ស្ថិតនៅលើទឹកដីនៃឃុំកោះសូរទិន ស្រុកកោះសូរទិន ខេត្តកំពង់ចាម មានវត្តមួយឈ្មោះវត្តត្នោត (ឬវត្តពោធិរិទ្ធិ) គឺជាវត្តដែលមានព្រះវិហារចាស់ថ្មីពីរសាងឡើងទន្ទឹមគ្នា នៅតាមបណ្តោយដងទន្លេមេគង្គ។ បច្ចុប្បន្នព្រះវិហារចាស់ក្នុងវត្តនេះពុំបានប្រើប្រាស់ធ្វើកិច្ចប្រតិបត្តិគោរពបូជាដូចប្រមាណជាង២០ឆ្នាំមុនទៀតឡើយ ហើយគេសង្កេតឃើញថាព្រះវិហារនេះកំពុងស្ថិតក្នុងសភាពទ្រុឌទ្រោម ពុកបាក់បែក ស្មៅព្រៃដុះរុំស្រោប និងធ្លុះធ្លាយដំបូលដោយអន្លើ។ ប៉ុន្តែបើពិនិត្យលក្ខណៈសិល្បៈស្ថាបត្យកម្ម គ្រឿងលម្អលើសំណង់ គំនូរពុទ្ធប្រវត្តិ និងចំណារកត់ត្រាផ្សេងៗ នាំឱ្យគេយល់ថាព្រះវិហារចាស់ក្នុងវត្តត្នោតនេះសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី២០ ហើយកន្លងមកព្រះសង្ឃ និងអ្នកស្រុកតែងនាំគ្នាជួសជុលថែទាំជាហូរហែ ជាពិសេសបានជុសជុលច្រើននៅក្នុងសម័យសង្គមរាស្រ្តនិយម។ លុះដល់ឆ្នាំ២០០៨ វត្តត្នោតបានសាងព្រះវិហារធំថ្មីមួយទៀតសម្រាប់ប្រើប្រាស់គោរពបូជាជំនួសព្រះវិហារចាស់ ដែលតែងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនៃការបាក់ច្រាំងទន្លេ។
បើផ្អែកតាមការស្រាវជ្រាវរបស់ Danielle និង Dominique-Pierre Guéret យល់ឃើញថាព្រះវិហារចាស់នៅក្នុងវត្តត្នោតកសាងតាំងពីឆ្នាំ១៩៥០។ គិតមកដល់សព្វថ្ងៃព្រះវិហារនេះ ជាសំណង់បេតិកភណ្ឌដ៏មានតម្លៃ ហើយបានឆ្លុះបញ្ចាំងពីសិល្បៈស្ថាបត្យកម្មអំឡុងចុងសម័យអាណាព្យាបាលបារាំង ដែលជាការចាប់ផ្តើមរួមបញ្ចូលគ្នារវាងទម្រង់សិល្បៈប្រពៃណីខ្មែរ និងឥទ្ធិពលសម្ភារៈសំណង់ថ្មីៗ។ នៅលើបរិវេណខឿនទី២ គេឃើញមានចេតិយបុរាណជាទម្រង់ចេតិយលាត សាងឡើងនៅតាមជ្រុងទាំង៤ ចម្លាក់តោ១គូ ខាងមុខព្រះវិហារ និងមានខ្លោងទ្វារតាមទិសទាំង៤។ ចំណែកនៅតាមបង្កាន់ដៃជណ្តើរឡើងផ្នែកខាងមុខ មានឆ្លាក់លម្អជារូបក្បាលដំរី និងភេឬស្ការ(?) ដ៏រស់រវើកគួរឱ្យចាប់អារម្មណ៍។ សូមបញ្ជាក់ថា នៅលើខឿនថ្នាក់ទី១ ខាងក្រោយព្រះវិហារ អមជណ្តើរផ្នែកខាងឆ្វេងមានចារ “ពុទ្ធសករាជ២៥០៤” ហើយផ្នែកខាងស្តាំជណ្តើរចារ “គ្រិស្តសករាជ១៩៦១”។ កាលបរិច្ឆេទនេះ ទំនងបញ្ជាក់ពីការសាងបញ្ចប់ខឿនព្រះវិហារ ក្រោយសាងព្រះវិហារឡើងរយៈពេល១០ឆ្នាំ។
