វត្តក្តីដើម មានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងស្ទោង ត្រង់ភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ៥១ គីឡូម៉ែត្រ ប៉ែកខាងលិចទីរួមខេត្តកំពង់ធំ។ ទីតាំងនេះ ធ្លាប់ជាអតីតទេវស្ថានប្រាសាទឥដ្ឋ (រវាងស.វ.ទី១១) ដែលសេសសល់នូវវត្ថុសិល្បៈបុរាណមួយចំនួន។ អ្វីដែលគួរឱ្យកត់សម្គាល់ជាពិសេស គឺនៅខាងក្នុងព្រះវិហារវត្តក្តីដើម មានបដិមាព្រះពុទ្ធប្រក់នាគសម័យអង្គរចំនួនមួយអង្គ ដែលគេដាក់តម្កល់នៅខាងមុខព្រះអង្គធំ (ព្រះជី)។ ជាច្រើនទសវត្សរ៍មកហើយ បដិមាព្រះពុទ្ធប្រក់នាគនេះ ត្រូវបានពុទ្ធសាសនិកមកពីគ្រប់ទិសទី តែងតែចូលអុជធូបបន់ស្រន់ឥតស្រាកស្រាន្ត ដោយសារតែគេជឿថា ព្រះពុទ្ធអង្គនេះមានបារមីស័ក្តិសិទ្ធិ អាចជួយថែរក្សា ផ្តល់សេចក្តីសុខ និងសម្រេចរាល់បំណងប្រាថ្នា។ តើបដិមាព្រះពុទ្ធប្រក់នាគនៅវត្តក្តីដើម មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?
កាលដើមឡើយ បដិមាព្រះពុទ្ធប្រក់នាគមួយអង្គនេះ ពុំមែនមានទីតាំងដើមស្ថិតនៅក្នុងបរិវេណវត្តក្តីដើម ឬជាទេវរូបចាស់ដែលតម្កល់នៅក្នុងប្រាសាទនៅវត្តក្តីដើមនេះឡើយ។ ទីតាំងដើមនៃបដិមាព្រះពុទ្ធអង្គនេះ ស្ថិតនៅប្រាសាទបឹងព្រៃខ្ញី ដែលមានចម្ងាយ ១៣ គីឡូម៉ែត្រ ប៉ែកពាយព្យវត្តក្តីដើម ត្រង់ភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រាសាទបឹងព្រៃខ្ញីនេះ សាងសង់ឡើងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត និងស្ថិតនៅជាប់អាងស្តុកទឹកធំមួយដែលសព្វថ្ងៃអ្នកស្រុកហៅថា “បឹងព្រៃខ្ញី”។ យោងតាមប្រភពពីចាស់ព្រឹទ្ធាចារ្យក្នុងតំបន់ បានឱ្យដឹងថា កាលដើមឡើយ នៅឯប្រាសាទបឹងព្រៃខ្ញី មានបដិមាព្រះពុទ្ធប្រក់នាគចំនួនពីរអង្គដែលមានលក្ខណៈសិល្បៈជាទូទៅស្ទើរតែដូចគ្នា ប៉ុន្តែ គេបានបញ្ជូនយកមកតម្កល់ទុកនៅព្រះវិហារវត្តក្តីដើមតែមួយអង្គប៉ុណ្ណោះ ហើយក្រោយមកបដិមាមួយអង្គទៀតបានជនទុច្ចរឹតលួចយកចេញពីតាំងដើម (សព្វថ្ងៃមិនដឹងថានៅទីណានោះឡើយ)។ គេមិនចងចាំអំពីកាលបរិច្ឆេទនៃការដង្ហែព្រះពុទ្ធប្រក់នាគពីប្រាសាទបឹងព្រៃខ្ញី មកកាន់វត្តក្តីដើមនោះទេ តែគេនៅចងចាំថា ព្រឹត្តិការណ៍នោះធ្វើឡើងនៅក្នុងជំនាន់ដែលព្រះមេគណខេត្តស្ទោង ព្រះនាម តូច អ៊ុល ជាចៅអធិការវត្ត។ ពោល គឺអាចនៅរវាងទសវត្សរ៍ ១៩២០ ដល់ ១៩៣០ ដែលត្រូវនឹងមុនឬក្រោយការកសាងព្រះវិហារវត្តក្តីដើមបច្ចុប្បន្នបន្តិច ព្រោះព្រះវិហារកសាងរួចរាល់នៅគ.ស.១៩៣៣។
ព្រះពុទ្ធប្រក់នាគដែលកំពុងដាក់តម្កល់នៅក្នុងព្រះវិហារវត្តក្តីដើមនេះ សាងសង់ឡើងអំពីថ្មភក់ មានកម្ពស់ ១១០ស.ម. ទទឹង ៥០ស.ម. និងកម្រាស់ ១៥ស.ម. ហើយត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិ ដោយការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ (លេខបញ្ជី ក.ធ.២៧០)។ បដិមានេះ មានព្រះកាយ សមាមាត្រគ្នាជាមួយ អង្គុយទ្រង់ភ្នែនក្នុងកាយវិការសមាធិ ដោយយកព្រះហស្តទាំងពីរដាក់ត្រួតលើគ្នា ព្រះនេត្របិទ ព្រះកាណ៌វែង ព្រះឱស្ឋក្រាស់ ព្រះនាសាមានខ្ទង់ និងរចនាមកុដបែប “គិរីមកុដ” (មកុដភ្នំ) ហើយប្រក់ដោយនាគមានក្បាលប្រាំពីរ។ តាមទម្រង់មកុដរបៀបនេះ គេឃើញមានច្រើននៅក្នុងស.វ.ទី១១ ឧទាហរណ៍ ចម្លាក់តួអង្គបាណ្ឌវ និងកៅរវ (រឿងមហាភារត) កំពុងលេងបាសក (អុក) នៅលើផ្តែរទ្វារប្រាសាទស្នឹងខាងលិចជាដើម។ ម្ល៉ោះហើយ បដិមាព្រះពុទ្ធប្រក់នាគនៅវត្តក្តីដើម ដែលមានប្រភពដើមមកពីប្រាសាទបឹងព្រៃខ្ញីនេះ ទំនងមានអាយុកាលស្ថិតនៅសម័យអង្គរ នាស.វ.ទី១១ ក្នុងរចនាបថបាភួន (គ.ស.១០១០ – ១០៨០) ត្រូវនឹងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១, ព្រះបាទឧទ័យទិត្យវរ្ម័នទី២ និងព្រះបាទហស៌វរ្ម័នទី៣។ គួរកត់សម្គាល់ កន្លងមកអ្នកស្រាវជ្រាវដំបូងៗច្រើនភ្ជាប់រូបព្រះពុទ្ធប្រក់នាគថាជា “ព្រះពុទ្ធសក្យមុនី” (ព្រះពុទ្ធគង់នៅស្ថានមនុស្ស) កំពុងប្រក់ឬការពារដោយនាគមួយឈ្មោះថា “មុចលិន្ទ” ពោល គឺជារឿងទេវកថាព្រះពុទ្ធសាសនាថេរវាទ និងជានិកាយមួយដែលខ្មែរកំពុងគោរពប្រណិប័តន៍នាពេលបច្ចុប្បន្ន។ ប៉ុន្តែ ក្រោយមក លោក Peter D. Sharrock (២០២២) បានផ្តល់សេចក្តីសន្និដ្ឋានថ្មីមួយថា បដិមាព្រះពុទ្ធប្រក់នាគមួយចំនួនដែលបានកសាងឡើងនៅរវាងស.វ.ទី១២ និង១៣ ទំនងជារូបតំណាងឱ្យ “ព្រះអមិតាភ” (ព្រះដែលមានពន្លឺគ្មានដែនកំណត់) ដែលគេស្គាល់ថា ជាព្រះជិននាថមួយអង្គ ក្នុងចំណោមព្រះបញ្ចធ្យានិពុទ្ធ (ព្រះពុទ្ធទាំងប្រាំដែលកើតចេញពីតម្កល់ចិត្តក្នុងសមាធិ)។ នៅក្នុងព្រះពុទ្ធសាសនា មហាយាន និងវជ្រយាន ព្រះអមិតាភ ជាទេពគង់នៅស្ថានសួគ៌ខាងលិច ឈ្មោះថា “ស្ថានសុខាវតី” ដែលពុទ្ធសាសនិកជឿថា មិនមែនគ្រាន់តែជាស្ថានសួគ៌សោយសុខធម្មតានោះទេ ប៉ុន្តែ គឺជា “ពុទ្ធក្សេត្រ” (ដែនដីបរិសុទ្ធ) ដែលកើតចេញពីមហាបណិធាន (សច្ចាប្រណិធាន ៤៨ ប្រការ) របស់ព្រះពុទ្ធអមិតាភ ដើម្បីជួយសង្រ្គោះសត្វលោកឱ្យរួចផុតពីទុក្ខវេទនា និងជាកន្លែងពោរពេញដោយសន្តិភាព និងរីករាយបំផុតសម្រាប់អ្នកបដិបត្តិធម៌ដើម្បីសម្រេចការត្រាស់ដឹង។ ការសន្និដ្ឋានរបស់លោក Peter D. Sharrock គឺយោងទៅលើភស្តុតាងសិលាចារឹក (បឹងវៀង K.872) ដែលមានកត់ត្រាព្រះនាមព្រះពុទ្ធអមិតាភ និងស្ថានសុខាវតី ព្រមទាំងយោងទៅលើភស្តុតាងផ្នែកប្រវត្តិសិល្បៈចំនួន ២ សំខាន់ គឺថ្មគោលព្រះពុទ្ធសាសនាដែលកំពុងរក្សាទុកនៅសារមន្ទីរហូណូលូលូ សហរដ្ឋអាមេរិក និងព្រះពុទ្ធប្រក់នាគដែលរកឃើញនៅប្រាសាទវាលផ្ទី (តម្កល់នៅកណ្តាលអាងស្តុកទឹកប្រាសាទបឹងមាលា)។ ព្រះពុទ្ធប្រក់នាគនៅប្រាសាទផ្ទី គេដាក់តម្កល់នៅលើបង្គោលថ្មរាងប្រាំបីជ្រុងយ៉ាងខ្ពស់ឱ្យផុតពីទឹក ដែលលោកយល់ថា សសរនាគនោះហាក់ដូចជាមានទំនាក់ទំនងក្នុងនិមិត្តរូបបញ្ជាក់ឱ្យឃើញអំពីការឡើង និងចុះរវាងស្ថានសួគ៌ និងសមុទ្រ។ ម្យ៉ាងវិញទៀត សសរបង្គោលនាគខ្ពស់នេះ ហាក់ដូចចង់បង្ហាញអំពីនិមិត្តរូបដែលព្រះពុទ្ធអង្គកំពុងគង់នៅស្ថានសួគ៌ផងដែរ។ ដូច្នេះ ប្រសិនបើយើងក្រឡេកមកមើលបដិមាព្រះពុទ្ធរូបប្រក់នាគនៅវត្តក្តីដើមនេះ គឺដាក់តម្កល់នៅលើសសរមូលខ្ពស់មួយ ដូចព្រះពុទ្ធប្រក់នាគនៅប្រាសាទវាលផ្ទីដែរ។ ទោះបីជាសសរតម្កល់ព្រះពុទ្ធប្រក់នាគនៅវត្តក្តីដើមនេះ មិនមែនជាសសរដើមនៃសម័យអង្គរដំណាលព្រះពុទ្ធរូបក៏ដោយ (ទំនងកសាងឡើងដំណាលពេលកសាងព្រះវិហារ) ក៏យើងអាចកត់សម្គាល់ដែរថា ផ្នត់គំនិតនេះ គឺឆ្លុះបញ្ចាំងអំពីចំណេះដឹងខាងជំនឿព្រះពុទ្ធសាសនាមហាយាន ឬវជ្រយាន ដែលបន្តមត៌កពីសម័យបុរាណ (សម័យអង្គរ) យ៉ាងច្បាស់ក្រឡែត ទោះបីជាពេលនោះខ្មែរគោរពព្រះពុទ្ធសាសនាថេរវាទក៏ពិតមែន។ ម្ល៉ោះហើយ ប្រសិនបើព្រះពុទ្ធប្រក់នាគនៅវត្តក្តីដើមនេះ មិនមែនជា “ព្រះពុទ្ធសក្យមុនី” តែជា “ព្រះពុទ្ធអមិតាភ” ដូចការសន្និដ្ឋានរបស់លោក Peter D. Sharrock ចំពោះព្រះពុទ្ធប្រក់នាគនៅប្រាសាទវាលផ្ទីមែននោះ នាគដែលកំពុងប្រក់ពីលើព្រះពុទ្ធអង្គ គឺមិនមែនជា “មុចលិន្ទ” នោះទេ ប៉ុន្តែ អាចជានាគតំណាងឱ្យនិមិត្តរូបនៃការយឹតយោងដំណើរទៅកាន់ស្ថានសួគ៌ ឬនាគតំណាងឱ្យឃើញថា ព្រះអង្គកំពុងស្ថិតនៅស្ថានសួគ៌ (សុខាវតី)។
