ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកទួលវត្តចាស់ ឬវត្តពោធិអំពិល (K.1460)

សិលាចារឹកទួលវត្តចាស់ ឬវត្តពោធិអំពិល (K.1460)

ទួលវត្តចាស់ ជាបុរាណដ្ឋានសម័យមុនអង្គរមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិពោធិ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ នៅទីនេះ គេធ្លាប់រកឃើញសិលាចារឹកចំនួន ៣ ផ្ទាំង ជាប្រភេទគោលចារឹក។ ក្រោយមក គេបានយកសិលាចារឹកទាំងបីផ្ទាំងនេះ ទៅរក្សាទុកនៅវត្តពោធិអំពិល ដែលមានចម្ងាយពីទួលវត្តចាស់ត្រឹមតែ ១០០០ ម៉ែត្រប៉ុណ្ណោះ។ ក្នុងនោះ គោលចារឹកទី១ មានចារឹកអក្សរចំនួន ២៥ បន្ទាត់, គោលចារឹកទី២ មានអក្សរចំនួន ៣០ បន្ទាត់ និងគោលចារឹកទី៣ មានអក្សរចំនួន ៣ បន្ទាត់។ នៅក្នុងអត្ថបទនេះ ខ្ញុំសូមជ្រើសរើសតែគោលចារឹកទី១មកសិក្សាប៉ុណ្ណោះ។ តើសិលាចារឹកទួលវត្តចាស់ ឬវត្តពោធិអំពិល (គោលចារឹកទី១) លេខបញ្ជី K.1460 មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?

ដូចបានបញ្ជាក់ខាងលើ គោលចារឹកទី១ មានអក្សរចារឹកសរុបចំនួន ២៥ បន្ទាត់ ដែលជាសំណេរនៅក្នុងស.វ.ទី៧ (គ.ស.៦៤៥)។ ក្នុងនោះ សំណេរជាភាសាសំស្រ្កឹតនៅផ្នែកខាងលើ មានចំនួន ១១ បន្ទាត់ (ស្មើនឹង ១០ ស្លោក) និងអត្ថបទសំណេរជាភាសាខ្មែរបុរាណនៅផ្នែកខាងក្រោម មានចំនួន ១៤ បន្ទាត់ (ចាប់ពីបន្ទាត់ទី១២)។ គួរកត់សម្គាល់បំផុត គឺសិលាចារឹកនេះរៀបរាប់អំពីព្រឹត្តិការណ៍របស់ព្រះបាទស្រីភវវម៌្មទី២ (ត្រូវជាបុត្ររបស់ព្រះបាទស្រីសានវម៌្មទី១) ព្រោះសិលាចារឹកដែលរៀបរាប់អំពីទ្រង់មានចំនួនតិចតួចខ្លាំងណាស់។ ទោះបីជាសិលាចារឹកនេះ មិនបានផ្តល់ន័យពេញលេញអំពីទ្រង់ក៏ពិតមែន ប៉ុន្តែវាជាទិន្នន័យរួមផ្សំមួយដែលនាំឱ្យគេដឹងថា នៅតំបន់ដែលបានរកឃើញសិលាចារឹកនេះ (ស្រុកទ្រាំង) ជាដែនដីឯកភាពជាតិបន្តអំពីព្រះបិតា (ព្រះបាទស្រីសានវម៌្មទី១) របស់ទ្រង់។

