ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿអានិសង្សទៀនព្រះវស្សា

អានិសង្សទៀនព្រះវស្សា

ក្នុងព្រះពុទ្ធសាសនា “ចូលព្រះវស្សា” ជាពុទ្ធបញ្ញត្តិមាន​ចែងក្នុងវិន័យបិដក​ភាគ​៧ ដែល​ព្រះសម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​ឱ្យ​ព្រះភិក្ខុ​គង់ចាំព្រះវស្សា​​៣ខែ។ ព្រះ​បរមគ្រូ​ទ្រង់​បញ្ញត្តិ​មកដូច្នោះ ព្រោះ​មានមូល​ហេតុ​ពីរយ៉ាងគឺ (១)ព្រះ​ភិក្ខុ​ទាំង​ឡាយ​ត្រាច់ចរ​ទៅកាន់​ទីកន្លែង​ជិតឆ្ងាយ មាន​កន្លែងសមគួរខ្លះមិនសមគួរខ្លះ មាន​និមន្ត​ជាន់​លើ​ភូតគាមពិជគាម និងធញ្ញជាតិ​ផ្សេងៗជាហេតុ​នាំឱ្យ​អ្នក​ស្រុក​រិះគន់ និងពោល​នូវ​ទោស​ដល់​ព្រះភិក្ខុសង្ឃ។ (២)ព្រះពុទ្ធ​អង្គ​​មាន​បំណង​អនុគ្រោះ​​​ព្រះភិក្ខុ​សង្ឃ​​ក្នុង​សាសនានេះ កុំឱ្យ​លំបាក​​ធ្វើ​ដំណើរ​ក្នុង​រដូវ​វស្សា​ដែលមាន​ភ្លៀងធ្លាក់​​ជោកជាំ។ បើពោលជាទំនៀម​ព្រះពុទ្ធសាសនា ការចូលវស្សា​​​មាន​ពីរយ៉ាង​គឺ (១) “បុរិមិកា​វស្សា​” ការចូលវស្សា​ដំបូង​ ចាប់ពីថ្ងៃ​១រោច ខែអាសាឍ ដល់​គ្រប់​១​ត្រី​មាស​(៣ខែ) ទើប​ចេញ​វស្សា​នៅ​ថ្ងៃ​១៥កើត ខែអស្សុជ។ (២) “បច្ឆិមិកាវស្សា” ជាការ​ចូល​វស្សា​លើកក្រោយ​ ពោលគឺចាប់ពីថ្ងៃ​១រោច ខែស្រាពណ៍​ ដល់ថ្ងៃ​១៥កើត ខែកត្តិក ទើប​ត្រូវ​ចេញ​វស្សា​។ ការ​ចូលវស្សា​លើក​ក្រោយនេះ ព្រះពុទ្ធ​ទ្រង់​អនុញ្ញាត​ដល់​ភិក្ខុ​សង្ឃ​​មាន​កិច្ច​​រវល់​​ដោយ​ប្រការណាមួយ ដែល​ពុំអាច​ចូលវស្សា​ទី​១។ ចំពោះបុណ្យ​ចូលព្រះវស្សា​ឆ្នាំនេះនឹងចូលនៅ​ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.​២៥៧០ ត្រូវនឹង​​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៦។

​​ទន្ទឹមនឹងសេចក្តីជាពុទ្ធបញ្ញត្តិមកខាងលើ ក្នុង​បុណ្យ​​ចូលព្រះវស្សានៃសង្គមខ្មែរគេសង្កេតឃើញ​មាន​វត្ថុជាគ្រឿងបូជាយ៉ាងសំខាន់បំផុតគឺ “ទៀនវស្សា”។ សោត​ឯទៀន​នោះ បើ​តាមទំនៀមនិទាន​ពីបុរាណ​​ គឺតែងកើតឡើង​ពី​សទ្ធាពុទ្ធបរិស័ទរួមសាមគ្គីគ្នា រិះគិតរក​ក្រមួន​ ដើម្បី​យកមក​ស្លសិតស្អិតស្អាងឱ្យ​កើតជាទៀន ​តាំង​ពីមុនថ្ងៃចូលវស្សាមកដល់។ មិន​តែប៉ុណ្ណោះបើ​យោងតាម​ឯកសារព្រះរាជពិធី​ទ្វា​ទសមាស និងឯកសារមហាសង្រ្កាន្ត​​​ឱ្យ​​ដឹង​ថា​ ទំនៀម​សិតទៀន​ព្រះវស្សា​តែងប្រារព្ធ​ឡើង​ទាំង​នៅ​ក្នុង​ព្រះបរម​រាជវាំង​ និង​​នៅតាម​វត្ត​អារាម​នានាផង។ ទំនៀមសិតទៀន​នេះ គឺ​យក​ក្រមួន​មកស្ងោរ​ឱ្យ​រលាយរាវ​ជាទឹក ហើយ​ចាក់ដាក់​ពុម្ព​ធ្វើ​ជាទៀន។ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ទ្រង់​ស្តេច​យាង​ចេញ​ធ្វើ​ព្រះរាជ​កុសល​ផ្ទាល់​ព្រះអង្គ ដោយ​ជួប​ជុំ​ព្រះ​​រាជ​វង្សានុវង្ស គណរដ្ឋមន្រ្តី ព្រម​ទាំង​​នាហ្មឺន​សព្វមុខ​មន្រ្តីទាំងឡាយ។ ព្រះរាជពិធីសិតទៀន​វស្សា​ព្រះរាជទ្រព្យ​​ ក៏​ឃើញ​​មាន​ឯកសារ​ព្រះ​ឆាយាលក្ខណ៍ ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ​នារី​រតន៍ សិរី​វឌ្ឍនា ស្តេចយាង​សិតទៀនព្រះវស្សា​បន្តរហូត​មក​ដល់​​ ព្រះករុណាព្រះមហាក្សត្រ​​បច្ចុប្បន្ន។​​

