ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿ“ចាប់ត្រីត្រពាំងរួម” តាមទម្លាប់អ្នកស្រុកតំបន់អង្គរ          

“ចាប់ត្រីត្រពាំងរួម” តាមទម្លាប់អ្នកស្រុកតំបន់អង្គរ          

តាមចំណាំទំនៀម​អ្នកស្រុកតំបន់អង្គរ បន្ទាប់ពីប្រមូលផលស្រូវ​រួច​រាល់គេតែង​​ចាប់ផ្តើម​រៀបចំកិច្ច​ឬ​ពិធី ​តូចឬធំ​ នៅក្នុងភូមិឬតាមផ្ទះរៀងៗខ្លួន ចាប់ពីខែមាឃឬហៅម្យ៉ាងទៀតថាមាឃធំ។ ពិធីដែលឃើញប្រារព្ធស្ទើរគ្រប់ភូមិនាដើមខែនោះគឺ “ពិធី​​​ឡើងមាឃ” ឬ “៣​កើតមាឃធំ”។ ពិធីនេះ​ហាក់​ដូចជា​សញ្ញាថាវដ្ដនៃរដូវធ្វើ​ស្រែ​បានបញ្ចប់ ហើយដែល​​​​អ្នកស្រុក​​​តែង​សាទរភោគផល​ផ្សេងៗ ជាពិសេសគឺ​ផល​ “ស្រូវ” ដោយ​រៀបចំ​ពិធីឡើងមាឃ ឬ​​ពូន​​ភ្នំ​ស្រូវ ​ឬ​ឡើងអ្នកតា។ ដើម្បីដំណើរការនៃទំនៀមទាំងនេះ អ្នកស្រុក​តំបន់​​អង្គរ​នៅ​រក្សា​ទម្លាប់តជាប់មកតាម​ចំណាំគឺ “ចាប់ត្រីក្នុងត្រពាំងរួម” នៅ​ក្នុងភូមិសម្រាប់​ចាត់​ចែង​​ជាម្ហូបអាហារ ឱ្យសម្បូរសប្បាយក្នុងដំណើរពិធី​តាំង​ពីដើម​រហូត​ចប់​ ដូចរៀបរាប់​ខាង​លើ ហើយដែល​ជួនកាល​​នៅក្នុង​ភូមិខ្លះ​គេ​នាំគ្នា​​ខ្វាយ​ខ្វល់ ​ចាត់ចែង​រៀប​ចំ​ចង្ហាន់​ប្រគេនព្រះសង្ឃ​ផងហៅថា “ឆាន់ឡើង​មាឃ”។ ចំពោះ​ទម្លាប់ចាប់ត្រីក្នុងត្រពាំងរួម គេមានឃើញច្រើនភូមិគួរសមដែរនៅជុំវិញតំបន់អង្គរ​​ ​តែក្នុង​អត្ថបទនេះខ្ញុំលើកបង្ហាញនៅភូមិ​បង្កោង និងភូមិក្បាលដំរី ក្នុងខេត្តសៀមរាប ដែលខ្ញុំធ្លាប់បាន​ឃើញ​ដោយចៃដន្យ និងបានជជែកសួរនាំអ្នកស្រុកខ្លះៗទុកជាការស្វែងយល់។

ភូមិបង្កោង​ ស្ថិត​នៅភាគខាងកើត​តំបន់អង្គរ នៅក្នុងឃុំ​អំពិល ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប ហើយបច្ចុប្បន្នគេស្គាល់​ភូមិនេះច្បាស់ ដ្បិត​មានការ​ផ្សព្វផ្សាយ​អំពី​ទំនៀម​ចាប់ត្រីក្នុងត្រពាំង​រួមគ្នាយ៉ាង​ល្បីល្បាញ​លើ​បណ្តាញសង្គម។​​ ប៉ុន្តែ​នៅក្នុងក្រសែភ្នែក​អ្នក​ស្រាវជ្រាវ គេយល់ថា​បង្កោង​ជា​​ភូមិ​បុរាណ ដោយ​មានការ​លើកឡើង​ពី​សិលាចារឹក​ស.វ.​ទី​៩ នៅតំបន់រលួស​​មានពាក្យ “វកោង”។ លើសពីនោះគេឃើញមាន​តឹកតាំង​សំណល់​​ឡ​កុលាលភាជន៍​សម័យ​បុរាណ​នៅជុំវិញតំបន់នោះផង។ មិន​តែប៉ុណ្ណោះ ត្រពាំង​​ដែល​អ្នក​​​ភូមិ​​តែង​ចាប់ត្រីរួមគ្នា​នោះឈ្មោះថា “ត្រពាំងបឹង” ឬពីមុន​អ្នក​ខ្លះ​ហៅថា​“ត្រពាំង​​សារាយ” មានខ្ទម​អ្នកតាខាងកើតមាត់ត្រពាំងឈ្មោះ “អ្នកតាប្រសិទ្ធធ្នូ(ឬអ្នក​តា​បឹង)” និង“​​អ្នកតា​ដេក​ផ្ញារ” ដែលជាថ្មគោ​ល​មានឆ្លាក់​រូប​ព្រះពុទ្ធ​ទាំង​បួនជ្រុង ​ស្ថិត​នៅក្នុង​​ទឹក​ត្រពាំង​សព្វថ្ងៃ។​

ដូចបាន​បញ្ជាក់ខាងដើមស្រេចមកថា ទម្លាប់ចាប់ត្រីនៅក្នុងត្រពាំងបឹងនេះ គឺដើម្បីយក​ទៅ​រៀបចំចាត់ចែង​ធ្វើបុណ្យ​ឡើង​មាឃ។ ​ប៉ុន្តែ​ចំពោះពិធីឡើងមាឃនៅភូមិបង្កោងពុំកំណត់យកថ្ងៃជាក់លាក់ ឬយកចំថ្ងៃ៣កើត ខែមាឃ ដូចភូមិដទៃទេ ដ្បិតមានហេតុផលខ្លះបញ្ជាក់ថា អាស្រ័យលើការមូលមាត់ក្នុងភូមិ និងអាស្រ័យលើទឹកត្រពាំងស្រកអាចចុះចាប់ត្រីបានឬអត់ តែពុំដែលរំលង​ហួសដាច់ខែមាឃឡើយ។ ជាច្បាប់ទម្លាប់ផ្ទៃក្នុង​ អ្នកភូមិ​មូលមាត់កំណត់គ្នា​ចាប់ពីខែទឹកឡើងរហូតមកដល់មុនថ្ងៃឡើងមាឃ គឺក្នុងរយៈ​ពេល​ប៉ុន្មាន​ខែនេះ គ្មាន​នរណាមាន​សិទ្ធិ​រកត្រីទាំង​អស់​នៅ​ក្នុង​ត្រពាំង​នោះ។​​​ លុះ​ដល់មុនថ្ងៃប្រារព្ធពិធី​​មួយថ្ងៃ អ្នក​ភូមិនាំគ្នា​ក្រោក​ពីព្រលឹមស្រាងៗ ​ទៅជួបជុំគា្ននៅមាត់ត្រពាំងរង់ចាំ​ស្តាប់​សញ្ញា​ដែលមេភូមិអនុញ្ញាតឲ្យចុះចាប់ត្រី។

តាមទម្លាប់អ្នកភូមិតែងចុះចាប់ត្រី​នៅក្នុងត្រពាំង​បឹង​ពេញ​មួយថ្ងៃ ដើម្បីធ្វើម្ហូប ជាពិសេសធ្វើសម្លនំបញ្ចុកប្រគេនព្រះសង្ឃក្នុងថ្ងៃបន្ទាប់។ ការចុះចាប់ត្រីនោះ គេអនុញ្ញាត​ឱ្យ​តែ​អ្នក​ភូមិ​ប៉ុណ្ណោះ អ្នកចម្ងាយពុំអនុញ្ញាតឡើយ ហើយគេឱ្យ​ប្រើតែ​ឧបករណ៍សាមញ្ញមួយចំនួន​ដូចជា សំណាញ់ មង អង្រុត និង​ឈ្នាង​ជាដើម។ ត្រីមួយភាគដែលម្នាក់ៗរកបានគេអនុញ្ញាត​​ឱ្យ​យកទៅផ្ទះរៀងៗខ្លួន ប៉ុន្តែនៅនាទីចុងក្រោយដែលគេរើសម្រាស់​នៅកណ្តាល​ត្រពាំងនោះ គឺចាប់បានទុកជា​ត្រីរួមសម្រាប់ចាត់ចែងធ្វើម្ហូប​នៅសាលាបុណ្យ។

ដោយឡែកចំពោះ​ទម្លាប់ចាប់ត្រីរបស់អ្នកភូមិក្បាល​ដំរី ហាក់ពុំមានសភាពគគ្រឹក​គគ្រេង​ដូចភូមិបង្កោងឡើយ។ ភូមិក្បាល​ដំរី (ឬភូមិសំបួរ) ស្ថិត​ក្នុង​ឃុំ​ដូនកែវ ស្រុក​ពួក​ ខេត្ត​សៀមរាប។ អ្នកភូមិទាំងនេះ​តែង​ចាប់ត្រីក្នុងត្រពាំងរួមប្រចាំភូមិ នៅក្នុងដើមខែមាឃ ឬអាចនិយាយថាចុះចាប់ត្រីមុនភូមិ​បង្កោង​។ នៅភូមិក្បាលដំរី គេចុះ​ចាប់ត្រីក្នុងត្រពាំងរួមឈ្មោះ “ត្រពាំង​ក្បាល​ដំរី” ដែលស្ថិត​នៅកណ្តាល​ភូមិ ហើយ​ភាគ​ច្រើន​មាន​តែមនុស្ស​ប្រុស​ប្រហែល​២០ទៅ​៣០នាក់​ប៉ុណ្ណោះ​ដែល​ចេញមុខចុះចាប់ត្រីរួម។ ការចាប់ត្រីនេះ ភាគច្រើន​គេមូលមាត់គ្នា​ចុះចាប់ត្រីថ្ងៃ​២កើត ខែមាឃ ដើម្បីត្រៀម​យក​ធ្វើ​ម្ហូប​​ក្នុងពិធីឡើង​មាឃ​នៅ​ថ្ងៃទី​៣ កើត។ ទំនៀមអ្នកភូមិនេះ ច្រើនធ្វើកិច្ចឡើងមាឃនៅខ្ទមអ្នកតា​ឈ្មោះ “តាគង់យាយរ័ត្ន” ស្ថិតនៅ​មាត់ត្រពាំងខាងកើត។

កិច្ចឡើង​មាឃនៅភូមិក្បាលដំរី គេគ្រាន់តែសែន​បាយសម្លរ​ នំបញ្ចុក នំ​កប់ស្ករ នំអន្សម​ក្បុង​ និង​សែន​ស្រូវ​ប៉ុណ្ណោះ។ បន្ទាប់ពីសែនរួច​ ចាប់ពីពេលព្រលប់ទៅគេធ្វើ​ពិធី​លៀងមេមត់ប្រចាំឆ្នាំ​នៅ​តាម​ក្រុមផ្ទះប្រហែល​ពីរបីកន្លែង​ រហូតម៉ោង​ទៀបភ្លឺចប់ក៏​មាន​។ សូមបញ្ជាក់ថា “មេមត់” ជាខ្មោចជួរចំបួរប្រចាំ​ត្រកូល ហើយមាន “រូបស្នង” ដែលភាគច្រើនជាមនុស្សស្រី។ “រូបស្នង” ដើរតួនាទីសំខាន់ក្នុងកិច្ចបញ្ជាន់មេមត់រកហេតុនៃវិបត្តិតូចធំ ដែលកើតឡើងផ្ទាល់ខ្លួន ឬក្នុងគ្រួសារ ឬតាមការពឹងពរពីអ្នកស្រុកជិតឆ្ងាយឱ្យជួយព្យាបាល ស្តោះផ្លុំ ឬរកទ្រព្យ​របស់​ដែល​​បាត់​។

សង្ខេបខ្លីមកទម្លាប់ចាប់ត្រីនៅតាមត្រពាំង​រួម​ក្នុងភូមិ​បង្កោង និងភូមិ​ក្បាល​ដំរី នៃ​តំបន់​អង្គរ ខេត្ត​សៀមរាប ​ដែល​លើកមកនិយាយនេះ ស្តែង​ឱ្យ​ឃើញពីសារៈសំខាន់​នៃការ​រក្សា​សម្បត្តិរួមគ្នាក្នុងសហគមន៍ និងចាត់ចែង​ដើម្បី​រក្សា​ទំនៀម​​ទម្លាប់​តមក។ ចំពោះផល​ត្រី​ដែល​ទទួលបាន សម្រាប់បម្រើ​សេចក្តីត្រូវការ​របស់អ្នកភូមិ​ ដែលខ្វាយខ្វល់​ធ្វើ​កិច្ច ឬពិធី​ផ្សេងទៀតជាបន្ទាប់ដូចជា​ប្រគេនចង្ហាន់ព្រះសង្ឃ ទទួលភ្ញៀវជិតឆ្ងាយ និង​កិច្ច​ការ​ហូប​ចុក​តាមគ្រួសារនារដូវបិទបញ្ចប់​វដ្តធ្វើស្រែ។ សូមរម្លឹកថា បើមិនមានអ្វីប្រែប្រួល​នោះទេ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ពិធីចាប់​ត្រី​ត្រពាំងបឹង ក្នុង​ភូមិ​បង្កោងនឹង​ប្រព្រឹត្តទៅនៅថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៦​៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,000SubscribersSubscribe
- Advertisement -spot_img