ខ្មែរស្គាល់រឿងរាមកេរ្តិ៍យ៉ាងហោចប្រហែលជាងមួយសហសវត្សរ៍មកហើយ ដោយផ្អែកលើភស្តុតាងដំបូងគឺសិលាចារឹកវាលកន្ទេល(ខេត្តស្ទឹងត្រែង) ចារជាភាសាសំស្រ្កឹតក្នុងសតវត្សរ៍ទី៧ (ចុះលេខសារពើភណ្ឌK.359) និយាយពីគម្ពីររឿងរាមកេរ្តិ៍ និងភស្តុតាងមួយទៀតគឺចម្លាក់តួអង្គព្រះរាម មានការកំណត់កាលបរិច្ឆេទក្នុងសតវត្សរ៍ទី៧ រកឃើញនៅខេត្តតាកែវ។ ក្រៅពីនេះ គឺមានភស្តុតាងចម្លាក់រឿងរាមកេរ្តិ៍ឆ្លាក់បង្ហាញនៅតាមប្រាសាទ និងឈ្មោះតួអង្គរឿងរាមកេរ្តិ៍ជាច្រើន បានចារលើសិលាចារឹកសម័យអង្គរ (ស.វ.ទី៩-១៤) ព្រមទាំងអត្ថបទសំណេរផ្សេងៗទៀតតាំងពីសតវត្សរ៍ទី១៥ និយាយពាក់ព័ន្ធរឿងរាមកេរ្តិ៍ដូចជាសាស្រ្តាស្លឹករឹត ក្រាំង អត្ថបទល្បើកអង្គរវត្ត ត្រៃភេទ-ត្រៃតាយុគ វៃយរាពណ៍សណ្តំព្រះរាម និងបណ្តាំពាលីជាដើម។ ភស្តុតាងទាំងអម្បាលម៉ានខាងលើ ពិតជាមានឥទ្ធិពលតិច ឬច្រើនដល់ទំនៀមទម្លាប់ និងសិល្បៈផ្សេងៗទៀតក្នុងសង្គមខ្មែរ បូករួមទាំងសិល្បៈគំនូរនៅតាមវត្ត។
គំនូររឿងរាមកេរ្តិ៍លើសំណង់វត្តអារាមខ្មែរ ប្រហែលលេចឡើងតាំងពីចុងសតវត្សរ៍ទី១៩ ឬដើមសតវត្សរ៍ទី២០ ដែលគេយល់ថាចាប់ផ្តើមនៅលើថែវព្រះវិហារព្រះកែវមរកត ក្នុងព្រះបរមរាជវាំង។ ប៉ុន្តែក្រៅពីគំនូរលើថែវព្រះវិហារព្រះកែវមរកត គេឃើញមានព្រះវិហារមួយចំនួនទៀតនៅតាមតំបន់ផ្សេងៗ មានគំនូររឿងរាមកេរ្តិ៍ គូរបង្ហាញសាច់រឿងវែងអន្លាយច្រើនវគ្គ និងមានព្រះវិហារវត្តខ្លះ គូរបង្ហាញសាច់រឿងតែត្រង់អន្លើណាមួយ ឬគូរបង្ហាញតែតួអង្គមួយចំនួនតែប៉ុណ្ណោះ។ ក្នុងចំណោមនោះ គេឃើញថាខ្លះគឺជាព្រះវិហារបុរាណយូរអង្វែងមក ហើយខ្លះក៏ជាសំណង់ព្រះវិហារថ្មី កសាងក្នុងសម័យក្រោយដែរ។ អត្ថបទភាគ១នេះ ខ្ញុំសូមបង្ហាញទិដ្ឋភាពជារួមដោយត្រួសៗអំពីគំនូររឿងរាមកេរ្តិ៍នៅតាមព្រះវិហារមួយចំនួនដូចខាងក្រោម៖
១.ថែវព្រះវិហារព្រះកែវមរកត វត្តព្រះកែវមរកតសាងក្នុងរាជ្យ ព្រះបាទនរោត្ដម ហើយព្រះវិហារសព្វថ្ងៃសាងជាថ្មីឡើងវិញក្នុងរាជ្យ ព្រះករុណាព្រះបរមរតនកោដ្ឋ។ ព្រះវិហារនេះព័ទ្ធដោយថែវជុំវិញប្រវែង៦៤២ម៉ែត្រមានគំនូររឿងរាមកេរ្តិ៍តាមជញ្ជាំងថែវទាំង៤ទិស។ បើយោងតាមឯកសារសំណេរ ឧកញ៉ាវរវៀងជ័យ ជួន គំនូររឿងរាមកេរ្តិ៍នៅថែវជុំវិញព្រះវិហារព្រះកែវមរកត១ចប់ មាន១៩២វគ្គ តែបើស្រង់ចំណងជើងគំនូរមានរហូតដល់ចំនួន៥១១ចំណងជើង។ គំនូរទាំងនោះគូរតាមក្បួនខ្នាតគំនូរបុរាណ ជាស្នាដៃដឹកនាំរបស់ ឧកញ៉ាទេពនិម្មិត ម៉ក់ ហើយដែលគេសង្កេតសម្គាល់ឃើញជាពិសេសលើគំនូរ គឺការប្រើប្រាស់ពណ៌ជាអត្តសញ្ញាណតួអង្គនីមួយៗដូចជា ព្រះរាមប្រើពណ៌បៃតងដូចពណ៌ព្រះឥន្រ្ទ ព្រះលក្ស្មណ៍ពណ៌សាច់ឬខ្លះហៅពណ៌ស្រី ហនុមានមានពណ៌ស អង្គទពណ៌បៃតងខ្ចីកាត់ខ្មៅឬបៃតងចាស់។
ចំពោះសាច់រឿងរាមកេរ្តិ៍លើថែវព្រះវិហារព្រះកែវមរកត លោកគូរចេញពីថែវខាងកើតរៀងព័ទ្ធទៅត្បូង ពោលគឺចាប់ពីអន្លើ “នៅនគរអយុធ្យាមានស្តេចមួយអង្គព្រះនាមព្រះបាទទសរថ មានព្រះមហេសី៣អង្គ គឺនាងកោសូរីយា នាងកៃកេសី និងនាងទាវឡេក្ខា (នាងសមុទ្រាទេវី)។ មានបុត្រ៤អង្គ គឺព្រះរាម ដែលជាបុត្រមហេសីទី១ ព្រះលក្ស្មណ៍ ព្រះភិរុតជាបុត្រមហេសីទី២ និងព្រះសុត្រុត បុត្រមហេសីទី៣។ ព្រះរាជបុត្រទាំង៤អង្គនេះ បានចេញទៅរៀនសិល្ប៍ជាមួយនឹងឥសី” រហូតដល់ “ព្រះភិរុត ព្រះសុត្រុត និងរាមលក្ស្មណ៍ ជបលក្ស្មណ៍ ព្រះបាទកៃយកេត លើកទ័ពទៅនគរអយុធ្យា ចូលគាល់ព្រះរាម ជួបជុំគ្នាមូលមីហើយ ព្រះរាមឲ្យព្រះភិរុត ព្រះសុត្រុត វិលទៅនគរកៃយកេតវិញ។ ឯសេនាទាំងឡាយក៏ទៅគ្រប់គ្រងនគររៀងៗខ្លួន។ ព្រះរាមនិងនាងសីតាបានរួបរួមនៅជាមួយគ្នា គ្រប់គ្រងនគរអយុធ្យាបានសុខក្សេមក្សាន្តជារៀងរហូតទៅ”។
ផ្ទៃរឿងត្រង់អន្លើនានាជាទូទៅ លោកគូរបង្ហាញអំពីសង្រ្គាមរវាងព្រះរាម និងក្រុងរាពណ៍ ដោយមានព្រះលក្ស្មណ៍ ហនុមាន និងពលស្វា ប្រយុទ្ធជាមួយទ័ពយក្សយ៉ាងគគ្រឹកគគ្រេង ទាំងលើដី ក្នុងព្រៃភ្នំ សមុទ្រ និងលើអាកាស។ ទន្ទឹមនឹងនោះក៏មានអន្លើខ្លះគូរពីដំណើររឿងភ្ជាប់នឹងចំណារខ្លីៗ ឬលោកគូរបញ្ចូលនូវកិច្ចពិធី ល្បែងរបាំ តូរ្យតន្រ្តី ផ្ទះអ្នកស្រុក ឬសំណង់ស្ថាបត្យកម្មផ្សេងៗយ៉ាងល្អវិចិត្រក្រៃលែង។
២. ព្រះវិហារវត្តរាជបូព៌ ព្រះវិហារវត្តរាជបូព៌ កសាងឡើងក្នុងដើមសតវត្សរ៍ទី២០ ហើយជាព្រះវិហារដែលមានគំនូរបុរាណរឿងរាមកេរ្តិ៍ ស្ថិតនៅកណ្តាលក្រុងសៀមរាប។ ព្រះវិហារនេះពុំមានគំនូរលើពិតានដូចព្រះវិហារដទៃឡើយ តែលើជញ្ជាំងជុំវិញមានគំនូររឿងរាមកេរ្តិ៍យ៉ាងល្អវិចិត្រជាច្រើនផ្ទាំង។ ជាទូទៅគំនូរក្នុងព្រះវិហារនេះ លោកគូរលើជញ្ជាំងខ្ពស់ទាំងបួនទិស ហើយអន្លើនីមួយៗគូរក្នុងផ្ទៃតូចៗ ចែកសាច់រឿងតាមពណ៌ដែលលាបជាផ្ទៃគំនូរ ពុំដូចគំនូរលើថែវព្រះវិហារព្រះកែវមរកត។
ការគូរសាច់រឿងរាមកេរ្តិ៍ក្នុងព្រះវិហារវត្តរាជបូព៌នេះ គេសង្កេតឃើញវិចិត្រករគូរតាមបែបគំនូរបុរាណ ហើយពិបាកនឹងកំណត់បានជាក់លាក់ថា ខ្លឹមសាររឿងចាប់ផ្តើមពីត្រឹមណា ហើយបញ្ចប់ត្រឹមណា។ ប៉ុន្តែក្នុងផ្ទៃគំនូររឿងរាមកេរ្តិ៍នៅព្រះវិហារនេះ គេសង្កេតឃើញគួរឱ្យកត់សម្គាល់ថា គឺវិចិត្រករបានបញ្ចូលទិដ្ឋភាពសួនឧទ្យាន ភូមិអ្នកស្រុក ផ្សារលក់ដូរជាតិសាសន៍ដទៃ ក្បួនទ័ព ព្រមទាំងគូរបញ្ចូលនូវវត្ថុប្រើប្រាស់ក្នុងសម័យថ្មីដូចជា នាឡិកាព្យួរជញ្ជាំង ឬចង្កៀងអគ្គិសនីក្នុងឈុតខ្លះ ស្រដៀងគំនូរនៅថែវព្រះវិហារព្រះកែវមរកត។ មិនតែប៉ុណ្ណោះលើជញ្ជាំងខាងជើង គឺមានអន្លើមួយបង្ហាញពាក់ព័ន្ធទំនៀមកោរជុក(?) ឬអ្នកស្រុកខ្លះក្នុងតំបន់អង្គរហៅថាកោរកំប៉ោយ។ ត្រង់អន្លើនោះ ឥសីបានរៀបចំធ្វើកិច្ចកោរសក់ឲ្យស្វាឈ្មោះ “អង្គទ” នៅលើបុស្បុក។ សូមបញ្ជាក់ថាទំនៀមកោរជុក ក្នុងភូមិមួយចំនួននៃតំបន់អង្គរនៅប្រតិបត្តិដល់សព្វថ្ងៃ។
៣. ព្រះវិហារវត្តកំពង់ត្រឡាចលើ វត្តកំពង់ត្រឡាចលើ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គឺជាវត្តដែលមានព្រះវិហារបុរាណកសាងឡើងក្នុងដើមសតវត្សទី២០ដែរ។ ក្នុងឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានជួសជុលរចនាសម្ព័ន្ធដំបូល និងគ្រឿងបង្គុំខាងលើនៃព្រះវិហារនេះរួចរាល់ជាស្ថាបពរ។ គំនូរជាទូទៅក្នុងព្រះវិហារ គឺជាប្រភេទគំនូរបុរាណដ៏ល្អវិចិត្រ លោកគូររឿងពុទ្ធប្រវត្តិ រឿងជាតកនានា និងអន្លើ ឬតួអង្គខ្លះក្នុងរឿងរាមកេរ្តិ៍។
ពាក់ព័ន្ធរឿងរាមកេរ្តិ៍ក្នុងព្រះវិហារវត្តកំពង់ត្រឡាចលើ ហាក់មិនគូរជាសាច់រឿងវែងអន្លាយដូចថែវព្រះវិហារព្រះកែវមរកត ឬនៅព្រះវិហារវត្តរាជបូព៌ឡើយ។ លោកគូរបង្ហាញនៅលើពិតានត្រង់ចន្លោះល្វែងគ្រឹះ តួអង្គខ្លះទៀតគូរនៅត្រង់ហប់ខ្យល់ និងតាមគែមបង្អួច។ ក្នុងមួយផ្ទាំង គឺមានត្រឹមតែតួអង្គក្នុងរឿងរាមកេរ្តិ៍មួយ ឬពីរ ហើយគូរទំហំធំៗ ពុំមានសាច់រឿងប្រទាក់ក្រឡាគ្នាទេ (រូបលេខ១៣-១៦)។ តួអង្គនោះមានដូចជា ហនុមាននិងនាងមច្ឆា មេខលានិងរាមឥសូរ សុគ្រីពនិងពាលី និងតួអង្គគ្រុឌជាដើម។
សង្ខេបសេចក្តីមក គំនូររឿងរាមកេរ្តិ៍នៅថែវព្រះវិហារព្រះកែវមរកត ព្រះវិហារវត្តរាជបូព៌ និងព្រះវិហារវត្តកំពង់ត្រឡាចលើ ពិតជាគំនូរបុរាណដ៏វិចិត្រនៃសិល្បៈខ្មែរ។ ប៉ុន្តែគំនូរនៅថែវព្រះវិហារព្រះកែវមរកត លោកគូរបង្ហាញលម្អិតសាច់រឿងវែងអន្លាយ។ រីឯគំនូរនៅព្រះវិហារវត្តរាជបូព៌ លោកព្យាយាមគូរបង្ហាញសាច់រឿងក្នុងផ្ទៃតូចៗ ដោយមានបញ្ចូលបន្ថែមទិដ្ឋភាពសង្គមជាក់ស្តែងច្រើន។ ចំណែកនៅព្រះវិហារវត្តកំពង់ត្រឡាច គឺពុំមានសាច់រឿងវែងឆ្ងាយឡើយ ពោលគឺលោកបង្ហាញតែតួអង្គខ្លះប៉ុណ្ណោះ៕


ព្រះវិហារព្រះកែវមរតក(ជ្រុងអាគ្នេយ៍)និងមួយផ្នែកថែវខាងក្រៅព្រះវិហារដែលគូររឿងរាមកេរ្តិ៍














គំនូរតួអង្គខ្លះក្នុងរឿងរាមកេរ្តិ៍គូរលើពិតានព្រះវិហារវត្តកំពង់ត្រឡាចលើ
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





