ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿមត៌កនិងសិល្បៈនៅលើព្រះវិហារ​បុរាណវត្ត​កណ្តាល

មត៌កនិងសិល្បៈនៅលើព្រះវិហារ​បុរាណវត្ត​កណ្តាល

ខ្ញុំធ្លាប់បាន​ចុះផ្សាយម្តងរួចមកហើយអំពីព្រះវិហារ​បុរាណ​វត្ត​កណ្តាល (ឬវត្ត​សំរិទ្ធិ​ជយា​រាម) ដែលស្ថិតនៅតាមដងទន្លេធំ(ទន្លេ​មេគង្គ) ​ក្នុង​​ឃុំកោះ​អណ្តែត ស្រុកស្រីសន្ធរ ខេត្ត​​កំពង់ចាម។ ការ​ផ្សព្វផ្សាយគ្រានោះ ជាព័ត៌មានទូទៅ​​ជូន​សាធារណៈ​ជន​បាន​ស្គាល់​ទីតាំង​​ភូមិ​សាស្រ្តវត្ត ហើយ​អាចទៅ​សិក្សា​ស្វែងយល់បន្ថែម​នូវ​សំណង់បេតិកភណ្ឌ​ព្រះវិហារ​​តូច​មួយ ដែល​មាន​ភ័ព្វបុណ្យគង់វង្សសល់​ពី​សង្រ្គាម សឹង​ប្រកប​ដោយ​គំនូរ​ និង​ក្បាច់​​ចម្លាក់​លម្អវិចិត្រ​ប្រណីត​ដ៏​ល្អ​ក្រៃលែងគួរឲ្យស្ញប់ស្ញែង​ពន់ពេក នឹងរក​សំណង់​សម័យ​​​ទំនើបប្រៀបពុំបាន។ ក្នុងអត្ថបទនេះ ខ្ញុំសូមលើក​បង្ហាញ​បន្ថែម​​ទៀត​​នូវ​មត៌ក​សិល្បៈ​​ដែល​ដូនតា​​មាន​ចិត្ត​សទ្ធាបុណ្យ​ខិតខំកសាង ថែទាំជួសជុល រក្សា​ការពារ​ចារឹក​​ទុក​ផ្តាំ​​តមក​រាប់​ជំនាន់ ជាពិសេស​គឺគំនូរបុរាណលើ​ពិតាន​ឈើ​នៃព្រះវិហារ។​ ​

