ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿអំពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

អំពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

បើយក “រឿងធម្មបាលកុមារ” ជាសំអាងហេតុប្រារព្ធបុណ្យចូលឆ្នាំ នោះខ្មែរទូទៅ ចាំ​សាច់រឿងថា នាដើម​ភទ្ទកប្បមានបុរសម្នាក់ឈ្មោះធម្មបាល ជាអ្នកមានប្រាជ្ញាឈ្លាសវៃ រហូតធ្វើឱ្យកបិលមហាព្រហ្មចុះមកភ្នាល់ប្រស្នា “៣ខ” ដោយដាក់លក្ខខណ្ឌថា អ្នកចាញ់ត្រូវ​កាត់ក្បាលបូជាអ្នកឈ្នះ។ ប្រស្នានោះចោទថា “តើសិរីរបស់មនុស្សនៅត្រង់ណាខ្លះ?” ធម្មបាលកុមារ​បានលបឮសត្វឥន្ទ្រីជជែកគ្នាអំពីចម្លើយថា “សិរីពេល​ព្រឹកនៅមុខ ថ្ងៃត្រង់នៅទ្រូង និងល្ងាច​នៅជើង”។ ដោយសារតែដឹងអាថ៌ប្រស្នានេះ ធម្មបាលកុមារក៏បានឈ្នះប្រស្នាកបិលមហាព្រហ្ម។ មុននឹងកាត់ព្រះសិរបូជាតាមសន្យា កបិលមហាព្រហ្មបង្គាប់​ឱ្យបុត្រីទាំង៧អង្គ យ​ក​ជើងពានទទួលព្រះសិរព្រះអង្គ ព្រោះបើធ្លាក់ដល់ដីនឹងឆេះលោកធាតុ បោះទៅលើមេឃនឹងរាំងភ្លៀង បោះក្នុងសមុទ្រនឹងរីងទឹកអស់។ ហេតុនេះទើប​បុត្រីទាំង៧ ផ្លាស់វេនដង្ហែព្រះសិរបិតារៀងរាល់ឆ្នាំ ដែលនាំឱ្យកើតមានជាប្រពៃណីទេវតាឆ្នាំថ្មីយាងមកបន្តវេនគ្នាថែរក្សាលោកធាតុតាមថ្ងៃសង្ក្រាន្តរហូតមកដល់សព្វថ្ងៃ។ ព្រេងនិទាននេះក៏ឃើញមានគូរបង្ហាញនៅតាមព្រះវិហារ​វត្ត​មួយចំនួនដែរ។

ដោយឡែក ពាក់ព័ន្ធអំពីបុណ្យ​ចុលឆ្នាំថ្មីប្រពៃណីខ្មែរដដែល បើមើលតាម​កំណត់​ហេតុ​ ជីវ តាក្វាន់ កត់ត្រាក្នុងចុងសតវត្សរ៍​ទី១៣ លោកបាន​អធិប្បាយ​ខ្លះ​ទុកជាមូលដ្ឋាន​ពិចារណាថា ខ្មែរ​តែង​​ប្រារព្វពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ក្នុង​​ខែ​ទី​១ ដែល​​ត្រូវ​នឹង​ខែទី​១០ នៃ​ប្រក្រតី​​ទិន​របស់​​ចិន។ កំណត់​ហេតុ​ឱ្យដឹង​បន្ថែម​ទៀតថា ខែទី១ ក្នុង​សម័យ​នោះ គឺ​ត្រូវ​នឹង​ខែកត្តិក។ ចំណេរ​ត​មក​ ការ​កំណត់​ពេល​ចូល​ឆ្នាំ​បាន​លើក​មក​ប្រារព្វ​ក្នុង​ខែចេត្រ​​ រហូត​មក​ដល់សព្វថ្ងៃ។ ប៉ុន្តែទោះ​ជា​ដូចម្តេច​ក្តី ក៏ប្រពៃណី​ចូល​ឆ្នាំ​ថ្មី​ក្នុង​សង្គមខ្មែរ​ យើង​សង្កេត​ឃើញ​មិនដែលប្រារព្ធធ្វើ​មិន​មុន​​​ថ្ងៃ៤កើត​ខែចេត្រ ហើយក៏​មិនដែល​ប្រារព្ធធ្វើ​​ក្រោយ​ថ្ងៃ៤កើត ខែ​ពិសាខដែរ។ ការ​​ត្រឡប់​មក​ប្រារព្ធចូលឆ្នាំថ្មី​នៅក្នុង​វេលាពាក់​កណ្តាល​ឆ្នាំបែបនេះ​ (ខែចេត្រ) មានសេចក្តីពន្យល់បកស្រាយថា ខែមិគ្គសិរជា​ខែ​ដើម​រដូវ​ធ្វើ​ស្រែចម្ការ ហើយ​ខែចេត្រ កិច្ច​ការ​ច្រូត​កាត់បោក​បែនបាន​ចប់សព្វគ្រប់ ហើយប្រជា​កសិករ​មាន​ពេល​ទំនេរ​ច្រើន មាន​​ឱកាស​ធ្វើ​បុណ្យ​ទាន​កម្សាន្តសប្បាយ​តាម​ប្រាថ្នា។ ទំនៀម​នេះក៏​ចេះតែ​ដក់​ជាប់​ជា​ប្រពៃណី​រហូត​មក​ដល់​សព្វ​ថ្ងៃ។

បច្ចុប្បន្នខ្មែរតែងតែប្រារព្ធពិធីបុណ្យ​​ចូលឆ្នាំនេះ មាន​រយៈ​​ពេល​៣ថ្ងៃ។ ​​ថ្ងៃទី​១ ហៅ​ថា “ថ្ងៃចូលឆ្នាំ” ថ្ងៃទី២ ហៅ​ថា “វារវ័នបត” ឬ​ថ្ងៃ​កណ្តាល និងថ្ងៃទី៣ ជា​ថ្ងៃហៅ​​ថា “ថ្ងៃឡើងស័ក” ឬ “វារឡើង​ស័ក” ដែល​ទាំង​៣​ថ្ងៃនេះ​​ហៅ​ថា​ “មហា​សង្រ្កាន្ត” ឬ “សង្រ្កាន្ត​ឆ្នាំ​ថ្មី” ឬហៅជាទូទៅថា “ចូលឆ្នាំថ្មី”។​ ក្នុងឱកាសនេះ​ គេ​សម្គាល់ឃើញ​តាម​ភូមិស្រុក​នីមួយៗ តែង​រៀបចំ​​ចាត់​ចែង​សម្អាត​​ផ្ទះ​សម្បែងឱ្យ​មាន​សិរី​សួស្តី ទទួល​ទេវតាឆ្នាំថ្មី។ តាម​វត្ត​អារាម និង​ស្ថាប័ន​នានាតែង​រៀបចំ​​បដារស្វាគមន៍ ជូន​ពរសាទរ​ឆ្នាំ​ថ្មីផងដែរ។ គេត្រូវ​​រៀបចំត្រៀម​​​គ្រឿង​សក្ការ​បូជា​​ថ្វាយ​ទេវតា​​ឆ្នាំ​​ថ្មីដូចជា បាយ​សី ស្លា​ធម៌ ធូប ទៀន ទឹកអប់ ផ្កា​ភ្ញី លាជ ទឹក​១​ផ្តិល និងភេសជ្ជៈ នំនែក ផ្លែ​ឈើ​គ្រប់​មុខឱ្យ​បាន​ត្រឹម​ត្រូវ​។ គ្រឿង​សក្ការៈ​និងដង្វាយបូជា​​ទាំងអស់នេះ តែងឃើញ​គេ​រៀបចំ​ដាក់​លើ​តុ​សម​គួរ​មួយ​តាម​ផ្ទះ​រៀងៗខ្លួន និងតាម​ក្រសួង​ ស្ថាប័ន​តូចធំនានា។ ​ចូលដល់​វេលា​កំណត់​​ទេវតាឆ្នាំថ្មី​យាង​មក​ដល់ គេ​នាំ​គ្នា​​អុជ​ទៀន ធូប​ នមស្ការ បួង​សួង​ សុំ​សេចក្តី​សុខ​ចម្រើន​គ្រប់​ប្រការ​ទៅ​តាម​ទំនៀម​។ ក្នុង​បំណងចូល​រួម​លើក​តម្លៃទំនៀម​ទម្លាប់​​ប្រពៃណីវប្បធម៌ និង​បង្កើន​ការ​ជួប​ជុំ​សប្បាយ​ក្នុងពិធី​ចូល​ឆ្នាំ​ថ្មី ឬសង្រ្កាន្តឆ្នាំ​ថ្មី ក្នុងប្រហែលជាង១០​ឆ្នាំ​ចុងក្រោយ​នេះប្រជាជន​​ខ្មែរ​ស្ទើរទូទាំង​ប្រទេស​បាន​រៀបចំ​ព្រឹត្តិការណ៍​សង្រ្កាន្ត​ឆ្នាំ​ថ្មីតាម​បណ្តាខេត្ត​នីមួយៗ​ ដែល​មាន​គំរូ​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត សម្តែង​ឱ្យ​ឃើញ​ទេពធីតា​ជាបុត្រី​កបិល​មហាព្រហ្ម​យាង​ចុះមកជាក់ស្តែងក្នុងទម្រង់ជាសិល្បៈផង។ ការរៀបចំ​ព្រឹត្តិការណ៍​ទាំងនេះ ជា​ចំណែក​ដ៏​ធំ​បង្ហាញ​ឱ្យ​ឃើ​ញ​ពីទិដ្ឋភាព​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ទូទាំង​ប្រទេស​ ហើយ​ថែ​ម​ទាំង​​បង្ហាញពីការ​រៀបចំ​លេង​ល្បែង​កម្សាន្ត​នានា និង​សិល្បៈផ្សេងៗ​ជា​ច្រើន​ទម្រង់​ឱ្យ​យុវជន​​ជំនាន់​ក្រោយ​និង​ភ្ញៀវទេសចរណ៍​ជាតិ-អន្តរជាតិ​ជិត​ឆ្ងាយ​បានស្គាល់​ និង​​កម្សាន្ត​សប្បាយ​​ជាមួយប្រជាជន​កម្ពុជា​។

រីឯកិច្ចប្រតិបត្តិទាំង​៣ថ្ងៃនៃពិធីបុណ្យ​ចូល​ឆ្នាំ​ គេ​តែង​យក​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ តាម​វត្ត​អារាម និង​ពូន​ភ្នំខ្សាច់​តាម​ប្រពៃណី។ ទន្ទឹម​នឹង​នោះ តាម​បណ្តា​គ្រួសារ​ខ្លះ​តែង​ជួប​​ជុំ​គ្នា និមន្ត​ព្រះ​សង្ឃ​​ធ្វើ​​កិច្ច​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បុព្វ​ការី ដែល​បាន​ចែក​ឋាន​ទៅតាម​ទី​អារាម ឬតាម​ចេតិយគ្រួសារ​នីមួយៗ។ យ៉ាង​ណាក្តីក្នុងថ្ងៃនីមួយៗ បន្ទាប់​ពី​​បំពេញ​កុសល​រួចរាល់ គេ​តែង​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​យ៉ាង​សប្បាយ​រីក​រាយ​ដូចជា បោះ​ឈូង ទាញ​​ព្រ័ត្រ​ លាក់​កន្សែង ចាប់​កូន​មាន់ ឡើង​សសរ បោះ​អង្គញ់ សម្តែង​គុន​ល្បុក្កតោ និង​​រាំ​លេង​កម្សាន្ត​ជាដើម​។ ល្បែង​ប្រជាប្រិយ​ទាំងអស់នេះខ្លះ​ហាក់​ដូច​ជា​ល្បែង​កីឡា ខ្លះជា​ល្បែង​បង្កប់​ដោយខ្លឹម​សារ​​ក្នុង​បរិបទ​ជំនឿ​។

