ប្រាសាទបន្ទាយពីរជាន់ មានទីតាំងស្ថិតនៅក្នុងបរិវេណតំបន់ប្រាសាទកោះកេរ ត្រង់ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយត្រឹមតែ ១៨០០ម៉ែត្រ ប៉ែកអាគ្នេយ៍ប្រាសាទប្រាសាទធំ (ប្រាសាទមានរាងពីរ៉ាមីត) និងចម្ងាយត្រឹមតែ ១៤០០ម៉ែត្រ ប៉ែកឦសានប្រាសាទចិន។ នៅក្នុងឯកសារចាស់ៗមួយចំនួនដែលកត់ត្រាដោយអ្នកស្រាវជ្រាវបារាំង គេតែងហៅប្រាសាទនេះថា “ដូងគុក” (Daung Kuk)។ ប៉ុន្តែ បើពិចារណាទៅលើឈ្មោះដែលអ្នកស្រុកហៅសព្វថ្ងៃ គឺទំនងដោយសារតែប្រាសាទនេះមាន “កំពែង” ឬ “របង” ចំនួនពីរជាន់ ទើបបានជាគេហៅថា “បន្ទាយពីរជាន់” ព្រោះពាក្យ “បន្ទាយ” មានន័យថា “កំពែង” ឬ “របង”។ តើប្រាសាទបន្ទាយពីរជាន់ មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
យោងទៅតាមការសិក្សារបស់លោក Lunet De Lajonquière កាលពីរវាងចុងស.វ.ទី១៩ (បោះពុម្ពឆ្នាំ១៩០២) បានឱ្យដឹងថា ប្រាសាទបន្ទាយពីរជាន់ មានប្លង់ស្ថាបត្យកម្មដ៏ពិសេសមួយប្លែកពីប្រាសាទផ្សេងទៀតនៅក្នុងតំបន់កោះកេរ ពោល គឺមានប្រាង្គកណ្តាលចំនួន១, ប្រាង្គរណបចំនួន៨, អគារហោត្រៃ ឬបណ្ណាល័យចំនួន២ និងហ៊ុមព័ទ្ធដោយកំពែងចំនួន២ជាន់។ ក្នុងនោះ ប្រាង្គកណ្តាល ធ្វើអំពីថ្មបាយក្រៀម (ស្រដៀងប្រាសាទនាងខ្មៅ) មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងលិច រីឯមុខខាងជើង ខាងត្បូង និងខាងកើត គេលម្អជាទ្វារបញ្ឆោត តែមិនមានចម្លាក់។ លោក Lajonquière សនិ្នដ្ឋានថា ហេតុដែលប្រាសាទនេះបែរមុខទៅទិសខាងលិច គឺដោយសារតែគេយក “រហាល” (អាងស្តុកទឹក) ជាគោល (ចំណុចកណ្តាល) ពោល គឺបែរមុខទៅរករហាល។ បច្ចុប្បន្ន ស្ថានភាពដំបូលនៅមុខខាងលិច បានបាក់បែក និងធ្លាក់ថ្មជ្រុះមកក្រោមអស់ទៅហើយ។ គួរឱ្យកត់សម្គាល់ តាមរយៈការកំណាយបុរាណវិទ្យារបស់អាជ្ញាធរជាតិព្រះវិហារ កាលពីខែមិថុនា ឆ្នាំ២០២០ នៅផ្នែកខាងក្នុងប្រាង្គកណ្តាល គេបានរកឃើញបំណែកវត្ថុសិល្បៈសរុបចំនួន ៤១០០ បំណែក ដោយក្នុងចំណោមនោះក៏មានបំណែកព្រះកាយប្រតិមាព្រះព្រហ្ម និងជើងទម្ររាងមូលដែលលម្អដោយចម្លាក់ហង្សចំនួន៨ទិសផង។ គួរឱ្យចាប់អារម្មណ៍ បំណែកព្រះកាយព្រះព្រហ្មដែលបានរកឃើញតាមរយៈការកំណាយនេះ គឺត្រូវគ្នាជាមួយនឹងព្រះសិរព្រះព្រហ្មដែលត្រូវបានតុលាការបារាំង (ប្រចាំទីក្រុងប៉ារីស) បានរឹបអូសពីអ្នកជួញដូរវត្ថុបុរាណម្នាក់កាលពីឆ្នាំ១៩៩៤ ហើយព្រះសិរនេះទៀតសោត គឺបានលួចយកចេញពីប្រាសាទបន្ទាយពីរជាន់ កាលពីទសវត្សរ៍១៩៧០។ ភាគីបារាំង បានប្រគល់ព្រះសិរព្រះព្រហ្មនេះជូនដល់ភាគីកម្ពុជាវិញកាលពីខែមីនា ឆ្នាំ២០១៦ (សព្វថ្ងៃកំពុងរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា) ប៉ុន្តែ គួរឱ្យសោកស្តាយព្រះសិរព្រះព្រហ្មនេះ មានត្រឹមតែពីរខាងប៉ុណ្ណោះ (បាក់បែកចំនួនពីរខាងទៀត)។ ចំណែក ប្រាសាទរណបចំនួន ៨ វិញ គឺធ្វើឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខចេញក្រៅ ហើយមានទីតាំងស្ថិតនៅហ៊ុមព័ទ្ធ ជុំវិញប្រាង្គកណ្តាល ដោយក្នុងមុខនីមួយៗមានប្រាសាទរណប ២ (អមសងខាងទ្វារចូលខាងលិច និងទ្វារបញ្ឆោតមុខទាំងបីនៃប្រាង្គកណ្តាល)។ បច្ចុប្បន្ន ប្រាសាទរណបតូចៗទាំង៨នេះ បានបែកអស់ទៅហើយ ហើយគេមិនដឹងថាកាលដើមឡើយនៅខាងក្នុង (គភ៌គ្រឹះ) បានតម្កល់ព្រះអាទិទេពអង្គណាខ្លះនោះឡើយ។
រីឯ អគារហោត្រៃ ឬបណ្ណាល័យទាំងពីរវិញ គឺធ្វើឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង ស្ថិតនៅបរិវេណកំពែងជាន់ខាងក្នុង ត្រង់ប៉ែកនិរតី និងពាយព្យនៃប្រាង្គកណ្តាល ហើយបែរមុខទៅទិសខាងលិច ដែលជាទិសស្របគ្នាជាមួយប្រាង្គកណ្តាល។ លក្ខណៈបែបនេះគឺមានភាពប្លែកគ្នាខ្លាំងពីប្រាសាទដទៃទៀត ដែលជាទូទៅហោត្រៃតែងតែបែរមុខបញ្ច្រាសគ្នាជាមួយប្រាង្គកណ្តាល ព្រោះប្រាង្គកណ្តាលភាគច្រើនបែរមុខទៅខាងកើត។ ចំណុចនេះបានស្តែងឱ្យឃើញថា បើទោះបីប្រាង្គកណ្តាលបែរមុខទៅទិសខាងណាក៏ដោយ ក៏អគារហោត្រៃនៅតែបែរមុខទៅខាងលិចដដែល ព្រោះហោត្រៃជាអគារសម្រាប់ធ្វើពិធីបូជាព្រះភ្លើង ហើយជានិច្ចកាលព្រាហ្មណ៍ ឬអ្នកធ្វើពិធី តែងតែអង្គុយបែរមុខទៅខាងកើត ឬទិសផ្សេងទៀតស្របតាមកិច្ចពិធី ដោយមានភ្លើងនៅកណ្តាល ឬខាងមុខ។ ម្ល៉ោះហើយ ការរៀបចំទ្វារហោត្រៃឱ្យបែរមុខទៅទិសខាងលិច គឺដើម្បីងាយស្រួលដល់ការធ្វើពិធី ឬការដង្ហែគ្រឿងសក្ការៈចេញចូលពីសំណង់នេះ ឆ្ពោះទៅកាន់លាន ឬប្រាង្គកណ្តាល។ក្នុងចំណោមនោះ អគារហោត្រៃនៅផ្នែកខាងជើង មាននៅសល់ផ្តែរទ្វារមួយដែលត្រង់កណ្តាលមានចម្លាក់តួអង្គទេវកថាមួយអង្គមានក្បាលជាសេះនិងខ្លួនជាមនុស្ស (បែកចម្លាក់នៅត្រង់ក្បាល) កំពុងយកដៃចាប់ក្បាលតួអង្គពីរនាក់ទៀតដែលស្ថិតនៅសងខាង។ គេអាចមើលដឹងថា ចម្លាក់នេះបង្ហាញអំពីឈុត “ព្រះហយគ្រីវ” (អវតារព្រះវិស្ណុ) កំពុងបង្រ្កាបអសុរចំនួន ២ នាក់ ដែលបានលួចយកគម្ពីរវេទរបស់ព្រះព្រហ្ម គឺ “មធុ” និង “កៃដភ” ដណ្តើមគម្ពីរវេទថ្វាយដល់ព្រះព្រហ្មវិញ ដើម្បីឱ្យចក្រវាលទាំងមូលរក្សាបាននូវសណ្តាប់ធ្នាប់ ព្រោះបើសិនជាបាត់គម្ពីរវេទ គឺលោកទាំងមូលក៏បាត់សណ្តាប់ធ្នាប់ដូចគ្នាដែរ ដ្បិតគម្ពីរជានិមិត្តរូបនៃចំណេះដឹង ឬប្រាជ្ញា។ ដោយឡែក កំពែងទាំងពីរជាន់ គឺធ្វើអំពីថ្មបាយក្រៀម មានរាងបួនជ្រុងទ្រវែង ដោយកំពែងខាងក្រៅមានច្រកចូល (គោបុរ) នៅទិសខាងកើត និងខាងលិច រីឯកំពែងខាងក្នុងមានច្រកចូលតែខាងលិចដែលជាច្រកសំខាន់តែមួយប៉ុណ្ណោះ។ គោបុរនៅកំពែងខាងក្នុង គឺជាប្រាង្គថ្មបាយក្រៀម មានរាងជាកាកបាទ តែគ្រឿងលម្អស្ថាបត្យកម្មខាងលើធ្វើអំពីថ្មភក់។ ក្នុងនោះ ហោជាងខាងត្បូងនៃប្រាង្គគោបុរនេះ បង្ហាញអំពីតួអង្គទេពមួយអង្គ មានព្រះហស្តស្តាំកាន់ដំបង កំពុងអង្គុយលើសត្វយានជំនិះ (រលុបចម្លាក់នៅត្រង់ក្បាលសត្វ) ប៉ុន្តែ បើមើលទៅលើទិស និងរូបរាងសត្វយានជំនិះ ចម្លាក់នេះទំនងបង្ហាញអំពីព្រះយម (ទេពនៃសេចក្តីស្លាប់) កំពុងអង្គុយនៅលើសត្វក្របី ព្រោះព្រះអង្គជា លោកបាលប្រចាំនៅទិសខាងត្បូង។ រីឯ ហោជាងខាងជើង មានចម្លាក់ទេពមួយអង្គកំពុងតែអង្គុយនៅលើបល្ល័ង្កផ្កាឈូក និងមានព្រះហស្តស្តាំកំពុងកាន់ដំបង ដែលយើងអាចសន្និដ្ឋានថាជាព្រះកុបេរ ឬព្រះកុវេរ (ទេពនៃទ្រព្យសម្បត្តិ) ព្រោះទ្រង់ជាលោកបាលប្រចាំនៅទិសខាងជើង។
ដើម្បីដឹងអំពីប្រវត្តិរបស់ទេវស្ថានខាងលើនេះ គេអាចដឹងបានតាមរយៈសិលាចារឹកដែលរកឃើញនៅបរិវេណប្រាសាទចំនួន ១៤ ផ្ទាំង (K.678, K.679, K.680, K.681, K.1300, K.1301, K.1302, K.1303, K.1304, K.1305, K.1306, K.1307, K.1308) ហើយសិលាចារឹកទាំងអស់នេះ សុទ្ធសឹងចារឹកឡើងនៅស.វ.