង្សបិណ្ឌ

ប្រវត្តិជំនឿ និងអានិសង្សបិណ្ឌ

សង្គមខ្មែរ​ចាត់ទុកភ្ជុំបិណ្ឌជាទំនៀមបុណ្យប្រពៃណីដ៏សំខាន់​ ដូច​បណ្តាពិធី​​ឯទៀត​នៃទ្វាទសមាស។ ដើមហេតុនៃភ្ជុំបិណ្ឌនេះ បើមើលប្រភពភស្តុតាង​ប្រវត្តិសាស្រ្តតាមរយៈ​សិលាចារឹក​សម័យកណ្តាល (IMA.3)​ ឃើញថានៅ​ក្នុង​សតវត្សរ៍​ទី​១៦ ព្រះបាទជេដ្ឋាទី១ (១៥៧៦-១៥៩៤)ទ្រង់​បាន​ប្រារព្ធ“​ពិធីតប៌្បណទ្វាទសបិណ្ឌ” ដើម្បីឧទ្ទិសកុសល​​នៅអំឡុង​បុណ្យ​​​ដាក់បិណ្ឌទាំង​១២។ ប៉ុន្តែបើមើលភស្តុតាង​ប្រវត្តិសាស្រ្តហួសទៅដល់សម័យអង្គរ អ្នកស្រាវជ្រាវយល់ថា ពិធី​ភ្ជុំបិណ្ឌទទួល​ឥទ្ធិពល​ពិធីឝ្រាទ្ធ [śrāddha] (ស្រាទ្ធ) នៃវប្បធម៌​ឥណ្ឌា​​។ ពាក្យឝ្រាទ្ធឃើញក្នុង​សិលាចារឹក​​​ថ្នល់បារាយណ៍ (K.279c) ចារ​ក្នុង​រាជ្យ​ព្រះបាទ​​យសោ​វរ្ម័ន​ទី១(៨៨៩-៩០០) ដែល​មាន​​សេចក្តីរៀបរាប់​​ពិធីបោះ​បាយ​បិណ្ឌ​ឧទ្ទិស​ដល់​អ្នក​ស្លាប់​​​អនាថា ឬ​ស្លាប់​​ក្នុងសមរភូមិ ដើម្បីអាច​ចាប់​ជាតិកំណើត​ថ្មី​បាន។​ ឯរូបសត្វនរកក៏ឃើញមានឆ្លាក់ច្បាស់នៅអង្គរវត្ត និងប្រាសាទតានៃ។

ទោះយ៉ាងណាក្តី សព្វថ្ងៃ​មនុស្ស​ខ្មែរណាម្នាក់ក៏យល់ដូចគ្នា​ថា ភ្ជុំបិណ្ឌគឺជា​​ទំនៀមក្នុង​​​ព្រះពុទ្ធសាសនាដែរ។ ហេតុពោល​ដូច្នោះក៏មិនខុស ដ្បិត​តាំងពីដូនតាមកខ្មែរតែងប្រារព្ធភ្ជុំបិណ្ឌនៅតាម​វត្តអារាមជាដរាប។ មិនតែប៉ុណ្ណោះ ពាក់ព័ន្ធនឹង​ប្រវត្តិភ្ជុំបិណ្ឌ ក៏មាន​រឿងដែលព្រះសង្ឃតែងតែលើកមក​ទេសនាបញ្ជាក់ជារឿយៗពី​ក្នុង​គម្ពីរ​បេតវត្ថុ គម្ពីរធម្មបទដ្ឋ​កថា សាស្រ្តាវិជ្ជាធរ ឬព្រះនេមិរាជជាតក និងព្រះមហាល័យសូត្រជាដើម។ លើសពីនេះក្នុងគម្ពីរ ឬរឿងរ៉ាវខាងលើឱ្យដឹងថា​ ភ្ជុំបិណ្ឌកើតដោយព្រះអរិយបុគ្គលមានឥទ្ធិរិទ្ធដូចជា​ព្រះពុទ្ធ ព្រះមោគ្គលាន ព្រះមាល័យ ឬព្រះនេមិរាជ… បានឃើញសេចក្តីទុក្ខវេទនា​របស់​ពពួក​សត្វនរកប្រែត ដែល​យម្ភូបាលធ្វើទុក្ខទោស ហើយពពួកសត្វនរកប្រែតទាំង​ឡាយ​នោះតែងប្រាថ្នាឱ្យញាតិសន្តាន​ធ្វើបុណ្យ​ឧទ្ទិសកុសលឱ្យ​​។

