ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកនគរវត្តលេខ១២ K.៣០២

សិលាចារឹកនគរវត្តលេខ១២ K.៣០២

បណ្ដុំសិលាចារឹកសម័យកណ្ដាលនៅប្រាសាទអង្គរវត្ត ត្រូវអ្នកស្រាវជ្រាវបារាំង​ហៅ​ថាជាសិលាចារឹកសម័យទំនើបនៅប្រាសាទអង្គរវត្ត (Inscriptions Mdernes d’Angkor សរសេរកាត់ជា IMA) ។ ឯមហាពិទូរ​ ឈឹម ក្រសេម ហៅថា សិលាចារឹកនគរវត្ត។ នៅទីនេះ យើងលើកយកនូវសិលាចារឹកមួយផ្ទាំង គឺសិលាចារឹកនគរវត្តលេខ១២ (IMA 12, K.302) ដែលចារនៅលើ​សសរប្រាសាទអង្គរវត្ត ត្រង់រួតព្រះពាន់។

សិលាចារឹកនេះបានចុះផ្សាយក្នុងសៀវភៅ សិលាចារឹកនគរវត្ត ដែលជាស្នាដៃ​របស់​មហាពិទូរ ឈឹម ក្រសេម ត្រង់ទំព័រ៣១-៣២ និងលោកស្រីបណ្ឌិត ពៅ សាវរស ចុះផ្សាយក្នុងព្រឹត្តិបត្រសាលាបារាំងចុងបូព៌ាប្រទេស (BEFEO)។ ខ្លឹមសារនៃសិលាចារឹកនេះ​គឺចារឹកអំពីក្រុមអ្នកធ្វើដំណើរធម្មយាត្រាទៅធ្វើបុណ្យនៅឯអង្គរវត្ត នាសតវត្សរ៍ទី១៧ ដោយឆ្លងកាត់ខ្យល់ព្យុះយ៉ាងលំបាកក្នុងទន្លេសាប​ ទម្រាំនឹងអាចបានជុំគ្នាធ្វើបុណ្យ។ ក្រោយពេលមកដល់ «មហានគរ» (តំបន់អង្គរ) និងបានជួបជុំកូនចៅញាតកាគ្រប់ហើយ អ្នកទាំងនោះចិត្តសទ្ធាជ្រះថ្លា បានរៀបចំពិធីបុណ្យដ៏ធំមួយនៅ «ព្រះពាន់» ។ ពួកគេបានកសាង ព្រះពុទ្ធរូបមាស ២អង្គ ប្រាក់ ៣អង្គ ថ្វាយទង់ធម្មធជ ២ និងបាន បំបួសកូនប្រុស ២នាក់។ ក្នុងពិធីនោះ មានការនិមន្តព្រះសង្ឃ ជាពិសេសគឺ «ព្រះធម្មខិតមហាសង្ឃរាជ» ឱ្យសម្តែងធម៌ទេសនាធំៗ (អភិធម្មកណ្ឌ៣ និងមហាជាតក៍២) រួមជាមួយការថ្វាយគ្រឿងបូជាជាច្រើនដូចជា គ្រឿងបាយស្លា កម្រាលអាសនា ប្រាក់សមាទាន ភ្ញីកង្ហារ ភ្ញីកណ្ដុរ និងមានការអុជកាំជ្រួចយ៉ាងឱឡារិក។

តាមរយៈអត្ថបទនេះ ក៏អាចឲ្យយើងឃើញអំពីសំណេរនិងរចនាសម្ព័ន្ធឃ្លាខ្មែរនាសម័យកណ្ដាលផង។ បន្ថែមពីនេះ សិលាចារឹកនគរវត្តលេខ១២ ក៏បានបង្ហាញឲ្យយើង​ដឹង​អំពីស្ថាននាមនានា ដូចជា «ទន្លេសាប» «កម្ពុជ» និង «បន្ទាយព្រេច» (ប្រហែលជា បន្ទាយពេជ្រ» ត្រូវនឹងវាំងឧដុង្គ)។

អត្ថបទដើមសរសេរជាអក្សរខ្មែរទំនើប

            ១-         សព្ភម្មស្តុសំម្រត្តីតីរេក១៥៥០ សក្ខរោងអ្នក្សត្រ

            ២-        ខែហបុស៦រោជថ្ងេយសោវពារសារនាជំនុមច្ចោ

            ៣-        វពោវនា័មាននូច្ចោវព្រំហ្មនា័បុសនូច្ចោវសុក្ខនា័ទេ

            ៤-        ព្ភឥស្សទំងអំប្បាលនេះមោក​អំម្វិយបណ្ទាយព្រេជ្ជ

            ៥-        ឆ្លងទនលេហសាប្បខ្យូហខ្យលកកេប្បកកាប្បអាភ

            ៦-        ព្លាពទេព្វរូច្ចមោកយោលកូណចោវផោវញ៌ាញាត្តីកា

            ៧-        នោវនាមហានគរនេះ​គ្រោពហេយទេព្វច្ចោវពោវនា័មាន

            ៨-        នូច្ចោវព្រំហ្មនា័បុសនូវច្ចោវសុក្ខនា័ទេព្ភនូច្ចោវនន្ទច្ចោវឪ

            ៩-        ច្ចោវគាមមេកែវមេស្រីយមេចិនជីហសោមឥស្សអ្នកទំងអំប្បា

            ១០-      លនេះមានចិត្តសារទ្ធាថ្វេហព្រះពុទ្ធរុប្បមាស្សអង្គ២ប្រាកអ

            ១១-      ង្គ៣ទងធាម្មធ្វជ្ជ២ប្បួស្សកូណ២អ្នកហេយទេព្វច្ចោវពោវ

            ១២-      ឱយអារាទណានិមនព្រះអារិយ្យសឃ័ទ្រងចិត្តុបរសុទ្ធសិលកិ

            ១៣-     រិយ្យាបុត្តសូតទិព្ភមុនព្រះបូរិត្តនោនាព្រះពណកំពូជ្ជបូរាណមា្ន

            ១៤-      អ្នកព្រះធ៌ម្មខិត្តិមហាសំឃ្រា័រាជបូពិតព្រះអង្គឯងសំតែងធ៌

            ១៥-      ទេស្សាន្នាព្រះអម្វិធម្មកាន៣មហាជាតិ២អានិស័ទងនិស័ព្រះ

            ១៦-      ចម្លងប្វននិស័ផ្នូស្សហេយមា្នគ្រើងបាយគ្រើងស្លាហក្មំរាលអា

            ១៧-      ស្សនានិងប្រាកស្មាទានជាលិង៨មា្នទំងកាមច្រូចមា្នផ្ញីហក័ហ្រារមា្ន

            ១៨-      ផ្ញីហកន្តូរផ្ញីហស្វាយផ្ញីហទំងបណ្ទាយព្រះពិស្សស្នូលោកកំពូជ្ជ

            ១៩-      បូរាណរូងរ្រេងរាក្ស្មីសព្វទីស្សសមូទ្ទាយហេយទេព្វសូរេច

         ២០-     ចប្បធ៌ទេស្សនានាថ្ងេយអាទិត្យបរបូរហោង​​​

