កិច្ចពិធីពាក់ព័ន្ធជាមួយជំនឿជីវចលនៅតំបន់ប្រាសាទសំបូរព្រៃគុក មានច្រើនបែបច្រើនយ៉ាងណាស់។ រីឯ កិច្ចពិធីធំៗចំនួន៣ដែលគេស្គាល់ គឺ “ឡើងអ្នកតា”, “លៀងអារក្ស” និង “ច្រត់ព្រះនង្គ័ល។ ប៉ុន្តែ នៅមានកិច្ចមួយទៀតដែលគេមិនសូវស្គាល់ទូលំទូលាយ ហើយក៏មិនមានប្រារព្ធច្រើនកន្លែងនោះដែរ ពោល គឺ “កិច្ចលៀងចេញវស្សា”។ ទោះបីជា “បុណ្យចេញ និងចូលវស្សា” គេស្គាល់ជាទូទៅថា ជាពិធីបុណ្យនៅក្នុងព្រះពុទ្ធសាសនា ដែលមានរយៈពេលចំនួនបីខែក្តី (ចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ) មនុស្សនៅតំបន់ប្រាសាទសំបូរព្រៃគុកបានភ្ជាប់ពិធីបុណ្យនេះជាមួយជំនឿជីវចល។ តើ “កិច្ចលៀងចេញវស្សា” មានរណ្តាប់ ដំណើរការនៃកិច្ច និងគោលបំណងបែបណាខ្លះ?
កិច្ចនេះ មានប្រារព្ធធ្វើនៅភូមិសំបូរ (ខាងកើតតំបន់ប្រាសាទសំបូរព្រៃគុក) ដែលជាភូមិបុរាណមួយសម្បូណ៌ទៅដោយអ្នកស្នងរូប (គេច្រើនហៅថា “រូប” ឬ “រូបស្នង” ឬ “គ្រូអារក្ស”) ពោល យ៉ាងហោចណាស់ក៏បច្ចុប្បន្ននេះមានចំនួន ១៧ នាក់ដែរ។ ប៉ុន្តែ រូបស្នងដែលប្រារព្ធកិច្ចលៀងចេញវស្សានេះ មានតែម្នាក់ប៉ុណ្ណោះ ដែលលោកមានឈ្មោះថា “លូន”។ កិច្ចលៀងចេញវស្សា ឬហៅខ្លីថា “លៀង” ច្រើនប្រារព្ធនៅមុន ឬក្រោយចេញវស្សា អាស្រ័យទៅតាមគ្រូអារក្សជាអ្នកកំណត់ តែភាគច្រើនគេរើសយកក្រោយចេញវស្សា។ ពាក្យ “លៀង” ជាពាក្យកម្ចីមកពីភាសាសៀម ដែលប្រែជាខ្មែរថា “ជួបជុំផឹកស៊ី” ឧទាហរណ៍ “ស៊ីលៀង” ឬ “ជប់លៀង” ជាដើម។ ជួនកាល ពាក្យនេះ ប្រើក្នុងន័យសំអាត ឬជម្រះមន្ទិល ដែលមានន័យដូចគ្នានឹងពាក្យ “បង្កក់” ដែរ ពោល គឺឱ្យស្អាតរាល់មន្ទិល ឬកង្វល់ផ្សេងៗ។ កិច្ចនេះ ធ្វើឡើងក្នុងគោលបំណងទទួលគ្រូអារក្សបន្ទាប់ពីចាំវស្សាអស់រយៈកាលបីខែ ដើម្បីឱ្យគ្រូអារក្សមកបន្តថែរក្សាសិស្សគណរបស់ខ្លួន។
គ្រឿងរណ្តាប់
កិច្ចលៀងចេញវស្សា គឺពុំស្មុគស្មាញដូចកិច្ចលៀងអារក្សនោះទេ ពោល គឺបន្ទាប់ពីកំណត់ពេលបានហើយ ចៅមឿងបានជូនដំណឹងដល់សិស្សគណ ស្នំគ្រូអារក្ស និងរូបស្នងដទៃទៀតមកចូលរួម។ លុះដល់ថ្ងៃកំណត់ យើងឃើញស្នំនៃគ្រូអារក្ស និងកូនចៅរូបស្នងបានប្រមូលផ្តុំគ្នារៀបចំគ្រឿងរណ្តាប់មួយចំនួន ដូចជា អង្ករជ័យ រណ្តាប់សម្រាប់ខ្មោច ជម ស្លាធម៌ និងបាយសីគ្រូសណ្តោះជាដើម។
ដំណើរនៃកិច្ចពិធី
