អំពីសង្រ្កាន្ត ឬមហាសង្រ្កាន្ត ឬបុណ្យចូលឆ្នាំខ្មែរ មានអត្ថបទចុះផ្សាយជារឿយៗនៅទីផ្សេងដោយអន្លើៗរួចមកហើយ។ ក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកសេចក្តីអធិប្បាយអំពីអានិសង្សមហាសង្រ្កាន្ត ដែលមានអត្ថន័យល្អិតល្អគួរស្វែងយល់ ហើយចារជាសាស្រ្តាទេសន៍ចំនួន២ច្បាប់ តែមានសេចក្តីខ្លឹមសារដូចគ្នា ពោលគឺនិយាយពីការសាងកុសលក្នុងឱកាសមហាសង្រ្កាន្តឆ្នាំថ្មី។ សាស្រ្តាមួយច្បាប់តម្កល់នៅបណ្ណាល័យជាតិ និងមួយច្បាប់ទៀតតម្កល់នៅបណ្ណាល័យសាស្រ្តាស្លឹករឹតវត្តឧណ្ណាលោម។ សាស្រ្តាតម្កល់នៅបណ្ណាល័យជាតិ ចុះលេខបញ្ជីសារពើភណ្ឌ F.E.M.C a138 III.6 រីឯសាស្រ្តាតម្កល់នៅបណ្ណាល័យសាស្រ្តាស្លឹករឹត ចុះលេខបញ្ជីសារពើភណ្ឌ no12 ក្នុងឆ្នាំ១៩៩២។ សាស្រ្តាអានិសង្សមហាសង្រ្កាន្តតម្កល់នៅបណ្ណាល័យជាតិ គឺជាសាស្រ្តាចម្លងតាមច្បាប់ដើមនៅវត្តកំពង់ភ្នំក្រៅ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ចម្លងដោយពុទ្ធសាសនបណ្ឌិត្យ ក្នុងឆ្នាំ១៩៤៥។ ចំណែកឯសាស្រ្តាតម្កល់នៅបណ្ណាល័យវត្តឧណ្ណាលោម មានប្រភពមកពីវត្តព្រែកឯង ស្ថិតក្នុងខេត្តកណ្តាល។ សាស្រ្តានេះចារដោយភិក្ខុនាម “ឧទ្ទថេរ ពោវ” ចារប្រគេនទៅលោកគ្រូបុទុមថេរជាម្ចាស់ទុកតព្រះសាសនា ពុំមានចុះកាលបរិច្ឆេទទេ។


សាស្រ្តាស្លឹករឹតអធិប្បាយអំពីអានិសង្សមហាសង្រ្កាន្ត
ជាការពិត “សង្រ្កាន្ត សង្រ្កាន្តឆ្នាំថ្មី មហាសង្រ្កាន្តឆ្នាំថ្មី ចូលឆ្នាំថ្មី ឬចូលឆ្នាំខ្មែរ” ជាពិធីបុណ្យប្រពៃណីជាតិយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ទទួលឥទ្ធិពលអារ្យធម៌នេះពីឥណ្ឌាតាំងពីបុរាណកាល។ ពាក្យ “សង្ក្រាន្ត” មានប្រភពពីពាក្យសំស្ក្រឹតថា សង្ក្រាន្ត (saṅkrānta) ឬ សង្រ្កាន្តិ (saṅkrānti) ដែលមានន័យថា ដំណើរឃ្លាតចាកទី ឬការឈានចូលដល់ ពោលគឺសំដៅដល់ដំណើរព្រះអាទិត្យចរចូលទីជួបមួយជុំនៃរាសីចក្រ។ សោតឯពាក្យ “សង្រ្កាន្ត” ឃើញមានចារឹកនៅក្នុងសិលាចារឹកខ្មែរបុរាណ យ៉ាងហោចតាំងពីដើមសតវត្សរ៍ទី១០នៃគ្រិស្តសករាជ។ ពីបុរាណមក លោកចែកសង្រ្កាន្តទៅតាមរាសីចក្រចំនួន១២ ហើយដែលមួយជុំនៃល្វែងរាសីទាំង១២ ពេញគ្រប់មួយឆ្នាំ។ ចំពោះ “មហាសង្រ្កាន្ត” ជាដំណើរចុងបំផុតនៃសង្រ្កាន្តទាំង១២ ហើយលោកកំណត់យកជាវេលាចូលឆ្នាំថ្មី ផ្លាស់ពី “មីនរាសី” ឡើងកាន់ “មេសរាសី” ពោលគឺដំណើរនៃការផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មី ឬហៅទូទៅថា “ចូលឆ្នាំថ្មី”។ ទន្ទឹមនឹងនេះបើតាមព្រះរាជពិធីទ្វាទសមាស មុននឹងដល់ថ្ងៃមហាសង្រ្កាន្ត នៅក្នុងព្រះបរមរាជវាំងតែងប្រារព្ធព្រះរាជពិធីត្រស្តិសង្រ្កាន្តនៅថ្ងៃ១២ ដល់១៥ រោច ខែផល្គុន ជាកិច្ចជូនដំណើរទេវតាឆ្នាំចាស់ចេញទៅ និងទទួលទេវតាឆ្នាំថ្មីចូលមកគ្រប់គ្រងព្រះនគរចាប់ពីថ្ងៃមហាសង្រ្កាន្តចូលដល់។
