ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿសិល្បៈ និងជំនឿប្រតិបត្តិចំពោះក្បាលទូកង

សិល្បៈ និងជំនឿប្រតិបត្តិចំពោះក្បាលទូកង

ក្បាលទូកង និយាយក្នុងពេលនេះសំដៅ​​ចំពោះ​​ទូក​​ប្រណាំង ពោលគឺរាប់បញ្ចូល​​ទាំង​​​​​ទូកង​(ទូកអុំ) និង​​ទូក​មួង(​ទូកចែវ) ដែល​​​បណ្តា​អ្នក​ស្រុក​រស់នៅតាម​តំបន់​ទន្លេ​តែងតែ​​ប្រើប្រាស់​សម្រាប់​​ប្រណាំង​តាមទម្លាប់ប្រពៃណី​​។ ក្បាលទូកងទាំងនេះ គឺជា​ផ្នែក​ដ៏សំខាន់គួរ​ចាប់​​​​​​អារម្មណ៍​សិក្សា​ស្វែងយល់ ដ្បិត​ទាំង​ការ​រចនា​ផ្ចិត​ផ្ចង់ក្រៃ​លែង​ បង្ហាញ​​ឲ្យ​ឃើញ​ពីតម្លៃ​​​សិល្បៈ​ខ្ពង់ខ្ពស់​​របស់​អ្នក​ស្រុក​ ព្រមទាំង​​មាន​អត្ថន័យ​ពាក់ព័ន្ធ​​​ជំនឿទៀតផង។​​ ក្នុងវប្បធម៌ខ្មែរ ជាពិសេសក្នុងគំនិតអ្នកស្រុករស់នៅតាមដងទន្លេ ​ស្គាល់ច្បាស់ និង​មានជំនឿយ៉ាងមុត​មាំចំពោះទូកទាំងនោះខ្លាំងណាស់។ នៅតាម​សហគមន៍តំបន់​ទន្លេ​​ភាគច្រើន គេ​តែង​សាង​​ទូកង​​តម្កល់​​​​​​នៅ​​​វត្ត ទុក​ជា​​សម្បត្តិ​រួម​​​​របស់​​ភូមិ​​​​​ស្រុក។ ទូក​ងនីមួយៗតែងមានលក្ខណៈ​ពិសេស​​ផ្សេងៗគ្នា ទាំងជំនឿ​ពាក់​ព័ន្ធនិង​លក្ខណៈ​​​ជាក់ស្តែងផ្នែកសិល្បៈ​​។ ទូក​ង(ឬទូកអុំ)​ ភាគ​ច្រើន​មាន​ប្រវែងពី​​៣២ទៅ​៣៦​ ម៉ែត្រ សម្រាប់ចំណុះ​ទូក​​​ពី​៦៥ទៅ​៧៥នាក់។ ទូក​មួង(ឬទូកចែវ) មាន​ប្រវែង​ពី​២៧ទៅ​៣១​ម៉ែត្រ សម្រាប់​ចំណុះ​ទូកពី​២៨ទៅ​៤៨នាក់ ឬបច្ចុប្បន្ន​មាន​រហូត​ដល់​៥០ទៅ​​៦០នាក់។ តាមទម្លាប់របស់​អ្នកស្រុក គឺចាប់ពី​ថ្ងៃ​ភ្ជុំ​​បិណ្ឌ វត្ត​នីមួយៗ​តែង​​​ធ្វើ​កិច្ច​​ដាក់​ទូក​ចុះទឹក​ហាត់​​​សម ​​​ ដើម្បី​​​​ត្រៀម​​ប្រណាំង​​​ជាមួយ​ទូក​វត្តផ្សេងៗនៅ​​ក្នុង​ថ្ងៃ​ភ្ជុំ​ធំ ឬ​​ក្នុង​ថ្ងៃ​ចេញ​​​ព្រះវស្សា ឬថ្ងៃ​កថិន។ តាម​ការ​សង្កេត​ការ​​ប្រណាំងរបស់​អ្នក​ស្រុក​ តែង​ធ្វើ​មុន​ព្រះរាជ​​ពិធី​អុំ​ទូក​​​ថ្នាក់​​ជាតិ ដ្បិត​​ជាទូទៅ​​គេតែង​ជ្រើស​​រើស​​យក​​ទូក​ល្អៗ​ មកចូលរួម​​ប្រណាំង​​​​នៅ​ទន្លេ​​ចតុមុខ មុខ​ព្រះ​បរម​​​រាជវាំងក្នុងរាជធានីភ្នំពេញ។

ដោយ​ឡែក ចំពោះ​ក្បាលទូកង ជា​ផ្នែកចុងខាងមុខនៃទូក ដែលគេនិយមយកដើមខ្នុរ ឬ​ដើម​សំរោងមក​​ធ្វើ។ ក្បាលទូកតែង​​លាបពណ៌ គូរក្បាច់​លម្អ ឆ្លាក់​បំពាក់​​ភ្នែក បំពាក់​ណា បំពាក់រំយោលសក់សងខាង ចងក្រណាត់ជាតីក្រហម(ឬពណ៌ផ្សេងៗ) និង​ជា​កន្លែង​ថ្វាយ​​គ្រឿងសក្ការៈ។ ផ្នែក​ក្បាល​ទូកនេះ គេតែង​ថ្វាយ​ក្លស់​ ទាំងពេល​​រក្សា​ទុកនៅក្នុងរោង និងពេលចុះទឹកសំចត​​មុន​ និង​ក្រោយ​អុំ។ ក្បាល​ទូក​ ក៏មាន​មុខងារ​ជា​កន្លែង​សម្រាប់​អ្នករាំក្បាលទូក ឬអ្នកស្រុកខ្លះហៅថាអ្នកបូល ឬអ្នកទំក្បាល​ ដើម្បី​​រាំ ឬអង្គុយ​បញ្ជា​ទូក​​ផងដែរ។ សូម​បញ្ជាក់​ថា អ្នក​ទំក្បាល​ទូក​ច្រើន​តែ​បុរស​​វ័យ​ចំណាស់ និង​ជា​អ្នក​ដែល​ទទួលបានការគោរពស្រឡាញ់​ពីប្រជា​ពលរដ្ឋ​ក្នុងសហគមន៍ ចេះមើលបច្ចេកទេស និង​បញ្ជា​ទូក​បាន​ល្អ។

ចំពោះ​ការសាងក្បាលទូក អាច​ចាត់​ទុក​ជាដំណាក់កាលសំខាន់មួយ​ក្នុងចំណោម​ដំណាក់​កាល​ផ្សេង​ទៀត​នៃការសាងទូក។ ជាងទូក តែងរៀបចំឆ្លាក់ក្បាលទូក​បន្ទាប់ពី​​ផែសាច់មាឌទូក​ ចាប់​កុងត្រូវតាម​ខ្នាតរួចរាល់ ដ្បិត​ក្បាលទូកត្រូវ​លៃយ៉ាងណា​ឲ្យត្រូវលំនាំតួទូក និង​​ឲ្យមើល​ឃើញ​អំណាច​ ត្រូវនឹង​ល្បឿន​បច្ចេកទេស។ ជាទូទៅ​ក្បាល​ទូក​ច្រើនធ្វើ​ឲ្យ​​ងើប​ខ្ពស់​ផុតទឹក​ និង​មាន​ស្រឡោកោ​ជាកន្លែង​អ្នក​បូល​អង្គុយ។ ប្រសិន​បើ​ទូក​ថ្មីត្រូវកសាងជំនួស​ទូកចាស់ គេ​តែង​​ធ្វើ​កិច្ច​បួង​សួង​សុំ​បារមីពីក្បាល​ទូកចាស់។ នៅពេលបំពាក់ក្បាលទូក គេ​ត្រូវ​ថ្វាយ​ភ្លេង​ បូជា​គ្រឿង​សក្ការៈ និង​សំណែន​ផ្សេងៗ។

ក្បាលទូកងត្រូវបាន​​គូរលម្អដោយ​ក្បាច់​​ភ្ញីវល្លិ ឬក្បាច់​​អង្គរ ច្នៃ​រំលេច​ភ្ជាប់​ដោយ​រូប​ក្បាល​នាគ ឬម្ករ និង​រូប​តំណាង​ផ្សេងៗទៀតដូចជា ហនុមាន ទេវតា​ អ្នកតា សិង្ហ ឬបារមីនៃ​ទូក​នោះ។ បើ​ពិនិត្យលម្អិត​តែក្បាលទូកនោះទៀតសោត គេឃើញក្រៅ​ពី​មាន​ឈ្មោះ​​សម្គាល់ទូក មាន​ភ្នែក ​មាន​សក់ ​និង​តុប​តែងលម្អ​ផ្សេងៗ គេតែង​ឃើញ​មាន​​ថ្វាយ​គ្រឿង   សក្ការៈ​​ដូចជា ធូប ទៀន ស្លាធម៌ បាយសី ក្រាស កញ្ចក់ ម្សៅ ក្រែម​ជាដើម​ ទាំង​ពេល​​​​​​រក្សា​ទុកក្នុងរោង និង​ពេលចុះទឹក។ អ្នកស្រុក​យល់ថារាល់​ទូកនីមួយ​ៗ​តែងមាន​បារមី(អ្នក​​​​​ស្រុក​​​ខ្លះហៅថា “រក្សា​ទូក”) ឬអមនុស្ស​ថែរក្សា​ ជា​ពិសេស​គឺ​មាន“ព្រាយ”កាន់ផង។[1]នៅ​ចាំមើលថែរក្សា​ជានិច្ច។ មក​ដល់ចំណុចនេះ គេ​អាចពិចារណាចំណុចមួយចំនួន​ដូចជាឈ្មោះទូក ការតុបតែងលម្អ​​ ដង្វាយគ្រឿង​សក្ការៈ និង​ការ​ថែរក្សា​ទុកដាក់។ ជាទូទៅ កាល​ដើមឡើយ​ឈ្មោះ​ទូក​ គឺ​ច្រើន​ជា​ឈ្មោះ​វត្ត ឬបារមី ឬ​ឈ្មោះ​អ្នកតា និង​ឈ្មោះ​តួអង្គ​ក្នុងរឿង​ទេពកថាជាដើម​។

ដោយឡែក ក្រៅពីការគោរពបូជាអំឡុងពេល​ប្រើប្រាស់ នៅពេលផ្លាស់ប្តូរ ឬក្បាល​ទូកនោះ​ពុកផុយខូច​ប្រើ​ពុំកើត​តទៅទៀត គេតែង​យក​​ទៅ​រក្សា​ទុក​​ក្នុង​​​ខ្ទម​​​អ្នកតា។ លើស​ពីនេះអ្វីដែល​បង្ហាញឱ្យ​ឃើញ​​ច្បាស់ពី​​​ទំនាក់​ទំនង​រវាងទូ​កនិង​អ្នកតា គឺ​​ទូក​​​ខ្លះ​គេ​គូរ​រូប​តួ​អង្គ​អ្នកតា​នោះនៅ​ក្បាល​​ទូក ឬដាក់​ឈ្មោះ​អ្នកតា​​​ភ្ជាប់នឹង​ទូក​តែ​​ម្តង។​ មក​ដល់​​​​ចំណុច​នេះ គេ​គួរ​ចាំថា​តាម​ទំនៀម​បុរាណ​ លោក​ច្រើន​ដាក់​ឈ្មោះ​​ទូកប្រណាំង​ពាក់​ព័ន្ធនឹង ​“ស្រី” ព្រោះ​​​​ដោយជឿថាជា​“រក្សា​ទូក​” ឬជា​អមនុស្ស​​​ភេទ​​ស្រី(ព្រាយ) ដែល​តាម​ថែរក្សា​ទូកដូច​ជា ស្រី​ខ្មៅ ស្រីស ស្រីស្រស់​ ស្រី​កែវ​ស្រីស្រាវ នារី​ឧត្តម្ភ រស្មីនារី នារីរង្សី នារីរ័ត្ន​មាន​ឫទ្ធិជា​ដើម។[2]

ក្នុងសៀវភៅបាត់ដំបងសម័យលោកម្ចាស់ របស់អ្នកនិពន្ធ តូច ឈួង[3]​ មានចំណុច​មួយ​បានលើកឡើង​អំពីភាពល្បីល្បាញនៃបារមីទូក​ ជាពិសេស​ទូក​វត្ត​កណ្តឹង​ ក្នុងខេត្ត​បាត់​ដំបងថា“​[…]ទូកនីមួយៗ​សុទ្ធតែមាន​ខ្មោច​ព្រាយ​បិសាច​កាន់។ គេត្រូវ​តែគោរព​ ហើយ​​ប្រកាន់​យ៉ាង​តឹងរ៉ឹង។ ក្រោយ​ពីពេល​ប្រណាំង គេត្រូវ​យក​ទូក​នោះ​មក​តម្កល់​ក្នុង​ទី​មួយ​សមគួរ ដូចជា​ក្រោម​ដើម​ពោធិ ឬដាក់ក្នុងរោង។ ពេលមុន​យក​ទៅប្រណាំង​ត្រូវ​ប្រារព្ធ​ពិធីបួង​សួង​ដោយ​មាន​សំណែន និង​ប្រគុំ​ភ្លេង​ពិណពាទ្យ​ ឬភ្លេង​សារិកាកែវ ទៅតាម​ទម្លាប់ ឬចំណង់​របស់​ព្រាយ​បិសាច​ដែល​កាន់​ទូកនោះ។ ទូក​សព្រហ្ម​មាស​ របស់​វត្ត​កណ្តឹង​​មាន​មហិទ្ធិរិទ្ធិ​ណាស់។ នៅពេល​បួង​សួង​មុន​ចុះ​ទឹក​ទៅប្រណាំង ស្រ្តីមាន​ផ្ទៃពោះ​ដើរ​កាត់​ត្រូវ​តែ​រលូត​កូន​។ លោក​យាយ​ អ៊ុំ​ បានប្រាប់ថា គេត្រូវ​បួង​សួង​បីយប់​បីថ្ងៃ ទើប​គេ​រំកិល​ទូក​សព្រហ្ម​មាស​នេះ​លើ​កំណល់​មូល​ឲ្យ​រអិល​លើ​សំពត់​កម្រាល​ពណ៌ស ទៅកាន់ស្ទឹង​ក្រោម​ស្នូរ​នៃភ្លេង​ពិណពាទ្យ ហើយ​មាន​នារី​ព្រហ្ម​ចារីយ៍​ពីរនាក់​ស្លៀក​ពាក់​តាមប្រពៃណី​ដង្ហែ​​ទៅផង។ តែបើ​រៀបចំពិធី​មិនគ្រប់​កិច្ច​នោះទេ ទោះបី​ខំរុញ​យ៉ាង​ណា​ក៏ទូក​មិន​ទៅមុខ​      ដែរ។ […]​ទូក​ប្រណាំង​សឹងតែទាំងអស់​មាន​តំណម​​​សំខាន់ម្យ៉ាង​ គឺគេមិន​ឲ្យ​ប៉ះក្បាល​ទូក​ ឬជាន់​ក្បាល​ទូក​។ ទោះបី​ដោយ​ចេតនា ឬអចេតនា អ្នក​ណា​ជាន់​ក្បាល​ទូក​ប្រាកដ​ជា​ត្រូវ​ឆ្កួត។ ទូកឈ្មោះរថណាម របស់​វត្ត​សំពៅ​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ពីរបីនាក់​ជិះលេង​ទេ។ លោក​តា ហ៊ុន ជាអាចារ្យ​វត្ត​គរ​បានមាន​ប្រសាសន៍​ថា បើត្រូវការ​អុំទូក​វត្ត​រថណាមនេះ គេត្រូវចុះ​ឲ្យ​គ្រប់​ចំនួនគ្រប់ខ្ទង់ ទើប​អុំទៅមុខ​បាន បើមិន​ដូច​នោះ​ទេទូក​នេះ​នឹង​វិល​ត្រឡប់ត្រឡិន ធ្វើ​ឲ្យ​អ្នក​អុំ​ធ្លាក់​ក្នុង​ទឹក​មិនខាន។ គាត់បាន​ប្រាប់ទៀត​ថា ទូក​វត្ត​តាមិមមួយ​មិន​ចាំឈ្មោះ អណ្តែត​ច្រាសទឹក​ពីវត្ត​តាមិមរហូត​ដល់វត្ត​ខ្វែង”។

តាំងពីដើមរៀងមកគេតែង​សង់រោងសមរម្យ​សម្រាប់រក្សា​ទុក​ទូក​នៅក្បែរ​ព្រះវិហារ ឬរក្សា​ទុកនៅសាលាបុណ្យ ដោយ​មាន​ដាក់ដង្វាយ​គ្រឿង​សក្ការៈ​ផ្សេងៗ​រៀងរាល់ថ្ងៃ​សីល និង​ថ្ងៃបុណ្យតូចធំក្នុងវត្ត។ ក្នុង​ថ្ងៃអុំ​ប្រណាំង ព្រះសង្ឃ​​អង្គណា​ជា​ធំ​គង់​ក្នុង​វត្ត​សាមីទូក​ ច្រើន​និមន្ត​​ប្រស់ព្រំទូក និងចំណុះទុក​។ ក្នុងពេលនោះ ទូកនីមួយៗ​គេមាន​តំណម​តឹងរឹង​ណាស់​ ពុំអនុញ្ញាត​ឲ្យ​ចំណុះទូកផ្សេង ឬអ្នក​ខាងក្រៅ​ឡើង​ជិះលេង​ផ្តេសផ្តាសឡើយ។​ ក្រោយ​ចប់អុំប្រណាំង​ គេដោះភ្នែក​ទូក​រក្សា​ទុក​នៅកន្លែង​សម​គួរ ឬទុក​នៅមុខព្រះជីវ៍​ក្នុងព្រះវិហារ។


អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

[1] Ang Chouléan 1986: 138-141

[2] យ៉ា ដា ១៩៩៥: ២៤

[3] បោះពុម្ពលើកទីឆ្នាំ​១៩៧៤ ​លើកទី​ឆ្នាំ​១៩៩៤។ ខ្លឹមសារ​សៀវភៅនេះធ្លាប់មានការសិក្សា​ និងបកប្រែជាភាសាបរទេសផង។​

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,900SubscribersSubscribe
- Advertisement -spot_img