នៅក្នុងអត្ថបទភាគ១ ខ្ញុំបាននិយាយរួចមកហើយអំពីគំនូររឿងរាមកេរ្តិ៍នៅថែវព្រះវិហារព្រះកែវមរកត ក្នុងព្រះបរមរាជវាំង ព្រះវិហារវត្តរាជបូព៌ ក្នុងក្រុងសៀមរាប និងព្រះវិហារវត្តកំពង់ត្រឡាចលើ ស្ថិតក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ គំនូរទាំងអស់នោះ សុទ្ធសឹងជាគំនូរបុរាណ ដែលសាងឡើងរវាងចុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០។ ក្នុងអត្ថបទនេះ ខ្ញុំសូមបង្ហាញជូនគំនូររឿងរាមកេរ្តិ៍នៅតាមវត្តមួយចំនួនទៀត ដែលសាងឡើងចុងសតវត្សរ៍ទី២០ ឬឆ្លងមកដល់ក្នុងសម័យទំនើបថ្មី។
៤. ព្រះវិហារវត្តទន្លាប់
វត្តទន្លាប់ ឬវត្តទន្លាប់រង្សី ស្ថិតនៅក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ តាមការសិក្សារបស់Daniel Guéret និងDominique-Pierre Guéret យល់ថាព្រះវិហារវត្តនេះកសាងក្នុងឆ្នាំ១៩២៨។ បើផ្អែកតាមសំណេរចារនៅលើជញ្ជាំងថា “កសាងពីឆ្នាំឆ្លូវ កាលពុទ្ធសករាជ២៤៩២” ដែលកាលបរិច្ឆេទនេះត្រូវនឹងរវាងឆ្នាំ១៩៤៩ ឯជាងគំនូរឈ្មោះ “ផរ”។ កាលបរិច្ឆេទនេះប្រហែលកត់ត្រាឆ្នាំសាងគំនូរ។ ប៉ុន្តែទោះយ៉ាងណាក្តីវិហារវត្តនេះជាស្ថាបត្យកម្មដ៏ចំណាស់មួយក្នុងនិគមជនបទ ដែលសេសសល់ពីសង្រ្គាម ហើយត្រូវបានជួសជុលថែរក្សាយ៉ាងគត់ម៉ត់គង់វង្សដល់សព្វថ្ងៃ។ ចំពោះគំនូរពាក់ព័ន្ធនឹងរឿងរាមកេរ្តិ៍ គេឃើញមានតែត្រង់អន្លើខ្លីៗ ឬតួអង្គសំខាន់ៗនៅលើជញ្ជាំងខាងក្រៅព្រះវិហារតែប៉ុណ្ណោះ។ គំនូរលើជញ្ជាំងខាងកើត ប្រហែលលោកគូរឆាកប្រយុទ្ធគ្នារវាងព្រះលក្ស្មណ៍ និងឥន្រ្ទជិតនៅក្នុងផ្ទាំងធំមួយ ដែលមានពលស្វានិងពលយក្សគាំទ្រជុំវិញរៀងខ្លួន ដ្បិតពុំមានចំណារបញ្ជាក់ផង។ រីឯគំនូរលើជញ្ជាំងខាងលិច ជាឆាកប្រយុទ្ធដណ្តើមនាងសីតារវាងអង្គទ និងក្រុងរាពណ៍(?) ហើយនៅអមឆាកប្រយុទ្ធនេះ លោកគូរម្ខាងជាតួអង្គផៃណាសូរង្សជាសេនាក្រុងរាពណ៍ និងម្ខាងទៀតលោកគូរនិលឯកជាសេនាព្រះរាម។ ចំណែកនៅលើជញ្ជាំងចំហៀងខាងជើង និងខាងត្បូង លោកគូរចម្រុះសាច់រឿងក្នុងពុទ្ធប្រវត្តិផង និងអន្លើខ្លះៗក្នុងរឿងរាមកេរ្តិ៍ផងដូចជា ហនុមានសម្តែងឫទ្ធិ កុម្ភការណ៍សម្តែងឫទ្ធិ និងសុគ្រីពដករាំងកាលក្នុងឧទ្យានក្រុងលង្ការជាដើម។