ក្រៅពីលេងកម្សាន្តល្បែងប្រជាប្រិយផ្សេងៗដូចរៀបរាប់ត្រួសៗខាងលើ ក្នុងឱកាសចូលឆ្នាំថ្មី​​ សង្គមខ្មែរ​តែង​​​ចាត់ទុកការ “រាំត្រុដិ” គឺជាល្បែងរបាំ​​​​លេង​ក្នុង​ន័យ​​​ផ្តាច់​ឆ្នាំ​ចាស់​ចូល​​ឆ្នាំ​ថ្មី និងបណ្តេញឧបទ្រពចង្រៃ។ ​បើតាម​ចំណាំ អ្នក​រាំត្រុដិ​គឺជា​ក្រុម​​មនុស្ស​ស្រី​​ប្រុស​​តែង​ខ្លួន​ជា​ ព្រាន ព្រាយ យក្ស ទន្សោង និងប្រើស​ជាដើម ហើយ​អ្នក​ស្រាវជ្រាវ​យល់ថា​របាំនេះមាន​ដើម​កំណើត​​ក្នុង​ខេត្ត​ភាគខាងជើង ហើយ​ល្បែងនេះជាប់ស្អិតទៅនឹងកិច្ចពិធី គឺ មិនមែនគ្រាន់តែលេងជាការសប្បាយពេល៣ថ្ងៃនោះទេ ដ្បិតការកាត់​ផ្តាច់សុទ្ធសឹងមានគំនិតក្នុងនោះថា ទាត់ចោល ឬកំទេចអ្វីមួយចាស់ ហើយទៅចាប់យក​អ្វីមួយដែលថ្មី។ បច្ចុប្បន្ន រាំ​ត្រុដិ​ហាក់​ក្លាយ​ជា​ទម្រង់​សិល្បៈ​ទស្សនីយ​ភាពដ៏​មាន​ប្រជាប្រិយ​ ដែល​គេសង្កេត​ឃើញ​នៅតាម​បណ្តា​ក្រសួង ស្ថាប័ន ​និង​ក្រុមហ៊ុន​​នានា​ តែង​រៀបចំ​ទទួ​ល​​ក្រុម​​ត្រុដិ​​មក​សម្តែង​ជារឿយៗ។ លុះឆ្លង​ចូល​ដល់​ថ្ងៃបញ្ចប់ពិធីបុណ្យ​ចូលឆ្នាំ គេច្រើន​​​និមន្ត​ព្រះសង្ឃ​ផ្សឹក​ភ្នំខ្សាច់តាម​ទីអារាម និង​​រៀប​ចំ​​ជូន​សម្លៀក​​បំពាក់ នំ​ចំណី ប្រាក់​​កាស​ដល់​ឪពុក​​ម្តាយ ជី​ដូន​ជីតានៅ​តាម​ផ្ទះ​។ ក្នុង​វេលានោះ ពុទ្ធបរិស័ទក៏​​តែង​​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក ​ស្រង់ព្រះពុទ្ធរូប(ស្រង់ព្រះ) និង​​ងូតជូនឪពុកម្តាយ​ ឬ​ចាស់​ទុំ​ក្នុងភូមិ​ដោយ​ទឹក​អប់ផ្កាក្រអូបផង។

សរុបមក បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺជាទំនៀមដែលចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រ និងជំនឿតាមរយៈរឿងព្រេង “ធម្មបាលកុមារ និងកបិលមហាព្រហ្ម” ដែលជានិមិត្តរូបនៃការផ្លាស់ប្តូរទេវតាឆ្នាំថ្មីមកថែរក្សាឱ្យ​បាន​សេចក្តីសុខសប្បាយ។ ទន្ទឹមនេះពិធី​បុណ្យ​ចូលឆ្នាំ​បានបង្ហាញ​ពីការផ្សារភ្ជាប់​ការគោរពប្រតិបត្តិសាសនា និងជំនឿតាម​រយៈការរៀបចំសក្ការបូជាទទួលទេវតា ការយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ការពូនភ្នំខ្សាច់ និងការងូតទឹកជូនឪពុកម្តាយ ឬចាស់ទុំ ដើម្បីសុំសេចក្តីសុខ។ ទន្ទឹមនឹង​នោះដែរ​បុណ្យ​ចូលឆ្នាំថ្មី បាន​បង្ករឱកាស​ដល់យុវជន​លេងល្បែងប្រជាប្រិយគ្រប់ទម្រង់ និងការរាំរបាំត្រុដិ ដែលមានអត្ថន័យក្នុងការបណ្តេញឧបទ្រពចង្រៃឆ្នាំចាស់។ ជារួមបុណ្យចូលឆ្នាំថ្មីមិនត្រឹមតែជាការផ្លាស់ប្តូរសករាជប៉ុណ្ណោះទេ តែគឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ការដឹងគុណ និងការថែរក្សាមត៌កវប្បធម៌ដ៏សម្បូរបែបរបស់ជាតិឱ្យនៅគង់វង្ស។

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,200SubscribersSubscribe
- Advertisement -spot_img