ព្រះវិហារ​បុរាណ​វត្ត​កណ្តាល​ ​សង់នៅលើ​ខឿន​​កម្ពស់​​ត្រឹម​ចង្កេះ ​​​ទទឹ​ង​​ប្រហែល​​​​៩​ម៉ែត្រ​កន្លះ និង​បណ្តោយ​​ប្រហែល​១៩ម៉ែត្រ​កន្លះ។ ព្រះវិហារ​នេះសង់អំពី​ឈើ សសរ​៣២​ដើម​ ចែក​ជា​៣ល្វែង ដំបូល​ប្រក់​ក្បឿង​ស្រកាលេញ​​ជា​ប្រភេទ​ព្រះវិហារ​ជហ្វា​បួន ជញ្ជាំង​​ជុំវិញ​រៀប​​ឥដ្ឋ។ ​​បើយក​​មូលដ្ឋាន​តាមសាវតារ​វត្ត​​ឱ្យដឹង​ថា វត្តកណ្តាល​មាន​ឈ្មោះដើម​ហៅ “វត្ត​ចុងកោះ​អណ្តែត”​។ ​តាម​ការ​សិក្សា​របស់​ Danielle និង​ Dominique-Pieree Guéret យល់​​ថា​ព្រះ​វិហារ​​នេះ​​កសាង​ក្នុង​ឆ្នាំ​១៩០៩ ហើយ​គំនូរ​លើ​ជញ្ជាំង​​​​គូរ​​នៅ​ក្នុង​​ឆ្នាំ​​១៩៦៤។ ប៉ុន្តែ​​បើ​​យោង​តាម​ផ្ទាំង​ចារឹក​​​ជាប់​បល្ល័ង្ក​ព្រះ​ជីវ៍​ គេ​​ដឹង​ថាទីវត្ត​នេះ​កសាង​​​តាំង​​ពី​​ពុទ្ធសក​រាជ​​​២៤៣៨ (ឆ្នាំ​១៨៩៥) ហើយ​ព្រះវិហារ​កសាង​ក្នុង​​​ពុទ្ធសករាជ​២៤៤២ (ឆ្នាំ​១៨៩៩)​។ កាល​បរិច្ឆេទ​នេះ គឺចាស់​ជាង​សេចក្តី​យល់​​ឃើញ​របស់​អ្នក​​​ស្រាវ​ជ្រាវ Danielle និង​ Dominique-Pieree Guéret ជាង​១ទសវត្សរ៍។ មិន​តែ​ប៉ុណ្ណោះនៅ​លើ​​​ជញ្ជាំង​​ខាង​កើត​ ផ្នែក​ខាង​ក្នុង​មាន​​ចំណារ​​មួយផ្ទាំង​​តូច​​ទៀត​​មាន​សេចក្តី​ខ្លី​​ថា “បាន​​​​រូស(រុះ)​រើ​ជញ្ជាំង​​ចាស់​ធ្វើ​ជា​ថ្មី​ឡើង​វិញ​ពីឆ្នាំ​ម្សាញ់ សប្តស័ក ព.ស.​២៥០៨”។ តាម​​សេចក្តី​​​នេះ​មាន​ន័យ​​ថាជញ្ជាំង​ព្រះ​វិហារ​​សព្វថ្ងៃរុះរើរៀបថ្មី​ក្នុងឆ្នាំ​១៩៦៥។ លើស​ពីនេះ​ គេ​​ដឹង​ថា​ ​ក្រោយ​សម័យ​​កម្ពុជា​ប្រជា​ធិបតេយ្យ​ (​ប៉ុល ពត) ពុទ្ធបរិស័ទ​បាន​រួមគ្នា​ជួស​ជុល​​កែ​លម្អ​​​ព្រះ​វិហារ​នេះ និង​ជួស​ជុល​សាង​គំនូរ​​រឿង​ពុទ្ធប្រវត្តិ​តាម​ជញ្ជាំង​ជុំវិញ ទុក​ជា​កេរ​បុរាណ​សម្រាប់អ្នកជំនាន់ក្រោយ។