ទី១០នៃគ្រិស្តសករាជ (តំណាលគ្នាជាមួយការកសាងប្រាសាទ)។ ក្នុងចំណោមសិលាចារឹកទាំង១៤ផ្ទាំងនេះ សិលាចារឹកភាគច្រើន គឺរៀបរាប់អំពីបញ្ជីឈ្មោះអ្នកបម្រើប្រុសស្រីដែលម្ចាស់ទានបានថ្វាយឱ្យនៅបម្រើប្រាសាទ ពោល គឺដូចទៅនឹងសិលាចារឹកជាច្រើនផ្ទាំងទៀតនៅប្រាសាទក្រចាប់ដែរ។ ប៉ុន្តែ យ៉ាងហោចណាស់ មានសិលាចារឹកមួយផ្ទាំងដែលមានលេខបញ្ជី K.680 គឺបានផ្តល់ព័ត៌មានយ៉ាងសំខាន់ ដែលអាចឱ្យគេដឹងអំពីកាលបរិច្ឆេទនៃការសាងសង់ប្រាសាទ និងទេពសំខាន់ជាងគេដែលតម្កល់នៅប្រាង្គកណ្តាល។ សិលាចារឹកនេះចារឹកជាភាសាខ្មែរ មានចំនួន៦០បន្ទាត់ រៀបរាប់ឱ្យដឹងថា “មហាសករាជឆ្នាំ៨៥៩ (ត្រូវនឹងគ.ស.៩៣៧) ព្រះបាទធូលីជើងព្រះកម្រតេងអញ (ព្រះបាទជ័យវរ្ម័នទី៤) បានចេញព្រះរាជបញ្ជាប្រើឱ្យមន្រ្តីម្នាក់ឈ្មោះ ព្រះកម្រតេងអញគណបតិ នៅឯស្រុក……….ទឹកដី…….. ថ្វាយព្រះប្រជាបតីស្វរ នូវអង្ករ ៣ ប្រស្ថ ក្នុងមួយថ្ងៃ”។
ផ្អែកតាមសិលាចារឹកខាងលើនេះ នាំឱ្យអ្នកស្រាវជ្រាវជាច្រើនយល់ថា ប្រាសាទបន្ទាយពីរជាន់ គឺសង់ឡើងនៅក្នុងគ.ស.៩៣៧ ត្រូវនឹងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២១ – ៩៤១) ដើម្បីឧទ្ទិសដល់ព្រះព្រហ្មក្រោមព្រះនាមថា “ប្រជាបតីស្វរ” ដែលជាពាក្យរួមផ្សំគ្នារវាង “ប្រជាបតិ” និង “ឦស្វរ”។ ក្នុងនោះ ពាក្យ “ប្រជាបតិ” មានន័យថា ព្រះអម្ចាស់នៃជីវិត ឬព្រះអម្ចាស់នៃសត្វលោក ហើយនៅក្នុងហិណ្ឌូសាសនាគេចាត់ទុកពាក្យនេះថា ទេវកំពូលតំណាងឱ្យការបង្កើត និងជាបិតារបស់ពួកទេវតា អសុរ និងសត្វលោកទាំងពួងនៅក្នុងចក្រវាល។ គួរឱ្យចាប់អារម្មណ៍ នៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ គេបានភ្ជាប់ព្រះនាម “ប្រជាបតិ” ជាមួយ “ឦស្វរ” (ព្រះអម្ចាស់ដ៏ឧត្តមបំផុត) ដែលកាន់តែបញ្ជាក់ឱ្យឃើញថា ទ្រង់ជាទេពបង្កើតលោកដែលមានអំណាចដ៏ឧត្តមបំផុតមួយនៅក្នុងចក្រវាលដូចទៅនឹងព្រះសិវដែរ ព្រោះនៅក្នុងហិណ្ឌូសាសនាពាក្យ “ឦស្វរ” គេច្រើនហៅសំដៅដល់ “ព្រះសិវ” តែប៉ុណ្ណោះ។ ក្នុងន័យនេះ ចម្ងល់នៅត្រង់ថា តើហេតុអ្វីបានប្រាសាទឧទ្ទិសដល់ព្រះព្រហ្ម (ប្រាសាទបន្ទាយពីរជាន់) បែរជាមានប្រាសាទរណបតូចៗចំនួន ៨ ហ៊ុមព័ទ្ធជុំវិញដូចប្រាសាទឧទ្ទិសដល់ព្រះសិវ (អស្តមូត៌ិ) ទៅវិញ? នៅចុងស.វ.ទី៩ ព្រះបាទឥន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧ – ៨៨៩) បានកសាងប្រាសាទបាគងជាទម្រង់ប្រាសាទពីរ៉ាមីត ឬប្រាសាទភ្នំដើម្បីតម្កល់សិវលិង្គមួយក្រោមព្រះនាមថា “ស្រីឥន្រ្ទេស្វរ” ហើយមានប្រាសាទរណបធ្វើអំពីឥដ្ឋចំនួន ៨ ហ៊ុមព័ទ្ធជុំវិញទៀត សម្រាប់ប្រតិស្ឋានប្រតិមា “អស្តមូត៌ិ” (ទម្រង់ទាំង ៨ របស់ព្រះសិវ) គឺ មេឃ ខ្យល់ ភ្លើង ព្រះចន្រ្ទ ព្រះសូរ្យ ទឹក អាកាស និងការបូជាយញ្ញ។ ប៉ុន្តែ ប្រាង្គរណបទាំង៨នៃប្រាសាទបន្ទាយពីរជាន់ ប្រហែលមិនមែនសង់ឡើងសម្រាប់ប្រតិស្ឋានអស្តមូត៌ិរបស់ព្រះសិវនោះទេ ដ្បិតប្រាង្គកណ្តាលនៃប្រាសាទនេះ គឺតម្កល់ព្រះព្រហ្ម (មិនមែនសិវលិង្គ ឬប្រតិមាព្រះសិវ)។ ក្នុងចំណុចនេះ ខ្ញុំសូមស្នើឱ្យពិចារណាទៅលើរឿងទេវកថាមួយដែលជាប់ពាក់ព័ន្ធជាមួយ “ការបែងភាគរាងកាយ ដើម្បីបង្កើតចក្រវាលរបស់ព្រះប្រជាបតិ (ព្រះព្រហ្ម)” ដែលមានកត់ត្រានៅក្នុងគម្ពីរ “សតបថព្រាហ្មណ” នៅត្រង់ភាគទី៤ និងទី៥ ដោយទេវកថានោះបានតំណាលថា៖
“បន្ទាប់ពីបង្កើតលោកបានមួយកម្រិត ព្រះប្រជាបតិបានអស់កម្លាំងយ៉ាងខ្លាំង ដោយសារតែទ្រង់ខិតខំធ្វើតបធម៌ និងការបញ្ចេញថាមពលបង្កើតលោក។ ដើម្បីបង្កើតលោក (ចក្រវាល) ឱ្យមានភាពពេញបរិបូណ៌ ព្រះប្រជាបតិបានសម្រេចចិត្តធ្វើពលិកម្មដោយបែងភាគ ឬកាត់ព្រះកាយរបស់ទ្រង់ ឱ្យចេញជាផ្នែកផ្សេងៗ។ ក្នុងនោះផ្នែកខ្លះនៃព្រះកាយរបស់ទ្រង់ បានក្លាយទៅជាទិសទាំងប្រាំបួនក្នុងចក្រវាល រីឯ សាច់ ឈាម និងឆ្អឹងរបស់ទ្រង់ បានក្លាយទៅជា ដី ទឹក ភ្លើង ខ្យល់ និងភាវៈរស់ទាំងឡាយ រួមទាំងមនុស្ស និងសត្វលោក។”
ផ្អែកតាមរឿងទេវកថាខាងលើនេះ យើងអាចសន្និដ្ឋានជាបឋមថា ប្រាង្គកណ្តាល និងប្រាង្គរណបទាំងប្រាំបីនៃប្រាសាទបន្ទាយពីរជាន់ ប្រហែលជានិមិត្តរូបតំណាងឱ្យទិសទាំងប្រាំបួន ដែលកើតចេញពីការបែងភាគ ឬកាត់ព្រះកាយរបស់ព្រះប្រជាបតិ ឱ្យក្លាយទៅជាទិសទាំងប្រាំបួន (នវទិស) នៅក្នុងចក្រវាល ។ ពោល គឺប្រាង្គកណ្តាល ទំនងតំណាងឱ្យទិសខាងលើ ដែលនៅក្នុងហិណ្ឌូសាសនាគេដឹងថា ទិសខាងលើ (ឧធ៌្វ) តំណាងឱ្យស្ថានសួគ៌ និងគ្រប់គ្រងដោយព្រះព្រហ្ម។ រីឯ ប្រាង្គរណបទាំងប្រាំបីដែលហ៊ុមព័ទ្ធជុំវិញប្រាង្គកណ្តាល ទំនងតំណាងឱ្យទិសទាំងប្រាំបីនៅក្នុងចក្រវាលដែលមានលោកបាលការពារ រួមមាន ខាងកើត (បូវ៌) គ្រប់គ្រងដោយព្រះឥន្រ្ទ, ខាងត្បូង (ទក្សិណ) គ្រប់គ្រងដោយព្រះយម, ខាងលិច (បស្ចិម) គ្រប់គ្រងដោយព្រះវារុណ, ខាងជើង (ឧត្តរ) គ្រប់គ្រងដោយព្រះកុវេរ, ទិសឦសាន គ្រប់គ្រងដោយព្រះឥសូរ, ទិសអាគ្នេយ៍ គ្រប់គ្រងដោយព្រះអគ្និ, ទិសនិរតី គ្រប់គ្រងដោយព្រះនិរតី និងទិសពាយព្យ គ្រប់គ្រងដោយព្រះវាយុ (ព្រះពាយ)។
ក្រៅអំពីនេះទៀត តាមរយៈការសិក្សារបស់លោក Divay Gupta កាលពីឆ្នាំ២០១២ លោកបានសន្និដ្ឋានថា ប្រាសាទធំ (តម្កល់សិវលិង្គ) ប្រាសាទចិន (តម្កល់ព្រះវិស្ណុ) និងប្រាសាទបន្ទាយពីរជាន់ (តម្កល់ព្រះព្រហ្ម) ជា “ត្រីមូត៌ិ” ដែលបង្ហាញជាប្រតិមាតែម្តង។ ការសន្និដ្ឋាននេះ គឺយោងទៅលើទីតាំងប្រាសាទចិន និងប្រាសាទបន្ទាយពីរជាន់ គឺស្ថិតនៅត្រង់ទិសឦសាន និងទិសអាគ្នេយ៍នៃរហាល (អាងស្តុកទឹក) ដែលស្របនឹងអ័ក្សប្រាសាទធំ ហើយទីតាំងប្រាសាទទាំងបីនេះ អាចគូសចេញជារាងត្រីកោណបាន។ ម្យ៉ាងវិញទៀត បើយើងប្រៀបធៀបប្រាសាទបន្ទាយពីរជាន់ ជាមួយប្រាសាទស្រង់ព្រះនៅតំបន់ប្រាសាទសំបូរព្រៃគុក និងប្រាង្គមួយនៅឯប្រាសាទមេបុណ្យខាងកើត ដែលសុទ្ធសឹងជាប្រាសាទឧទ្ទិសដល់ព្រះព្រហ្មដូចគ្នា យើងអាចមើលឃើញថា ទីតាំងកសាងប្រាសាទព្រះព្រហ្ម គឺស្ថិតនៅទិសអាគ្នេយ៍ នៃប្រាសាទតម្កល់សិវលិង្គដូចគ្នា។ ប៉ុន្តែ លក្ខណៈពិសេសដោយឡែកនោះគឺនៅប្រាសាទបន្ទាយពីរជាន់ គេកសាងប្រាសាទដាច់ដោយឡែក ដោយមានកំពែងពីរជាន់ និងមានប្រាង្គរណបចំនួន ៨ ហ៊ុមព័ទ្ធជុំវិញ ផ្ទុយពីនៅប្រាសាទស្រង់ព្រះ និងប្រាង្គមួយនៅប្រាសាទមេបុណ្យខាងកើត គ្រាន់តែជាប្រាង្គរណបដែលស្ថិតនៅក្នុងកំពែងតែមួយជាមួយប្រាសាទតម្កល់សិវលិង្គ។
សរុបជារួមមក ប្រាសាទបន្ទាយពីរជាន់ ជាសំណង់ស្ថាបត្យកម្មដ៏ពិសេសមួយនៅក្នុងតំបន់ប្រាសាទកោះកេរ កសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ដែលស្តែងឱ្យឃើញពីការច្នៃប្រតិដ្ឋខ្ពស់លើប្លង់ស្ថាបត្យកម្ម និងជំនឿហិណ្ឌូសាសនាដ៏ជ្រាលជ្រៅរបស់ខ្មែរ។ តាមរយៈការសិក្សាសិលាចារឹក K.680 និងភស្តុតាងបុរាណវិទ្យា បានផ្តល់ព័ត៌មានឱ្យដឹងថា ប្រាសាទបន្ទាយពីរជាន់ ស្ថាបនាឡើងក្នុងគ.ស.៩៣៧ ដើម្បីឧទ្ទិសថ្វាយដល់ ព្រះប្រជាបតីស្វរ (ព្រះព្រហ្ម) ដែលគេស្គាល់ថាជាទេពមានតួនាទីបង្កើតលោកនៅក្នុងហិណ្ឌូសាសនា។ ក្នុងនោះ ភាពប្លែកគ្នានៃប្លង់ប្រាសាទដែលមានប្រាង្គកណ្តាលហ៊ុមព័ទ្ធដោយប្រាង្គរណបឥដ្ឋចំនួន ៨ គឺប្រហែលឆ្លុះបញ្ចាំង អំពីគំនិតលោកធាតុវិទ្យា តាមរយៈរឿងទេវកថាអំពីការបែងភាគព្រះកាយរបស់ព្រះប្រជាបតិឱ្យក្លាយជាទិសទាំងប្រាំបួន។ អ្វីដែលគេកត់សម្គាល់ជាពិសេសទៅទៀតនោះ ទីតាំងរបស់ប្រាសាទបន្ទាយពីរជាន់ ដែលស្ថិតនៅទិសអាគ្នេយ៍នៃរហាល រួមផ្សំជាមួយប្រាសាទធំ និងប្រាសាទចិន បានបង្កើតជាទម្រង់ត្រីកោណដែលទំនងតំណាងឱ្យ “ត្រីមូត៌ិ” (ព្រះសិវ ព្រះព្រហ្ម ព្រះវិស្ណុ) យ៉ាងពិសេសមួយក្នុងទិដ្ឋភាពទេសភាពវប្បធម៌នៃរាជធានីលិង្គបុរ (ឆោកគគីរ)។













—————
This paper examines the architectural layout, iconographic program, and epigraphic evidence of Prasat Banteay Pir Choan, a significant 10th-century temple situated within the Koh Ker archaeological landscape in northern Cambodia. Built in 937 CE during the reign of King Jayavarman IV (Inscriptions K.680), the monument was dedicated to Prajāpatīśvara (Brahma), the creator deity in Hindu cosmology. The unique spatial configuration, comprising a central laterite sanctuary enclosed by eight peripheral brick shrines, double concentric laterite walls, and libraries oriented toward the west, reflects sophisticated cosmological symbolism, specifically the mythic fragmentation of Prajapati to form the nine cardinal directions (navadisa). Furthermore, spatial and triangular alignments with Prasat Thom and Prasat Chen within the ancient capital of Lingapura suggest an intentional representation of the Trimurti within the broader cultural landscape.