ពាក់​ព័ន្ធ​ទំនៀម​ព្រះរាជពិធី​សិតទៀនព្រះវស្សាជាព្រះរាជទ្រព្យ​ និងពិធីសិត​ទៀនព្រះវស្សារបស់បណ្តា​រាស្រ្ត​សាមញ្ញ បុរាណ​​លោក​កំណត់​យក​​​ក្នុង​ខែ​អាសាឍ ពោលគឺសិត​ទៀន​នៅ​ថ្ងៃ៨​កើត ដង្ហែទៀនដាក់វត្ត​នៅថ្ងៃ១៤កើត ​ហើយ​​ប្រារព្ធធ្វើពិធីបុណ្យ​ចូលព្រះ​​វស្សា​នៅថ្ងៃ១រោច​​។ ប៉ុន្តែទំនៀម​អ្នកស្រុកខ្លះ លោកតែងមូលមាត់គ្នា​​រៀបចំសិតទៀន​ព្រះ​វស្សា​តាំងពីមុន​ថ្ងៃ​៨​​រោចក៏សឹងមាន។ ជាក់ស្តែង​​គេឃើញ​ទំនៀម​សិត​ទៀន​ព្រះវស្សា​​នៅវត្ត​កោះប៉ែន ស្ថិត​​ក្នុ​ង​ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម អ្នកស្រុកតែង​នាំគ្នាប្រារព្ធពិធីសិតទៀន​វស្សា​តាំង​ពីមុន​ថ្ងៃ៨រោច ខែអាសាឍ។ ក្នុងវត្តនេះ​​តែង​សិតទៀនជា​ច្រើនដើម ហើយឆ្នាំខ្លះ​​សិត​​ទៀន​​រហូត​ដល់​២០ដើម ដើម្បីដង្ហែ​ប្រគេនវត្ត​ផ្សេងៗ​ជុំវិញ។ ទន្ទឹមនោះ​​ពុទ្ធបរិស័ទ​តែងបូជា​ប្រេង និងទេយ្យទាន​ផ្សេងៗ​ផងដែរ  (រូបលេខ៣-៦​)។

ចំណែកខ្នាត​​ទៀន​​​វស្សា​ តាមឯកសារ​​ព្រះរាជពិធី​ទ្វាទស​មាស​បញ្ជាក់ថា​ ទៀន​​មាន​២ខ្នាតគឺ ខ្នាត​តូច​ទំហំ​២ចាប់ ​ខ្នាត​ធំ​​ទំហំ​២ចាប់​កន្លះ និងកម្ពស់​២ហត្ថ​ដូចគ្នា។ រីឯ​សេចក្តី​សង្កេត​របស់​អ្នកស្រី ពេជ្រ​ សល់​ ថា​ទៀន​​វស្សា​ធម្មតា​មាន​ទទឹង​មាត់​មួយតឹក ​និងកម្ពស់​២ហត្ថ​ ធ្វើពីក្រមួន​ឃ្មុំ ឬក្រមួន​ចំបក់។ លុះ​ទៀន​ទាំងឡាយ​សិតបានស្រេចបរិបូរណ៍ហើយ បើជា​ទៀន​ព្រះវស្សា​ព្រះរាជទ្រព្យ​ ទ្រង់​​ចាត់ព្រះរាជតំណាង​ដង្ហែទៅកាន់វត្តក្នុងរាជធានី​ និង​​​​នៅវត្តតាមខេត្តដែលទ្រង់មានព្រះរាជសទ្ធាថ្វាយ។ ក្នុងប្រពៃណីខ្មែរជាទូទៅ​គេ​សង្កេត​ឃើញព្រះ​សង្ឃតែងអុជទៀន​វស្សាទាំងនោះ​ បូជា​​​នៅក្នុង​​ព្រះវិហារ ឬនៅ​លើសាលា​ឆាន់​ពេញ​មួយ​រដូវ​​ចូល​​វស្សារយៈពេល៣ខែ ដូចពោលមកពី​ខាងដើម។