ជារួមមក បដិមាព្រះពុទ្ធប្រក់នាគ ដែលកំពុងតម្កល់នៅលើសសរខ្ពស់មួយខាងក្នុងព្រះវិហារវត្តក្តីដើម (ខាងមុខព្រះអង្គធំ ឬព្រះជី) គឺអាចរាប់បានថា ជាមត៌កបេតិកភណ្ឌវប្បធម៌ ឬវត្ថុសិល្បៈដ៏មានតម្លៃទាំងផ្នែកប្រវត្តិសាស្ត្រ និងផ្នែកជំនឿ។ បដិមានេះ ទំនងមានអាយុកាលស្ថិតក្នុងសម័យអង្គរ នាស.វ.ទី១១ ក្នុងរចនាបថបាភួន (គ.ស.១០១០ – ១០៨០)។ ការតម្កល់ព្រះពុទ្ធអង្គនៅលើសសរខ្ពស់នៅខាងក្នុងព្រះវិហារនេះ មិនត្រឹមតែឆ្លុះបញ្ចាំងអំពីការបន្តមត៌កនៃជំនឿព្រះពុទ្ធសាសនាមហាយាន ឬវជ្រយានពីសម័យបុរាណមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបញ្ជាក់ថា ព្រះអង្គប្រហែលជាតំណាងឱ្យ “ព្រះអមិតាភ” ក្នុងស្ថានសុខាវតី ពោល គឺប្រហែលមិនមែនជាព្រះពុទ្ធសក្យមុនីដែលជួបនឹងនាគមុចលិន្ទដូចការយល់ឃើញពីមុនឡើយ។ វត្តមាននៃព្រះពុទ្ធរូបនេះនៅវត្តក្តីដើម បានបង្ហាញអំពីការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងប្រវត្តិសាស្ត្របុរាណ និងការគោរពបូជារបស់ពុទ្ធសាសនិកក្នុងតំបន់រហូតមកដល់បច្ចុប្បន្ន។








————
This article examines the historical and cultural significance of the Naga-protected Buddha statue currently housed in the Vihara (sanctuary) of Wat Kdei Derm, located in Stoung district, Kampong Thom province, Cambodia. Originally sourced from the Boeung Prei Khnhei temple, this sandstone sculpture, dating back to the 11th century Baphuon style and represents a crucial heritage asset. Traditionally interpreted through the lens of Theravada mythology as the Buddha protected by the Naga Mucalinda, recent scholarly analysis by Peter D. Sharrock suggests an alternative iconographic identification: the Buddha Amitabha. By analysing the statue’s placement on a high pedestal, this study argues that such iconographic conventions reflect enduring legacies of Mahayana or Vajrayana Buddhist traditions within the Khmer context. The statue thus serves as a vital bridge between Angkorian religious art and contemporary local devotion.
អត្ថបទដោយ៖ លោក ម៉ង់ វ់ាលី