សេចក្ដីសម្រួលជាអក្ខរាវិរុទ្ធបច្ចុប្បន្ន

១-       សុភមស្ដុសំរិទ្ធីតិរេក ១៥៥០ស័ក រោងនក្សត្រ

           ២-       ខែបុស្ស ៦រោច​ ថ្ងៃសៅរ៍ សារណាជំនុំចៅ

           ៣-      ពៅ នាងមាន នូវចៅព្រហ្ម នាងបុស នូវចៅសុខ នាងទេ

           ៤-       ព អស់(អ្នក)ទាំងអម្បាលនេះ មកអំពីបន្ទាយព្រេច

           ៥-       ឆ្លងទន្លេសាប ព្យុះខ្យល់កកេបកកាបអាប

           ៦-       ឡាបទើបរួចមោកយល់កូនចៅផៅញារញាតកា

           ៧-      នៅនាមហានគរនេះ​គ្រប់ហើយទើបចៅ​ពៅ នាងមាន

           ៨-      នូវចៅព្រហ្ម នាងបុស នូវចៅសុខ នាងទេព នូវចៅនន្ទ ចៅឪ

           ៩-       ចៅគាម មេកែវ មេស្រី មេចិន ជីសោម អស់អ្នកទាំងអម្បាល

           ១០-     នេះមានចិត្តសទ្ធា​ធ្វើព្រះពុទ្ធរូបមាស២អង្គ ប្រាក់

           ១១-     ៣អង្គ ទង់ធម្មធជ២ បំបួសកូន២នាក់ហើយ ទើបចៅពៅ

           ១២-    ឲ្យអារទនានិមន្ត​ព្រះអរិយសង្ឃទ្រង់ចតុប្បារិសុទ្ធសីល

           ១៣-    ឥរិយាបថសូត្រ​ទិព្វមន្ត​ព្រះបរិត្តនៅនាព្រះពាន់កម្ពុជបុរាណមាន

           ១៤-    អ្នកព្រះធម្មខិតមហាសង្ឃរាជបពិត្រព្រះអង្គឯងសម្ដែងធម៌

           ១៥-    ទេសនា​ព្រះអភិធម្មកណ្ឌ៣ មហាជាតក៍២ អានិសង្សទង់ អានិសង្សព្រះ

           ១៦-    ចម្លងបួន អានិសង្សផ្នួស ហើយមានគ្រឿងបាយ គ្រឿងស្លា កម្រាលអា

១៧-    សនា និងប្រាក់សមាទានជា៨លឹង មានទាំងកាំជ្រួច មានភ្ញី​កង្ហារ មាន​

           ១៨-    ភ្ញីកណ្ដុរ ភ្ញីស្វាយ ភ្ញីទាំងបន្ទាយ​ព្រះពិស្ណុលោក​កម្ពុជ       

១៩-    បុរាណរុងរឿងរស្មីសព្វទិសសមុទាយហើយទើបស្រេច

២០-    ចប់ធម៌ទេសនានាថ្ងៃអាទិត្យ​បរិបូរណ៍ហោង។

សេចក្ដីសង្កេតផ្នែកអក្ខរាវិរុទ្ធ

ដ្បិតតែមិនគោរពតាមជាតិសព្ទទាំងស្រុង ក៏សំណេរភាគច្រើនបន្តនិរន្តរភាពពីសម័យអង្គរ និងសរសេរផ្អែកលើសូរដែលមានភាពបត់បែនខ្ពស់។ ខាងក្រោមនេះជាសេចក្ដីសង្កេតខ្លះៗ៖

