ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿតុំ (ឧបករណ៍នេសាទមួយបែប)

តុំ (ឧបករណ៍នេសាទមួយបែប)

នៅតាមនិគមជនបទខ្មែរ វប្បធម៌ក្នុងការនេសាទមានរបៀបរបបដូចគ្នាខ្លះ និងមិនដូចគ្នាខ្លះ។ គួរឱ្យចាប់អារម្មណ៍នោះ នៅតាមតំបន់នីមួយៗតែងនិយមប្រើប្រាស់ឧបករណ៍នេសាទតាមបែបផែនរបស់ខ្លួន ហើយឧបករណ៍នេសាទខ្លះ អ្នកនៅតំបន់ផ្សេងមិនស្គាល់ក៏មាន។ ចំពោះអ្នកស្រុករស់នៅតាមដងស្ទឹងសែន ខេត្តកំពង់ធំ ការនេសាទត្រីតូចៗគេនិយមប្រើប្រាស់ឧបករណ៍មួយដែលមានឈ្មោះថា “តុំ”។ សព្វថ្ងៃ ឧបករណ៍នេសាទមួយប្រភេទនេះ កំពុងបន្តផលិតសម្រាប់លក់នៅភូមិវាលព្រីងក្រោម ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ តើឧបករណ៍នេសាទមួយប្រភេទនេះមានលក្ខណៈបែបណាខ្លះ?

តុំ ជាឧបករណ៍នេសាទមួយប្រភេទដែលធ្វើអំពីឫស្សី មានរាងកំប៉ោង មាត់ដូចថូផ្កា និងមានប្រឹសនៅខាងក្រោម ប្រើប្រាស់សម្រាប់ដាក់យកត្រីតូចៗ។ ជាទូទៅ តុំមានប្រវែងខ្លួនប្រមាណ ៣០ ស.ម. និងមានកម្ពស់ប្រមាណ ៦០ ស.ម.។ តាមទម្លាប់របស់អ្នកភូមិវាលព្រីងក្រោម ដើម្បី      ផលិតតុម្ពបានគេចាំបាច់ត្រូវការឫស្សីចាស់មកត្បាញ រីឯឫស្សីដែលនៅខ្ចីត្បាញមិនកើតឡើយ។ ឬស្សីទៀតសោត បើកាលណាគេទើបតែកាប់ថ្មីៗឬនៅស្រស់ល្អ គេមិនចាំបាច់យកទៅត្រាំទឹកឡើយ ពោល គឺអាចពុះច្រៀកយកមកត្បាញជាតុំបានតែម្តង។ ប៉ុន្តែ ប្រសិនបើឫស្សីនោះកាប់ទុកយូរហើយ គេមិនអាចយកមកត្បាញបានឡើយ ព្រោះឫស្សីនោះនឹងល្អួតនៅពេលច្រៀក។  ពោល គឺត្រូវតែយកទៅត្រាំទឹកចំនួនពីរឬបីយប់សិន ទើបយកមកត្បាញបាន។ ក្នុងឫស្សីមួយដើម គេអាចពុះច្រៀកត្បាញជាតុំបានចំនួន ៥ ឬ ៦។

ជាដំបូង គេត្រូវយកកាំបិតបន្ទោះបិតឫស្សីឱ្យចេញជាចម្រៀកតូចៗ (បន្ទោះ) ប្រវែង ៨០ ស.ម. សម្រាប់ធ្វើជា “ត្រៀមបញ្ឈរ”។ បន្ទាប់មក គេត្រូវយកត្រៀមបញ្ឈរនោះមកផ្គុំខ្វែងបញ្ចូលគ្នាឱ្យគ្នាចេញជារាងមូលដើម្បីធ្វើបាត។ រួចមក គេចាប់ផ្តើមធ្វើប្រឹសនៅចំពាក់កណ្តាលបាត ដោយប្រើជន្លួញឈើធ្វើជាពុម្ព ហើយក្រងប្រឹសនោះឱ្យចេញរាងមូលដោយរុំព័ទ្ធជាមួយវល្លិកញ្ចូញ។ បន្ទាប់មកទៀត គេចាប់ចុងត្រៀមបញ្ឈរទាំងអស់ផ្គុំឡើងមកលើ (ហៅថា “តំឡើង”) ដោយយកវល្លិចងផ្នែកខាងលើជាបណ្តោះអាសន្ន ដើម្បីងាយស្រួលត្បាញផ្នែកខ្លួនរបស់តុំ។ គេត្បាញតួខ្លួនដេញពីបាតឡើងមកខ្លួន ដោយត្រូវក្រងវិលជុំឱ្យចេញជារាងមូលទ្រវែង។ ជាចុង​ក្រោយ គេក្រងបន្ទោះឫស្សីភ្ជាប់គ្នាពីខ្លួនឡើងបន្តមកដល់ស្មា ក និងមាត់របស់តុម្ពឱ្យចេញជារាងដូចថូផ្កា ដែលគេហៅថា “ត្រៀមផ្តេក”

ជាធម្មតា ក្នុងគ្រួសារមួយ (ប្តីប្រពន្ធ) អាចត្បាញតុំបានចំនួន ២ ក្នុងមួយថ្ងៃ។ ប៉ុន្តែ បើមានតម្រូវការបញ្ជាទិញច្រើនពីអតិថិជន គេអាចត្បាញតុំបានចំនួន ៤ ក្នុងមួយថ្ងៃ ពោល គឺបន្តធ្វើនៅពេលយប់បន្ថែមទៀត។ តុំដែលត្បាញទាំងអម្បាលម៉ាន ច្រើនលក់ចេញទៅអ្នកនេសាទនៅក្នុងស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ ស្រុកស្ទោង និងមួយផ្នែកលក់ចេញទៅខេត្តព្រះវិហារផង ដែលក្នុងតុំមួយអាចលក់ចេញក្នុងតម្លៃ ១៧,០០០ រៀល។

ជាទូទៅ គេប្រើប្រាស់តុំសម្រាប់នេសាទយកត្រីនៅតាមបឹង និងស្ទឹង។ តាមរបៀបបុរាណ កាលណាគេដាក់តុំយកត្រីនៅតាមមាត់បឹង គេត្រូវបោះបង្គោលឈើចំនួន ២ ដើម រួចស៊កតុំចូលប្រឡោះបង្គោលទាំងពីរ ដោយចងព័ទ្ធកតុំរុំភ្ជាប់ជាមួយបង្គោលឈើទាំងពីរដើមនោះ ហើយយកស្មៅ ឬកំទេចកំទីស្លឹកឬមែកឈើតូចៗគ្របពីលើមាត់តុំ។ ប៉ុន្តែ បច្ចុប្បន្ននេះបើនៅរដូវទឹកសម្រក អ្នកនេសាទដោយប្រើតុំនៅតាមដងស្ទឹងសែន គេច្រើនយកខ្សែចងភ្ជាប់កតុំតម្រៀបគ្នាដោយប្រើប្រាស់ជ័រឬដបទឹកបីឬបួន ដើម្បីកុំឱ្យតុំលិចចូលទៅក្នុងទឹក។ តុំនីមួយៗ គឺសុទ្ធតែមាននុយ ដូចជា ល្ង ពងអង្រ្កង កន្ទក់ ឬបាយ (បើនុយបាយត្រូវបុកលាយជាមួយកន្ទក់ឬល្ង និងប៉ន់ជាមុនសិន) រុំជាមួយក្រណាត់ ហើយគេដាក់មាត់ឡើងទៅលើផុសចេញពីទឹក។ ចំណែកបាតក្រោមលិចចូលក្នុងទឹកត្រឹមពាក់កណ្តាលខ្លួន។ ម្ល៉ោះហើយ នៅពេលត្រីតូចៗ ដូចជា ត្រីចង្វា ត្រីស្លឹកឫស្សី និងត្រីផ្សេងៗទៀតដែលចង់ចូលស៊ីនុយនោះ វានឹងចូលទៅក្នុងតុំតាមប្រឹសខាងក្រោមដែលលិចក្នុងទឹក ហើយត្រីទាំងនោះមិនចេញមកវិញទេ។            

ជារួមមក ហត្ថកម្មបែបប្រពៃណីនេះ កំពុងដំណើរការជាប្រក្រតីនៅភូមិវាលព្រីងក្រោម។ ប៉ុន្តែ ប្រការគួរឱ្យព្រួយបារម្ភជំនាញនេះកំពុងតែប្រឈមនឹងការបាត់បង់ជាបណ្តើរៗ ដោយសារតែការងារនេះមានភាពលំបាក និងកង្វះអ្នកបន្តវេន។ ជាក់ស្តែង កាលដើមឡើយនៅភូមិនេះ មានសិប្បករតម្បាញតុំច្រើនគ្រួសារណាស់ តែមួយរយៈកាលចុងក្រោយនេះ មានគ្រួសារជាច្រើនបានបោះបង់ជាបន្តបន្ទាប់ ពោល គឺបច្ចុប្បន្ននៅសល់តែ ៤ គ្រួសារប៉ុណ្ណោះដែលកំពុងបន្តជំនាញហត្ថកម្មនេះ ដោយបន្តធ្វើមិនគិតរដូវប្រាំង ឬវស្សាឡើយ។

—————-

Tom

The Tom is a type of traditional fishing gear constructed from bamboo. It is characterized by a bulging, vase-like shape with an opening (mouth) and an internal fish trap mechanism (prœs) at the base. This apparatus is specifically designed for the passive capture of small fish.​Presently, the production of this traditional fishing apparatus is sustained for commercial purposes in Vealpring Krom Village, Chheu Teal Commune, Sandan District, Kampong Thom Province.​​ The Tom is deployed in lakes, streams and rivers, employing various baits such as sesame seeds, ant eggs, rice bran, or cooked rice to lure and trap small fishes, including as trei changva (Rasbora), trei sloek russei (bamboo leaf fish or Paralaubuca typus Oxygaster pointoni) or other small species.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,900SubscribersSubscribe
- Advertisement -spot_img