ក្រោយពីស្រស់ស្រូបអាហារថ្ងៃត្រង់រួច រូបស្នង ស្នំ និងសិស្សគណបានមកជួបជុំនៅលើផ្ទះប្រារព្ធពិធី។ ប្រសិនបើប្រៀបធៀបនឹងលៀងអារក្សវិញឃើញថា កិច្ចពិធីទាំងអស់ធ្វើនៅក្នុងរោងដាច់ដោយឡែកពីផ្ទះ ហើយធ្វើនៅពេលយប់។ ពិធីនេះ ចាប់ផ្តើមនៅពេលថ្ងៃត្រង់ ដោយរូបស្នងម្ចាស់រោងអង្គុយកាន់តោក ហើយស្មិងស្មាធិ៍មួយសន្ទុះ រួចសង្គ្រប់ទៅលើតោកដែលយើងអាច សន្មតបានថា គ្រូអារក្សបានមកសណ្ឋិតនៅក្នុងខ្លួនរូបស្នងហើយ។ តោក ជារណ្តាប់មួយដ៏សំខាន់ ដែលរូបស្នងពុំអាចខ្វះបានក្នុងការផ្ទេររូបគ្រូអារក្សមកសណ្ឋិតក្នុងខ្លួនរូបស្នង។ ក្នុងករណីដែលពុំមានតោក អ្នកស្រុកប្រើផ្តិលជំនួសវិញ តែគេនៅតែហៅថា “តោក” ដដែល។ នៅក្នុងតោកនោះ មានធូប ទៀន អំបោះ ពែងតូច ដន្លាប់ ក្រមួន កូនសៀងដាក់អង្ករ និងលុយ។ បន្ទាប់ពីគ្រូអារក្សសណ្ឋិតក្នុងខ្លួនរូបស្នងហើយ រូបឡើងរាំកម្សាន្ត និងស្តោះផ្លុំជូនដល់សិស្សគណរបស់ខ្លួនដូចពិធីលៀងអារក្សដែរ តែពុំយូរដូចពិធីលៀងអារក្សនោះឡើយ ពោល គឺធ្វើតែមួយល្ងាចប៉ុណ្ណោះ ហើយកិច្ចនេះក៏បញ្ចប់ត្រឹមប៉ុណ្ណឹងដែរ (រូបលេខ៦-៧)។ នៅថ្ងៃបន្ទាប់ពីកិច្ចលៀងចេញវស្សា ម្ចាស់ផ្ទះបានរៀបចំកិច្ចមួយទៀតហៅថា “ត្រាស់គ្រូ” ហើយសិស្សគណដែលនៅក្បែរនោះ នាំគ្នាទៅផ្ទះគ្រូរបស់ខ្លួនដើម្បីធ្វើកិច្ចនេះ។ នៅក្នុងកិច្ចត្រាស់គ្រូ មានការបញ្ជាន់រូបដូចគ្នា ដើម្បីរៀបរាប់ដំណើរនៃកិច្ចពិធីប្រាប់គ្រូ និងសុំគ្រូអនុគ្រោះរាល់កំហុសឆ្គងទាំងឡាយដែលមាន។
ជារួមមក ពិធីនេះមានលក្ខណៈពិសេសដាច់ដោយឡែកពីកិច្ចជំនឿជីវចលផ្សេងៗទៀត ពោល គឺប្រារព្ធបន្ទាប់ចេញវស្សា ដែលសបញ្ជាក់ឱ្យឃើញអំពីទំនាក់ទំនងរវាងជំនឿជីវចលជាមួយជំនឿព្រះពុទ្ធសាសនា ដូចដែលគេឃើញមានជាច្រើនរូបភាពនៅក្នុងពិធីបែបជីវចលជាច្រើនកន្លែង។ រីឯរណ្តាប់និងដំណើរការនៃកិច្ចមិនសូវខុសគ្នាពីកិច្ចលៀងអារក្សប៉ុន្មានឡើយ គ្រាន់តែខុសត្រង់ថាគេប្រារព្ធឡើងដើម្បីទទួលគ្រូអារក្សបន្ទាប់ពីចាំវស្សាអស់រយៈកាលបីខែ និងសុំឱ្យគ្រូអារក្សមកបន្តថែរក្សាសិស្សគណរបស់ខ្លួន។







————-
This article examines “Leang Chenh Vassa”, a unique ritual practiced in Sambor Village near the Sambor Prei Kuk site. This ceremony blends the Buddhist rains retreat tradition with local animistic beliefs. Its primary purpose is to welcome back the “Kru Arak” (guardian spirits) after their three-month retreat to ensure the continued protection of their disciples. The ritual involves spirit possession of a medium (Roup Snong) using a ritual tray (Tok), followed by spiritual healing and a forgiveness rite. This practice highlights the harmonious integration of Buddhism and animism in Cambodian cultural life.
អត្ថបទដោយ៖ ស្រី សមប៊ុនណារ៉ុង