ប្រើ «័» ជំនួសដាក់នៅលើព្យញ្ជនៈឬព្យាង្គ ជំនួសឲ្យអក្សរ «ង»។

ឧ. នា័ = នាង, សឃ័…។

– មិនមានរស្សសញ្ញា។

ឧ. ប្រាក = ប្រាក់, គ្រោព = គ្រប់។

– ប្រើ េី = ឿ។

ឧ. គ្រើង = គ្រឿង។

– មិនគោរពតាមជាតិសព្ទបាលីសំស្ក្រឹត។

ឧ. អម្វិធម្ម = អភិធម្ម

    សោវពារ (< សៅរវារ) = សៅរ៍ពារ

    ទេស្សាន្នា = ទេសនា។

– ប្រើព្យញ្ជនៈ «ហ» ខាងចុង។

ឧ. ថ្វេហ = ធ្វើ, ផ្ញីហ = ភ្ញី…។

– ស្រៈ «ុ» និង «ូ» ប្រើជាមួយអក្សរ «រ» មានរូបរាងដូចជើងរ «្រ»។

សេចក្ដីសង្កេតស្ថាននាម

           ក- ទន្លេសាប

ផ្អែកតាមទិន្នន័យនិរុត្តិសាស្ត្រ និងកំណត់ត្រាប្រវត្តិសាស្ត្រ វាក្យសព្ទដើមដែលប្រជាជនខ្មែរប្រើប្រាស់សម្រាប់សម្គាល់តំបន់ដីសើមដ៏ធំនៅកណ្ដាលប្រទេសកម្ពុជា គឺពាក្យ «ទន្លេសាប» តែមួយគត់។ ផ្អែកតាមតឹងតាងលាយលក្ខណ៍អក្សរយ៉ាងរឹងមាំ ដែលគាំទ្រលើអំណះ​អំណាងនេះ ដែលមានចំណាស់ដែលរកឃើញ គឺយ៉ាងហោចណាស់នៅក្នុងសិលាចារឹកសម័យកណ្ដាលនៅអង្គរវត្ត (នាសតវត្សទី១៧) ដូចជាសិលាចារឹកនគរវត្តលេខ១២នេះ ដែលបានចារឹកបញ្ជាក់យ៉ាងច្បាស់លាស់នូវការប្រើប្រាស់នាមសព្ទនេះ ដោយពុំមាន «បឹង» នៅខាងមុខឡើយ។ ឯកសារប្រវត្តិសាស្ត្រដទៃៗទៀតក្នុងសម័យកាលបន្តបន្ទាប់ ក៏បានរក្សាការប្រើប្រាស់ទម្រង់ដើមនេះផងដែរ។

តាមន័យនិងការវិវត្តនៃភាសា ពាក្យ «ទន្លេ» ក្នុងបរិបទខ្មែរបុរាណ មានអត្ថន័យស្មើនឹងពាក្យ «សមុទ្រ»។ ក្នុងផ្នត់គំនិតខ្មែរ ពាក្យ «ទន្លេសាប» មានន័យចំថា «សមុទ្រទឹកសាប»។ ការដាក់ឈ្មោះនេះ គឺផ្អែកទៅលើការសង្កេតផ្ទាល់នៃលក្ខណៈភូមិសាស្ត្រ និងទំហំផ្ទៃទឹកដែលមានវិសាលភាពធំធេងល្វឹងល្វើយ ប្រៀបបានទៅនឹងមហាសាគរ។

ដំណើរវិវត្តនៃវាក្យសព្ទនេះបានជួបប្រទះនឹងបាតុភូតទំនាក់ទំនងភាសា នាសម័យអាណានិគមបារាំង។ តាមរយៈរដ្ឋបាលអាណានិគម ភូមិសាស្ត្រនេះត្រូវបានគេហៅជាភាសាបារាំងថា «Le Grand Lac» (បឹងដ៏ធំ) ឬ «Grands Lacs en Tonlé Sap» (បឹងធំៗនៅទន្លេ​សាប)។ ឥទ្ធិពលនៃភាសាបរទេស និងការធ្វើមូលដ្ឋានីយកម្ម (Localization) ក្រៅបរិបទ បានធ្វើឱ្យមានការប្រែសម្រួលទម្រង់បរទេសចូលមកក្នុងភាសាខ្មែរទំនើប ដែលបណ្ដាលឱ្យពលរដ្ឋខ្មែរជំនាន់ក្រោយចាប់ផ្ដើមប្រើប្រាស់ពាក្យ «បឹងទន្លេសាប»។ ទោះជាយោងតាមលក្ខណៈភូមិសាស្ត្រ ភូគព្ភសាស្ត្រ ទីតាំងនោះមានលក្ខណៈជា​ «បឹង» ក្ដី ក៏នៅក្នុងវប្បធម៌ខ្មែរយល់ថានោះគឺជា​ «ទន្លេ» ឬ «សមុទ្រ»។

ការលេចឡើងនូវពាក្យថ្មី «បឹងទន្លេសាប» នេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពទីទៃគ្នានៃផ្នត់គំនិតវប្បធម៌ និងការកំណត់ឈ្មោះភូមិសាស្ត្ររវាងខ្មែរនិងបារាំង។ គួរឲ្យកត់សម្គាល់ថា តាមរយៈការវិវត្តនេះ អ្នកប្រើប្រាស់ភាសាខ្មែរបានទោរទន់ទៅតាមការប្រែសម្រួលរបស់បារាំង ដោយយកពាក្យ «បឹង» (Lac) មកដាក់បន្ថែមនៅខាងដើម «ទន្លេសាប» ដោយកំណត់នូវបញ្ញត្តិថ្មីថា «បឹងទន្លេសាប» គឺជាបឹងទឹកសាបធម្មជាតិដែលធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ដែលព័ទ្ធជុំវិញដោយខេត្ត៥គឺ​ជាបឹងទឹកសាបធម្មជាតិដែលធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ឯ «ទន្លេសាប» វិញ គឺជាខ្សែទឹកឬដៃបឹងដែលភ្ជាប់គ្នាពីទន្លេមេគង្គទៅកាន់បឹងទន្លេសាប។

