ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿបុណ្យដារលាន និងទំនៀមខ្លះ​នៅក្នុងរដូវប្រមូលផលស្រូវ

បុណ្យដារលាន និងទំនៀមខ្លះ​នៅក្នុងរដូវប្រមូលផលស្រូវ

ទំនៀមក្នុងសង្គមខ្មែរ​ពាក់​ព័ន្ធនឹងការ​ធ្វើ​ស្រែ ឬពាក់​ព័ន្ធ​ “​​​​​ស្រូវ​” មាន​​ច្រើន​ណាស់ រាប់​តាំង​ពី​ច្រត់ព្រះនង្គ័ល សុំទឹកភ្លៀង សំពះ​​​​ព្រះខែ អក​អំបុក ទាន​ភ្លើង ប្លុង​ក្រឡាន សយ​វេរ ពូន​ភ្នំ​ស្រូវ ហៅ​ព្រលឹង​ស្រូវ ឬ​ដុត​ភ្នំ​ស្រូវ ​ ហើយ​ពិធីខ្លះ​ក៏ប្រារព្ធក្នុង​​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ឬនៅតំបន់អង្គរ​មាន​ប្រារព្ធ​ពិធីដែលអ្នកស្រុកហៅថា “ឡើងមាឃ”។ ចំពោះ​ “ដារលាន” ជា​ទំនៀម​​​​​​​​ប្រពៃ​ណី ដែល​អ្នក​ស្រាវជ្រាវ​យល់​ថាក៏​​មាន​អត្ថន័យ​​​​ពាក់​ព័ន្ធ​ការ​​ធ្វើ​កសិកម្ម ផ្សារភ្ជាប់នឹង​​ព្រះពុទ្ធសាសនា។ អ្នក​ស្រុក​ហៅ​ទំនៀម​នេះ​​​ដោយ​ឈ្មោះ​ទីទៃ​​​ពី​គ្នា​​​តាម​​តំបន់ដូច​ជា​ បុណ្យ​បោស​លាន បុណ្យ​កណ្តាល​​​ភូមិ ឬដារ​ភូមិ បុណ្យ​ដារ​បាត​លាន​ ឬ​បុណ្យ​ពូន​ភ្នំស្រូវ​។ ​ជាទូទៅ​​គេ​​​តែង​ប្រារព្ធ​​ធ្វើ​ក្រោយ​ប្រមូល​​ផល  ពោល​​គឺ​​ក្រោយ​​​ច្រូត​កាត់​​រួច​​រាល់​។ ​បើ​ក្នុង​​ឯកសារព្រះរាជ​​ពិធីទ្វា​ទសមាស ​មាន​និយាយ​ព្រះរាជពិធី​ពីរ​ពាក់​ព័ន្ធ​ “ស្រូវ” ​​​ប្រារព្ធ​ក្នុងខែមាឃ គឺ “ព្រះរាជពិធីពូន​​ភ្នំ​ស្រូវ” និង “ព្រះរាជកុសល​មាឃបូជា”។ ទន្ទឹម​នេះ​ ក្នុង​កាលកន្លងមក​រាជ​​រដ្ឋា​ភិបាល​ក៏ធ្លាប់រៀបចំ​ដារលាន​ឲ្យ​ទៅ​ជា​ចំណែក​មួយនៃយន្តការ​លើក​ស្ទួ​យ​​ស្រូវ​អង្ករ​​ក្នុង​វិស័យ​កសិកម្មដែរ​​។