៥. ព្រះវិហារវត្តអង្គរខាងជើង
ក្នុងបរិវេណកំពែងប្រាសាទអង្គរវត្ត មានវត្តព្រះពុទ្ធសាសនាពីរ គឺវត្តមួយស្ថិតនៅខាងជើង និងវត្តមួយទៀតស្ថិតនៅខាងត្បូង។ វត្តស្ថិតនៅទិសខាងជើងហៅថាវត្តអង្គរខាងជើង ឬវត្តឥន្ទបត្តបុរី។ ព្រះវិហារវត្តនេះ ប្រហែលរុះរើចេញពីក្បែរខឿនប្រាសាទអង្គរវត្តមកសាងជាថ្មីលើទីតាំងបច្ចុប្បន្នក្នុងដើមទសវត្សរ៍ទី៦០ ហើយបច្ចុប្បន្នគេឃើញមានគំនូរពណ៌រឿងរាមកេរ្តិ៍លើជញ្ជាំងខាងក្រៅព្រះវិហារ គូរបង្ហាញអន្លើខ្លីៗប៉ុន្មានផ្ទាំង។ គំនូរទាំងនោះ គូរនៅក្នុងរវាងពាក់កណ្តាលទសវត្សរ៍ទី៩០ ដោយវិចិត្រករ ប៊ូ ម៉េង និង ណែម សុភី។ ចំពោះអន្លើដែលវិចិត្រករទាំងពីរខាងលើស្រង់មកគូរយ៉ាងសង្ខេបមានដូចជា ព្រះរាមប្រឡងធ្នូនិងរៀបអភិសេកនៅនគរមិថិឡា ព្រះរាម ព្រះលក្ស្មណ៍ និងព្រះនាងសីតាចេញពីព្រះនគរទៅអាស្រមឥសីក្នុងព្រៃ ព្រះរាម និងព្រះលក្ស្មណ៍សម្លាប់យក្សឈ្មោះកាកនាសូរ ព្រះរាមបាញ់ប្រើសមាសឈ្មោះមហារីក ក្រុងរាពណ៍ឆក់ព្រះនាងសីតា រហូតដល់ត្រួសៗដល់ហនុមានស្វែងរកព្រះនាងសីតា ហនុមានបំផ្លាញក្រុងលង្ការ ព្រះរាមផ្លែងសរសម្លាប់រាពណ៍ និងវិលចូលព្រះនគរជាដើម។
៦. ព្រះវិហារវត្តឫស្សីជ្រោយ
វត្តឫស្សីជ្រោយ ឬវត្តមហាអម្ពវ័ន ស្ថិតនៅក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានព្រះវិហារកសាងតាំងពីចុងទសវត្សទី៤០។ គំនូរពាក់ព័ន្ធរឿងរាមកេរ្តិ៍ក្នុងព្រះវិហារនេះ គូរលើពិតានឈើនៅចំពីលើរបៀងសងខាង ដែលអមល្វែងគ្រឹះ។ គំនូរនីយមួយៗមានសាច់រឿងជាផ្ទាំងខណ្ឌដោយស៊ុមក្បាច់ដូចជា ព្រះរាមប្រយុទ្ធជាមួយក្រុងរាពណ៍ ពាលីប្រយុទ្ធជាមួយក្របីទូភី ពាលីប្រយុទ្ធជាមួយសុគ្រីព ក្រុងរាពណ៍ឆក់នាងសីតា ព្រះលក្ស្មណ៍ប្រយុទ្ធជាមួយយក្ស ហនុមានប្រយុទ្ធជាមួយយក្ស ហនុមានចាប់នាងសុវណ្ណមច្ឆា និងហនុមានចាប់នាងបុញ្ញកាយ។ រីឯគំនូរនៅត្រង់ចន្លោះល្វែងគ្រឹះ វិចិត្រករគូរអន្លើខ្លះក្នុងរឿងពុទ្ធប្រវត្តិ និងវង់ព្រះអាទិត្យ-ព្រះច័ន្ទ្រ តែបញ្ចូលតួអង្គនាងមេខលា និងរាមឥសូរ អមព្រះអាទិត្យទឹមគោ ហើយនាងមន្ទោគិរី និងហនុមាន អមព្រះច័ន្រ្ទទឹមទន្សាយ។