ព្រះវិហារចាស់វត្តត្នោត ជាសំណង់រចនាបថព្រះវិហារបុរាណ ដែលមានលក្ខណៈពិសេសលេចធ្លោលើផ្នែកសិល្បៈតុបតែងលម្អ។ សំណង់នេះប្រើប្រាស់សសរឈើនៅផ្នែកខាងក្នុងមានចំនួន២៨ដើម ហើយនៅលើផ្ទៃសសរមួយចំនួនមានពាសម្រ័ក្សណ៍ និងបិទមាសសន្លឹក ដែលជាសិល្បៈដ៏វិសេសពេញនិយមក្នុងសំណង់ព្រះពុទ្ធសាសនា។ បើផ្អែកតាមការសិក្សាអំពីសំណង់នៅតាមវត្ត ព្រះវិហារនេះគេចាត់ថ្នាក់ទៅជាទម្រង់ជហ្វាបួន ឬហៅទូទៅថាព្រះវិហារបុរាណ។ ព្រះវិហារនេះប្រក់ក្បឿងស្រកាលេញ ហើយគ្រឿងលម្អស្ថាបត្យកម្មផ្នែកដំបូលរួមមាន ជហ្វា និងនាគចែងខ្លះបានបាក់បែកធ្លាក់ខូចដោយអន្លើ។ ខាងមុខមានទ្វារចូលមួយយ៉ាងធំ ខាងក្រោយមានទ្វារពីរ ហើយចំហៀងនីមួយៗមានទ្វារម្ខាងបួន ដែលនេះអាចរាប់ថាជាលក្ខណៈពិសេសនៃព្រះវិហារវត្តត្នោត ពោលគឺពុំមានបង្អួចដូចបណ្តាព្រះវិហារដទៃឡើយ។ តាមទ្វារទាំងអស់លម្អដោយក្បាច់ក្បាំង និងស៊ុមទ្វារពណ៌ទឹកប្រាក់យ៉ាងរស់រវើក។ សន្លឹកទ្វារនីមួយៗជាបន្ទះក្តារលាត គ្មានក្បាច់លម្អ គ្មានលាបពណ៌ ហើយសន្លឹកទ្វារខ្លះបានពុកផុយបាក់ជ្រុះទាំងស្រុង។ ចំណែកឯសសរបាំងសាចជុំវិញព្រះវិហារ ដែលទល់ទ្រពិតានបេតុងខាងលើ គឺជាសសរបេតុងលាតរាងបួនជ្រុង លម្អដោយកិន្នរទ្រចុងពិតាននៅក្បាលសសរ ដែលទំនងសាងបន្ថែមក្នុងពេលណាមួយ។ សូមបញ្ជាក់ថា ពិតានបេតុងនៃព្រះវិហារនេះមានតែត្រង់បាំងសាចជុំវិញព្រះវិហារប៉ុណ្ណោះ ពិតានខាងក្នុងព្រះវិហារផ្នែកខាងលើល្វែងគ្រឹះ គឺជាពិតានឈើ។ ចំពោះហោជាងទាំងពីរលើព្រះវិហារនេះ ប្រហែលជាសាងថ្មីជំនួសហោជាងចាស់ក្នុងសម័យណាមួយ។ ហោជាងទាំងពីរចនាលម្អដោយក្បាច់អង្គរ ជាប្រភេទសិល្បៈចម្លាក់ពុម្ពស៊ីម៉ងត៍។ ហោជាងមុខឆ្លាក់រូបទេពមួយអង្គគង់លើបាល្ល័ង្កត្រង់ផ្ទៃកណ្តាល ដោយលើព្រះហស្តទាំងពីរមានកាន់គម្ពីរ(?) ខាងស្តាំមានចំណារ“អរហំ” ហើយខាងឆ្វេងមានចំណារ “ន មោ ពុ ទ្ធា យ”។ បើសម្រាយសេចក្តីនៃពាក្យបាលីទាំង នេះ “អរហំ” មានន័យថា “ព្រះមានព្រះភាគ ជាបុគ្គលដែលគួរដល់ការគោរពបូជា”។ “ន មោ ពុ ទ្ធា យ” មានសេចក្តីថា “នមស្ការថ្វាយបង្គំនៃខ្ញុំ ចូរមានដល់ព្រះដ៏មានព្រះភាគ(ព្រះពុទ្ធ)។ ហោជាងខាងក្រោយ ពុំមានចម្លាក់អ្វីកត់សម្គាល់ឡើយ ពោលគឺមានតែការរចនាក្បាច់អង្គរពេញ
ហោជាងតែម្តង។ គួរកត់ចំណាំថាសិល្បៈចម្លាក់លើហោជាងទាំងពីពុំមានលាបពណ៌លម្អអ្វីឡើយ ពោលគឺជាពណ៌ស៊ីម៉ងត៍ទាំងអស់។ ខាងក្នុងព្រះវិហារមានក្រាលការ៉ូបុរាណ ហើយគេសង់ឡើងដោយចែកជា៣ល្វែង គឺល្វែងគ្រឹះនៅកណ្តាល អមដោយរបៀងសងខាង ព្រមទាំងមានសសរឈើមូលធំៗចំនួន២៨ដើម (សសរ២ជួរអមល្វែងគ្រឹះ និង២ជួរនៅតាមជញ្ជាំង)។ សសរខ្លះគេសង្កេតឃើញមានសេសសល់ស្លាកស្នាមលាបម្រ័ក្សណ៍ និងបិទមាស។ ប៉ុន្តែសព្វថ្ងៃសសរមួយចំនួនធំក្នុងចំណោមសសរទាំងនោះ បានប្រះរហែក ហើយសសរខ្លះទៀតត្រូវកណ្តៀរស៊ីពុកដាច់ជើងសសរទាំងស្រុង។ ក្នុងចំណោមសសរខាងក្នុងព្រះវិហារ គេឃើញមានសសរ២ដើម ចារឈ្មោះ ឯកឧត្តម តាវ សេងហួរ ជាសមាជិករាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងគ្រួសារ ជាម្ចាស់សទ្ធាសាងសសរ។ ក្រៅពីនោះគឺជាឈ្មោះអ្នកស្រុកជិតឆ្ងាយដែលចេញប្រាក់សាងសសរនីមួយៗ។
ដោយឡែក ចំពោះព្រះជីវ៍តម្កល់ក្នុងព្រះវិហារវត្តត្នោត គឺស្ថិតនៅខាងចុងនៃល្វែងគ្រឹះ។ ព្រះបដិមាតម្កល់លើបាល្ល័ង្កខ្ពស់ ដែលមានខឿនបាល្ល័ង្ក២ថ្នាក់។ ផ្អែកតាមការសិក្សាកាយវិការព្រះពុទ្ធបដិមា គេសម្គាល់ថា ជាកាយវិការព្រះពុទ្ធផ្ចាញ់មារ ទ្រង់ដាក់ព្រហស្តស្តាំដោយម្រាមទាំងប្រាំសណ្តូកស្របគ្នា ហើយលាតទៅប៉ះដី យកព្រះធរណីជាសាក្សី។ ចំណែកគំនូរខាងក្នុងព្រះវិហារមានពីរផ្នែក គឺគំនូរលើជញ្ជាំងនិងគំនូរលើពិតាន។ គំនូរនៅលើជញ្ជាំងរៀបរាប់សាច់រឿងក្នុងពុទ្ធប្រត្តិ ដោយនៅតាមជ្រុងជញ្ជាំងទាំង៤គេគូរជា២ជួរលើក្រោម។ គំនូរចាប់ផ្តើមពីព្រះអង្គទ្រង់ចាប់បដិសន្ធិ (សុបិននិម្មិត) រហូតទ្រង់បរិនិព្វាន និងចែកព្រះសារីរិកធាតុ។ លក្ខណៈពិសេសនៃគំនូរនេះ គឺមានចំណុចខ្លះបានបញ្ចូលនូវទិដ្ឋភាព និងសម្លៀកបំពាក់សង្គមខ្មែរមួយចំនួនដូចជា វត្តមានមន្រ្តីរាជការ និងកងទ័ព ត្រង់អន្លើព្រះអង្គបរិនិព្វាន សម្តែងឫទ្ធិ និងពិធីអភិសេកជាដើម។ ទន្ទឹមនេះ បើមើលលើទិដ្ឋភាពផ្សេងៗទៀត ព្រមទាំងពិនិត្យលើក្បាច់លម្អលើសសរ និងធ្នឹមព្រះវិហារ រួមទាំងតម្លៃជាវគំនូរតាមផ្ទាំងនីមួយៗផង គេយល់ថាគំនូរទាំងនេះប្រហែលគូរឡើង(ឬគូរឡើងវិញ?)ក្នុងទសវត្សរ៍ទី៩០។ ប៉ុន្តែយ៉ាងណាក្តីគេពុំឃើញមានចំណារឈ្មោះជាងគំនូរ ឬកាលបរិច្ឆេទគូរគំនូរទាំងនោះឡើយ។ ចំណែកឯគំនូរលើពិតានឈើខាងលើល្វែងគ្រឹះ មានតែរូបព្រះអាទិត្យ ព្រះចន្រ្ទ និងព្រះពុទ្ធ៥ព្រះអង្គ។ ប៉ុន្តែផ្នែកខាងលើសន្ធិយាព្រះជីវ៍ មានគំនូរមួយផ្ទាំងទៀតគូរអំពីព្រះពុទ្ធមង្គល ដែលពុំសូវប្រទះនៅតាមបណ្តាព្រះវិហារផ្សេង។
សរុបមកព្រះវិហារចាស់នៅក្នុងវត្តត្នោត គឺជាសំណង់បេតិកភណ្ឌដ៏មានតម្លៃ និងជាសក្ខីភាពនៃសិល្បៈស្ថាបត្យកម្មចុងសម័យអាណាព្យាបាលបារាំង។ ព្រះវិហារជហ្វាបួននេះមានលក្ខណៈពិសេសលេចធ្លោខុសប្លែកពីព្រះវិហារដទៃ មានទ្វារជុំវិញ (គ្មានបង្អួច)មានគ្រឿងលម្អយ៉ាងរស់រវើក និងសសរឈើមូលធំៗ ដែលមានស្លាកស្នាមពាសម្រ័ក្សណ៍បិទមាសសន្លឹក និងគំនូរពុទ្ធប្រវត្តិនាំមកនូវទិដ្ឋភាពឆ្លុះបញ្ចាំងពីសម្លៀកបំពាក់ និងសង្គមខ្មែរនាសម័យកាលនោះ។ ទោះជាយ៉ាងណា គ្រឿងបង្គុំសំខាន់ៗនៃព្រះវិហារនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ និងជ្រោមជ្រែងជួសជុលអភិរក្សជាបន្ទាន់។ ប្រសិនបើពុំមានវិធានការសង្គ្រោះទាន់ពេលវេលានោះទេ បេតិកភណ្ឌសិល្បៈដ៏កម្រ និងមានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ នឹងត្រូវវិនាសបាត់បង់ជារៀងរហូតពីទឹកដីនៃដងទន្លេមេគង្គ។















អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