ចំពោះ​ប្រវត្តិដារលាន ពុទ្ធសាសនិក​ខ្លះបាន​​​​ពន្យល់​ភ្ជាប់សាច់​​​រឿង​​​ព្រះ​ចុល្ល​កាល និង​មហាកាល ដែល​ជា​កសិករ។ និទាន​នោះលើកឡើងថា ថ្ងៃមួយ​​ចុល្លកាល​(ប្អូន)បាន​ដក​ដង្ហើម​​​ស្រូវសាលីទំពារ យល់ថាមានរសជាតិឆ្ងាញ់ពិសាក៏​បបួលមហាកាល(បង)យក​ស្រូវ​​នោះ​ធ្វើទាន តែបងមិនព្រម ហើយបង្ខំចិត្តចែកស្រែឲ្យប្អូនយកទៅធ្វើអ្វីតាម​ចិត្តចង់ទៅ។ ចុល្លកាលសប្បាយរីករាយណាស់ដោយគិតថា ខ្លួននឹងបានធ្វើទានដ៏ប្រសើរមុនគេ ក៏​យក​ស្រូវ​ទាំងនៅខ្ចីកិនលាយទឹកដោះស្រស់ ទឹកឃ្មុំ និងស្ករ ទៅថ្វាយព្រះពុទ្ធអង្គនិងភិក្ខុសង្ឃ។ បន្ទាប់ពីធ្វើ​ទានរួច ចុល្លកាលត្រឡប់ទៅមើលស្រូវ​របស់ខ្លួន ស្រាប់តែឃើញចម្រើនបាន​​ផល​ដូចគេចង ឥត​ខូចខាតឡើយ គឺហាក់ដូចជាបុណ្យបានឲ្យផលជាក់ស្តែង។ ដោយឃើញ​​អានិសង្ស​​ដូច្នេះ ចុល្លកាលក៏តាំងចិត្តធ្វើទានបន្តទៀតក្នុងរដូវធ្វើស្រែឥតបីខាន។ ប្រហែលមានហេតុក្នុងរឿងខាងលើជាមូលដ្ឋាន ទើប​គេសង្កេត​ឃើញដារលាន​ តែងមាន​កិច្ចភ្ជាប់នឹងព្រះពុទ្ធសាសនា​ជាធម្មតា។ បើ​​នៅឯ​តំបន់​អង្គរ អ្នកស្រុក​តែង​រៀបចំដារលាន ឬបុណ្យ​ពូន​ភ្នំស្រូវ ឬខ្លះហៅ​ថា “ឡើង​មាឃ” ​​យ៉ាង​​ហ្មត់ចត់​ ពោលគឺ​រាប់តាំងពីរោងពិធី គ្រឿងរណ្តាប់ និងកិច្ចផ្សេងៗ ដែលរាប់ត្រួសៗមាន​ដូចជា​ រានហៅព្រលឹងស្រូវ រាន​យម​រាជ រាន​ពុទ្ធគុណ កិច្ច​ក្រុងពាលី កិច្ច​បួង​សួង​ភ្នំស្រូវ ហៅព្រលឹងស្រូវ និងជញ្ជាត់​ព្រលឹងស្រូវ។

តាមប្រសាសន៍ព្រឹទ្ធាចារ្យ​ខ្លះពន្យល់ថា​ ពីបុរាណ​​​​មុន​​​​​ធ្វើ​​​​ដារ​លាន​​ចាស់ៗ​ត្រូវ​​​រៀប​ចំ​​​ទី​តាំង​​សមរម្យមួយកន្លែង​​ ​ដោយ​ភាគ​ច្រើន​គេ​​ជ្រើស​​យក​​​វាល​ស្រែ​​ធំ​​ណា​មួយ​​​នៅ​កណ្តាល​ភូមិ​​សម្រាប់​​​រៀប​ចំ​សង់​រោង​​បុណ្យ​។ កិច្ច​ការ​ដំបូង​​នា​ពេល​នោះ គឺ​ត្រូវ​​​ជម្រះ​គល់​​ជញ្ជ្រាំង​ស្រូវ​​ឱ្យ​រៀប​​ស្មើ​​ ហើយ​បន្ទាប់​មក​​​ចាស់​បុរាណ​​​នៅ​​តំបន់​ខ្លះ​ លោក​​តែង​​យក​លាមកគោ​​ស្រស់ៗ​​លាយ​ជា​មួយ​ទឹក​និង​ដី​ដំបូក​​ឱ្យ​ជ្រាយ​ល្ម​ម រួច​​ចាក់​ពង្រាយ​​​​​លើ​​ផ្ទៃ​ដី​​នោះ ដោយ​​យក​រនាស់​ដៃ​​​​​កៀរ​ឱ្យ​ស្មើ​​​ទុក​ឱ្យ​ស្ងួត​ ដែល​ដំណាក់​កាល​នេះ​លោក​ហៅ​ថា​ “​ឡើង​​​​លាន”​។ គោល​បំណង​​​​នៃ​ការ​ធ្វើ​បែប​​នេះ​ គឺ​ដើម្បី​ឱ្យ​​បាន​​ទីធ្លា​​រាប​ស្មើ​ធំ​ទូលាយ​​​​ងាយ​ស្រួល​សម្រាប់​ប្រារព្ធ​ពិធី។​ ប៉ុន្តែ​​​សម័យ​ក្រោយ​ៗមក​​រហូត​ដល់​​​​បច្ចុប្បន្ន​ ​ប្រជា​កសិករ​​បាន​ប្រើ​​កន្ទេល​​ ឬវត្ថុ​​ផ្សេងៗ​​ទៀត​​ជា​ជំនួស​​​លាន​លាមក​គោ​នោះ​​វិញ​។ បច្ចុប្បន្នបើ​នៅតំបន់អង្គរ ខេត្ត​សៀមរាប ​ក្នុង​ភូមិខ្លះអ្នក​ស្រុក​ច្រើន​ប្រារព្ធធ្វើ​នៅ​សាលាបុណ្យប្រចាំភូមិតែម្តង។