ដោយឡែក បើលើកសាស្រ្តាអានិសង្សមហាសង្រ្កាន្តទាំងពីរខាងលើមកអធិប្បាយ មានសេចក្តីសង្ខេបថា ក្នុងសម័យពុទ្ធកាលព្រះបាទបស្មិន្ទិកោសលបានទូលសួរព្រះសម្មាសម្ពុទ្ធនូវសេចក្តីថា “មហាសង្រ្កាន្តឆ្នាំថ្មីមកដល់យល់សេចក្តីពុំទៀង មានកាលឱ្យជាក្សេមក្សាន្តអស់មនុស្សម្នាប្រជារាស្រ្តផង មានកាលពុំឱ្យជាសុខជាទុក្ខក្តៅចិត្ត មានកាលឱ្យភ្លៀងល្អស្រូវអង្ករចំណីអាហារត្រកាល មានកាលក្តៅក្រហាយភ្លៀងពុំល្អស្រូវអង្ករក៏ថ្លៃ ទ្រព្យមានតម្លៃគ្រឿងប្រដាប់ ទ្រព្យបរិភោគនឹងរកពុំបាន តើដំណើរនោះដូចម្តេច?” ព្រះសម្មាសម្មុទ្ធទ្រង់ព្រះសន្តាប់បញ្ហាចោទសួររបស់ព្រះបាទបស្មិន្ទិកោសលហើយបានលើកហេតុជាប្រការថា ដំណើរវិបត្តិប្រែប្រួលដោយហេតុព្រះសុរិយាទេវបុត្រស្ថិតនៅមីនរាសី ចូលទៅកាន់បឋមរាសីផ្លូវគោវិថី។ បើ “ទ្រង់ឈរ” នោះមនុស្សលោកកើតអត់បាយច្រើន។ បើ “ទ្រង់កម្រើកជំរួលអាត្មា” នោះមនុស្សផងកើតទុក្ខអំពល់ ទ្រុស្តក្បត់ធ្វើជាចោរក៏សោតមានច្រើន។ បើ “ទ្រង់ចេញទៅផ្ទុំ” នោះអស់មនុស្សកើតនូវជំងឺតម្កាត់ ព្យាធិយារច្រើន។ បើ “ទ្រង់ចេញទៅគង់តម្រង់កាយជាសុខសប្បាយ” នោះអស់មនុស្សប្រុសស្រី មានព្រះមហាក្សត្រ ព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតកវី សឹងសុខក្សេមក្សាន្ត និរាសលែងទុក្ខភ័យ បាយចំណីស្រូវអង្ករល្ងសណ្តែកក៏ច្រើនពេកក្តាត់។ បើព្រះសុរិយាទេវបុត្រ “ជិះអស្សាជាព្រះទីនាំង” នោះនឹងកើតមានកលយុគ។ បើ “ទ្រង់ជិះរាជសីហ៍” នោះមនុស្សផងទាំងឡាយនឹងកើតក្តៅចិត្ត គិតពុំសូវស្លូតត្រង់នឹងរាជត្រកូលអម្បូរមហាក្សត្រាធិរាជ។ បើ “ទ្រង់ជិះលើដំរី” នោះនឹងមានប្រក្រតីជាសុខសប្បាយ ភ្លៀងល្អ ស្រូវអង្ករល្ងសណ្តែកកកើតងាយក្តាត់។ បើ “ទ្រង់ជិះលើព្រះអគ្គី” នោះនឹងមានភ្លើងឆេះផ្ទះ ឱ្យទៅជាកង្វល់អំពល់ព្រួយចិត្ត។ បើ “ទ្រង់ជិះលើខ្យល់” នោះឆ្នាំថ្មីនឹងមានខ្យល់ព្យុះចុះមកទិសទាំងពួង។ បើ “ទ្រង់គង់លើភិមានមណ្ឌល” នោះរាស្រ្តមហាជនទាំងឡាយនឹងត្រជាក់ចិត្ត អស់ទុក្ខភ័យ ជំងឺតម្កាត់ក៏សះជា អ្នកដ៏ជាធំ និងរាស្រ្តក៏មានចិត្តថ្លាសទ្ធា ចង់ធ្វើបុណ្យឱ្យទានក៏ច្រើន។សេចក្តីដែលព្រះសម្មាសម្ពុទ្ធ ឆ្លើយទៅព្រះបាទបស្មិន្ទកោសល អំពីព្រះសុរិយាទេវបុត្រដូចរៀបរាប់ខាងលើ បើមើលគំនូរតាមវត្តខ្លះ ឃើញវិចិត្រករគូររូបព្រះអាទិត្យគង់លើរាជរថទឹមគោ ទឹមតោ ទឹមរាជសីហ៍ ឬខ្លះទឹមសេះ ឬមានសាថីជាអ្នកបរផង។