ខ- ឈ្មោះប្រទេសកម្ពុជា

ប្រទេសកម្ពុជា មានឈ្មោះពីបុរាណមកថា «កម្ពុជ» ឬ «កម្ពុជទេស» ដែលក្នុងអត្ថបទសិលាចារឹកនេះសរសេរជា «កំពូជ្ជ» ហាក់ដូចជាមានអំណានជា [កំ-ពុច]។ ត្រង់នេះ យើងអាចសង្កេតលើពាក្យកម្ចីពីសំស្ក្រឹតបាលី ដែលមានស្រៈខ្លី៣នៅខាងចុង គឺ អ ឥ និង ឧ ដែលមាន២ករណី គឺ ១- មិនអានស្រៈខ្លីនោះ និង​ ២- ប្ដូរស្រៈខ្លីនោះជាស្រៈវែង គឺ អ ជា អា, ឥ ជា ឦ និង ឧ ជា ឩ ( > ឩវ)។  ករណីនេះ ពុំបរិយាយអំពីអក្ខរាវិរុទ្ធសម័យបច្ចុប្បន្ននោះទេ។​សូមសង្កេតបញ្ជីពាក្យខាងក្រោម៖

សំស្ក្រឹតបាលីជាខ្មែរបែបទី១ជាខ្មែរបែបទី២អក្ខរាវិរុទ្ធបច្ចុប្បន្ន
អាសនអាសន៍ (អ.ថ. អាស)អាស្នាអាសនៈ
កុមារកុមារ (អ.ថ. កុម៉ា)កុមារាកុមារ/កុមារា
ឝាខ/សាខសាខាសាខា
បទុមបទុម (អ.ថ. ប៉ទុំ)បទុមាបទុម/បទុមា
ហេតុហេតុ (អ.ថ. ហែត)ហេតុ
សត្រុសត្រុ (សម័យបុរាណ)សត្រូ > សត្រូវសត្រូវ
ឫតុរដូ  > រដូវរដូវ
គុរុគុរុ (សម័យបុរាណ)គ្រូគ្រូ
ពោធិពោធិ៍ (អ.ថ. ពោ)ពោធីពោធិ៍
ប្រសិទ្ធិប្រសិទ្ធិ (អ.ថ. ប្រសិត)ប្រសិទ្ធីប្រសិទ្ធិ/ប្រសិទ្ធី
ឫទ្ធិឫទ្ធិ (អ.ថ. រឹត)ឫទ្ធីឫទ្ធិ/ឫទ្ធី
កីត៌ិកេរ្តិ៍កេរ្តិ៍

គ- បន្ទាយព្រេច ឬ បន្ទាយពេជ្រ

           នៅក្នុងសិលាចារឹកនេះ ក្រុមអ្នកធ្វើបុណ្យ គឺមានពីតំបន់ឈ្មោះ «បណ្ទាយព្រេជ្ជ» ដែលត្រូវនឹងពាក្យបច្ចុប្បន្នថា «បន្ទាយព្រេច» ដែលយើងពុំស្គាល់ប្រាកដថាត្រូវនឹងទីតាំងបច្ចុប្បន្នណានោះទេ។ យ៉ាងនេះក្ដី ប្រសិនបើនោះជាសំណេរមានបញ្ហា យើងអាចគិតដល់​ពាក្យមួយទៀតគឺ «បន្ទាយពេជ្រ» ដែលជាឈ្មោះនៃវាំងរាជធានីឧដុង្គ[4]