៧. ព្រះវិហារវត្តតាំងក្រសាំង
វត្តតាំងក្រសាំង ឬវត្តរតនារាម ស្ថិតក្នុងឃុំក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ព្រះវិហារវត្តនេះ ជាសំណង់ថ្មីសម័យក្រោយ តែគំនូរផ្នែកខាងក្នុងមានបញ្ចូលសាច់រឿងរាមកេរ្តិ៍ដោយអន្លើៗសរុបប្រហែល២០ផ្ទាំង។ គំនូរទាំងនោះជាគំនូរពណ៌ដូចបណ្តាគំនូរពុទ្ធប្រវត្តិដទៃ ហើយគំនូរក្នុងព្រះវិហារនេះជាស្នាដៃវិចិត្រករពីររូបឈ្មោះ កង ផុន និង ម៉ឹង ដាម។ លើជញ្ជាំងជុំវិញ គំនូររឿងរាមកេរ្តិ៍គូរនៅជួរខាងក្រោមបំផុត ជួរលើបំផុតគូររឿងពុទ្ធប្រវត្តិ និងជួរកណ្តាលគូររឿងជាតក តែនៅលើពិតានក៏មានគំនូររឿងរាមកេរ្តិ៍មួយផ្ទាំងធំដែរ។
ចំពោះខ្លឹមសារគំនូររឿងរាមកេរ្តិ៍ក្នុងព្រះវិហារវត្តតាំងក្រសាំង ហាក់សង្ខេបខ្លីបំផុត ចាប់ផ្តើមពីអន្លើត្រង់ព្រះរាមរៀបអភិសេកជាមួយព្រះនាងសីតា ដែលវិចិត្រករកំណត់ជាអន្លើទី១ ហើយគំនូរជាបន្តបន្ទាប់មក រៀបរាប់ពីដំណើរជីវិតព្រះរាមព្រះ លក្ស្មណ៍តាំងពីចេញពីព្រះនគរដូចជា ព្រះរាមព្រះលក្ស្មណ៍សុំពរពីឥសី សម្លាប់យក្ស ជួបគ្រុឌ ជ្រកក្រោមម្លប់ស្វាយ ព្រះនាងសីតាជួបឥសី ចម្បាំងនៅនគរលង្ការ ព្រះរាមបញ្ជាព្រះលក្ស្មណ៍សម្លាប់ព្រះនាងសីតា រហូតដល់អន្លើត្រង់ព្រះរាមចូលកោដ្ឋបញ្ឆោទព្រះនាងសីតាជាអន្លើចុងបញ្ចប់ (រូបលេខ២៧)។ រីឯគំនូរពាក់ព័ន្ធនឹងរឿងរាមកេរ្តិ៍មួយផ្ទាំងនៅលើពិតាន វិចិត្រករគ្រាន់តែគួររូបតួអង្គមួយចំនួនលាយចម្រុះនឹងតួអង្គផ្សេងទៀតដូចជាយក្ស ទេវតា និងតារានិករនានា។ តួអង្គសំខាន់នោះគឺ ក្រុងរាពណ៍ឆក់នាងសីតា និងគ្រុឌឆក់នាងកាកី។
ជារួមមក គំនូររឿងរាមកេរ្តិ៍នៅក្នុងវត្តចំនួន៤ផ្សេងទៀតនៃអត្ថបទភាគ២នេះ គឺជាគំនូរពណ៌ធម្មតា។ ជាទូទៅ ខ្លឹមសាររឿងខ្លីៗមិនលម្អិតដូចគំនូរបុរាណក្នុងព្រះវិហារចុង ស.វ.ទី១៩ ដើមស.វ.ទី២០។ ប៉ុន្តែយ៉ាងណាក្តីការនិយមគូររឿងរាមកេរ្តិ៍ក្នុងព្រះវិហារ។


























អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