សិលាចារឹកនេះ ចារឹកឡើងដោយមន្ត្រីម្នាក់របស់ព្រះបាទស្រីភវវម៌្មទី២ ក្នុងពេលដែលលោកមកកសាង និងអភិវឌ្ឍទេវស្ថាន។ ប៉ុន្តែ មន្រ្តីរូបនេះបានសម្តែងសេចក្តីគោរពដល់ព្រះរាជាយ៉ាងខ្លាំង ដោយបានរំលេចព្រះនាមរបស់ព្រះរាជានៅខាងដើមជាមុនសិន ទើបបញ្ជាក់ដល់ម្ចាស់អំណោយ ឬនាមរបស់មន្រ្តីខាងក្រោយ។ ក្នុងនោះ ស្លោកទី១ បានបាក់បែកនៅផ្នែកខាងលើ ហើយអ្វីដែលនៅសល់មិនអាចកាត់ន័យយល់បាន ប៉ុន្តែ ទំនងជាស្លោកនមស្ការចំពោះទេពក្នុងសាសនាហិណ្ឌូ។ ស្លោកទី២ និងទី៣ ពណ៌នាបញ្ជាក់អំពីព្រះនាមព្រះបាទស្រីភវវម៌្មទី២ ក្នុងឋានៈជាស្តេចអធិរាជ ឬស្តេចផែនដី។ ស្លោកទី៣ ដល់ទី៦ ពណ៌នាអំពីគុណសម្បត្តិព្រះរាជា និងគុណសម្បត្តិរបស់មន្រ្តី។ ស្លោកទី៧ ពណ៌នាអំពីការប្រតិស្ឋានព្រះសិវលិង្គ។​ ស្លោកទី៨ ពណ៌នាអំពីឆ្នាំនៃការប្រតិស្ឋានព្រះសិវលិង្គនៅក្នុងមហាសករាជឆ្នាំ ៥៦៧ (ត្រូវនឹងគ.ស.៦៤៥)។ រីឯ ស្លោកទី៩ ដល់ទី១០ ពណ៌នាអំពីការធ្វើអំណោយចំពោះទេវស្ថាន និងបណ្តាសា។

ដោយឡែក ចាប់ពីបន្ទាត់ទី១២ (ផ្នែកភាសាខ្មែរបុរាណ) ដល់ទី២៥ បានផ្តល់ព័ត៌មានជាច្រើនអំពីម្ចាស់អំណោយទាន និងស្ថាននាមទីតាំងបុរាណនៅតំបន់នេះ។ ក្នុងនោះ ម្ចាស់ទានម្នាក់បានរៀបរាប់ឈ្មោះ គឺ “ម្រតាញកុមារ” និងម្ចាស់ទានម្នាក់ទៀតមិនបានរៀបរាប់ឈ្មោះនោះទេ ពោល គឺគ្រាន់តែបញ្ជាក់ថា “ម្រតាញយជមាន” (“យជមាន” ប្រែថា៖ ម្ចាស់ទាន)។ អំណោយមានជាដីធ្លី ដែលដីទាំងនោះមិនមែនជាកម្មសិទ្ធិរបស់គាត់នោះទេ គឺគាត់បានជាវពីបុគ្គលផ្សេងទៀត។ ក្នុងសិលាចារឹកបានបញ្ជាក់ដល់ឈ្មោះម្ចាស់ដីដែលបានជាវនោះ រួមមានដូចជា បោញជយវម៌្ម, បោញទេវភិនវស្សាអញ, បោញអក្សរ និងព្រមទាំងទីតាំងដី។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺមានឈ្មោះថា “បោញជយវម៌្ម” ដែលជាព្រះនាមដូចទៅនឹង “ព្រះបាទស្រីជយវម៌្មទី១” ប៉ុន្តែ មានឋានន្តរនាមថា “បោញ” ដែលនាំឱ្យយើងដឹងថាបុគ្គលនេះមិនមែនជាព្រះមហាក្សត្រនោះទេ។ ទោះបីជាយ៉ាងណា តើបុគ្គលឈ្មោះ “បោញជយវម៌្ម” នេះ អាចជាអនាគតព្រះបាទស្រីជយវម៌្មទី១ ដែរឬទេ? តើនាមនេះ អាចជានាមមុនឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះបាទស្រីជយវម៌្មទី១ ដែរឬទេ? នេះគ្រាន់តែជាការលើកជាសំណួរមកពិភាក្សាតែប៉ុណ្ណោះ ដ្បិតយើងមិនមានភស្តុតាងណាមួយធ្វើជាអំណះអំណាងឱ្យបានជាក់លាក់នោះឡើយ ពោល គឺមានតែរង់ចាំព័ត៌មានបន្ថែម និងការស្រាវជ្រាវបន្ថែមទៀតនៅពេលក្រោយតែប៉ុណ្ណោះ។ បន្ថែមពីព័ត៌មានដែលបានរៀបរាប់ខាងលើ ទិន្នន័យពីផ្នែកភាសាខ្មែរបុរាណនៃសិលាចារឹកនេះ បាននាំឱ្យយើងដឹងថា ដីធ្លីភូមិករ និងទាសាទាសី (អ្នកបម្រើ) ស្រែចម្ការ ដែលបានជាវទាំងនេះ បានថ្វាយដល់ទេវស្ថាន ដើម្បីជាមូលនិធិសម្រាប់ទ្រទ្រង់ទេវស្ថាន។ ម្យ៉ាងវិញទៀត យោងតាមខ្លឹមសារផ្នែកភាសាខ្មែរនៃសិលាចារឹកនេះ យើងបានស្គាល់ស្ថាននាម (នាមទីតាំង) ជាច្រើនកន្លែង ដូចជា ស្រែស្តុកបោយោង, ជ្រៃវា, សង្ខរលោម, ធ្លី, ស្តុកចោង, ស្រែថ្ងៃកើតក្រោម (ខាងកើត), ស្រែត្រពាំងបោកុមារ, ស្រែដើម, ស្រែត្រើយ, ជើងស្រុក និងត្រពាំងម្រតាញ។ 

