វត្តតាំងក្រសាំង មានទីតាំងស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ២៦ គីឡូម៉ែត្រ ប៉ែកនិរតីក្រុងស្ទឹងសែន។ វត្តតាំងក្រសាំង គឺជាអតីតទីតាំងប្រាសាទបុរាណកាលពីសម័យមុនអង្គរ (រវាងស.វ.ទី៧) តែក្រោយមកគេបានកសាងព្រះវិហារថ្មីមួយគ្របពីលើគ្រឹះប្រាសាទចាស់ ដែលនាំឱ្យបាត់រូបរាង និងស្លាកស្នាមទាំងស្រុង។ ទោះជាយ៉ាងនេះក្តី នៅមានវត្ថុសិល្បៈធ្វើអំពីថ្មភក់ជាច្រើន នៅសេសសល់ក្នុងបរិវេណវត្តនេះ។ គួរឱ្យចាប់អារម្មណ៍ មាននៅសល់សិលាចារឹកមួយផ្ទាំង ដែលសព្វថ្ងៃកំពុងតម្កល់ទុកនៅក្នុងសាលាឆាន់វត្តតាំងក្រសាំងផ្ទាល់តែម្តង។ តើសិលាចារឹកវត្តតាំងក្រសាំងមានខ្លឹមសារ និងអត្ថន័យដូចម្តេចខ្លះ?
សិលាចារឹកនេះ ជាប្រភេទចារឹកអក្សរនៅលើមេទ្វារប្រាសាទ មានចំនួន ១៤ បន្ទាត់ ជាភាសាសំស្រ្កឹត ហើយបើគិតជាស្លោកស្មើនឹង ៧ ស្លោក។ ក្នុងនោះ ផ្នែកខាងលើត្រូវបានរលុប និងត្រង់បាទទី៣ និងបាទទី៤ របស់ស្លោកទី៦ បានខូចខាតទាំងស្រុង និងមិនអាចអានបាន។
ចំពោះខ្លឹមសារជារួមរបស់សិលាចារឹកនេះ គឺស្លោកទី១ ពណ៌នាអំពីមហាសករាជឆ្នាំ៥៩០ ពេលព្រះចន្ទ្រ ស្ថិតនៅក្នុងរង្វង់នៃកន្យារាសី ៨រោច ថ្ងៃសុក្រ។ កាលបរិច្ឆេទនេះត្រូវនឹងគ.ស.ឆ្នាំ៦៦៨ ពោល គឺត្រូវនឹងព្រឹត្តិការណ៍ក្នុងរជ្ជកាលព្រះបាទស្រីជយវម៌្ម (ទី១) (គ.ស.៦៥៧-៦៨១)។ ស្លោកទី២ ពណ៌នាអំពីការធ្វើអំណោយទាន។ ស្លោកទី៣ ពណ៌នាអំពីតង្វាយដល់ព្រះឝ្រីមណ្ឌលេឝ ពោល គឺសំដៅដល់ព្រះឥសូរនោះឯង។ ព្រះឝ្រីមណ្ឌលេឝ ទំនងជាមានទំនាក់ទំនងគ្នាជាមួយនឹងទេវស្ថានមួយទៀត ដែលមានទីតាំងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីវត្តតាំងក្រសាំង។ ទីតាំងនោះគេស្គាល់ឈ្មោះបច្ចុប្បន្នថា “ទួលសុពណ៌កាឡី” ស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលទីនោះធ្លាប់រកឃើញសិលាចារឹកមួយផ្ទាំងចុះបញ្ជីលេខ K.1464 មានទេពព្រះនាម “ឝ្រីមណ្ឌលេឝ្វរ” ហើយព្រះនាមនេះហើយដែលដូចទៅនឹងព្រះនាមទេពនៅសិលាចារឹកវត្តតាំងក្រសាំងនេះ។ ព្រះនាមទេពថា “ឝ្រីមណ្ឌលេឝ” និង “ឝ្រីមណ្ឌលេឝ្វរ” ជានាមតែមួយ ហើយក្នុងសិលាចារឹកវត្តតាំងក្រសាំងបានបង្ហាញថា ម្ចាស់តង្វាយទានបានបញ្ជាក់យ៉ាងជាក់លាក់ថា បានធ្វើអំណោយទានដល់ព្រះឝ្រីមណ្ឌលេឝ សំដៅដល់ព្រះឝ្រីមណ្ឌលេឝ្វរនោះឯង។ ចំណែកឯ ស្លោកទី៤ដល់ស្លោកទី៧ គឺជាពាក្យបណ្តាសា និងពរជ័យដល់ជនដែលបានបំផ្លាញ និងអ្នកដែលបានថែរក្សាទេវស្ថាន។
អត្ថបទចារឹក និងសេចក្តីប្រែ
១. យស្មិន្យាតេ ឝកបតៅ ខនវេឞុភិរ៑ ……………….
