ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿព្រះវិហារចាស់បាក់បែកក្នុងវត្តរកាអារ

ព្រះវិហារចាស់បាក់បែកក្នុងវត្តរកាអារ

នៅតាម​ដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា គេឃើញ​មាន​វត្ត​អារាម​ព្រះពុទ្ធសាសនា​​ជាច្រើន​បាន​កសាងឡើងប្រកប​​ដោយ​ក្បាច់រចនា និងការតុបតែង​យ៉ាងល្អវិចិត្រ​​ សម្បូរបែប​ទៅ​​​តាម​​តំបន់ និងសម័យ​​និយម។ ក្នុងបណ្តា​វត្ត​ដ៏ច្រើន​នោះ វត្តរកាអារក៏បាន​សាងឡើង​​ប្របដងទន្លេមេគង្គដែរ ស្ថិត​នៅ​ត្រើយ​ខាងលិច ក្នុងភូមិសាស្រ្ត​ភូមិ​រកាអារ​ ឃុំរកាអារ ស្រុកកងមាស ខេត្ត​កំពង់ចាម។ ​វត្តនេះមាន​ព្រះវិហារ​ចាស់​បាក់​បែក​មួយ​ដែលធ្លុះធ្លាយ​ដំបូល ប្រេះជញ្ជាំង បាក់ខឿន ស្រុតគ្រឹះ និងរលុបគំនូរជាដើម។ ​ចាប់ពីអំឡុងឆ្នាំ​២០១៩មកដល់បច្ចុប្បន្ន ព្រះសង្ឃ​និង​ពុទ្ធបរិស័យ​ចំណុះ​ជើង​វត្តរកាអារ​ បាន​​​កសាង​ព្រះវិហារ​ថ្មី​មួយទៀត​នៅ​ជាប់នឹង​ខឿនព្រះវិហារចាស់។ ប៉ុន្តែ​ទោះយ៉ាង​ណាក្តីតាមរយៈ​សំណេរ​កត់ត្រា​ខ្លះៗលើ​ជញ្ជាំងព្រះវិហារ និង​ស្លាក​​​ស្នាម​​​សិល្បៈ​ស្ថាបត្យកម្ម ព្រមទាំងគំនូរ​ក្នុង​ព្រះវិហារក្នុង​ព្រះវិហារចាស់​ គេអាច​ស្រមៃ​ទិដ្ឋភាពសង្គមព្រះពុទ្ធសាសនា និង​ការ​ជ្រោម​ជ្រែង​វត្ត​អារាម​នៃ​​​សម័យកសាងព្រះវិហារ​នេះបាន​មួយអន្លើ។

ព្រះវិហារ​ចាស់ក្នុងវត្តរកាអារ គឺជាទម្រង់សំណង់ព្រះវិហារ​ជហ្វា​៤ ដែល​ធ្លាប់​​បាន​ជួសជុល​កែលម្អរចនាសម្ព័ន្ធ​ខ្លះកន្លងមក។​ បច្ចុប្បន្នព្រះវិហារ​នេះមានដំបូល​ប្រក់​ក្បឿង​ស្រកាលេញ ជាដំបូលកិងមានជម្រាលថ្នាក់ៗសងខាង។ នៅលើចុង​ព្រំដំបូលខាងមុខមាន​​បំពាក់​ជហ្វា​​២ និងជហ្វា​២ទៀត​នៅចុង​​ព្រំដំបូលខាងក្រោយ ដែល​ជា​ចំណុច​សម្គាល់​​​ហៅ​ព្រះវិហារ​ជហ្វា​៤។ ចំណែកនៅ​​ចុងចែង​ដំបូល​នីមួយៗ​មាន​លម្អដោ​យ​​នាគដងក្តារ​ (ឬ​នាគ​សន្លឹក) ជា​ប្រភេទ​សិល្បៈ​ចម្លាក់​ពុម្ព​ស៊ីម៉ងត៍។ រីឯនៅផ្នែក​បាំងសាចនៃព្រះវិហារ​មាន​សសរ​បេតុង​មូល​ចំនួន​២០ដើម ដែល​នៅតាម​ក្បាល​សសរ​នីមួយ​ៗ​លម្អ​ដោយ​ចម្លាក់​គ្រុឌ និង​កិន្នរ​តាម​សិល្បៈ​ចម្លាក់ពុម្ពស៊ីម៉ងត៍ដែរ។ ចំពោះហោជាងទាំងពីរនៃព្រះ​​វិហារ​នេះ ជាសិល្បៈ​យ៉ាងសាមញ្ញឆ្លាក់ក្បាច់រចនាពីកំបោរ​បាយអ ដែលខាងមុខ​មាន​រូប​ទេព​ប្រណម និងខាងក្រោយមាន​រូបទៀនមួយដើមតម្កល់​លើ​គម្ពីរត្រង់​​​​កណ្តាល​សន្លឹកក្បាច់ (រូប​លេខ​៣-៥)។ សូម​រំលឹកដែរថាបើយោងតាមចំណារលើជញ្ជាំងខាងក្រោយព្រះវិហារបញ្ជាក់ថា​ ​សសរបាំង​សាច​ និង​ពិតានលើ​បាំងសាច ព្រមទាំងគំនូរលើ​ពិតាននេះ​សាងឡើង​ក្នុងឆ្នាំ​១៩៩២។ គំនូរលើពិតានបាំងសាចនេះ គូរ​សាច់រឿងចម្រុះ​ដូចជា​ រឿង​ព្រះមហាល័យ ព្រះឥន្រ្ទគូរទន្សាយក្នុងវង់ព្រះចន្រ្ទ និង​សូម្បីពិធីដង្ហែកេសា​កបិលមហាព្រហ្មប្រទក្សិណតាម​ព្រេងនិទាន​ទាក់ទង​នឹងចូលឆ្នាំថ្មីក៏មាន​គូរបង្ហាញដែរ។ ប៉ុន្តែ​បើ​ផ្អែក​​​តាម​ចំណារ​លើ​ជញ្ជាំង​ខាងលើ ក៏នាំ​ឲ្យកាត់យល់បាន​ថា ​​ដើមឡើយ​សសរ​ទាំង​អស់នៅ ខាង​​ក្រៅ​ជញ្ជាំង​ព្រះវិហារគឺ​​ជា​សសរ​​ឈើ ហើយ​លើ​បាំងសាចពុំទាន់មាន​ពិតាន​ឡើយ។