ចិត្ត​សទ្ធា​បូជា​ទៀនវស្សាដូច​បានរៀបរាប់មកពីខាងដើម ក៏ឃើញមានចែង​អំពីផលអានិសង្ស​ ដែលពុទ្ធបរិស័ទខ្មែរ​តែងជឿជាក់តមកពីដូន​តា​​​​រហូត​ចារ​នៅ​ក្នុង​សាស្រ្តាទេសន៍​ផង​។ សេចក្តីក្នុង​សាស្រ្តា​​​​ចុះលេខ FEMC105 ចារឆ្នាំ​១៩២២ មានប្រភពពី​​ខេត្ត​​កណ្តាល​បាន​លើក​និទានមួយ​​ឱ្យ​ដឹងថា ការ​បូជា​ទៀនវស្សា​បានអានិសង្ស​​៨កោដិ តាម​តែ​ប្រាថ្នា​អ្វី​សឹង​​បាន​ដូចសេចក្តី​ប្រាថ្នា​ទាំង​អស់។ សេចក្តីនេះមាន​ក្នុង​រឿង​បុរស​កំសត់​រកស៊ីកាប់អុស ហើយរើសយក​​អាចម៍​ខ្លាឃ្មុំ​ស្ល​យក​ក្រមួន​ លញ់ធ្វើទៀនថ្វាយ​​ព្រះ​ដ៏មាន​បុណ្យ។ ដោយ​អំណាច​បុណ្យរបស់បុរសនោះ ព្រះឥន្រ្ទាធិរាជ​ក៏ជប់​ប្រាសាទ​ប្រាក់ ឃ្លាំង​មាស ឃ្លាំង​ប្រាក់ ព្រម​ទាំង​សួន​ប្រកបដោយ​ដើម​ឈើ​ ពេញ​ដោយ​ផ្លែ​ផ្កា​សម្បូរ​ហូរ​ហៀរ មាន​ទាំង​អ្នក​គាល់​បម្រើ​ពុំមាន​ខ្វះ​អ្វីឡើយ។

ផលអានិសង្ស​ទៀន ដែលបុរសកំសត់បានសាង​ទៀនព្រះវស្សានោះ បើកើតជា​ទេវតា​នឹង​មានបរិវា​រ១លាន បើកើតជាសេដ្ឋី​នោះ​៥០០ជាតិ បើកើតជា​ស្តេច​៦ជាតិ។ អំណាច​ផលបុណ្យ​នៃបុរស​នោះ បានក្តៅដល់ស្ថាន​ត្រៃត្រឹង្សសួគ៌នាយ ​នៃសម្តេចព្រះឥន្រ្ទាធិរាជទ្រង់​​ព្រះចិន្តា​ពិចារណា​ថាអនាគតជាតិ បុរសនោះនឹង​បាន​​ត្រាស់ជាព្រះពុទ្ធអង្គ​ស្រង់​សត្វ​ផង​​​ទាំង​ឡាយ​ដាក់​​ដល់​ត្រើយ​អម្រឹត​បុរីស្រីមហានគរពុំលែងឡើយ ទើប​ទូលប្រើ​ព្រះវិស្វ​កម្ម​​ទេវតា​ ព្រះពិស្ណុការ​ចុះមកស្អាង​​ប្រាសាទទាំង​៥ ដ៏មាន​កំពែង​៧ល្វែង​ចិញ្ចែង​ចិញ្ចាច​​ត្រដាចត្រដឹម មាន​ទ្វារ​ឡប់ឡែ​ផ្តែរ​ជញ្ជាំង ​មាន​ឃ្លាំង​មាសឃ្លាំងប្រាក់ មាន​ឧទ្យា​ន​​មាន​ស្រះ​ប្រកបដោយ​មច្ឆាទាំង​ឡាយ​មាន ថ្ពង ពោរ សណ្តាយ ខ្លាំងហាយ ខ្លាំង​ហាត អណ្តាតឆ្កែ ឆ្កោក ត្រីឆ្លាម ព្រួលព្រា​ កំពឹស ឫសចេក ព្រោន​ បង្កង អណ្តើកសរសៃ កន្ធាយល្មិច លៀស ខ្ចៅ គ្រែង ​គ្រំ ខ្យងហៀន ខ្យងហោង ត្រីក្របី សឹងហែបហែល ​និង​ពោរ​ពាសដោយ​សព្វដើមឈើ ស្រង់ក្លិនផ្កាគន្ធា ផ្លែផ្កា​រុះរោយ មានដើមមង្ឃុត ល្មុតសេដា ម៉ាក់ប្រេង​ម៉ាក់ប្រាង ម៉ាកសាង ​ម៉ាក់ដោក ធុរេន ស្លា កន្ទួតព្រៃកន្ទួតស្រុក ផ្លែដូចគេយកទៅចងព្យួរជា​រំយោលសំយុង មាន​ទាំង​ដើម​​ផ្កា​ម្លិះរួត​ម្លិះលាចម្បា​នួនស្រី បាឡីកន្ទិល ក្រហម​​​ចងសក់ ក្លាំពាក់ក្លាំពា យុថ្កា មហាហង្ស ត្រយ៉ង់ពុកជាជ្រុង សិងតែឈើក្រអូបតជា​ថ្នាំទម្លាក់រោគ​ផឹកឆីជា​ថ្នាំទាស់ហល់ហត់ខ្យល់ចាប់ ហើយមាន​ទាំង​ច្បារស្វាយចម្ងាយ​៣០យោជន៍​។  