អត្ថបទចារឹក

           ១.       …………………….ហទា               ផណិតាបាក……………….

                     ………………………….                ………………………………..។

           ២.       ………….ឝ្រីភវវម៌្មាស្តិ                លោកោទ្ភាស្យាទយីករេ……

                     ……………………….                  ………………………………។

           ៣.      …………………តន្មូលិតោត្តុង្គ      ស្ថាបវេទិចនាបិនាំ

                     ធិរាជសោ……………………      ……………………………..។

           ៤.       …ន្ក្ឞិតិក្ឞីតិបតៅរក្ឞត្យក្ឞតរក្ឞណេ តបស្វិ ស្វៃឞិភិស្វៅ…………….

                     …កីត៌្តិគ៌ុណៃទ៌្ភទ្រះកីត៌ិ្តតះកីត៌្តិកីត៌្តិតៃ   អបាស្តាកីត៌្តិសកីត៌្តិទ៌្ទិក្ឞតីត្យ

           ៥.       ..ណាង្ឃ្រិបឝ្រមោទ្យុក្ខា         ធម៌្មាថ៌ផលតោឞិតះ

                     គុណិនាមគ្រកមីឞ្ដះ              ប្រាយោជ្យោ……….។

           ៦.       ……………ន្តារសញ្ចរិ                 ហិង្ស្រចារាប្រចារិតស្ថាន

                     ឝក្តិគុណទ្រវ្យៃរ                     ធៃឞម្យេវិជិត….។

           ៧.       …ទលិង្គមិឝស្យ                      សវិទ្ទ្យយមតិឞ្ឋិបត៑

                     មហីយាន្កៅរវស្សគ៌្គ                វាសស្ឋេយាន្ភវេទិតិ។

           ៨.       ..លិង្គស្យស្ថាបនាស្យាសិច៑    ឆកេន្ទ្រស្សទ្រិឆឞ្ឆរ

                     ឝុចេន៌្នវធ្យាទយ្គឞ..                 កន្យាឝឝិយទា។

           ៩.       …អស្មៃគោក្ឞេត្រទាសាទិ    ឝង្ខភេយ៌្យាទិចក្ឞម៑

                      ទ្រវ្យឝុទ្ធាឝមោបេត                សោយវ្យតរទាជ៌្ជវី។

           ១០.     …ឯវំ សវ៌្វំមិទំទត្តម៑                  វិនាយេនកេនំចិត៑

                     ហ្ឫតវាក្ឞេភិតម្វាបិ                សយាន្វឝ្លេយសាបទ។

           ១២.     អំនោយ៑ ម្រតាញ៑យជមាន ទោង៑ម្រតាញ៑កុមារ អាយ៑តវ្រះកម្រតាញ៑

           ១៣.    អញ៑ស្រេ​អាយ៑ស្តុក៑បោយោង៑អំវីតគិុ ជ្រៃវាសង្ខរ៑លោម៑តគិុធ្លីស្តុក៑ចោង៑មន៑

           ១៤.     ជាហ្វ៑តបោញ៑ជយវម៌្មបោញ៑ទេវាភិនវស្យា អញ៑ បោញ៑អក្ឞរ គេសនិប្រទានគិុ ត

           ១៥.     វ្រះឧក្កអំរុង៑គិុសរេ៧ស្រេត្ងេកេត៑ករោំស្រេមន៑ជាហ្វ៑តបោញ៑ជានឝិ…មាស៑

           ១៦.     ស្រេអាយ៑ត្រវង៑បោកុមារ៑មន៑ជាហ្វ៑តបោញ៑ឝង្ករទោង៑តាង៑អំបេល៑មោយ៑ …

           ១៧.    ទ៑ស្រេអាយ៑តេំ …………………………….

           ១៨.     អាយ៑កញ្ជិត៑នៃ ..វ្រៅបោញ៑ជោន៑សុរេ២ស្រេត្រេយ៑អំវីជេង៑ស្រុក៑

           ១៩.     .. ល្វប៑ត្រវង៑ម្រតាញ៑….ត្រវង៑ម្រតាញ៑…មតី ….

           ២០.     ..លោហ៑ត្រវង៑ …..លោហ៑ត្រវង៑បោញ៑វាប៑ទន៑លោហ៑អំរុង៑

           ២១.     …វ្យរ៑អាយ៑តស្រេ……  ស្រុក៑អំវីតគិុជុំត្រវង៑អាយ៑ …រិ ……….

           ២២.       .. វ្រះសិង៑ក្ញុំវ្រះ ….វា …យ៑ …វាត្មុរ៑វាជោ…កវាកញ្ចត៑វា..

           ២៣.    ..វិវាក្ជស៑វាសុទាស៑វាសុចិតវាក្ទេប៑វាបរោយ៑វាក្ទត៑ក្ញុំត

           ២៤.     ….តច៑កោន៑កុ… កុតត៑កោន៑កុ៤កុទិទ្មាមតិកោន៑កុ១ប្រិ..

           ២៥.     ..កោន៑កុ …កុកន្ទីន៑កុអនោត៑កុឝុ……មនី៙

សេចក្តីប្រែ

           ១.       …………………….ហទា             ផណិតាបាក……………….

                     ……………………………… ………………………………..។

           ២.       …ព្រះបាទ ស្រីភវវម៌្ម ទ្រង់មានវត្តមាន… ទ្រង់ញ៉ាំងលោកទាំងមូលឱ្យភ្លឺស្វាងដោយ

រស្មីនៃព្រះហស្ត (ឬដោយការដាក់ទាន)..។

           ៣.      …ការប្រតិស្ឋាននូវវេទិកា (អាសនៈ) ដ៏ខ្ពង់ខ្ពស់… ជាអធិរាជ…

         ៤. ក្នុងពេលដែលព្រះរាជាម្ចាស់ផែនដី កំពុងគ្រប់គ្រងរក្សាការពារផែនដីដោយមិនឱ្យមានការអន្តរាយ… លោក (មន្រ្តី) ជាអ្នកដឹងនូវតបធម៌… ជាអ្នកមានមង្គលដោយសារគុណសម្បត្តិឱ្យមានគុណសម្បត្តិនៃកេរ្តិ៍ឈ្មោះ ដែលត្រូវបានគេពោលសរសើរ (កីត៌ិត) សាយភាយទៅសព្វទិសទី និងបានកម្ចាត់ចោលនូវអកេរ្តិ៍ឈ្មោះ (សេចក្តីអាក្រក់) ទាំងពួង។

         ៥. …ដោយសេចក្តីព្យាយាមបម្រើនៅក្បែរព្រះបាទ (នៃព្រះរាជា)…. យល់ដឹងនូវផលនៃធម៌ និងផលនៃទ្រព្យសម្បត្តិ (ធម៌-អថ៌) …. លោក គឺជាអ្នកឈានមុខគេក្នុងចំណោមអ្នកមានគុណធម៌។

         ៦. ….ទោះបីជាទីកន្លែងនោះពោរពេញដោយសត្វសាហាវ (ហិង្រ្ស) ដើរចុះឡើង… ក៏លោកបានយកឈ្នះលើឧបសគ្គទាំងឡាយ ដោយសារអំណាច (សក្តិ) គុណសម្បត្តិ និងរួមទាំងទ្រព្យសម្បត្តិ។

         ៧. …. (លោក) អ្នកមានវិជ្ជាខ្ពង់ខ្ពស់ បានប្រតិស្ឋាននូវលិង្គ (សិវលិង្គ) នៃព្រះមហេស្វរ (ព្រះសិវ) …. ដើម្បីទទួលបាននូវការស្នាក់នៅស្ថានសួគ៌ដ៏ខ្ពង់ខ្ពស់។

         ៨. ការប្រតិស្ឋានរូបលិង្គនេះ បានធ្វើឡើងនៅក្នុងមហាសករាជឆ្នាំ ៥៦៧ (អទ្រិឆឞ្ឆរ គឺអទ្រិ=៧, ឞដ៑=៦, ឝរ=៥) ក្នុងខែជេស្ឋ (ឝុចិ) ថ្ងៃទី៩ (នវ) ខ្នើត ក្នុងពេលដែលព្រះចន្រ្ទស្ថិតនៅក្នុងរាសីកញ្ញា។

         ៩. លោកដែលជាអ្នកមានសេចក្តីស្មោះត្រង់ និងមានចិត្តស្ងប់ បានថ្វាយចំពោះព្រះជាម្ចាស់ (ព្រះសិវ) នូវទ្រព្យសម្បត្តិ រួមមាន ហ្វូងគោ ស្រែចម្ការ ខ្ញុំបម្រើ ព្រមទាំងគ្រឿងតន្រ្តី រួមមាន ស័ង្ខ និងភេរី ជាដើម។

         ១០. រាល់ទ្រព្យសម្បត្តិទាំងអស់ដែលបានផ្តល់ឱ្យហើយ ប្រសិនបើមានបុគ្គលណាម្នាក់មកដណ្តើមយក ឬមកបំពាន សូមឱ្យបុគ្គលនោះ ព្រមទាំងញាតិសន្តាន ធ្លាក់ទៅក្នុងសេចក្តីវិនាស និងគ្រោះថ្នាក់។

(សេចក្តីប្រែផ្នែកភាសាខ្មែរ)

           (បន្ទាត់ទី១២ ដល់២៥). អំណោយរបស់ម្រតាញយជនមាន រួមជាមួយនិងម្រតាញកុមារ​អញ៖ ស្រែនៅស្តុកបោយោង អំពី ជ្រៃវា សង្ខរលោម ដែលគឺជា ធ្លី ស្តុកចោង ដែលបានជាវអំពី បោញជយវម៌្ម, បោញទេវភិនវង្ស, អញ, បោញអក្ឞរ បានប្រមូលរួមគ្នាប្រទានដល់ព្រះជាម្ចាស់ ក្នុងទំហំ ៧ សរេ។ ស្រែថ្ងៃកើត (ទិសខាងកើត) ក្រោម ស្រែជាវពីបោញជាន ឝិ….មាស។ ស្រែនៅត្រពាំងបោកុមារ ស្រែជាវពីបោញឝង្ករ ព្រមទាំងតាងអំបិលមោយ….។ ស្រែនៅដើម…….ស្រែ នៅកញ្ជិត…វ្រៅ​ បោញជាន ២ សរេ។ ស្រែត្រើយ រាប់អំពីជើងស្រុក ….. ល្វប ត្រពាំង ម្រតាញ ….ត្រពាំង ម្រតាញ….មតី….លោហត្រពាំង …… លោហត្រពាំង បោញវាបទនលោហអំរុង….ពីរស្រែ… ស្រុកអំពី គឺជុំត្រពាំង….ព្រះ ខ្ញុំព្រះ (អ្នកបម្រើ) ….រួមមាន៖  វា ….. យ …., វា ត្មុរ, វាជោ…ក, វា   កញ្ចត, វា….វិ, វាក្ជស, វាសុទាស, វាសុចិត, វាក្ទេប, វាបរោយ, វាក្ទត, ក្ញុំ ត….តចកូន កុ…, កុតត, កូន ៤, កុទិទ្មាមតិ កូន១ ប្រិ….កូន, កុ…, កុកន្ទីន, កុអនោត, កុឝុ….មនី៙។           

