ក្នុងសង្គមខ្មែរ “ខ្លែង” មានសណ្ឋានច្រើនបែបយ៉ាងណាស់ អាស្រ័យទៅតាមគំនិតនិងសិល្បៈច្នៃប្រតិដ្ឋបង្កើតឡើងប្រកបដោយចំណេះចេះតជំនាន់មក។ បើនិយាយត្រឹមតែខ្លែងសម្រាប់បង្ហើរជាល្បែងកម្សាន្តលេងម្ដងម្កាល វត្ថុនោះសាមញ្ញធម្មតា ហើយក្មេងទូទៅនៅតាមស្រុកស្រែជនបទក៏អាចធ្វើសម្រាប់លេងដោយខ្លួនឯងបានដែរ ដ្បិតគេអាចយល់អំពីរបបខ្យល់បក់ កម្លាំងខ្យល់ និងទិសខ្យល់ជាដើម។ ប៉ុន្តែបើនិយាយចំពោះប្រភេទខ្លែងម្យ៉ាងហៅថា “ខ្លែងឯក” គឺមានលក្ខណៈពិសេសផ្សេងដោយឡែកក្នុងវប្បធម៌ខ្មែរ បើធៀបនឹងខ្លែងទូទៅធម្មតា ឬខ្លែងបរទេសនានា។ ពោលគឺខុសគ្នាលើផ្នែករូបរាង វិធីធ្វើ រដូវកាលលេង និងជាពិសេសគឺ ជំនឿ ព្រមទាំងប្រពៃណីជាប់នឹងខ្លែង។
ពាក់ព័ន្ធកំណើតខ្លែងឯកនេះ គ្មានឯកសារណាកំណត់ច្បាស់លាស់ ថាមានឡើងតាំងពីត្រឹមណាមកឡើយ ដ្បិតខ្លែងឯកអាចចាត់ទុកបានជាមត៌ក ដែលមានជីវិតដិតជាប់នឹងសង្គមខ្មែររាប់តំណតមក។ ប៉ុន្តែក្នុងគ្រាខ្លះ គេអាចលើកការនិទានផ្សេងៗមករៀបរាប់បញ្ចប់ចម្ងល់ពាក់ព័ន្ធនឹងកំណើតខ្លែងឯក។ ជាក់ស្តែងអ្នកខ្លះយល់ថារឿងធ្នញ្ជ័យ ក៏ជាប្រវត្តិបង្កើតខ្លែងដែរ គ្រាដែលស្តេចស្រុកចិនចាប់ធ្នញ្ជ័យដាក់គុកសំរឹទ្ធ។ នៅក្នុងពេលនោះធ្នញ្ជ័យកើតប្រាជ្ញាធ្វើខ្លែងឯកបង្ហោះរាល់យប់ រហូតស្តេចចិនយល់ថាជាហេតុមិនល្អក្នុងនគរ ក៏បានដោះលែងធ្នញ្ជ័យវិញ។ យោងឯកសាររបស់ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ មានរឿងមួយនិទានថាមានព្រះរាជាមួយអង្គទ្រង់បានយកទង់ព្រលឹងរបស់ព្រះរាមដែលសោយទិវង្គត ទៅធ្វើជាខ្លែង បំណងឱ្យព្រលឹងរបស់ព្រះរាមបានទៅកើតនៅឋានសួគ៌។ ចំណែកនិទានមួយទៀតបានបង្ហាញដោយឡែកយ៉ាងដូច្នេះថា ដើមឡើយមានជនជាតិភាគតិចម្នាក់ឈ្មោះ កាលែងពោនង បានធ្វើខ្លែងឱ្យចៅលេងកម្សាន្ត។ ដោយពុំដឹងហៅឈ្មោះខ្លែងនោះយ៉ាងដូចម្តេច អ្នកស្រុកក៏ហៅតាមឈ្មោះតាម្ចាស់ខ្លែងនោះតែម្តង។ ចំណេរក្រោយមកសំនៀងអានថា “កាលែងពោនង” ក៏ក្លាយជា “ខ្លែងព្នង” ដែលជាឈ្មោះខ្លែងមួយបែបទៀតហៅសំដៅ “ខ្លែងឯក”។
តាមរយៈនិទានខាងលើស្តែងឱ្យឃើញថា ទោះបីពុំមានឯកសារជាក់លាក់បង្ហាញថាខ្លែងឯកកើតឡើងក្នុងសម័យណាក៏ដោយ តែខ្លែងឯកតែងស្ថិតក្នុងចិត្តអ្នកស្រុកជានិច្ចរៀងមក។ បើក្នុងព្រះរាជពិធីទ្វាទសមាស បានចអង្អុលឯកសារ៣ ពាក់ព័ន្ធនឹងព្រះរាជពិធីបង្ហើរខ្លែងប្រារព្ធនៅក្នុងខែមិគសិរ។ ឯកសារទី១ គឺ “ព្រះរាជពង្សាតារប្រទេសកម្ពុជារជ្ជកាលព្រះបាទហរិរក្ស(ព្រះបរមកោដ្ឋ)” របស់ឧកញ៉ាយោមរាជ ឈុន នៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត លេខគ-២៨។ ឯកសារទី២ គឺ “ទំនៀមខ្មែរ” របស់ឧកញ៉ាវង្សាឧទ័យ អតីតចៅហ្វាស្រុកស្ទោង(កំពង់ធំ) និងឯកសារទី៣ គឺ “ព្រះរាជពិធីទ្វាទសមាស” របស់ឧកញ៉ាមហាមន្រ្តី ល្មុត ចាងហ្វាងក្រុមព្រះរាជមន្ទីរ ហើយដែលឯកសារទាំង៣នេះមានសេចក្តីថាខែមិគសិរ បង្ហើរខ្លែងថ្វាយព្រះចូឡាមណីចេតិយ បញ្ចុះព្រះកេសធាតុឯស្ថានត្រៃត្រឹង្ស។ តាមសៀវភៅពិធីប្រចាំដប់ពីរខែ នៅថ្ងៃពេញបូណ៌មី ខែមិគសិរ ពេលព្រឹកគេនិមន្តព្រះសង្ឃឆាន់ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ដល់វេលាយប់ ព្រះករុណា និងនាម៉ឺនសព្វមុខមន្រ្តីទ្រង់ធ្វើពិធីបង្ហើរខ្លែងថ្វាយចំពោះទេវតា។ ព្រះករុណា ឬរាជតំណាងទ្រង់យាងអុជគោមដែលចងភ្ជាប់នឹងតួខ្លែង ដែលមានព្រះសង្ហារជាសម្គាល់ផង រួចទើបគេលែងខ្លែងឲ្យអណ្តែតឡើងទៅលើអាកាសទាល់អធ្រាតទើបឈប់។ គេទាយដំណើរទឹកភ្លៀងនៅឆ្នាំមុខ ដោយយកដំណើរដែលខ្លែងហោះឡើងនេះ។ ប៉ុន្តែព្រះរាជពិធីនេះ គេពុំដឹងថាខកខានពុំបានប្រារព្ធតាំងពីសម័យណាមកឡើយ។ ទោះបីយ៉ាងណាក្តី ក្រោយសង្រ្គាមបានបញ្ចប់ ចាប់ពីឆ្នាំ១៩៩៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំប្រារព្វពិធីបង្ហើរខ្លែងទូទាំងប្រទេស ក្នុងគោលបំណងស្តារនិងថែរក្សាប្រពៃណី ទំនៀមទម្លាប់ជាតិ ឲ្យគង់វង្សរហូតដល់សព្វថ្ងៃ (រូបលេខ២-៣)។
បច្ចុប្បន្នគេមើលឃើញថា ការធ្វើខ្លែងឯកពិបាកជាងខ្លែងធម្មតា ដ្បិតគេត្រូវធ្វើមានក្បួនខ្នាតត្រឹមត្រូវ គួបផ្សំនឹងទេពកោសល្យម្នាក់ៗ ដែលត្រូវយល់ពីទម្រង់ខ្លែង ការធ្វើឯក សិល្បៈរចនាលម្អលើខ្លែង និងយល់ពីជំនោរខ្យល់នៃរដូវបង្ហើរខ្លែងក្នុងស្រុកភូមិរបស់គេ។ ខ្លែងឯកដែលបុរាណនិយមធ្វើតែងមានទំហំធំៗ មានប្រវែងស្លាបទាំងសងខាងពី៣ ទៅ៤ ម៉ែត្រក៏សឹងមានដែរ។ ចំពោះផ្នែកសំខាន់ៗនៃខ្លែងឯកបើរាប់ចុះពីលើមកក្រោមដូចជា ផ្នែកក្បាល (បំពាក់ឯក) ស្លាប ចង្កេះ កូន កន្ទុយទា ឬជើងទា និងភ្ជាប់ដោយកន្ទុយមួយគូយ៉ាងវែងនៅពេលបង្ហើរ។ អ្នកធ្វើខ្លែងឯក ត្រូវចេះលៃទំហំផ្ទៃខ្លែង បិតឫស្សីធ្វើឆ្អឹង ធ្វើកន្ទុយ ចាក់ខ្សែទ្រូង និងជាពិសេសបំផុតគឺការចេះធ្វើ “ឯក” ឱ្យមានសំឡេងពីរោះ មិនស្អក។ ផ្ទៃខ្លែងគេអាចធ្វើពីក្រដាស ឬក្រណាត់ ឬប្លាស្ទិកក៏បាន ឆ្អឹងខ្លែងធ្វើពីឫស្សីចាស់ ទន់រលាស់មិនស្រួយបាក់។ ដងឯកធ្វើពីឫស្សី តែអណ្ដាតឯកអាចធ្វើពីផ្ដៅបិតឲ្យស្តើង ឬបណ្ដូលស្លឹកត្នោត។ ដោយឡែក កន្ទុយខ្លែងឯកតែងមានមួយគូ ឬពីរគូ ដែលអាចមានប្រវែង ម្ខាងៗចាប់ជាង១០ ម៉ែត្រ ទៅ២០ម៉ែត្រ អាស្រ័យតាមទំហំខ្លែង ហើយអាចធ្វើពីស្លឹកត្នោត ឬស្លឹកទ្រាំងក៏កាន់ប្រសើរ។ សូមបញ្ជាក់ថា ខ្លែងឯកច្រើនតែមនុស្សចាស់ ឬមនុស្សពេញកម្លាំងជាអ្នកបង្ហើរ ដ្បិតក្មេងកម្លាំងពុំដល់ខ្លែងទេ។
តាមចំណាំនៅជនបទ អ្នកស្រុកច្រើនចាប់ផ្តើមបង្ហើរខ្លែងវេលាទៀបភ្លឺ ដ្បិតពេលនោះជំនោរខ្យល់ស្មើល្អធ្វើឲ្យខ្លែងហោះបានខ្ពស់ មានលំនឹង ហើយបន្លឺសំឡេងឯកបានពីរោះ។ មិនតែប៉ុណ្ណោះ គេអាចបង្ហើរចងខ្សែចោលមួយរយៈ រួចទៅធ្វើកិច្ចការអ្វីផ្សេងៗក៏សឹងបាន។ សព្វថ្ងៃក្រៅពីបង្ហើរលេងកម្សាន្តក្នុងរដូវលម្ហើយ ខ្លែងឯកតែងមានវត្តមានក្នុងកម្មវិធីតាមសហគមន៍ និងព្រឹត្តិការណ៍ខ្លែងថ្នាក់ជាតិ-អន្តរជាតិជាដើម។ លើសពីនេះ គេតែងសម្គាល់ឃើញខ្លែងឯកបច្ចុប្បន្នតែងរំលេចដោយក្បាច់រចនា ឬគំនូរផ្សេងៗ ជាអត្តសញ្ញាណរបស់សហគមន៍ ឬរបស់ក្រុមណាមួយ ឬរំលេចសារប្រវត្តិសាស្រ្តលើផ្ទៃខ្លែង។ ជាក់ស្តែងថ្មីៗនេះ ក្រុមយុវជនខ្លែងមួយក្រុមបានរូបគ្នាបង្ហើរខ្លែងក្នុងន័យទាមទារសន្តិភាពសម្រាប់កម្ពុជា បានគូរភ្ជាប់នូវរូបភាពវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលយោធាថៃចាប់ជាចំណាប់ខ្មាំងកាលពីខែកក្កដា ឆ្នាំ២០២៥។
លើសពីអ្វីដែលរៀបរាប់ខាងលើ មួយរយៈចុងក្រោយនេះខ្លែងឯក៏បានក្លាយទៅជាប្រធានបទនៃទម្រង់សិល្បៈរបាំ និងការតុបតែងរចនាបង្ហាញម៉ូតផងដែរ។ ក្នុងឆ្នាំ២០២០ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានដំឡើង “របាំខ្លែងឯក” ដឹកនាំដោយអ្នកគ្រូរបាំ ឈឹម ណាលីន ចូលរួមប្រឡងប្រជែងក្នុងទិវាវប្បធម៌ជាតិ លើកទី២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” និងទិវាសប្បុរសធម៌លើកទី១១។ របាំខ្លែងឯកនេះ ជាទម្រង់របាំប្រជាប្រិយបង្ហាញពីទិដ្ឋភាពអ្នកស្រែក្រោយរដូវច្រូតកាត់បោកបែន ជាពិសេសគឺការលេងបង្ហើរខ្លែង។
សរុបខ្លីមក ខ្លែងឯកពិតជាមានអត្ថន័យជ្រៅក្នុងបរិបទវប្បធម៌ និងសង្គមខ្មែរ ដ្បិត ឃើញអ្នកស្រុកអ្នកស្រែបន្តលេងហូរហែដល់បច្ចុប្បន្ន។ ក្នុងគំនិតអ្នកសិក្សាស្រាវជ្រាវខ្លះសំយោគថា ខ្លែងឯកក៏មានជំនឿជាប់នឹងរឿងអាកាសធាតុ ខ្យល់ និងភ្លៀងដែរ ដូចឃើញមានចែងខ្លះក្នុងទំនៀមព្រះរាជពិធីទ្វាទសមាសផង។ មិនតែប៉ុណ្ណោះ ក្នុងគំនិតថ្មីនៃការចូលរួមទ្រទ្រង់រក្សាខ្លែងឯក យុវជនជំនាន់ថ្មីផ្តើមកែច្នៃទៅតាមទម្រង់សិល្បៈផ្សេងៗកាន់តែសម្បូរបែប។











អត្ថបទដោយ៖ ហៀន សុវណ្នមរកត