ជាការពិត “ភ្ជុំបិណ្ឌ” គឺមាន “បាយបិណ្ឌ” ជារណ្តាប់សំខាន់ ឬអាចនិយាយបញ្ច្រាស​ថា​បើគ្មាន “បាយបិណ្ឌ” ប្រហែលក៏គ្មានពិធី “ភ្ជុំបិណ្ឌ” ដែរ។ បុរាណ​លោក​ពន្យល់ថា “បិណ្ឌ” ក្លាយពីពាក្យបាលីដែលប្រែថា “ដុំបាយ”។ ដុំបាយនេះ គេតែងចម្អិន​ពីអង្ករ​ដំណើប ផ្សំនឹងសណ្តែក ល្ង ខ្ទិះដូង ឬគ្រឿងដទៃទៀតតាមទម្លាប់ប្លែកគ្នាខ្លះ ហើយ​ខ្លះ​មាន​លម្អ​ដោយ​ផ្កាភ្ញី ចំណិតផ្លែឈើ នំចំណី ប្រាក់ និងទៀនធូបផង។ ទម្លាប់​ប្រកាន់មក​របស់​ស្រុកខ្លះ តែង​ទៅរៀបចំធ្វើបាយបិណ្ឌ ឬហៅថា​ពូតបាយបិណ្ឌ ឬចាប់បាយ​បិណ្ឌ​នៅវត្តតាមវេនប្រចាំភូមិ (រូបលេខ​៣)។ ប៉ុន្តែអ្នកស្រុកខ្លះក៏តែង​រៀបចំបាយបិណ្ឌ​នៅផ្ទះទីទៃៗរៀងខ្លួននៅវេលាព្រលប់ ឬវេលាទៀបភ្លឺ ទើបយកទៅឧទ្ទិសកុសល​ និង​បោះនៅវត្ត (រូបលេខ​៤)។ ទោះបីយ៉ាងណា បុរាណលោកពន្យល់ថា​ពេលពូត​ត្រូវ​សូត្រថា “ខ្ញុំសូម​ចាប់​បាយ​បិណ្ឌ មធុបាយាស ព្រះ​ពុទ្ធ​​បាន​ត្រាស់ ពោធិសត្វ​ផង ផ្តាំ​ទៅតាកឹង ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង យក​​បាយ​ទៅ​ជូន​ដូនតា” ឬអ្នកខ្លះសូត្រថា “អុជធូប១ដើមកន្លះ ព្រះពុទ្ធបានត្រាស់ពោធិកន្លង ត្រាប់ទៅតាកឹង(បរិវាររបស់ព្រះយមរាជ) ឱ្យ​ចាប់ឆ្កែចង(សត្វរបស់ព្រះយមរាជ) សុំផ្លូវទៅផង យកចង្ហាន់ថ្វាយមាតាបិតា”។ ប៉ុន្តែលោកអាចារ្យខ្លះថាពេលពូតបាយបិណ្ឌត្រូវសូត្រ “ឧកាស ឥមំ អាហារ បិណ្ឌបាតំ អហំបូជាមិ។ ទុតិយម្បិ ឥមំ អាហារ បិណ្ឌបាតំ អហំបូជាមិ។ តតិយម្បិ ឥមំ អាហារ បិណ្ឌបាតំ អហំបូជាមិ” ហើយពេលបោះបាយបិណ្ឌត្រូវសូត្រថា “សព្វេ សត្តា អាហារបិណ្ឌបាតំ ផល្លា ផល្លំ ភវន្តុ”។