តារាងវាក្យសព្ទ

សម័យកណ្ដាលសម័យបច្ចុប្បន្នសម័យកណ្ដាលសម័យបច្ចុប្បន្ន
សព្ភម្មស្តុសុភមស្ដុសក្ខស័ក
រោងអ្នក្សត្ររោងនក្សត្រខែហបុសខែបុស្ស
ថ្ងេយថ្ងៃសោវពារសៅរ៍(ពារ < វារ)
ជំនុមជំនុំ ច្ចោវចៅ
នា័នាងសុក្ខសុខ
ទេព្ភទេពទេព្វទើប
អំប្បាលអម្បាលមោកមក
អំម្វិយអំពីព្រេជ្ជ​ព្រេច
ទនលេហសាប្បទន្លេសាបខ្យូហខ្យលព្យុះខ្យល់
កកេបកកាបកកេបកកាបសូរេចស្រេច
អាភព្លាពអាបឡាបយោលយល់​
រូច្ចរួចផោវផៅ
កូណកូនញាត្តីកាញាតកា
នោវនៅគ្រោពគ្រប់
ហេយហើយស្រីយស្រី
ជីហជីសារទ្ធាសទ្ធា
ថ្វេហធ្វើប្រាកប្រាក់
មាស្សមាសធាម្មធ្វជ្ជធម្មធជ/ធម្មធ្វជ
ប្បួសបំបួសអារិយ្យសឃ័អរិយសង្ឃ
អារាទណាអារទនាទ្រងទ្រង់
និមននិមន្តធ៌ទេស្សាន្នាធម៌ទេសនា
ចិត្តុបរសុទ្ធសិ​លចតុប្បារិសុទ្ធសីលកិរិយ្យាបុត្តឥរិយាបថ
សូតទិព្ភមុនសូត្រទិព្វមន្តបូរិត្តបរិត្ត
កំពូជ្ជបូរាណកម្ពុជបុរាណមា្នមាន
មហាសំឃ្រា័រាជមហាសង្ឃរាជបូពិតបពិត្រ
សំតែងសម្ដែងអម្វិធម្មកអភិធម្ម
អានិស័អានិសង្សផ្នូស្សផ្នួស
គ្រើងគ្រឿងកាមច្រូចកាំជ្រួច
ក្មំរាលអាស្សនាកម្រាលអាសនាផ្ញីហភ្ញី
ក័ហ្រារ កង្ហារកន្តូរ កណ្ដុរ
ព្រះពិស្សស្នូលោកព្រះពិស្ណុលោករូងរ្រេងរាក្ស្មីរុងរឿងរស្មី
ទីស្សទិសសមូទ្ទាយសមុទាយ
បរបូរបរិបូរណ៍ចប្បចប់

_______________

The corpus of Middle Khmer inscriptions at Angkor Wat temple is referred to by French researchers as the Modern Inscriptions of Angkor (Inscriptions Modernes d’Angkor, abbreviated as IMA). Meanwhile, Maha Bidur Chhim Krasem called them the Inscriptions of Nokor Wat. Here, we focus on a specific stela, namely Nokor Wat Inscription No. 12 (IMA 12, K.302), which is inscribed on a pillar of Angkor Wat temple within the Preah Poan gallery (Gallery of a Thousand Buddhas).

This inscription was published on pages 31–32 of the book Inscriptions of Nokor Wat, a work by Maha Bidur Chhim Krasem. It was also published by Dr. Saveros Pou in the Bulletin de l’École française d’Extrême-Orient (BEFEO). The inscription records a group of pilgrims travelling to perform merit-making at Angkor Wat in the 17th century, having navigated severe storms on the Tonle Sap before successfully gathering for the ceremony. After arriving at “Mahanokor” (the Angkor region) and reuniting with all their children and relatives, they, with profound faith, organised a grand merit-making ceremony at “Preah Poan.” They commissioned two gold Buddha statues and three silver ones, offered two Dhamma flags (Dhammadhaja), and ordained two of their sons. During the ceremony, monks were invited—most notably “Preah Dhammakhit Mahasangharaja”—to deliver major Dharma sermons (the 3 sections of the Abhidhamma and the 2 Great Jatakas). This was accompanied by numerous offerings, such as rice and foods, and betel sets, altar mats, donations​ or foundations for Samadana, and alongside the magnificent lighting of fireworks in celebration.

Through this text, we can also observe the orthography and syntactic structure of Middle Khmer. Furthermore, Nokor Wat Inscription No. 12 reveals various historical toponyms, such as “Tonle Sap”, “Kambuja”, and “Banteay Prech” (possibly Banteay Pich, corresponding to the Oudong Palace).

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,400SubscribersSubscribe
- Advertisement -spot_img