បន្ថែម​ពីលើនេះ បើស្រង់ខ្លឹមសារ​៨បន្ទាត់ចារលើជញ្ជាំងខាងលិច ចំខាងក្រោយ​ព្រះ​ជីវ៍​​បញ្ជាក់ថា នៅឆ្នាំ​១៩៨១ ពុទ្ធបរិស័ទបាន​រួមគ្នា​កសាងព្រះវិហារ​ជាលើកទី២ ទុក​ជា​​ដំណែល​បន្ទាប់​ពី​សង្រ្គាម​បាន​បញ្ចប់​ ដោយ​មាន​ខ្លឹមសារ​ឧទ្ទិសកុសលបុណ្យ​​ដល់ម្ចាស់សទ្ធា និងថែមទាំង​ឧទ្ទិសកុសល​ដល់​កូន​ចៅ​គ្រប់ជំនាន់ថា “(១)សូមបង្អោន​កាយ​វាចារ​ចិត្ត​គោរពឧទ្ទិស្ស(ឧទ្ទិស)​ការ​កសាង​លើកទី​២នេះ បូជា​ចំពោះ​បុព្វ​បុរស (២)​ទាំង​អស់​មាន​​ព្រះតេជគុណ​គម្ភីរោ ឯក អ៊ីង ជា​មគ្គុទ្ទេស​ដឹកនាំ បាន​កសាង​កេរ្តិ៍​តំណែល​(កេរដំណែល)​​ (៣) ទុក​ដល់​យើង​ខ្ញុំ​ជា​កូន​ចៅ​ត​ជំនាន់​គោរពបូជា។ នឹង​ឧទ្ទិស្ស(ឧទ្ទិស)​ជូន​កូន​ចៅ​ពុទ្ធ​បរិស័ទ្យ(បរិស័ទ)​រាល់​ជំ (៤)នាន់​តទៅ​ខាង​មុខ សូម​លោក​​​អ្នក​បាន​សំរេច​​ប្រយោជន៍​​នៅ​(នូវ)​សេចក្តីសុខ​គ្រប់​ប្រការ៕៚ (៥) ធ្វើនៅ​ថ្ងៃអង្គរ ៦រោជ(រោច) ខែកត្តិក ឆ្នាំ​រកា​ត្រី​សក្ស(ស័ក) ព.ស.​២៥២៤។ (៦) តំណាង​ពុទ្ធបរិស័ទ​ភូមិ​ចុង​កោះអណ្តែត (៧)ឧបាសក សូ អ៊ុំ អាចារ្យសំរាប់វត្ត ឧបាសក មាឃ យ៉ាន់ ព្រិឌ្ឍាចារ្យ(ព្រឹទ្ធាចារ្យ)​វត្ត (៨)​អ្នកសរសេរបណ្ឌិតផាន់ ធន់, ញ៉ែម អ៊ុល (ត្រា)” (រូបលេខ​៥)។

ចំណែកឯខ្លឹមសារលើជញ្ជាំង​ខាងកើត ​ចាររៀបរាប់អំពីចិត្តសទ្ធា​របស់​ពុទ្ធ​បរិស័ទ​ ជិតឆ្ងាយ​ ដែល​បាន​មូលមាត់គ្នា​​ខិត​ខំចាត់ចែងប្រាក់​ ជួយ​កម្លាំង ជួយ​ម្ហូប​អាហារ​ ដើម្បី​ជួសជុល​ព្រះវិហារ និង​​សាង​គំនូរឲ្យ​ល្អឡើងវិញ​​ក្នុង​ឆ្នាំ​១៩៨៣-១៩៨៤ មាន​សេចក្តី​ថា  “​យើង​ខ្ញុំ​ជា​ពុទ្ធ​​បរិសទ្យ (បរិស័ទ)ចំណុះ​ជើង​វត្ត​ និង​ពីទីដ៏ទៃ(ដទៃ)ខ្លះ មាន​សទ្ធា​ជ្រះថ្លា​រួបរួម​គ្នា​ក៏សាង(កសាង)​គំនូ(រ)រឿង​ពុទ្ធ​នៅ​ជញ្ជាំង​ព្រះវិហារ និង​សសរ​ ឧទ្ធិស​ថ្វាយ​ជា​ពុទ្ធបូជា​ ចាប់ធ្វើ​នៅថ្ងៃ​ច័ន្ទ ៨រោច ខែទុតិយាសាធ(ឍ) ឆ្នាំកុរ បញ្ចសក្ស(ស័ក) ព.ស.​២៥២៦ ត្រូវនិងថ្ងៃទី​១ ខែសីហា ឆ្នាំ​១៩៨៣. ក្នុង​ការ​ក៏សាង(កសាង)​នេះ ពុទ្ធ​បរិសទ្យ(បរិស័ទ)ខ្លះ​មាន​សទ្ធា​ចេញ​ប្រាក់​ជួល​ជាងគូ(រ)តាម​ផ្ទាំង​មួយៗ គ្រួសារមួយៗ។ ពុទ្ធបរិសទ្យ(បរិស័ទ)ខ្លះ​មាន​សទ្ធា​ឧបត្ថម្ភ​ជាង​ទទួល​វេន​ធ្វើ​ម្ហូបអាហារ ដរាបបាន​ហើយ​ស្រេច​នៅ​ថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំ​ដដែល​ ត្រូវ​និង​ថ្ងៃ​១៦ ខែមីនា ១៩៨៤ យើង​ខ្ញុំ​បាន​ចុះនាម​ឈ្មោះ​លោក​​អ្នក​តាម​ផ្ទាំង​ និង​សសរ​គ្រប់ទាំង​អស់។ យើង​ខ្ញុំ​​សូម​អភ័យ​​ទោស​ដោយ​ពុំ​បាន​ចុះនាម​ឈ្មោះ​​ឈោកនាក់(លោកអ្នក)​ទទួល​​​ធ្វើ​វេន​ជាង​ក្នុង​ទីនេះ។ សូម​ពុទ្ធ​បរិសទ្យ(បរិស័ទ)​ទាំងអស់​ត្រេកអ(រ) អនុមោទនា​​​ទទួល​យក​ភាគផល​បុណ្យ​កុសល​តាម​សទ្ធារៀងខ្លួន : ទីបំផុត​សូម​ពុទ្ធបរិសទ្យ(បរិស័ទ)​ទាំង​អស់​សំរេច​មគ្គ​ផល​ ព្រះនិព្វាន​ កំបីឃ្លាត។ “អនុមោទនា”