តាំងពីដើមរៀងមកដូនតាខ្មែរតែងប្រារព្ធពិធី​ភ្ជុំបិណ្ឌរយៈ​ពេល​១៥​ថ្ងៃ គឺពីថ្ងៃ​១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ បើ​ចែកលម្អិត ពី​ថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គេហៅថា​ថ្ងៃ​កាន់បិណ្ឌ ឬថ្ងៃដាក់បិណ្ឌ ហើយនៅថ្ងៃ១៥រោច ហៅថា​ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ។ តាម​ទម្លាប់​ស្រុក​ខ្លះ​ភូមិនីមួយៗចុះជើងវត្ត ត្រូវ​ទទួល​កាន់បិណ្ឌតាមវេន ហើយចាត់ចែង​ចង្ហាន់ និងទេយ្យ​ទាន​​ព្រះសង្ឃផង។ បើនៅតំបន់អង្គរ ក្នុងថ្ងៃកាន់បិណ្ឌនីមួយៗ​ គេតែង​កិច្ច​ផ្សេងៗទៀ​ត​ដូចជា​ ពេលល្ងាចក្រុងពាលី បួងសួង​ព្រះយមរាជ សែនដូនតា ព្រះសង្ឃចម្រើន​ព្រះបរិត្ត និងចាប់​បាយបិណ្ឌ​ (វត្តខ្លះចាប់បាយបិណ្ឌពីព្រលប់ ឬវត្តខ្លះធ្វើទៀបភ្លឺ)។

ក្នុងគំនិតអ្នកស្រាវជ្រាវ បាយបិណ្ឌអាចបកស្រាយបានវែងឆ្ងាយក្នុងបរិបទវប្បធម៌ខ្មែរ។ គេជឿថា​ការបោះបាយបិណ្ឌ មិនមែនក្នុងន័យបោះដើម្បីឱ្យពពួកប្រេត ដែលកំពុងស្រេកឃ្លាន​​ទាំងនោះបានទទួលទានចំអែតក្រពះទេ។ ត្រង់ចំណុចនេះ គេអាចពិចារណា​ពាក្យ​ថា “បោះ” នៅក្នុងពាក្យបោះបាយបិណ្ឌនោះបាន ដ្បិតបោះមានន័យថា​ចោលទៅឱ្យឆ្ងាយ គឺឱ្យដល់ពពួកប្រេត ព្រោះគេជឿថាជំពូកប្រេតខ្លះខ្លាចពន្លឺ មិនហ៊ានមកក្បែរមនុស្ស ឬមិនហ៊ានចូលបរិវេណវត្តផង។ លើសពីនេះ​មានការ​ពន្យល់ថាបាយបិណ្ឌពូតពីអង្ករដំណើប ចំនួន១៩ពំនូត ជាតំណាងឱ្យរូបកាយដែលអាចឱ្យព្រលឹងរបស់អ្នកស្លាប់ អាចមកចាប់យករូបកាយបាន ហើយក៏អាចវិលមកកើតជាមនុស្សវិញ។ តាមទំនៀមខ្មែរជឿថាមនុស្សគ្រប់រូប មានធាតុពីរសំខាន់គឺ នាម(ព្រលឹង) និងរូប(រាងកាយ)។ នៅពេលមនុស្សស្លាប់ទៅនៅសល់តែនាម គឺព្រលឹង រីឯរូបបានរលាយបាត់ទៅហើយ។ ដោយសារហេតុផលនេះ គេជឿថា ដើម្បីឱ្យអ្នកស្លាប់អាចវិលមកកើតជាមនុស្សវិញបាន ទាល់តែធ្វើឱ្យនាមនិងរូបបានភ្ជាប់គ្នាឡើងវិញ។ មិនតែប៉ុណ្ណោះ បើគេសង្កេតឱ្យដិតដល់ នៅពេល​បោះបាយបិណ្ឌ អ្នកស្រុកខ្លះថែមទាំងកាត់ក្រដាស​ដោតលើបាយ​បិណ្ឌ​ មាន​សណ្ឋាន​ដូច​តួខ្លួនមនុស្ស។