សរុបជារួមមក សិលាចារឹកទួលវត្តចាស់ ឬវត្តពោធិអំពិល (គោលចារឹកទី១) K.1460 បានផ្តល់នូវទិន្នន័យប្រវត្តិសាស្ត្រយ៉ាងសំខាន់នៅសម័យមុនអង្គរ (ស.វ.ទី៧)។ ថ្វីត្បិតតែសិលាចារឹកនេះមានការខូចខាតខ្លះៗក៏ដោយ ប៉ុន្តែខ្លឹមសារដែលនៅសេសសល់បានបង្ហាញយ៉ាងច្បាស់អំពីទិដ្ឋភាពនយោបាយ និងការគ្រប់គ្រងដែនដី ជាពិសេស គឺបានជួយបញ្ជាក់អំពីអត្ថិភាព និងអំណាចរដ្ឋបាលរបស់ព្រះបាទស្រីភវវម៌្មទី២ នៅក្នុងតំបន់ស្រុកទ្រាំង ខេត្តតាកែវ ដែលបង្ហាញថាតំបន់នេះ ជាដែនដីស្ថិតក្រោមការគ្រប់គ្រងឯកភាពជាតិបន្តពីព្រះបិតារបស់ទ្រង់ (ព្រះបាទស្រីសានវម៌្មទី១)។ ក្នុងនោះ ខ្លឹមសារសិលាចារឹកនេះ ក៏បានបញ្ជាក់អំពីជំនឿសាសនា និងសទ្ធាជ្រះថ្លារបស់ម្ចាស់អំណោយទាន ពោល គឺផ្នែកភាសាសំស្រ្កឹតបានបង្ហាញពីការគោរពបូជាយ៉ាងខ្ពង់ខ្ពស់ចំពោះព្រះសិវ និងការប្រតិស្ឋានព្រះសិវលិង្គនៅក្នុងម.ស.៥៦៧ (ត្រូវនឹងគ.ស.៦៤៥) ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ព្រះរាជា។ ដោយឡែក នៅក្នុងផ្នែកភាសាខ្មែរ បានផ្តល់ព័ត៌មានឱ្យដឹងអំពីប្រព័ន្ធសេដ្ឋកិច្ចសង្គម តាមរយៈការដោះដូរទិញលក់ដីធ្លី ការថ្វាយដីស្រែ ភូមិករ ព្រមទាំងអ្នកបម្រើ (ខ្ញុំបម្រើ) ដល់ទេវស្ថាន ដើម្បីបង្កើតជាមូលនិធិទ្រទ្រង់សាសនដ្ឋានឱ្យមានស្ថិរភាពយូរអង្វែង។

———

This study examines Inscription K.1460 (Pillar I), discovered at the pre-Angkorian site of Toul Wat Chas and subsequently preserved at Wat Po Ampil, Treang District, Takeo Province. Epigraphically dated to CE 645 (Saka 567), the 25-line inscription comprises an upper Sanskrit text written in verse and a lower Old Khmer prose text. The Sanskrit portion serves as a royal eulogy praising King Bhavavarman II and detailing the consecration of a Sivalinga alongside religious endowments made by a high-ranking official. The Old Khmer section provides critical socio-economic records, outlining land acquisitions, boundary designations, toponyms, and the donation of rice fields and personnel (Kñuṃ) dedicated as a permanent trust for the sanctuary’s maintenance.

Beyond its epigraphic and religious significance, K.1460 yields crucial historical evidence confirming the political continuity and administrative authority of Bhavavarman II over southern Cambodia following the reign of his father, Isanavarman I. Furthermore, the mention of notable figures, such as Poñ Jayavarman, offers valuable prospects for further historical enquiry regarding elite lineages prior to the reign of Jayavarman I. Ultimately, this inscription constitutes a vital source for comprehending the political geography, religious patronage, and land tenure systems of seventh-century Cambodia.

អត្ថបទដោយ៖ កំ វណ្ណារ៉ា និងព្រះតេជគុណ អេង សុគង់

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,500SubscribersSubscribe
- Advertisement -spot_img