ដោយឡែក​ចំពោះ​ផ្នែក​សិល្បៈក្បាច់រចនា និងគំនូរ​ខាង​ក្នុង​ព្រះវិហារ នៅ​ចុង​​​ខាង​លិច​​​ល្វែង​គ្រឹះមាន​បល្ល័ង្កខ្ពស់មួយយ៉ាង​ល្អវិចិត្រ​តម្កល់​ព្រះបដិមា​ព្រះជីវ៍​​​។ ខឿន​បល្ល័ង្ក មាន​​​គំនូរ​ពាក់​ព័ន្ធ​​រឿង​ពុទ្ធ​ប្រវត្តិ​ និងចំណារ​សារបាន​វត្ត​ចារ​នៅខាងមុខ ដែលនាំឱ្យដឹង​ថា​ព្រះជីវ៍​សព្វថ្ងៃ​ជួស​ជុល​​ឡើង​​វិញក្នុង​ព.ស.​២៥២៤ (ឆ្នាំ​១៩៨១)។ ចំណុច​ពិសេស​នៃ​បល្ល័ង្ក​​​​នេះ គឺនៅលើ​តួ​បល្ល័ង្ក​​​​​​រចនា​​ជា​ក្បាច់​ភ្ញី និង​​រូប​ផ្សេងៗតាម​របៀប “​គំនូរ​បុក” ដែល​​​ ​​និយម​​ក្នុង​សិល្បៈ​ខ្មែរ​តាំងពី​ដើម​សតវត្ស​រ៍​​ទី​២០។

ចំពោះពិតានព្រះវិហារ​នេះ គឺជាពិតានឈើ​ដែល​​​រៀបចំ​​ឡើង​​តែ​នៅ​លើ​ចន្លោះ​ល្វែង​គ្រឹះ​ប៉ុណ្ណោះ។ គំនូរ​នៃពិតាន ជា​ប្រភេទគំនូរ​បុរាណ​​ដែល​​អ្នក​ខ្លះ​​​យល់​​ថា​គូរតាំង​ពី​ ​ពេល​សង់ព្រះវិហារ ហើយ​គង់វង្ស​ដល់បច្ចុប្បន្ន។ ប្រធានបទ​សំខាន់ៗ​គូរ​លើ​ពិតាន​​ គឺ​​រូប​​ព្រះ​​អាទិត្យ ព្រះចន្រ្ទ និង​ទេពនិករ​នានាហោះហើរលើ​អាកាស ដែលកម្រ​នឹង​ឃើញ​មាន​នៅ​​តាម​បណ្តា​ព្រះវិហារ​ដទៃ។