ពាក់ព័ន្ធនឹងដំណើរនៃព្រះសុរិយាទេវបុត្រយាងចរចូលគោវិថី ក៏មានចែងនៅក្នុងសៀវភៅ “មហាសង្រ្កាន្ត” ផ្សាយជាប្រក្រតីប្រចាំឆ្នាំផងដែរ។ មហាសង្រ្កាន្តប្រចាំឆ្នាំនោះ តែងរៀបរាប់គណនាវេលាសង្រ្កាន្តឆ្នាំថ្មីចូលដល់ ព្រះនាមទេពធីតាដែលនឹងយាងមករក្សាលោក និងរណ្តាប់ផ្សេងៗត្រូវរៀបទទួលទេព្តាឆ្នាំថ្មីផង។ មិនតែប៉ុណ្ណោះ នៅក្នុងសៀវភៅមហាសង្រ្កាន្តនោះសោតមានចែងទំនាយប្រចាំឆ្នាំ ជាទំនៀមដែលខ្មែរជឿពាក់ព័ន្ធនឹងទឹកភ្លៀង អាកាសធាតុ ផលដំណាំ និងជំងឺតម្កាត់ផ្សេងៗ ហាក់ពុំខុសពីអាថ៌សេចក្តីព្រះសម្មាសម្ពុទ្ធ ឆ្លើយទៅនឹងបញ្ហាកម្មរបស់ព្រះបាទបស្មិន្ទិកោសលឡើយ។ ប៉ុន្តែសេចក្តីក្នុងសៀវភៅមហាសង្រ្កាន្តតាំងពីដើមមកដល់សព្វថ្ងៃ ពុំរៀបរាប់លក្ខណៈដំណើរព្រះសុរិយាទេវបុត្រក្នុងឥរិយាបទ ឬជិះលើអ្វីដូចសេចក្តីក្នុងអានិសង្សមហាសង្រ្កាន្តទេ តែរៀបរាប់ដំណើរទេពធីតាដែលយាងចុះមក ទាំងលក្ខណៈតុបតែងព្រះកាយទេពធីតាអង្គនោះ រណ្តាប់ដង្វាយជាក្រយាស្ងោយ កេតនភណ្ឌ និងសត្វជាជំនិះ ។ល។
សង្ខេបមក បើពិនិត្យម្តងទៀតក្នុងសេចក្តីនៃអានិសង្សមហាសង្រ្កាន្ត និងសេចក្តីជាទំនាយក្នុងសៀវភៅមហាសង្រ្កាន្ត គេឃើញមានចំណុចខ្លះគួរនឹងលើកមកពិចារណាដែរ ជាពិសេសពាក់ព័ន្ធនឹងជំនឿលើភ្លៀង ខ្យល់ ផលដំណាំ និងគ្រោះកាចផ្សេងៗប្រចាំឆ្នាំ។ ឧទាហរណ៍ជំនឿអំពីភ្លៀង ខ្មែរជឿលើសត្វដំរីថាជានិមិត្តរូបនៃភ្លៀង។ គំនិតនេះមាននិយាយក្នុងរឿងមហាវេស្សន្តរ ពេលនគរកលិង្គរាស្រ្តជួបគ្រោះរាំងស្ងួត ពួកព្រាហ្មណ៍លើកគ្នាទៅសុំដំរីមង្គលបច្ច័យនាគេន្រ្ទពីព្រះបាទស្រីវេស្សន្តរដែលគេយល់ថាជាដំរីមង្គលនាំឱ្យនគរក្សេមក្សាន្ត មានភ្លៀងធ្លាក់ល្អ ស្រូវអង្ករសណ្តែកល្ងមាសប្រាក់កែវកងកើតឡើងសម្បូរណ៍សប្បាយ។ ចំណែកឯការសាងកុសលបុណ្យឱ្យទាននៅថ្ងៃមហាសង្រ្កាន្តនោះ ព្រះសម្មាសម្ពុទ្ធសម្តែងថ្វាយព្រះបាទបស្មិន្ទិកោសលថាបានអានិសង្ស១សែន ហើយបើបានធ្វើបុណ្យរម្លឹកគុណម្តាយឪពុក គ្រូអាចារ្យ ចាស់ទុំ ទំនុកបម្រុងនូវបាយទឹក សំពត់អាវ មាសប្រាក់ ស្រោចស្រង់ទឹកអប់ជាដើម ឈ្មោះហៅថាតបព្រះគុណអ្នកដ៏មានគុណ។ ប្រហែលដោយហេតុជាប្រការនេះហើយ ទើបខ្មែរយើងតែងនាំគ្នាធ្វើបុណ្យឱ្យទាន ជូនម្ហូបចំណីសម្លៀកបំពាក់ប្រាក់កាស និងស្រង់ទឹកដល់អ្នកមានគុណនៅក្នុងរដូវចូលឆ្នាំថ្មីពុំដែលខាន៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត











