ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿសាវតារវត្តរកាកណ្តាល និងព្រះវិហារបុរាណ

សាវតារវត្តរកាកណ្តាល និងព្រះវិហារបុរាណ

វត្តរកាកណ្តាលមានឈ្មោះ​មួយ​​ទៀត​ថាវត្តបទុមមុនីសុវណ្ណារាម ​ហើយ​ទំនង​ជា​​វត្ត​ចាស់​​ជាង​​​គេ​ក្នុង​ខេត្ត​ក្រចេះ កសាង​នៅ​ប្រប​ដងទន្លេ​មេគង្គលើ។ ចាប់តាំងពីកកើត​វត្ត​មកដល់បច្ចុប្បន្ន វត្តនេះបានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធដោយ​អន្លើ។ ក្នុង​​សម័យ​សង្គម​រាស្រ្ត​និយម​ ព្រះ​សង្ឃ​និង​ពុទ្ធបរិស័ទ​ បាន​មូលមាត់រំកិល​បរិវេណ​វត្តថយ​ឆ្ងាយ​ពីច្រាំង​ទន្លេមកទិសខាង​កើត។ ​បច្ចុប្បន្នផ្ទៃដី​វត្ត​​ពុះចែក​ដោយ​ផ្លូវ​ជាតិមួយខ្សែ ខណ្ឌផ្នែក​ខាងខាលិចជាប់​​ផ្លូវ​ចាស់​មាត់ទន្លេ គឺជា​បរិវេណ​​​​សំណង់​បេតិ​ក​ភណ្ឌដែលមាន​ព្រះវិហារ​បុរាណមួយ​ដ៏ល្បីល្បាញ។ ផ្នែក​ខាងកើត គឺជាបរិវេណ​វត្ត​​​​ដែល​​មាន​ព្រះវិហារ​ថ្មី សាលាឆាន់ សាលា​បាលី និង​កុដិ​ព្រះសង្ឃ​គង់​​នៅសព្វថ្ងៃ។

យោងតាម​ឯកសារ​សាវតារវត្ត​​ឲ្យ​ដឹងថា​ វត្តរកា​កណ្តាល​​ចាប់ផ្តើម​កសាង​​ក្នុង​ព.ស.​២៣៨១(ឆ្នាំ១៨៣៨) ដោយសទ្ធា​របស់​បងប្អូនប្រុស​ពីរនាក់គឺ ឧកញ៉ា នរេន្ទ ប៉ូច (ជាបង) និង​ភរិយា​ឈ្មោះ ទៀង ព្រម​ទាំង​ប្អូន​ឈ្មោះ ក្រឡាពាស ទៀង និង​ភរិយាឈោ្មះ ណិប។ គ្រា​​កសាងដំបូងវត្ត​នេះ​​មិន​ទាន់​មាន​វិហារ​ទេ មានតែកុដិតូចៗប្រក់ស្បូវ រហូតដល់ព.ស.​២៤០៣(​ឆ្នាំ​១៨៦០) ទើបកសាងព្រះវិហារប្រក់ស្បូវ​បញ្ចុះសីមា​ជារោង​ឧបោសថ។ នៅរវាង​ព.ស.២៤១៩(ឆ្នាំ​១៨៧៦) ព្រះសង្ឃ​និងពុទ្ធ​បរិស័ទ​បាន​រុះរើ​ព្រះវិហារ​ប្រក់ស្បូវនោះ ហើយកសាង​ព្រះវិហារ​ប្រក់ក្បឿង​ជំនួស​វិញ។ លុះ​ដល់ព.ស.២៤៥២(ឆ្នាំ​១៩០៩) ព្រះសង្ឃ ​និង​ពុទ្ធបរិស័ទ​​បាន​ឯកភាព​​​រុះរើ​ព្រះ​វិ​​ហារធ្វើសា​ឡើង​ជាថ្មីអំពី​ឥដ្ឋ និង​ស៊ីម៉ងត៍។ ប៉ុន្តែ​​ចាប់ពីក្រោយ​ឆ្នាំ​១៩៥១ ពោលគឺក្រោយ​រំកិល​បរិវេណ​វត្ត​ថយ​ឆ្ងាយពី​មាត់ទន្លេ ព្រះវិហារបុរាណនេះទំនងពុំប្រើប្រាស់បន្តទៀតឡើយ ស្របពេល​​ព្រះ​វិហារ​ថ្មីបាន​កសាង​ក្នុងដើមទសវត្សទី៦០។

ដោយឡែក បើមើល​ចំពោះការវិវឌ្ឍ​សិល្បៈស្ថាបត្យកម្មព្រះវិហារបុរាណខាងលើ​ គឺ​បានចាប់ផ្តើមពី​ឆ្នាំ​១៨៦០ ត្រឹម​តែជា​រោង​ឧបោសថសង់អំពីឈើប្រក់ស្បូវ​ រហូត​ដល់​ឆ្នាំ១៩០៩​ បាន​​កែលម្អមកជា​សំណង់ឈើ​ប្រក់ក្បឿងនិង​ជញ្ជាំង​ឥដ្ឋ ហើយ​ដូចបាន​ឃើញ​សព្វថ្ងៃព្រះ​វិហារនេះ​​សង់នៅលើ​ខឿន​២ថ្នាក់។ ខឿន​ថ្នាក់ទី១ ​​កម្ពស់​ប្រហែល​ត្រឹមចង្កេះ ដែល​​ផ្នែក​ខាងកើត និង​ខាង​ជើង​មាន​ជណ្តើរ​៣កាំ។ ​ផ្នែកត្បូង និង​ខាង​លិចពុំមាន​ជណ្តើរ​ឡើយ ហើយ​នៅជាប់​ខឿន​ជ្រុងនិរតីមានដើម​រកាធំមួយដើម​។ ​ខឿន​ថ្នាក់ទី២ ​មានកម្ពស់ប្រហែល​កន្លះម៉ែត្រ។ ចំពោះ​រចនាសម្ព័ន្ធជញ្ជាំងព្រះវិហារ គេមើល​​ឃើញ​ជា​ទូទៅ​ពុំមាន​ក្បាច់​លម្អឡើយ ពោលគឺជា​ជញ្ជាំង​ឥដ្ឋកំបោរ​បាយអ សព្វថ្ងៃ​លាបពណ៌​លឿង​ស្រាល។ ជញ្ជាំង​ខាងកើតនិងខាងលិច​​មាន​ទ្វារម្ខាង​២ អម​កូនបង្អួចតូចៗ២ដូចគ្នា។ ប៉ុន្តែ​​ជញ្ជាំង​ខាង​ជើង​​មានទ្វារតែ១ អម​ដោយ​បង្អួច​តូចៗចំនួន​៥ ហើយ​ជញ្ជាំង​ខាងត្បូង​ពុំមាន​ទ្វារ​ចេញ​ចូល​ឡើយ​ មាន​តែបង្អួច​តូចៗ​ចំនួន​៦។ ក្រោយការ​ជួសជុល​ សន្លឹក​ទ្វារនិង​បង្អួច​នីមួយៗ​​​បាន​រចនា​​លម្អ​ដោយ​ក្បាច់​ទឹបទឹកមាសរំលេចលើ​ផ្ទៃពណ៌ខ្មៅ។

ចំណែក​ឯ​រចនាសម្ព័ន្ធដំបូលព្រះវិហារ គឺជា​ប្រភេទដំបូលកិង​ជហ្វា៤ ប្រក់​ក្បឿង​ស្រកា​​លេញជ្រាល​​ចុះ​២ថ្នាក់សងខាង ដែលគេនិយម​ហៅថា​ព្រះវិហារ​ជហ្វា៤ឬព្រះវិហារ​​បុរាណ។ នៅ​រងស្បូវ​ចុងដំបូលថ្នាក់ទី១ ពុំមានក្បាច់លម្អឡើយ​ តែរងស្បូវចុងដំបូល​​ថ្នាក់ទី២ លម្អ​ដោយ​ក្បាច់កញ្ចាំង(?) ​ឆ្លាក់ពីឈើ​យ៉ាង​រស់រវើក ​ព្រម​ទាំង​​ដាំកញ្ចក់​និង​មាន​ស្លាក​ស្នាម​លាប​ទឹក​មាសផង។ អ្វីដែល​ពិសេស នៅ​ចំណុចកណ្តាល និង​ខាងចុង​នៃក្បាច់​រង​ស្បូវមាន​ឆ្លាក់រូបតោ(?)និងសត្វស្លាបទាំងគូ។ រីឯ​នៅចុងចែង​ដំបូល​នីមួយៗ​លម្អនាគសន្លឹក ឬនាគដងក្តារ​។ ជហ្វា​​ទាំង​៤​លម្អ​ចុង​មេដំបូល​និង​ក្បាល​នាគចែង​ទាំង​អស់ សុទ្ធតែឆ្លាក់ពីឈើ​យ៉ាង​វិចិត្ររស់រវើក។

ហោជាង​ទាំង២នៃព្រះវិហារ ក៏សុទ្ធសឹងលម្អដោយក្បាច់ឆ្លាក់ពីឈើ។​ ហោជាង​មុខនិង​ហោ​ជាងក្រោយឆ្លាក់រូបដូចគ្នា តែហោជាងខាងក្រោយដែល​បែរ​ទៅទន្លេ ហាក់​ពុកផុយរបេះបកក្បាច់ដោយ​អន្លើ។ នៅផ្ទៃកណ្តាលនៃហោជាង​ទាំង២នេះ គេឆ្លាក់​បង្ហាញ​រូប​ទេពទ្រង់​ម្កុដគង់លើ​បល្ល័ង្ក ព្រះហស្ត៤កាន់ព្រះខ័ននិងកងចក្រជាកេតនភណ្ឌ តែ​នៅ​លើ​ហោ​ជាង​​ក្រោយប្រហែល​របេះបាត់ព្រះហស្ត២ ដែលកាន់កងចក្រ។ អមបល្ល័ង្កនោះ មាន​រូប​ហនុមាន(?)កាន់ព្រះខ័ន​កំពុងលើកដៃប្រណមចំពោះទេពនោះ។ រីឯផ្ទៃខាងក្រោយគេរចនា​ជា​ក្បាច់ភ្ញីភ្លើង​ ហើយនៅគល់ហោជាង​គេឆ្លាក់ក្បាច់​ភ្ញីទេស រំលេចដោយ​រូប​យក្ស និង​មនុស្ស​កំពុង​លើកទ្រហោជាងខាងលើ។

ផ្នែកខាងក្នុងព្រះវិហារ បច្ចុប្បន្នឃើញមាន​តម្កល់​ព្រះពុទ្ធបដិមា១ព្រះអង្គ​តូច និង​គ្រឿង​សក្ការ​​បូជា​ផ្សេងៗនៅ​លើ​អាសនៈ​ក្បែរជញ្ជាំង​ផ្នែក​​ខាងលិច​ តែពុំមានព្រះជីវ៍ធំដូចព្រះវិហារដទៃឡើយ។ នៅ​ផ្នែក​កណ្តាល​ព្រះវិហារមាន​សសរ​ឈើមូល​ចំនួន​២ជួរអមល្វែងគ្រឹះ និងសសរ​ឈើ​មូល​២ជួរទៀតជាសសររបៀង (ជាប់ជញ្ជាំង)។ សសរនីមួយៗសុទ្ធតែលម្អ​​ក្បាច់ទឹបមាស រំលេច​គំនូរ​រូបនាគព័ន្ធព័ទ្ធពីក្បាល​សសរ​ចុះ​មក និងក្បាច់ផ្សេងៗតាំងពីក្បាល​សសរ​មក​ដល់ក្រោម​។ ចំណែក​​គ្រឿងបង្គុំ​ផ្នែកដំបូល សុទ្ធតែឈើទាំង​អស់​ហើយ​​ខ្លះ​​ដាប់​ឆ្លាក់​រំលេចឲ្យ​ចេញ​ជា​​​​ក្បាច់​ និងផ្នែក​ខ្លះ​ទៀត​លម្អ​ដោយ​ទឹបមាសយ៉ាង​ប្រណីតល្អិត​ល្អវិចិត្រ​ប្លែក ពោលគឺ​ទាំង​មេដំបូល ជន្ទល់មេដំបូល ធ្នឹម ផ្តោង និង​ផ្លាន គឺមាន​ក្បាច់​លម្អទាំងអស់ ដែល​គួរ​ឲ្យ​កោត​សរសើរនូវ​ទឹកដៃទេពកោសល្យ​សិល្បៈដ៏ក្រៃលែង។

នៅផ្នែកខាងក្នុងនៃព្រះវិហារ​បុរាណនេះដែរ ក៏មានគំនូរសេសសល់​ពីការ​ខូចខាត​​ខ្លះគូរនៅលើហប់ខ្យល់ ហើយ​គូរជា​ប្រភេទ​គំនូរបុរាណ។ អ្នកស្រាវជ្រាវ ដានីញែល​ និង​   ដូមីនិក-ព្យែរ ហ្គេរេត៍ (Danielle & Dominique-Pierre Guéret) យល់ថាគំនូរ​នោះជាគំនូរ​ពុទ្ធប្រវត្តិលាយ​គ្នា​ជាមួយ​ឈុត​ឆាក​ខ្លះៗ​នៃរឿង​ជាតក និង​រឿង​រាមកេរ្តិ៍​​នៅផ្នែកខាងក្រោម។ អ្នក​ស្រាវជ្រាវទាំង​២យល់ថា គំនូរ​​នេះគឺមាន​តែមួយគត់ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ​យ៉ាង​ណា​ក្តី សព្វថ្ងៃគេឃើញមានគំនូរនៅសល់២ផ្ទាំង​ស្ថិតនៅលើហប់ខ្យល់ ដែល​ទំនង​​គូរដក​ស្រង់​ពីព្រេងកថាណាមួយ​ក្នុង​ពុទ្ធប្រវត្តិ ហើយ​សិល្បៈគូរ​គំនូរ​បុរាណ​​​លើហប់ខ្យល់បែបនេះ គេឃើញនៅតាមព្រះវិហារ​បុរាណផ្សេងទៀតដូចជា វត្ត​ចិនដំដែក (ភ្នំពេញ), វត្ត​ពុទ្ធា (ត្បូងឃ្មុំ), និង​វត្ត​ល្វេ (កំពង់ចាម)ជាដើម។  ​

សង្ខេបសេចក្តីមក ទីវត្តរកាកណ្តាលកកើតឡើងតាំងពី​ចុងសតវត្សទី១៩ ហើយ​ព្រះវិហារ​បុរាណ​ដែល​គង់វង្សដល់សព្វថ្ងៃកសាងឡើងក្នុងដើមសតវត្សទី២០ តែ​បាន​ជួស​ជុល​ថែទាំ​ជាបន្តបន្ទាប់ រហូត​ដល់បច្ចុប្បន្ន​មាន​អាយុកាល​១១៦ឆ្នាំ​(១៩០៩-២០២៥)។ រីឯ​គំនូរ​ និងសិល្បៈស្ថាបត្យកម្មនៃសំណង់បេតិកភណ្ឌនេះ គឺបង្ហាញពីកម្រិត​ទេព​កោសល្យ​សិល្បៈ​ដ៏​ល្អវិចិត្រក្រៃលែង។ ប៉ុន្តែជាអកុសល ផ្នែកជាច្រើន​នៃគំនូរ​បាន​ខូចខាតរលុប​បាត់​ដាន​ ដែលគួរតែមានការ​សិក្សា​ស្រាវជ្រាវ​បន្ថែម ដើម្បីយល់ពីតម្លៃនៃសំណង់នបុរាណ​នេះ​កាន់តែស៊ីជម្រៅថែមទៀត៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,900SubscribersSubscribe
- Advertisement -spot_img