ប្រាសាទខ្នារ មានទីតាំងស្ថិតនៅតាមបណ្តោយខ្នងភ្នំដងរែក ព្រំដែនខ្មែរ-សៀម ត្រង់ភូមិសាស្រ្តភូមិត្រពាំងម្អមសែនជ័យ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជាប់ព្រំប្រទល់ជាមួយស្រុកកាប់ជើង ខេត្តសុរិន្ទ្រ ប្រទេសសៀម។ ប្រាសាទនេះ អាចរាប់បញ្ចូលថាជាប្រាសាទមានទំហំធំមួយ សង់អំពីថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ ដែលមានប្រាង្គសរុបចំនួន ៥ បែរមុខទៅទិសខាងកើត និងមានអគារបណ្ណាល័យចំនួន ២ បែរមុខទៅរកប្រាសាទ ហើយទំនងជាទេវស្ថានព្រហ្មញ្ញសាសនាដែលសង់នៅរវាងស.វ.ទី១០-១១។ ទោះបីជាប្រាង្គនីមួយៗដែលសង់អំពីឥដ្ឋបានបាក់បែកទាំងស្រុង និងនៅសល់តែកំពែងថ្មបាយក្រៀមយ៉ាងនេះក្តី ក៏មាននៅសេសសល់គ្រឿងបង្គុំផ្សេងៗនៃប្រាសាទមួយចំនួនដូចជា ផ្តែរ សសរពេជ្រ ជើងទម្រ និងសិលាចារឹកមួយផ្ទាំងផងដែរ។ តើសិលាចារឹករកឃើញនៅប្រាសាទខ្នារ មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?
សិលាចារឹកនេះ ចារឹកនៅលើបន្ទះថ្មភក់មេទ្វារ កំពុងរក្សាទុកនៅទីតាំងដើម ប៉ុន្តែបានបាក់បែកត្រង់ផ្នែកខាងលើ និងនៅសល់តែអក្សរចំនួន ៩ បន្ទាត់ប៉ុណ្ណោះ។ ដោយសារតែភាពរេចរឹល និងបាត់អក្សរមួយចំនួន យើងពិបាកក្នុងការអានខ្លឹមសារទាំងមូលណាស់ តែយ៉ាងណាយើងនៅអាចកំណត់ខ្លឹមសារសង្ខេបជារួមរបស់សិលាចារឹកនេះបាន។ នៅត្រង់បន្ទាត់ខាងលើ នៅមានបន្សល់ឃ្លាមួយចំនួន “ធូលីជើងវ្រះកម្រតេងអញ” ដែលអាចសន្និដ្ឋានថា ជាព្រះរាជសាសន៍ (រាជឱង្ការត្រាស់បង្គាប់បញ្ជារបស់ព្រះរាជា) ដល់មន្រ្តីណាម្នាក់ ឬឥស្សរជននយោបាយណាមួយ ដើម្បីឱ្យមកសាងសង់សំណង់ទេវស្ថាន ឬនាំយកតង្វាយជាមូលនិធិសម្រាប់ទ្រទ្រង់ទេវស្ថាននេះ។ រីឯអក្សរដែលអាចមើលបាននៅផ្នែកខាងក្រោម គឺសុទ្ធសឹងជាគ្រឿងតង្វាយ និងឯកតារង្វាស់ រង្វាល់ ដូចជា សម្លៀកបំពាក់ ជាដើម។
អត្ថបទចារឹក
១. ……………តធូលីជេងវ្រះ
២. កម្រតេងអញ
៣. តិប្រេតំកល្លកល្បនា
៤. រោហបូវ៌្វក្សត្រ…….
៥. ចាំនាំអ្នកថ្វេ ……..សង
៦. គោលទៃតិលេ
៧. យចន្ល្យក១លិង ….
៨. តិលេយ ..មាន ..
៩. ង
ជារួមមក ទោះបីសិលាចារឹករកឃើញប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ បានបាក់បែកផ្នែកខាងលើ និងបាត់បង់អក្សរចារឹកជាច្រើនក្តី សំណេរដែលនៅសល់បានប្រាប់ឱ្យយើងដឹងអំពីព្រះរាជឱង្ការត្រាស់បញ្ជារបស់ព្រះរាជា បង្គាប់ដល់ឥស្សរជននយោបាយណាម្នាក់ ដែលប្រហែលបញ្ជាឱ្យកសាង ឬថ្វាយតង្វាយចំពោះទេវស្ថាន។ ពោល ជារួមមក ខ្លឹមសារគឺឃ្លាតមិនឆ្ងាយអំពីការធ្វើបុណ្យ និងការមានជំនឿចំពោះទេវស្ថានសាសនា។




———-
This article examines the new inscription found in Prasat Khnar, a 10th-11th century Hindu temple complex located in Oddar Meanchey Province. This inscription is engraved upon a doorjamb, though the upper portion is currently damaged, leaving only nine lines of extant text. The general content likely recounts a royal decree (rājaśāsana) issued by the King, commanding a specific official to undertake the construction of, or to present offerings to, a sacred sanctuary.
អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា





