ទំព័រដើមប្រវត្តិសាស្ត្របដិមាព្រះអធ៌នារីស្វរមកពីតំបន់កោះកេរ

បដិមាព្រះអធ៌នារីស្វរមកពីតំបន់កោះកេរ

ក្នុងអំឡុងសង្រ្គាមស៊ីវិល (ទសវត្សរ៍១៩៧០-១៩៩០) វត្ថុបុរាណខ្មែរជាច្រើនសន្ធឹកសន្ធាប់ ត្រូវបានជនទុច្ចរឹតលួចយកចេញ និងចរាចរលក់ដូរដោយខុសច្បាប់ទៅក្រៅប្រទេស។ ទោះបីជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ បានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការទាមទារត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរទាំងនោះមកកាន់ប្រទេសកម្ពុជាវិញ។ ជាក់ស្តែង នៅខែកក្កដា ឆ្នាំ២០២៤ វត្ថុបុរាណខ្មែរចំនួន ៧០ ដុំ បានវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលក្នុងចំណោមនោះមានបដិមាសំខាន់ៗចំនួន ៣៣ ដុំ ត្រូវបានប្រគល់មកវិញដោយគ្រួសារ Lindemann នៃសហរដ្ឋអាមេរិក។ វត្ថុបុរាណទាំងនោះភាគច្រើនមានប្រភពមកពីតំបន់ប្រាសាទកោះកេរ ដែលជាអតីតរាជធានីខ្មែរនៅស.វ.ទី១០។ គួរឱ្យចាប់អារម្មណ៍ ក្នុងចំណោមវត្ថុបុរាណទាំងនោះ មានបដិមាព្រះអធ៌នារីស្វរចំនួន ១ អង្គ ដែលមានប្រភពដើមមកពីប្រាសាទក្រចាប់ នៃតំបន់កោះកេរ ដែលជនទុច្ចរឹតលួចយកចេញកាលពីទសវត្សរ៍១៩៩០។ តើអ្វីទៅជាព្រះអធ៌នារីស្វរ? តើបដិមាព្រះអធ៌នារីស្វរមកពីតំបន់កោះកេរនេះមានលក្ខណៈដូចម្តេច?

ព្រះអធ៌នារីស្វរ គឺសំដៅដល់ទិដ្ឋភាពមួយនៃព្រះឥសូរដែលមានព្រះកាយមួយចំហៀងខ្លួនជាស្រី ដែលតំណាងឱ្យការរួមបញ្ចូលគ្នារវាងបុរសនិងស្ត្រី គឺព្រះឥសូរនៅខាងស្តាំ និងព្រះជាយារបស់ទ្រង់ដែលមានព្រះនាមថា “បវ៌តី” នៅខាងស្តាំ។ ការរួមបញ្ចូលគ្នានេះ ជានិម្មិតរូបបង្ហាញអំពីភោគផល និងការរក្សាតុល្យភាពនៃលោកតាមរយៈភាពផ្ទុយគ្នានៃភេទ។ យោងទៅតាមគម្ពីរសិវបុរាណបានរៀបរាប់ថា “ព្រះព្រហ្មដែលជាអ្នក​បង្កើតលោក បានបង្កើតតែបុរសតែប៉ុណ្ណោះ តែមិនអាចបង្កើតសត្វលោកឱ្យចេះបន្តពូជបាន។ ម្ល៉ោះហើយ ព្រះព្រហ្មបានទៅសុំពរពីព្រះឥសូរឱ្យជួយដោះស្រាយផលវិបាកនេះ។ ពេលនោះ ព្រះឥសូរក៏បង្ហាញព្រះកាយរបស់ទ្រង់ជាព្រះអធ៌នារីស្វរ ដែលមានលក្ខណៈប្រុសនិងស្រីរួមបញ្ចូលគ្នា ដើម្បីបង្ហាញដល់ព្រះព្រហ្មថា ដើម្បីអាចបង្កើតអ្វីៗគ្រប់យ៉ាងបាន គឺមិនអាចខ្វះ “សក្តិ” ដែលជាថាមពលភេទស្រីបានឡើយ។ បន្ទាប់ពីឃើញដូច្នេះហើយ ព្រះព្រហ្មក៏បង្កើតមនុស្សស្រីឡើង”។ រីឯគម្ពីរស្កន្ទបុរាណរៀបរាប់ថា “ព្រះនាងបវ៌តីមានភក្តីភាពយ៉ាងជ្រាលជ្រៅចំពោះព្រះឥសូរ ហើយប្រាថ្នាចង់ឱ្យព្រះនាងនិងព្រះឥសូរលែងបែកបាក់គ្នាទៀត និងចង់បានភាពពេញលេញជាមួយព្រះស្វាមីរបស់ទ្រង់។ ព្រះនាងបានធ្វើតបយ៉ាងតឹងរ៉ឹងបំផុត ដើម្បីបួងសួងឱ្យសេចក្តីប្រាថ្នារបស់ព្រះនាងបានសម្រេច។ ក្រោយមក ដោយមានព្រះហឫទ័យរំជួលចិត្តនឹងភក្តីភាពរបស់ព្រះនាង ព្រះឥសូរក៏បានយល់ព្រមតាមសេចក្តីប្រាថ្នារបស់ព្រះនាង ដោយបានរួមបញ្ចូលព្រះកាយព្រះនាងបវ៌តីឱ្យក្លាយទៅជាចំណែកមួយនៃព្រះអង្គកាយរបស់ទ្រង់នៅផ្នែកខាងឆ្វេង ទើបពេលនោះហើយដែលទ្រង់បានក្លាយទៅជាព្រះអធ៌នារីស្វរ”

បដិមាព្រះអធ៌នារីស្វរដែលទើបទាមទារត្រឡប់មកកម្ពុជានេះ សាងឡើងអំពីថ្មភក់ឈរនៅលើទម្រមួយរាងបួនជ្រុងស្មើ ដែលកម្ពស់បដិមាមានប្រវែង១៧៣ស.ម. និងកម្រាស់៤៨ស.ម. ដែលមានប្រភពដើមមកពីប្រាសាទក្រចាប់ (តំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ) និងអាចចាត់ថ្នាក់ជាសិល្បៈខ្មែររចនាបថកោះកេរ  (គ.ស.៩២១ – ៩៤៥) ពោល គឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ឬព្រះបាទហស៌វរ្ម័នទី២។ សព្វថ្ងៃ គេកំពុងតម្កល់ និងដាក់តាំងបង្ហាញបដិមានេះនៅសារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ។ លក្ខណៈសម្គាល់ជាទូទៅរបស់បដិមានេះ គឺមានព្រះកាយម្ខាងខាងស្តាំជាទេពប្រុស (ព្រះឥសូរ) និងម្ខាងខាងឆ្វេងជាទេពស្រី (ព្រះនាងបវ៌តី ឬឧមា ដែលត្រូវជាព្រះជាយារបស់ព្រះឥសូរ)។ ការបែងចែករវាងភេទប្រុស និងភេទស្រីនេះ អ្នកឆ្លាក់បានរំលេចតាំងពីព្រះភក្រ្តមកម្ល៉េះ ដ្បិតយើងឃើញនៅត្រង់ព្រះគណ្ឌៈ (ថ្ពាល់) នៅចំហៀងខាងឆ្វេង (ខាងស្រី) មានលក្ខណៈប៉ោងធំជាងចំហៀងខាងស្តាំ (ខាងប្រុស)។ រីឯ ចំណុចច្បាស់ជាងគេនោះគឺ ផ្នែកខាងព្រះនាងបវ៌តីពុំមានព្រះមស្សុ (ពុកមាត់) ដូចផ្នែកខាងព្រះឥសូរឡើយ (ពុកមាត់ងរឡើងទៅលើ)។ ប៉ុន្តែ ចំណុចផ្សេងៗទៀតដូចជា ព្រះនេត្រទីបី ព្រះភមូ (ចិញ្ចើម) មកុដ ផ្នួងសក់ ចំណិតព្រះខែ មិនមានលក្ខណៈខុសគ្នាអ្វីឡើយ។ ចំណែកនៅត្រង់ផ្នែកព្រះកាយ (ដងខ្លួន) វិញ គេបង្ហាញរូបភាពព្រះថន (សុដន់) ត្រង់ចំហៀងខាងឆ្វេងធំ ជាលក្ខណៈមនុស្សស្រីច្បាស់តែម្តង ហើយនៅខាងក្រោមព្រះថនមានផ្នត់ចំនួន ៤ ថែមទៀតផង ដែលមើលទៅមានលក្ខណៈខុសគ្នាទាំងស្រុងពីផ្នែកខាងស្តាំ។ ក្នុងនោះ ព្រះហស្តខាងស្តាំ (ផ្នែកខាងព្រះឥសូរ) មានកាន់កេតនភណ្ឌអ្វីមួយដែលយើងមិនច្បាស់ថាជាអ្វីឱ្យប្រាកដឡើយ ដោយសារកេតនភណ្ឌនេះបាក់អស់ផ្នែកខាងលើហើយ ពោល អាចជាត្រីសូល៍ ពូថៅ ស្គរ អង្គប់ (បាស) ឬខ្សែ (អក្ខមាលា)។ រីឯ ព្រះហស្តខាងឆ្វេង (ផ្នែកខាងព្រះនាងបវ៌តី) បានបាក់ត្រង់ប្រអប់ដៃបាត់ទៅហើយ ដូច្នេះគេមិនដឹងថាកាន់អ្វីដូចគ្នា ដែលជាទូទៅច្រើនកាន់ផ្កាឈូក កញ្ចក់ ឬផ្លែឈើ។ អ្វីដែលគួរកត់សម្គាល់បន្ថែមនោះ ព្រះបាទ (ជើង) ទាំងពីររបស់បដិមាមានទំហំមិនដូចគ្នាទេ ពោល គឺផ្នែកខាងស្តាំ (ព្រះឥសូរ) មានទំហំធំជាងផ្នែកខាងឆ្វេង (ព្រះនាងបវ៌តី) ដែលបង្ហាញឱ្យឃើញភាពជាធម្មជាតិ។ ផ្នែកខាងស្តាំ (ភេទប្រុស) របស់បដិមាស្លៀកសំពត់ខ្លីចងក្បិន មានជាយធ្លាក់ពីរជាន់ជារាងកន្ទុយត្រី និងផ្នែកខាងឆ្វេង (ភេទស្រី) ស្លៀកសំពត់វែង ដែលសំពត់ទាំងពីរនេះសុទ្ធសឹងមានភ្លីច្រើន និងមានជាយធំមួយរាងដូចផ្លិតធ្លាក់មកចំពីមុខ ដែលគេស្គាល់ជាទូទៅថាសំពត់បដិមារចនាបថកោះកេរ នាស.វ.ទី១០ និងជាលក្ខណៈបន្តវេនពីរចនាបថបាខែង (ខុសគ្នាបន្តិចបន្តួច)។

សូមបញ្ជាក់ថា នីតិវិធីនៃការទាមទារយកបដិមានេះត្រឡប់មកវិញ គឺធ្វើឡើងដោយមានកិច្ចសហការជាពិសេសរវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ និងសហរដ្ឋអាមេរិក។ ក្នុងនោះ ការិយាល័យមេធាវីសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូ​វយ៉ក (SDNY) និងក្រសួងសន្តិសុខមាតុភូមិអាមេរិក បានស៊ើបអង្កេតរយៈពេល ៣ ឆ្នាំ ហើយបានចោទប្រកាន់លោក Douglas Latchford ថា បានជួញដូរវត្ថុសិល្បៈបុរាណខ្មែរដោយខុសច្បាប់។ ជាលទ្ធផលនៅខែកញ្ញា ឆ្នាំ២០២៣ គ្រួសារ Lindemann ដែលជាអ្នករក្សាទុកសមុច្ច័យវត្ថុបុរាណខ្មែរ បានស្ម័គ្រចិត្តយល់ព្រមប្រគល់វត្ថុបុរាណចំនួន ៣៣ ដុំ មកកម្ពុជាវិញ ដោយទទួលស្គាល់ថាវត្ថុបុរាណទាំងនោះ គឺកាន់កាប់ដោយខុសច្បាប់។ ក្រោយមក បដិមាព្រះអធ៌នារីស្វរ និងវត្ថុបុរាណផ្សេងទៀត បានដឹកមកដល់កម្ពុជាវិញនៅខែកក្កដា ឆ្នាំ២០២៤ និងបានធ្វើពិធីទទួលត្រឡប់មកវិញជាផ្លូវការនូវវត្ថុបុរាណខ្មែរចំនួន ៧១ ដុំ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជារួមមក ការទាមទារបានមកវិញនូវបដិមាព្រះអធ៌នារីស្វរមកពីប្រាសាទក្រចាប់ នៃតំបន់ប្រាសាទកោះកេរនេះ គឺជាសក្ខីភាពមួយដែលអាចឱ្យគេដឹងថា ការគោរពបូជាព្រហ្មញ្ញសាសនា និកាយសៃវ នៅកម្ពុជាសម័យបុរាណមានលក្ខណៈសម្បូណ៌បែបខ្លាំងណាស់។ ពោល គឺមានការបង្ហាញព្រះឥសូរជាច្រើនរូបភាព បើទោះបីជាព្រះឥសូរក្នុងទម្រង់ជា “អធ៌នារីស្វរ” មិនសូវនិយមឆ្លាក់ជាបដិមាដូចទម្រង់ផ្សេងទៀតយ៉ាងណាក៏ដោយ។ បដិមានេះបង្ហាញអំពីគំនិតច្នៃប្រដិត្ឋ និងសមត្ថភាពដ៏ប៉ិ​នប្រសប់របស់សិល្បករខ្មែរនាសម័យបុរាណ ពាក់ព័ន្ធទៅនឹងសាសនា។

————-

In July 2024, the Ardhanarishvara statue, originally sourced from Prasat Krachap in the Koh Ker archaeological site, Preah Vihear province, returned to Cambodia. This repatriation followed the statue’s illegal removal and trafficking abroad by criminals, which dated back to the 1990s.

The term Ardhanarishvara refers to a composite aspect of the Hindu deity Shiva, in which the body is vertically divided, with one half being male and the other half female. This form symbolizes the complete union of the masculine and feminine principles: Shiva occupying the right half and his consort, Parvati, occupying the left. Iconographically, this amalgamation is a powerful symbol representing the fertility, productivity, and maintenance of cosmic balance through the inherent duality of gender. The statue itself serves as vital testament to the richness and complexity of Shaivism—the worship of Shiva—in ancient Cambodia, while simultaneously showcasing the remarkable conceptual creativity and masterful skill of the ancient Khmer sculptors.

អត្ថបទដោយ៖ លោក  ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,900SubscribersSubscribe
- Advertisement -spot_img