ព្រះសណ្មុខ

ព្រះស្កន្ទដែលគេស្គាល់ជាទូទៅថាជាបុត្ររបស់ព្រះសិវ និងជាទេពនៃសង្រ្គាមឬជាមេបញ្ជាការនៅស្ថានសួគ៌ គឺមានព្រះនាមសរុបចំនួន១០៨ ហើយក្នុងនោះព្រះនាមសំខាន់ៗដែលគេស្គាល់មានដូចជា ស្កន្ទ កាត៌្តិកេយ កុមារ សណ្មុខ មុរុគន សុព្រមណ្យ គុហ មហាសេន សក្តិធរ ។ល។ ព្រះនាមនីមួយៗរបស់ព្រះស្កន្ទ មិនមែនគ្រាន់តែជាពាក្យសម្រាប់ហៅជួសគ្នានោះទេ ប៉ុន្តែ គឺសុទ្ធសឹងតែមានសាច់រឿង ឬតំណាងឱ្យចរិតលក្ខណៈជាក់លាក់មួយរបស់ទ្រង់នៅក្នុងទេវកថា។ ជាក់ស្តែង ព្រះនាម “ស្កន្ទ” ពាក់ព័ន្ធជាមួយកំណើត (ថាមពល), កាត៌្តិកេយ ពាក់ព័ន្ធការចិញ្ចឹមបីបាច់ (សេចក្តីស្រឡាញ់), មហាសេន ពាក់ព័ន្ធជាមួយតួនាទីជាមេទ័ព រីឯសណ្មុខ គឺពាក់ព័ន្ធជាមួយរូបរាងដ៏អស្ចារ្យ និងយុទ្ធសាស្រ្តក្នុងការធ្វើសង្រ្គាម។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីរឿងរ៉ាវទេវកថា និងចម្លាក់ព្រះសណ្មុខនៅក្នុងសិល្បៈខ្មែរនាសម័យអង្គរ។

តាមរយៈគម្ពីរស្កន្ទបុរាណ ត្រង់មាហេស្វរខណ្ឌ ផ្នែកទី១ បានរៀបរាប់ថា មានយក្សកំណាចម្នាក់ឈ្មោះ តារកាសុរ បានធ្វើតបយ៉ាងខ្លាំងក្លារហូតដល់ព្រះព្រហ្មយាងមកប្រទានពរ។ យក្សនេះបានសុំពរថា “សូមកុំឱ្យមាននរណាម្នាក់ស្លាប់ខ្លួនបាន លើកលែងតែបុត្រារបស់ព្រះសិវតែម្នាក់គត់”។ មូលហេតុដែលយក្សសុំបែបនេះ ព្រោះខ្លួនដឹងថាព្រះសិវកំពុងតាំងសមាធិ ហើយព្រះអង្គគ្មានបំណងនឹងរៀបការ ឬមានបុត្រឡើយ (បន្ទាប់ពីព្រះនាងសតីសុគតទៅ)។ យក្សតារកាសុរ ក៏ចាប់ផ្តើមវាយលុកស្ថានសួគ៌ ធ្វើបាបទេវតាពេញទឹកពេញដី។ ពួកទេវតាភ័យពេក ក៏ទៅអង្វរព្រះកាមឱ្យជួយបាញ់ព្រួញផ្កាដាក់ព្រះសិវ ដើម្បីឱ្យព្រះអង្គមានចិត្តស្នេហាជាមួយព្រះនាងបាវ៌តី។ ព្រះសិវខឹងយ៉ាងខ្លាំង ក៏បើកព្រះនេត្រទីបី (ព្រះនេត្រភ្លើង) បាញ់កម្ទេចព្រះកាមទេពឱ្យរលាយជាផេះ។ ប៉ុន្តែ កាំរស្មីភ្លើងចេញពីព្រះនេត្រទីបី មានអានុភាពខ្លាំងពេករហូតដល់លោកធាតុទាំងមូលជិតឆេះអស់។ ព្រះសិវក៏បញ្ជាឱ្យព្រះអគ្គីនាំយកដុំថាមពលភ្លើងនោះទៅដាក់ក្នុងទន្លេគង្គា។ ទន្លេគង្គាក៏នាំយកទៅដាក់ក្នុងត្រពាំងផ្កាឈូកមួយឈ្មោះ “សរវន”។ ដុំថាមពលភ្លើងនោះបានបំបែកខ្លួនទៅជាទារកតូចៗចំនួន៦អង្គដ៏ស្រស់សង្ហា។ ពេលនោះមានទេពអក្សរ៦អង្គ (ហៅថា នាងក្ឫិត្តិកាស) បានមកជួប ហើយពួកនាងម្នាក់ៗសុទ្ធតែបីបម និងបំបៅដោះទារកនោះ។ ដើម្បីកុំឱ្យមាតាចិញ្ចឹមទាំង៦អស់សង្ឃឹម ទារកអព្ភូតហេតុនោះក៏បានបញ្ចេញឫទ្ធិបង្រួមខ្លួនចូលគ្នា ដោយមានខ្លួនតែមួយ តែមានក្បាល៦ ដើម្បីអាចឱ្យមាតាទាំង៦អង្គបំបៅដោះទ្រង់បានក្នុងពេលតែមួយ។ ហេតុការណ៍នេះហើយដែលនាំឱ្យទ្រង់មាននាមថា “សណ្មុខ” ដែលប្រែថា “អ្នកមានមុខ៦)។ នៅពេលទ្រង់ធំដឹងក្តីឡើង ព្រះនាងបាវ៌តីដែលជាមាតាបង្កើត បានប្រគល់លំពែងមន្តអាគមដ៏មានឥទ្ធិពលបំផុតឈ្មោះថា “សក្តិ” ទៅឱ្យទ្រង់។ ព្រះសណ្មុខបានដឹកនាំកងទ័ពទេវតាទៅច្បាំងជាមួយយក្សតារកាសុរ។ ដោយសារទ្រង់មានមុខ៦ ទ្រង់អាចសម្លឹងមើលឃើញគ្រប់ទិសទី (មុខ, ក្រោយ, ឆ្វេង, ស្តាំ, លើ, ក្រោម) ហើយគ្មានសត្រូវណាអាចលបវាយប្រហារទ្រង់ពីក្រោយបានឡើយ។ ចុងក្រោយ ព្រះសណ្មុខបានប្រើលំពែងសក្តិ ចាក់សម្លាប់យក្សតារកាសុរ នាំសន្តិភាពមកឱ្យលោកិយវិញ។  

ចំណែក រឿងមួយទៀតនិទានថា ព្រះអគ្គីបាន​លួចព្រះទ័យប្រតិព័ទ្ធប្រពន្ធចំនួន៦នាក់របស់ឥសីម្នាក់ឈ្មោះថា “អង្គិរស” ហើយក៏បានចូលសុំស្នេហា តែពួកនាងមិនព្រមស្រឡាញ់ឡើយ ព្រោះនាងស្មោះស្ម័គ្រតែចំពោះប្តីរបស់នាង។ រឿងនេះបានឮទៅដល់នាងស្វាហាដែលជាបុត្រីរបស់ស្តេចទក្ស និងជានារីម្នាក់ដែលបានចាប់ចិត្តលើ​ព្រះអគ្នីតាំងពីក្មេងមក ហើយធ្លាប់សារភាពស្នេហ៍ទៅព្រះអគ្គីដែរ តែទ្រង់មិនចាប់ព្រះទ័យឡើយ។ នាងស្វាហាក៏បានប្រែក្រឡាធ្វើជាប្រពន្ធរបស់ឥសីអង្គិរសដើម្បីចូលទៅរួមមេត្រីជាមួយព្រះអគ្គី ដោយពេលដំបូងនាងប្រែក្រឡាទៅនាងសិវា លើកទីពីរប្រែក្រឡាជានាងបក្សីគ្រឌី និងបាននិម្មិតជាប្រពន្ធឥសីជាបន្តបន្ទាប់ទៀត។ ម្ល៉ោះហើយ ទើបពេលព្រះស្កន្ទប្រសូត្រមកមានព្រះសិរប្រាំមួយដែលហៅថា “សណ្មុខ” ព្រោះព្រះអគ្គីបានរួមមេត្រីជាមួយនាងស្វាហាដែលប្រែក្រឡាទៅជានាងទាំងប្រាំមួយនាក់ជាប្រពន្ធឥសី”

នៅក្នុងសិលាចារឹកខ្មែរ ព្រះនាម “សណ្មុខ” គេមិននិយមហៅឡើយ តែព្រះនាមផ្សេងទៀតដូចជា “កុមារ” និង “កាត៌ិ្តកេយ” គឺមានរៀបរាប់ច្រើន។ ឧទាហរណ៍ សិលាចារឹកប្រាសាទភ្នំហាន់ជ័យ ខេត្តកំពង់ចាម (លេខបញ្ជី K.81) ប្រៀបធៀបព្រះកិត្តិនាមរបស់ព្រះមហាក្សត្រកាលពីនៅបឋមវ័យទៅនឹងព្រះកុមារដែលដឹកនាំទ័ពមរុត រីឯសិលាចារឹកប្រាសាទវត្តហា ខេត្តព្រៃវែង (លេខបញ្ជី K.57) រៀបរាប់អំពីព្រះបាទស្រីយសោវរ្ម័នទី១ កសាងប្រាសាទមួយសម្រាប់ឧទ្ទិសដល់ព្រះស្រីកាត៌្តកេយ។ ដោយឡែក បើក្រឡេកមើលទៅលើសិល្បៈវិញ បដិមាទោលព្រះសណ្មុខ គេមិននិយមឡើយ ពោល គឺភាគច្រើនគេសាងជារូបព្រះស្កន្ទព្រះសិរមួយជិះនៅលើក្ងោកតែប៉ុណ្ណោះ ដូចជា បដិមាព្រះស្កន្ទរកឃើញនៅវត្តក្តីអង្គ (ស.វ.ទី៧) បដិមាព្រះស្កន្ទរកឃើញនៅកំពង់ចាម បដិមាព្រះស្កន្ទរកឃើញនៅប្រាសាទក្រចាប់ កោះកេរ (ស.