វត្តនគរបាជ័យ គឺជាបូជនីយដ្ឋានព្រះពុទ្ធសាសនាដ៏ល្បីស្ថិតនៅក្នុងខេត្តកំពង់ចាមហើយបានកសាងនៅក្នុងបរិវេណប្រាសាទនគរបាជ័យ ដែលជាប្រាសាទឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាននៃរាជ្យព្រះបាទជ័យវរ្ម័នទី៧។ បច្ចុប្បន្ននៅក្នុងបរិវេណប្រាសាទនេះដែរគេឃើញវត្តពីរ វត្តមួយស្ថិតនៅជ្រុងអាគ្នេហ៍ ខាងក្រៅកំពែងប្រាសាទហៅថា“វត្តនគរបាជ័យក្រៅ”។ ចំណែកវត្តមួយស្ថិតក្នុងកំពែងប្រាសាទហៅថា“វត្តនគរបាជ័យក្នុង” ឬអ្នកផងហៅជាទូទៅថា“វត្តនគរបាជ័យ”។ ចំពោះអ្នកស្រុកកំពង់ចាម ភាគច្រើននិយមហៅថា “វត្តអង្គរ” តែពុំដឹងថាពាក្យនេះហៅសំដៅវត្តនៅខាងក្រៅ ឬវត្តនៅខាងក្នុងប្រាសាទ។ ប៉ុន្តែតាមរយៈរូបថតឯកសារសម័យបារាំង គេហៅវត្តខាងក្នុងប្រាសាទថា “វត្តនគរ” ហើយបានចុះលេខសម្គាល់គឺ IK 85។ ចំណែកឯកសារសម័យសង្គមរាស្រ្តនិយមក៏ហៅវត្តនេះថា “វត្តនគរ” ដែរ។ ដូច្នេះនៅក្នុងអត្ថបទនេះខ្ញុំសូមរៀបរាប់ចំពោះវត្តស្ថិតក្នុងកំពែងប្រាសាទដែលគេហៅទូទៅថា “វត្តនគរបាជ័យ” ឬ “វត្តនគរ” តែប៉ុណ្ណោះ។
បើផ្អែកតាមឯកសារសម័យបារាំង គេឃើញមានរូបថត២សន្លឹកដែលបញ្ជាក់ថាជាព្រះវិហារវត្តនគរបាជ័យ។ រូប១សន្លឹកថតនៅឆ្នាំ១៩៣៥ ថតសំដៅទៅប្រាង្គកណ្តាលប្រាសាទ ដែលបានកែរួចស្រេចជាទម្រង់ចេតិយ ហើយគេអាចមើលឃើញជាប់ជ្រុងបន្តិចនៃព្រះវិហារ មានដំបូលលម្អដោយនាគចែង ក្បាច់រងស្បូវ តែពុំមានជញ្ជាំង។ ចំណែករូបមួយទៀត ថតក្នុងឆ្នាំ១៩៣៦ បង្ហាញយ៉ាងច្បាស់នូវព្រះវិហារជហ្វា៦ ដំបូលជ្រាលចុះសងខាង៤ថ្នាក់ មានគ្រឿងលម្អដំបូលយ៉ាងវិចិត្រ ព្រមទាំងមានហោជាង២ថ្នាក់ ប្រកបដោយក្បាច់លម្អយ៉ាងរស់វើក។ សោតឯជញ្ជាំងព្រះវិហារនេះ ទំនងជាជញ្ជាំងក្តារ ហើយដែលមានទ្វារចេញចូលធំៗតាមទិសទាំង៤។ រូបទី២នេះ គេពុំឃើញមានជាប់ប្រាង្គប្រាសាទ ឬចេតិយនៅក្បែរសោះឡើយ។ ប្រការនេះនាំឱ្យគេស្មានបានថា រូបទី១ ជាព្រះវិហារវត្តនគរបាជ័យក្នុង ដែលគ្មានជញ្ជាំង ហើយរូបទី២ ជាព្រះវិហារវត្តនគរបាជ័យក្រៅ ដែលទំនងជាស្ថិតនៅលើស្លាកស្នាមខឿនថ្មបាយក្រៀម នៃផ្នែកខាងជើងព្រះវិហារថ្មីវត្តនគរបាជ័យក្រៅក្នុងគ្រាបច្ចុប្បន្ន។ ដោយឡែក បើត្រឡប់មកមើលព្រះវិហារសព្វថ្ងៃនៃវត្តនគរបាជ័យក្នុង ដែលខ្ញុំសូមលើកមករៀបរាប់នេះ គឺជាប្រភេទព្រះវិហារជហ្វា៤ និងមានរចនាសម្ព័ន្ធទូទៅនៃសំណង់កសាងពីបេតុង។ លក្ខណៈស្ថាបត្យកម្មព្រះវិហារនេះដូចគ្នានឹងឯកសាររូបថតមួយសន្លឹកទៀតដែលថតពីចម្ងាយ មើលឃើញទម្រង់ដំបូលព្រះវិហារពេញលេញជាព្រះវិហារជហ្វា៤ ប្រក់ក្បឿងស្រកាលេញ និងមានហោជាងក្តារលាតឥតក្បាច់រចនាឡើយ។ បើពិនិត្យលម្អិត ព្រះវិហារក្នុងរូបលេខ២និងព្រះវិហារក្នុងរូបលេខ៤ ប្រហែលជាព្រះវិហារតែមួយនៃវត្តនគរបាជ័យក្នុង ជាព្រះវិហារគ្មានជញ្ជាំងដូចការរៀបរាប់ខាងលើ។ ប៉ុន្តែបើមើលព្រះវិហារសព្វថ្ងៃនៅវត្តនគរបាជ័យក្នុង គេឃើញជាព្រះវិហារជហ្វា៤ដូចគ្នាដែរ តែដំបូលប្រក់ក្រឿងរលោងពណ៌លឿងនិងបៃតង (អ្នកស្រុកខ្លះហៅថាក្បឿងវាំង)។ ចំណែកឯហោជាង គឺជាសិល្បៈក្បាច់ពុម្ពស៊ីម៉ងត៍។
ព្រះវិហារសព្វថ្ងៃ ជាសំណង់បេតុង ចំហៀងជុំវិញបើកចំហជើងជញ្ជាំង ហើយនៅផ្នែកខាងលិចព្រះវិហារ អ្នកស្រុកបានកែប្រាង្គកណ្តាលនៃប្រាសាទធ្វើជាទម្រង់ចេតិយ។ គេយល់ថាការកែសម្រួលប្រាង្គកណ្តាលនៃប្រាសាទមកធ្វើជាចេតិយនេះ កើតឡើងតាំងពីសតវត្សទី១៦ ហើយផ្នែកខាងក្នុងតម្កល់ព្រះពុទ្ធបដិមាត្រឡែងកែង (ឬអ្នកខ្លះហៅថា “ព្រះពុទ្ធបដិមាចតុទិស”)។ មិនតែប៉ុណ្ណោះនៅលើជញ្ជាំងព្រះវិហារបច្ចុប្បន្ន មានចំណារមួយផ្ទាំងបញ្ជាក់ថា ព្រះវិហារនេះកសាងតាំងពីឆ្នាំមមី ទោស័ក ពុទ្ធសករាជ២៤៧៣ បានសាងតែគ្រឹះកណ្តាលប៉ុណ្ណោះក៏អាក់ខានទៅ រហូតដល់ឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៤៩៤ ទើបបានធ្វើបាំងសាច(ជញ្ជាំង)បន្តមកទៀត អស់ប្រាក់ចំនួន៧៩៥៦៦រៀល។ បើយោងខ្លឹមសារចំណារនោះបានសេចក្តីថា ព្រះវិហារសព្វថ្ងៃនៅវត្តនគរ បាជ័យក្នុង កសាងនៅអំឡុងឆ្នាំ១៩៣០ រហូតមកដល់ឆ្នាំ១៩៥១ ទើបចាប់ផ្តើមកសាងជញ្ជាំង គឺហាក់ដូចជាស្របទៅនឹងឯកសាររូបថតឆ្នាំ១៩៣៥។ រីឯរចនាសម្ព័ន្ធដំបូល និងហោជាងសព្វថ្ងៃប្រហែលជួសជុលកែលម្អនៅក្រោយសម័យសង្រ្គាម។
ចំពោះផ្នែកខាងក្នុងនៃព្រះវិហារ នៅផ្នែកជញ្ជាំងខាងលិច ដែលភ្ជាប់ទៅនឹងប្រាង្គចេតិយ មានតម្កល់ព្រះពុទ្ធបដិមាមួយព្រះអង្គក្នុងកាយវិការសមាធិ(ធ្យានមុទ្រា)ទ្រង់ព្នែន ព្រះហស្តដាក់ត្រួតលើគ្នា ព្រះនេត្របិទ។ ព្រះពុទ្ធបដិមាអង្គនេះ ប្រៀបដូចជាព្រះជីរ៍នៅតាមព្រះវិហារទូទៅដែរ តែតម្កល់ក្នុងប្រាង្គចេតិយ ដោយមានផ្នែកខាងមុខនៃប្រាសាទ ដែលមានសសរផ្អោប សសរពេជ្រ ផ្តែរ និងហោជាងលយចូលមកក្នុងព្រះវិហារ បៀបដូចជាសន្ធិយាខាងមុខព្រះជីវ៍។ ព្រះពុទ្ធបដិមានេះ តម្កល់បែរខ្នងទល់គ្នានឹងព្រះពុទ្ធបដិមា៣អង្គផ្សេងទៀត គង់ក្នុងកាយវិការផ្សេងៗ បែរទៅទិសខាងត្បូង ខាងលិច