គំនូរលើ​ជញ្ជាំង​ជុំវិញ គូរឡើង​វិញ​ក្នុង​ឆ្នាំ​១៩៨៣-១៩៨៤ រៀប​រាប់​​​អំពីរឿង​ពុទ្ធ​ប្រវត្តិ។ ប៉ុន្តែគំនូរ​ត្រង់​ព្រះ​អង្គទ្រង់ប្រសូត្រ គេ​គូរ​​​ពួក​ទេព​និករ​​​​នៅ​​ផ្នែក​ម្ខាង ឯផ្នែក​ខាង​ទៀត​​ប្រហែលគេគូរ​បញ្ជាក់​​ព្រះវត្ត​មានក្សត្រ និង​វត្ត​មាន​អ្នក​នគរ​ផ្សេងៗ ដែល​ក្នុង​នោះ​​វិចិត្រ​ករ​​​គូរ​បង្ហាញព្រះឆាយាលក្ខណ៍​ ​​​ព្រះ​បរម​រតនកោដ្ឋ​ ​​​​​​ទ្រង់​គ្រឿង​​ព្រះពស្រ្ត​ក្បិន​​​ពណ៌លឿង ព្រះភូសាកុតកត្រង់ តែពុំមាន​ព្រះ​សុពណ៌បាទ​​។ រីឯ​គំនូរ​ព្រះ​អង្គ​ទ្រង់​​​បិណ្ឌ​បាត្រ​នៅ​នគរ​កបិលភស្តុ ក្រៅពី​បង្ហាញ​ឱ្យ​​ព្រះវត្ត​មាន​ព្រះសុទ្ធោទន៍​​យាង​ថ្វាយ​បង្គំ វិចិត្រ​ករ​បាន​​គូរ​បញ្ចូល​សំណង់​​ខ្លះ​មាន​លក្ខណៈ​ស្ទើរដូច​ព្រះបរម​រាជ​វាំង​​​ក្រុង​ចតុមុខ។ មិនតែ​ប៉ុណ្ណោះអ្វីដែល​គួរ​ឱ្យ​​ចាប់​អារម្មណ៍​ គឺការ​គូរ​បង្ហាញ​​ទង់​ជាតិ​​នៃ​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា នៅ​ខាង​ចុង​នៃ​ជួរ​ភិក្ខុ​ទាំងឡាយ។

សង្ខេបសេចក្តីមក មត៌ក​ដែល​ជាប់នៅនឹង​សំណង់ព្រះវិហារ​បុរាណ​វត្ត​កណ្តាល គឺ​ពិតជា​មាន​តម្លៃធំធេង​ ទាំង​ជាប្រវត្តិសាស្រ្តនៃ​ការកសាង​បូជនីយដ្ឋាន​ពុទ្ធសាសនា និង​ ​តម្លៃ​សីលធម៌ដ៏ថ្លៃថ្នូរបស់​ដូនតា ដែលគោរពបុណ្យកេរបុរាណ ខិតខំចាត់ចែង​ជួសជុល​ថែទាំរហូតមក។ មិន​តែប៉ុណ្ណោះ ព្រះវិហារនេះក៏ជា​បណ្តុំមត៌កសិល្បៈគំនូរបុរាណប្រកប​​ដោយ​​ទេពកោសល្យ និង​ទឹកដៃ​សិល្បៈ​យ៉ាង​ល្អឆើត និងគំនូរបង្ហាញពី​ចំណុច​ពិសេស​ដែល​​វិចិត្រ​ករ​​គូរ​​បញ្ចូល​តួអង្គ​អតីត​ព្រះ​​មហា​​ក្ស​ត្រ និងទិដ្ឋភាព​សង្គម​ខ្មែរ​ខ្លះ​ទៅក្នុងគំនូរ ដែល​ជា​សេរីភាព​សិល្បៈដ៏​ទូលំទូលាយ​គួរឲ្យ​កត់សម្គាល់៕​​

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,900SubscribersSubscribe
- Advertisement -spot_img