ដូចបាន​បញ្ជាក់ជូនខាងដើម បុណ្យ​ដារ​លាន​តែងភ្ជាប់នឹង​កិច្ច​ក្នុង​ពុទ្ធសាសនា​ និង​កិច្ច​ក្នុងជំនឿជីវចល។ ដូច្នេះ​នៅ​ពេល​​ដល់​វេលា​កំណត់​​ អ្នក​​ភូមិ​​តែង​បាន​ជួប​ជុំ​គ្នា​​រៀប​​ចំ​គ្រឿង​​​រណ្តាប់​​ផ្សេងៗ​​​​សម្រាប់​បូជា​​ចំពោះ​ព្រះរតន​ត្រៃ​​ និង​​ទីសក្ការៈក្នុង​ភូមិ​​ទុក​ជា​ស្រេច​។ កិច្ច​ដំបូង​​​ ​​អា​ចារ្យ​​ចាត់​ចែង​​រៀប​ចំ​​គ្រឿង​​ពលិការ​​​បូជា​​​​​បួង​សួង​សុំ​​​ម្ចាស់​​​​ទឹក​ម្ចាស់​​​​ដី​​។ រីឯស្រូវ​​​ដែល​​អ្នក​ភូមិ​យក​មក​ចូលរួមពិធីទោះបីតិចឬច្រើនក្តី គេ​តែង​រៀប​ចំ​​ចាក់​ជា​ធារ​រួម​គ្នា ធ្វើ​​​​ជា​ពំនូក ឬដាក់នៅទីសមរម្យ​ណាមួយ ​ដែល​គេ​ហៅ​ថា​ “​ភ្នំ​ស្រូវ”​​​​។ ​លុះ​​អ្នក​​ភូមិ​បានចូល​រួម​​ពូន​​ជុំ​គ្នា​​​​ស្រេច​បាច់​ហើយ​ អាចារ្យ​​ក៏​ចាប់​ផ្តើម​ធ្វើ​កិច្ច​បំបួស​ភ្នំ​ស្រូវ​នោះ។ ក្នុង​កិច្ចបំបួស​នោះសោត គេ​​​នាំ​គ្នា​​អុជ​ធូប​​​ដោត​លើ​គំនរ​ស្រូវ​ ​ដោយខ្លះ​​បន់​ស្រន់​​​ប្រាថ្នា​រៀង​ៗ​​ខ្លួន​ ពិសេស​​បួង​សួង​សូម​ឱ្យ​​មាន​ភ្លៀង​​ធ្លាក់​គ្រប់​គ្រាន់​ ភោគ​ផល​​ស្រូវ​អង្ករ​ និង​ដំណាំ​​នានា​​បាន​ផល​ល្អ​​ប្រសើរ​​នា​ឆ្នាំ​ក្រោយ​ទៀត​។ ចូលដល់​វេលា​ព្រលប់ តំបន់​ខ្លះ​​ក៏​មាន​និមន្ត​​ព្រះ​សង្ឃ​​សូត្រ​មន្ត​ និង​សម្តែង​​​ធម្ម​ទេស​នា​​ផង​ដែរ​។ ព្រឹកឡើងគេ​​និមន្ត​ព្រះ​សង្ឃ​ឆាន់ ​រួចហើយ​ទើប​ធ្វើ​កិច្ច​​ផ្សឹក​ភ្នំស្រូវ​នោះ​ឲ្យ​មក​ជាវត្ថុធម្មតា ​និង​នាំ​គ្នា​វេរ​ប្រ​គេន​ព្រះ​សង្ឃ​​យក​​ទៅ​ប្រើ​ប្រាស់​តាម​សេចក្តី​​ត្រូវ​ការ​។