ទោះជា​តាម​សេចក្តីក្នុង​សាស្រ្តា​ខាងលើ​បាន​អានិសង្ស​ដូច្នោះក្តី គេ​ដឹង​ថា​ក្នុង​ពុទ្ធបញ្ញតិពុំបានចែងអំពីទៀនវស្សាឡើយ តែសូមយល់ថា​នៅក្នុងអារ្យធម៌ខ្មែរ​ ការសាងនូវ​កុសល​​​ដោយ​សទ្ធា​ជ្រះថ្លារមែង​បាន​ផល្លានិសង្សក្រៃលែង​។ ចំពោះបើនិយាយអំពី “ទៀន” ជាទូទៅ​​គឺពុំមែនត្រឹមតែ​ជាវត្ថុ​សម្រាប់​អុជបំភ្លឺ​ធម្មតាទេ តែជាគ្រឿងសក្ការបូជាដែលមានន័យទាក់ទងនឹង​ពាក្យ​ថា “ទេព” (Divinity) ទាក់ទងនឹងគំនិតថា “ពន្លឺ”។ មិនតែ​ប៉ុណ្ណោះ​​នៅ​ក្នុងគំនិតតំណាងនូវសេចក្តីចេះដឹង និងបញ្ញាញាណ ខ្មែរតែង​យកទៀនជា​និមិត្ត​រូប​តំណាងដែរ។ ​

សរុបសេចក្តីមក ទោះបីជាការសិតនិងការបូជាទៀនព្រះវស្សា ពុំមែនជាពុទ្ធបញ្ញត្តិ ចែងក្នុងព្រះវិន័យបិដក ដូចការចូលព្រះវស្សាយ៉ាងណាក្តី ប៉ុន្តែនៅក្នុងបរិបទសង្គម និងអរិយធម៌ខ្មែរពិធីសិតទៀន និងដង្ហែទៀនព្រះវស្សា ទាំងក្នុងព្រះបរមរាជវាំង និងតាមវត្តអារាមនានា​បានក្លាយជាប្រពៃណីសាសនាដ៏មានឫសគល់ជ្រាលជ្រៅ ដែលស្តែងចេញពីកម្លាំងសទ្ធា និងសាមគ្គីភាពរបស់​ពុទ្ធបរិស័ទ។ ជំនឿលើផលអានិសង្សដ៏ក្រៃលែងដូចមានចារ​ក្នុងសាស្ត្រាស្លឹករឹតបុរាណ ពុំត្រឹមតែជាគ្រឿងលើកទឹកចិត្តឱ្យសាសនិកសាងអំពើល្អ និងទំនុក​ប​ម្រុង​ព្រះសង្ឃក្នុងរដូវវស្សាប៉ុណ្ណោះទេ តែបានឆ្លុះបញ្ចាំងពីទស្សនវិជ្ជាខ្មែរយ៉ាង​ស៊ីជម្រៅ ដែលលើកតម្កើង “ទៀន” ជានិមិត្តរូបនៃពន្លឺ ទេព និងបញ្ញាញាណ ក្នុងការបំភ្លឺផ្លូវជីវិត និងការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិឱ្យស្ថិតស្ថេរចីរកាល៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,500SubscribersSubscribe
- Advertisement -spot_img