វ.ទី១០) ។ល។ ទោះយ៉ាងនេះក្តី យើងឃើញមានចម្លាក់ព្រះសណ្មុខមួយឆ្លាក់ជាប់ផ្ទាំងថ្មធម្មជាតិនៅពើងគំនូរ (ភ្នំគូលែន សៀមរាប) ដែលជាសិល្បៈនៅស.វ.ទី១១ (សម័យអង្គរ)។ ចម្លាក់នោះ គឺឆ្លាក់ជាទម្រង់ត្រិមូត៌ិ (ការបង្ហាញបី) ដោយមានព្រះឥសូរជិះតោនៅចំកណ្តាល អមសងខាងដោយព្រះគណេសជិះដំរីនៅស្តាំ និងព្រះសណ្មុខជិះក្ងោកនៅខាងឆ្វេង។ ព្រះភក្រ្តរបស់ព្រះសណ្មុខនៅទីនេះត្រួតគ្នាចំនួនពីរជាន់ ពោល គឺព្រះភក្រ្តខាងលើចំនួន ៣ និងព្រះភក្រ្តខាងក្រោមចំនួន ៣ សរុបស្មើ ៦។ ករណីនេះ គឺមានភាពខុសប្លែកពីសិល្បៈឥណ្ឌាបុរាណ ដែលនិយមឆ្លាក់ព្រះភក្រ្តទាំង៦របស់ព្រះសណ្មុខត្រឹមតែមួយជាន់ ពោល គឺព្រះភក្រ្តទាំង៦តម្រៀបគ្នាជុំវិញតែម្តង ។ តាមគម្ពីរស្កន្ទបុរាណ ព្រះភក្រ្តទាំង៦របស់ព្រះសណ្មុខ តំណាងឱ្យការមើលឃើញ និងការគ្រប់គ្រងឬការពារគ្រប់ទិសទីដែលមាននៅក្នុងចក្រវាល ដែលមានទិសធំៗទាំងបួន (បូព៌ា បស្ចិម ឧត្តរ ទក្សិណ) និងទិសបញ្ឈរទាំងពីរ គឺអាកាស (ខាងលើ) និងបាតាល (ខាងក្រោម)។ ក្រៅពីនេះ ព្រះភក្រ្តចំនួន៥ តំណាងឱ្យញ្ញាណទាំង៥ រួមមាន ការមើលឃើញ (ចក្ខុវិញ្ញាណ) ការស្តាប់ (សោតវិញ្ញាណ) ការហិតក្លិន (ឃានវិញ្ញាណ) ការភ្លក់រសជាតិ (ជីវ្ហាវិញ្ញាណ) និងការប៉ះពាល់ (កាយវិញ្ញាណ) រីឯព្រះភក្រ្ត១ទៀត គឺតំណាងឱ្យ “ចិត្ត” ដែលជាអ្នកបញ្ជា និងគ្រប់គ្រងលើញ្ញាណទាំង៥នោះ។ ចំណុចមួយទៀតដែលគួរឱ្យកត់សម្គាល់ នៅក្នុងសិល្បៈឥណ្ឌាបុរាណ គេនិយមបង្ហាញព្រះសណ្មុខមានព្រះហស្ត១២ (ទម្រង់ជា មហាសេនា ដែលមានកាន់អាវុធគ្រប់ដៃ ដើម្បីច្បាំងជាមួយយក្ស) ប៉ុន្តែ ចម្លាក់ព្រះសណ្មុខនៅពើងគំនូរដែលលើកមកបង្ហាញនេះ គឺមានព្រះហស្តចំនួន២ប៉ុណ្ណោះ។ ព្រះហស្តខាងស្តាំរបស់ទ្រង់លើកត្រឹមដើមទ្រូង ក្នុងកាយវិការហាក់ដូចជាកំពុងកាន់ខ្សែផ្គាំ (អក្សមាលា ឬទងផ្កាឈូក (បទ្ម) ដែលតំណាងឱ្យបញ្ញា និងការតាំងសមាធិ។ រីឯព្រះហស្តខាងឆ្វេង ដាក់ចុះមកក្រោមបន្តិច ដែលទំនងជាកាន់លំពែងសក្តិ (ស្ថានភាពចម្លាក់មានភាពសឹករេចរិល នាំឱ្យមានការពិបាកកំណត់បន្តិច) ឬក្អមទឹក (កមណ្ឌលុ)។  ចម្លាក់នេះ ទ្រង់គង់នៅលើសត្វក្ងោក ជាយានជំនិះ។ នៅក្នុងទេវកថាគេដឹងថា សត្វក្ងោករបស់ព្រះសណ្មុខកើតចេញពីការប្រែក្រឡារបស់យក្សដ៏មានមហិទ្ធិឫទ្ធិម្នាក់ឈ្មោះ “សូរបទមន” (ប្អូនរបស់យក្សតារកាសុរ) ទៅជាដើមស្វាយដ៏ធំមួយនៅកណ្តាលមហាសមុទ្រ ហើយនៅពេលព្រះសណ្មុខបានដឹងទ្រង់ក៏បានប្រើលំពែងសក្តិកាត់ដើមស្វាយនោះជាពីរបំណែក