ដោយឡែកទំនៀមពាក់ព័ន្ធនឹង​ “ស្រូវ” នៃរដូវប្រមូលផលនេះ គេឃើញមាន​ការ​ប្រារព្ធនៅទីផ្សេងទៀត ក្នុងទិដ្ឋភាពផ្សេងដែរ។ អ្នកភូមិចំណុះវត្តរុន នៃស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប ធ្វើកិច្ចបន្តិចបន្តួច​នៅខ្ទមអ្នកតា (តាជ័យ, យាយស្រី) ស្ថិតក្នុងវត្ត។ បើតាមសង្កេត​កិច្ច​នៅទីនេះពុំដែល​មាន​​​ភ្លេង​ ឬកិច្ច​បញ្ចូលបញ្ជាន់រូបឡើយ។ ប៉ុន្តែជាទូទៅអ្នក​ភូមិ​តែងមូលមាត់គ្នា​​កំណត់ធ្វើ​នៅថ្ងៃ​៣កើត ខែមាឃ ហើយនាំយក​ម្ហូប​ចំណី ជាពិសេស​ “ស្រូវ” និង​អង្ករ (ក្នុង​នោះ​​អ្នកខ្លះមាន​នំបញ្ចុក ឬអំបុក​) មក​ដាក់​សែន​ក្នុង​ខ្ទម​អ្នក​តា​។ ចំពោះ​ម្ហូប​ចំណី ពេល​ចប់កិច្ច​សែន​បីបទ​រួច​ គេយកទៅចាក់​ក្បែរ​ខ្ទមអ្នកតា។ ចំណែក​ស្រូវ​ និង​អង្ករ​ គេទុកជា​ដង្វាយនៅក្នុង​ខ្ទមអ្នកតា​នោះ។

សរុប​មក​ ដារលាន​និង​ទំនៀមខ្លះក្នុង​ចុង​រដូវ​​ប្រមូល​ផលស្រូវ​ មាន​ច្រើន​របៀប​​ទៅតាម​ភូមិស្រុក។ ប៉ុន្តែទំនៀម​ទាំង​នោះ ក្រៅ​ពី​មាន​អត្ថន័យ​​និង​ខ្លឹម​សារ​ពាក់​ព័ន្ធ​នឹង​ជំនឿ​ផ្សេងៗ​​ក្នុង​បរិបទ​ទូទៅ​នៃ​សង្គម​ខ្មែរ​ដែល​ទុកស្រូវ​​ជា​ព្រះមេ គឺវាស្តែងឲ្យ​ឃើញ​ពីការសាទរ​ភោគផលផង និងការដឹងគុណទៅដល់អ្នកតាជាម្ចាស់ទឹកដី ជួយ​ឲ្យភោគ​​ផល​នោះ​បាន​​សម្បូរហូរ​ហៀរ។ មិនតែប៉ុណ្ណោះក្នុងជំនឿពុទ្ធសាសនិក ដារលាន​ក៏ជា​ឱកាស​ធ្វើបុណ្យកុសល ​ដែល​កើត​ពីផលស្រូវដំបូងចំពោះ​ព្រះសង្ឃ៕

អត្ថបទដោយ៖ ហៀង សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,900SubscribersSubscribe
- Advertisement -spot_img