ចំពោះរចនាសម្ព័ន្ធសំណង់​ផ្នែកខាងក្នុងព្រះវិហារចាស់បាក់បែកសព្វថ្ងៃនេះ​ គឺមាន​​​សសរ​ឈើ​ចំនួន​៤ជួរ និង​មាន​បល្ល័ង្ក​ព្រះ​ជីវ៍​​​ខ្ពស់មួយ​សាង​ខាងចុងល្វែង ដែល​តាម​ចំណារ​បល្ល័ង្កនេះទិបក្បាច់​ឡើងវិញ​ក្នុងឆ្នាំ​១៩៩២។ ព្រះជីវ៍​សាងឡើងក្នុងកាយវិការ​ភូមិស្បស៌ (យកព្រះ​ធរណីជាសាក្សី) ដោយមាន​ព្រះ​ហស្ត​ស្តាំដាក់លើព្រះបាទ​ចង្អុល​ចុះទៅផែនដី។ សោតឯខាងក្រោយ​​បល្ល័ង្ក​មាន​ឆ្លាក់​រូប​នាង​គង្ហីង​ព្រះធរណី​ច្បូត​សក់ ដែល​ស្តែង​ឲ្យឃើញ​ថា​ព្រះបដិមា​ព្រះជីវ៍គង់លើ​បល្ល័ង្ករ័ត្ន ​ដូចការនិយម​ក្នុង​សិល្បៈ​អ្នកស្រុកកាន់ពុទ្ធសាសនា​នៅអាស៊ី​ទូទៅដែរ​។ ប៉ុន្តែ​អ្វីដែលគួរ​ឲ្យសង្កេត​បន្ថែម គឺនៅលើខឿនបល្ល័ង្ក​ឃើញ​​មាន​ព្រះ​បដិមា​តូចធំ​បាក់បែក​មួយចំនួន​តម្កល់នៅខាងមុខ​ព្រះបដិមាព្រះជីវ៍ ដែល​ខ្លះជា​បដិមាបុរាណផង។

ចំពោះគំនូរខាងក្នុងព្រះវិហារ គេមើលឃើញមានពីរផ្នែកគឺគំនូរពុទ្ធប្រវត្តិមួយ​ផ្នែក គូរជួរ​ខាងលើ និងគំនូររឿង​ជាតកមួយផ្នែកគូរជួរ​ខាងក្រោមនៃ​ជញ្ជាំង​​ជុំវិញ​។ គំនូរទាំងនោះ​រចនាឡើងដោយវិចិត្រករ​ចំនួ​ន​៦​រូប ដែល​ចារឹកឈ្មោះ ដួង សារឿន, ចាប យី, ខេង ស៊ីម, ឌុក ញ៉េប, នៅ គឿន, និង ស៊ិម ប៊ុន។ គំនូរ​ពុទ្ធប្រវត្តិ​ចាប់ផ្តើមត្រង់​ព្រះពោធិសត្វ​ទ្រង់​ប្រសូត្រ​ក្រោម​ដើម​សាល​ព្រឹក្ស​ គូរនៅលើ​ជញ្ជាំង​ខាង​ឆ្វេង រួចបន្តសាច់រឿង​តាមលំដាប់​ព័ទ្ធទៅ​ខាងក្រោយព្រះជីវ៍​គូរត្រង់​ព្រះអង្គផ្ចាញ់មារ រហូត​មក​បញ្ចប់​នូវត្រង់​ព្រះអង្គយាង​ចូល​និព្វាន​ គូរមួយផ្ទាំង​ធំលើ​ជញ្ជាំង​ខាងមុខ និងចែកសិរីរិកធាតុ។ ចំណែក​​ឯ​រឿង​ជាតកចាប់ផ្តើម​ពីរឿង​តេមិយ រហូតដល់​រឿងមហាវេស្សន្តរ ជា​ជាតិចុងក្រោយនៃការសន្សំបារមីកាលព្រះសម្មាសមុទ្ធក្នុងជាតិជាព្រះពោធិសត្វ។ លើ​គំនូរ​ពុទ្ធ​ប្រវត្តិ និងគំនូរ​ជាតកទាំងអស់ ​ក្រៅពី​បង្ហាញ​ខ្លឹមសារ​តាម​សាច់រឿង គេមើលឃើញ​តម្លៃ​ ជាវ​គំនូរនោះហាក់​បង្ហាញទិដ្ឋភាពសង្គមសេដ្ឋកិច្ចមួយ​ក្នុង​សម័យ​សង្គមរាស្រ្ត​និយម​ ដ្បិត​គំនូរ​រឿង​ជាតកមួយផ្ទាំងតម្លៃចាប់ពីជាង៥០០០៛ រហូតដល់គំនូរ​រឿងពុទ្ធប្រវត្តិ​មួយផ្ទាំង​តម្លៃ​​ក្បែរ​២០០០០៛​​។ ឯអ្នកកើតសទ្ធាសាងគំនូរសោត ខ្លះបរិច្ចាគ​ប្រាក់ចាប់ពី១០០៛ផង។

ដោយឡែក បើសាកល្បងពិនិត្យចំណារផ្សេងៗទៀតនៅលើជញ្ជាំងព្រះវិហារនេះ ជាពិសេសគឺការកត់ត្រា​នាម​ពុទ្ធបរិស័ទ ដែលកើត​សទ្ធា​ជ្រះថ្លា​ចំណាយ​ប្រាក់ និងធន​ធាន​​សាងព្រះវិហារ​ខាងលើ គេមើលឃើញមាន​ទាំងពុទ្ធបរិស័ទតាមវេនចំណុះជើងវត្ត ពុទ្ធ​បរិស័ទ​​ក្រៅប្រទេសផង និងសូម្បីតែកងកម្លាំងរបស់អង្គការសហប្រជាជាតិក៏បាន​ចូលជាចំណែក​កសាង​ជួសជុលព្រះវិហារ​នេះផងដែរ។ ទន្ទឹមនឹង​នោះ គេឃើញ​មាន​ប្រាក់​ និងសម្ភារៈ​ (ដែក ស៊ីម៉ង់ត៍ ខ្សាច់…)មួយ​ចំនួន​ទៀត ​បាន​ពីការ​ចូលរួមជ្រោមជ្រែងមកវត្ត និង​បានពីការ​រៃអង្គាស​ទីជិតឆ្ងាយ​ដូចជា វត្តមៀន(អូររាំងឪ), ទួលគោក, ដេអិន, ផ្សារថ្មី(ភ្នំពេញ), ស្រែអំបិល(កោះកុង), អន្លង់គគីរ, វត្ត​វិហារសំណរ, វត្ត​ព្រែកបង្កង, វត្តខ្ពបលើ (ខេត្តកណ្តាល?), វត្តខ្ទ័រ (ព្រែកលាប), វត្តទូរី, វត្ត​ស្វាយស្រណោះ (កំពង់ចាម) ។ល។

សរុបមក ព្រះវិហារចាស់ក្នុងវត្តរកាអារ គឺជាមរតកស្ថាបត្យកម្មពុទ្ធសាសនា ដែលឆ្លុះបញ្ចាំងពីតម្លៃសិល្បៈ កិច្ចខិតខំប្រឹងប្រែងថែរក្សា និងជំនឿសាសនារបស់ពុទ្ធបរិស័ទហើយ​បាន​ឆ្លងកាត់ច្រើនសម័យកាល(ជាពិសេសក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងការជួសជុល​ឡើងវិញក្នុងឆ្នាំ១៩៩២)។ ទោះបីបច្ចុប្បន្នសំណង់នេះមានសភាពទ្រុឌទ្រោមខ្លាំង រហូតមានការសាងសង់ព្រះវិហារថ្មីជំនួសក្តី ប៉ុន្តែស្លាកស្នាមគំនូរ និងចំណារលើជញ្ជាំង នៅតែជាភស្តុតាងប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបង្ហាញពីស្ថានភាពសង្គម សេដ្ឋកិច្ច និងសទ្ធាជ្រះថ្លារួមគ្នារបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស កសាងព្រះវិហារ​មួយឡើង​សម្រាប់​គោរពប្រតិបត្តិ។

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,200SubscribersSubscribe
- Advertisement -spot_img