និងខាងជើងស្របតាមទ្វារនីមួយៗនៃប្រាង្គចេតិយ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺចម្លាក់នៅលើហោជាងដែលលយចូលក្នុងព្រះវិហារនេះ ជាសាច់រឿងពុទ្ធប្រវត្តិបង្ហាញត្រង់ព្រះអង្គផ្ចាញ់មារ លាបរំលេចពណ៌លឿង។ អ្នកស្រាវជ្រាវខ្លះយល់ថា ចម្លាក់នេះឆ្លាក់នៅក្នុងសតវត្សទី១៦ លើប្រាសាទដែលសាងតាំងពីសតវត្សទី១២។ ចំណែកឯសិល្បៈគំនូរខាងក្នុងព្រះវិហារ បើមើលលើចំណារមួយផ្ទាំងទៀតនៅលើជញ្ជាំង មានសេចក្តីបញ្ជាក់ពីកាលបរិច្ឆេទកសាងគំនូរថា គំនូរព្រះវិហារនេះចាប់ផ្តើមគូរពីឆ្នាំមមី ឆស័ក ពុទ្ធសករាជ២៤៩៧ រហូតដល់ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៤៩៩ ទើបបានហើយ អស់ប្រាក់ឈ្នួលជាងចំនួន១១.៧១៦១៛ បានពីសទ្ធាចូលរួមរបស់ពុទ្ធបរិស័ទជិតឆ្ងាយ។ តាមរយៈសេចក្តីនេះអាចបញ្ជាក់បានថាគំនូរក្នុងព្រះវិហារកសាងឡើងនៅក្នុងឆ្នាំ១៩៥៤ ពោលគឺក្រោយកសាងជញ្ជាំងរួចប្រហែល៤ឆ្នាំ។ ប៉ុន្តែបើពិនិត្យមើលលើលក្ខណៈទូទៅនៃគំនូរក្នុងព្រះវិហារនេះក្នុងពេលបច្ចុប្បន្ន គឺប្រហែលជាសិល្បៈគំនូរថ្មី គូរឡើងវិញក្នុងរវាងទសវត្សទី៩០ ហើយគូរតាមសាច់រឿងដើម(ឆ្នាំ១៩៥៤) ដ្បិត ចំណងជើងគំនូរភាគច្រើនមានទម្រង់អក្សរ និងពាក្យពេចន៍បែបបុរាណ។ ទន្ទឹមនឹងនោះបើផ្ទៀងផ្ទាត់ឈ្មោះ និងប្រាក់សទ្ធាសាងគំនូរនីមួយៗក៏ប្លែកគ្នាដែរ។
សាច់រឿងដែលគូរបង្ហាញមានទាំងលើជញ្ជាំងជុំវិញ លើពិតាន និងលើហប់ខ្យល់។ ខ្លឹមសារជាចម្បងទាក់ទងអន្លើសំខាន់ៗនៃរឿងពុទ្ធប្រវត្តិ និងរឿងជាតក។ ប៉ុន្តែតាមសង្កេតនៅលើជញ្ជាំងជុំវិញគូររឿងពុទ្ធប្រវត្តិ និងរឿងជាតក ហើយនៅលើពិតាន គូរបង្ហាញពាក់ព័ន្ធនឹងអន្លើនានានៅក្នុងឋានសួគ៌ និងព្រះអាទិត្យ ព្រះចន្រ្ទ ឬសត្វផ្សេងៗក្នុងទេពកថា។ រីឯនៅតាមសសរនីមួយៗ គេគូរក្បាច់លម្អ លាយឡំដោយរូបនាគ និងសត្វផ្សេងៗ។
ជារួមមកព្រះវិហារវត្តនគរបាជ័យ គឺជាបូជនីយដ្ឋានព្រះពុទ្ធសាសនាសម័យទំនើប ដែលបានកសាងឡើងក្នុងបរិវេណប្រាសាទពុទ្ធសាសនាសតវត្សទី១២។ បើរាប់តាំងពីការកែប្រែប្រាង្គកណ្តាលទៅជាចេតិយនៅសតវត្សទី១៦ ការសាងសង់គ្រឹះ និងជញ្ជាំងព្រះវិហារចន្លោះឆ្នាំ១៩៣០ ដល់១៩៥១ រហូតដល់ការរចនាគំនូរពុទ្ធ ក្នុងទសវត្ស១៩៥០ និងការជួសជុលឡើងវិញនៅពេលក្រោយ បានបង្ហាញយ៉ាងច្បាស់ពីការវិវត្តមុខងារសំណង់បុរាណ និងគំនិតនៃការថែរក្សាបុរាណដ្ឋានទៅតាមសម័យកាល។












អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