ដោយឡែកបើតាម “សាស្រ្តាអានិសង្សបិណ្ឌ​” លោក​​ថាចាប់ពីថ្ងៃ១ រោច ខែភទ្របទ មានប្រេតជាញាតិមកដោយក្តីទុក្ខសោក ខ្លះទុំនៅជើងជណ្តើរ ខ្លះនៅមាត់ទ្វារ ខ្លះនៅលើធ្នឹម ប្រមេផ្ទះ ខ្លះនៅដើម​ឈើ ខ្លះនៅផ្លូវច្រកល្ហក រកអាហារបរិភោគ។ ដូច្នោះ​​បើនរណា​បានរៀបរណ្តាប់បាយបិណ្ឌ និងបាយបត្តបូរ ថ្វាយព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហៅថា​បានធ្វើបុណ្យចម្រើនជូនទៅម្តាយឪពុកញាតិទាំងឡាយនោះ។ មិន​ប៉ុណ្ណោះសោត​ លោក​ឱ្យ​​សមាទាន​សីល ស្តាប់ព្រះធម៌​ទេសនាកុំឱ្យប្រមាទប្រហែសឡើយ ហើយ​ចម្រើនមេត្តាភាវ​នា​ជូនផល្លានិសង្សទៅអស់ញាតិ​មិត្តសម្លាញ់ផងទាំងឡាយ ទើបនឹង​បានរួចចេញអំពីទុក្ខភ័យទាំងពួងបានទៅសោយសម្បត្តិសួគ៌។ នាកាលភ្ជុំបិណ្ឌនោះដែរ​ឱ្យ​រៀបអាស្នា ហើយចងនូវពិតានផង ​ប្រដាប់បូជានូវផ្លែឈើ ដើមឈើ ប្រដាប់នូវគ្រឿងឱជារស គន្ធពិដោរ យកនូវបាយបិណ្ឌ បាយបត្តបូរ ភ្ញីផ្កាទាំង​ឡាយ​មកសំណាក់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដ៏ជាស្រែបុណ្យនោះមិញ រីញាតិផងទាំងឡាយក៏សិង​មកសព្វទិសទីទៃៗ។ រណ្តាប់ទាំងនោះ​​ ត្រូវ​រៀប​​ឱ្យល្អ​នៅ​ល្វែងកណ្តាលប្រមាណ១ហត្ថ ហើយទើបយក​គ្រឿងត្រីសាច់ចេកអំពៅ​មកបូជាស្មាលានូវទោស​កន្លងទៅ។​ ប្រហែលប្រការ​នេះហើយ ទើបខ្មែរជឿថា​ការធ្វើនូវ​កុសលរដូវភ្ជុំបិណ្ឌ គឺឧទ្ទិស​ដល់​បុព្វការីឱ្យបាន​ទទួលកុសល ម្ហូបចំណីផ្សេងៗ ហើយមាន​ទំនៀម​សែនដូនតា​នៅតាម​ផ្ទះ និង​ជូនដូនតា​ក្នុងថ្ងៃបញ្ចប់ភ្ជុំបិណ្ឌ។

ជារួមពិធីភ្ជុំបិណ្ឌដែលខ្មែរជឿតមក គឺជាប្រពៃណីដ៏យូរលង់​ ប្រារព្ធ​ឧទ្ទិសកុសលដល់បុព្វការីជន ហើយ​អ្នកស្រាវជ្រាវយល់ថាទទួលឥទ្ធិពលពិធីស្រាទ្ធក្នុងវប្បធម៌ឥណ្ឌា​ ដែល​មានភស្តុតាងសិលាចារឹក និងចម្លាក់។ ការប្រារព្ធពិធីរយៈពេល១៥ថ្ងៃ នៅក្នុងខែភទ្របទ ដោយមាន​បោះបាយបិណ្ឌ គឺតំណាងឱ្យការភ្ជាប់នាមនិងរូប(ព្រលឹង និងខ្លួន)ឱ្យ​ពពួកប្រេតទៅ​យក​កំណើត​ថ្មី។ ការសមាទានសីល ស្តាប់ធម៌ទេសនា និងកិច្ចសែនដូនតា មិនត្រឹមតែបង្ហាញពីជំនឿលើការរំដោះទុក្ខទោស និងឧទ្ទិសកុសល​ដល់​វិញ្ញាណក្ខន្ធជីដូនជីតា​ទេ តែថែមទាំងឆ្លុះបញ្ចាំងពីជំនឿអានិសង្ស និងតម្លៃកតញ្ញូធម៌ដ៏ជ្រាលជ្រៅរវាង​អ្នករស់រលឹក​ដល់ញាតិសន្តានដែលចែកស្ថានទៅ៕

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,600SubscribersSubscribe
- Advertisement -spot_img