ធ្វើឱ្យចំណែកទី១កើតជាសត្វក្ងោក និងចំណែកទី២កើតជាសត្វមាន់។ ចុងក្រោយមក ព្រះសណ្មុខក៏មានព្រះទ័យមេត្តាយកសត្វក្ងោកមកធ្វើជាយានជំនិះ និងយកសត្វមាន់មកធ្វើជានិម្មិតរូបនៅលើទង់ជ័យរបស់ព្រះអង្គ។ សត្វក្ងោក តំណាងឱ្យអំនួត ហើយការដែលព្រះអង្គគង់នៅលើសត្វក្ងោក តំណាងឱ្យការបង្រ្កាប និងគ្រប់គ្រងលើភាពមានៈ និងអំនួតរបស់មនុស្ស។

សរុបមក ព្រះសណ្មុខ គឺជាទម្រង់នៃអវតារដ៏មានមហិទ្ធិឫទ្ធិបំផុតមួយរបស់ព្រះស្កន្ទ ដែលឆ្លុះបញ្ចាំងតាមរយៈព្រះភក្ត្រទាំងប្រាំមួយ។ នៅក្នុងបរិបទនៃសិល្បៈ និងជំនឿខ្មែរ ទោះបីជាព្រះនាមនេះមិនបានប្រើប្រាស់ទូលំទូលាយដូចព្រះនាម “កុមារ” ឬ “កាត៌ិ្តកេយ” នៅក្នុងសិលាចារឹកក៏ដោយ ប៉ុន្តែភស្តុតាងនៃចម្លាក់នៅពើងគំនូរបានបង្ហាញយ៉ាងច្បាស់ពីការបញ្ចូលគ្នានូវទស្សនវិជ្ជាឥណ្ឌា ជាមួយនឹងរចនាបថខ្មែរយ៉ាងផ្ចិតផ្ចង់។ ការបកស្រាយអំពីព្រះភក្ត្រទាំងប្រាំមួយថាជាតំណាងនៃញ្ញាណទាំងប្រាំ និងចិត្ត រួមជាមួយនឹងនិម្មិតរូបនៃយានជំនិះសត្វក្ងោកដែលតំណាងឱ្យការបង្ក្រាបអំនួតរបស់មនុស្ស បានធ្វើឱ្យរូបភាពនៃព្រះសណ្មុខក្លាយជាអាទិទេពដែលមិនត្រឹមតែតំណាងឱ្យសង្គ្រាមខាងក្រៅ ប៉ុន្តែថែមទាំងតំណាងឱ្យសង្គ្រាមផ្លូវចិត្ត និងបញ្ញាស្មារតីចំពោះអ្នកគោរពបូជាទៀតផង។

This article examines the mythological and iconographic significance of Shanmukha within Khmer art. While Khmer epigraphy commonly identifies the deity as Kumara or Kartikeya, the unique six-headed manifestation remains rare. A central analysis is provided of the 11th-century rock-cut relief at Peung Komnou, where the deity is depicted with six faces arranged in two tiers and two arms, a distinctive local variation from the multi-armed Indian tradition. The study deciphers the philosophical symbolism of the six faces as the five senses and the mind, alongside the metaphorical role of the peacock mount in subduing the ego. By synthesising classical Puranic texts with Khmer artistic expressions, this research highlights the sophisticated integration of Hindu philosophy into Cambodian civilisation.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,000SubscribersSubscribe
- Advertisement -spot_img