ឝុក្រេតទាឞ្ឋមទិណេ សិតេកន្យាទិឝឝ្ឝឝិះ។
ប្រែថា៖ កាលឆ្នាំស្តេចសកកន្លងទៅហើយ កំណត់ដោយ ឦឞុ=៥ នវ=៩ ខ=០ …ព្រះចន្រ្ទ ជាដើមស្ថិតនៅក្នុងរង្វង់នៃកន្យារាសី ៨រោច ថ្ងៃសុក្រ។
២. ទ្វិបាទញ្ចៃវ សុក្ឞេត្រ[ម៑] ស វីជធម៌្មភូឞណះ
ធម៌្មាថ៌ធម៌្មកុឝលោ ធម៌្មោធម៌្មេតិវាម្វរះ
ប្រែថា៖ (តង្វាយមាន) មនុស្សផង និងដីស្រែចម្ការដ៏ល្អផង មានបុរសម្នាក់ដែលស្រស់សោភាដោយពន្លកនៃព្រះធម៌ ជាបុគ្គលដែលប្រកបដោយកុសលធម៌ និងធម៌អាថ៌ ប្រៀបបីដូចជាពស្ត្រានៃព្រះធម៌ ។
៣. ប្រាទាទ្ឆ្រីមណ្ឌលេឝាយ ទេវឝិលាទិសាក្ឞិនិ
សកីត៌ិ្តស្នេហមិច្ឆន្តិ បុនជ៌្ជាន្មាន្តរេឞ្វបិ។
ប្រែថា៖ បានថ្វាយហើយដល់ព្រះឝ្រីមណ្ឌលេឝ ឰដ៏ទេពសិលាជាដើមដែលជាកសិណសាក្សី ហើយគាត់បានប្រាថ្នាដើម្បីជួបស្នេហ៍ និងកិត្យានុភាព សូម្បីក្នុងជន្មាន្តរៈទាំងឡាយនានាទៀត។
៤. អត៌ុមិច្ឆន្តិគោក្ឞេត្រំ បាបិឞ្ឋាះបាបវ្ឫទ្ធយះ
អវីចីនរកំឃោរម៑ បច្យន្តេបិត្ឫភិស្សហ។
ប្រែថា៖ ពួកជនមានចិត្តបាប ជាបុគ្គលចម្រើនដោយបាប ប្រាថ្នាបំផ្លាញនូវស្រែចម្ការ និងគោ នឹងត្រូវគេចម្អិនយ៉ាងឃោរឃៅក្នុងនរក ព្រមទាំងញាតិទាំងឡាយមានឪពុកជាអាទិ៍។
៥. កល្បកោដិសហស្រានិ កល្បកោដិ[ដ្យ?]យុតានិ ច
អវីចីនរកំឃោរម៑ បច្យន្តេបិចតុយ៌្យុ[គេ]។
ប្រែថា៖ អស់រយៈពេលរាប់ពាន់កោដិនៃកប្បផង អស់រយៈពេលរាប់ម៉ឺនកោដិនៃកប្បផង នឹងត្រូវគេចម្អិនយ៉ាងឃោរឃៅក្នុងនរក សូម្បីឰដ៏យុគទាំង៤។
៦. ស្វទត្តាំបរទត្តាំវា យោហរេត្តវសុន្ធរា
……………………… …………………….។
ប្រែថា៖ ទ្រព្យសម្បត្តិក្នុងដែនដីនេះដែលត្រូវបានបូជាថ្វាយហើយ ដោយខ្លួនឯងក្ដី ឬ ដោយជនដទៃក្ដី ជនណាលួចយកទៅ ………………………។
៧. ឞឞ្ដីវឞ៌សហស្រា[និ] ស្វគ៌្គមាទីតិភូ[មិឞុ]
អាច្ឆេតា ចានុមន្តា ច តាន្យេវ នរកេ វសេត៑។
ប្រែថា៖ រយៈពេលប្រាំមួយម៉ឺនឆ្នាំ គប្បី(រស់នៅ)ឰដ៏ស្ថានសួគ៌ជាដើម។ រីឯពួកអ្នកបំផ្លិចបំផ្លាញក្ដី ពួកអ្នកចូលដៃជាមួយក្ដី ក៏គប្បីរស់នៅក្នុងនរកអស់រយៈកាលប៉ុណ្ណោះដូចគ្នា។
សរុបជារួមមក សិលាចារឹករកឃើញនៅវត្តតាំងក្រសាំង រៀបរាប់អំពីការធ្វើកុសលផលបុណ្យរបស់ម្ចាស់ទានម្នាក់ថ្វាយចំពោះទេពមួយអង្គព្រះនាម “ឝ្រីមណ្ឌលេឝ” (ព្រះឥសូរ)។ ដូច្នេះ ទិន្នន័យនេះ បានបង្ហាញឱ្យឃើញអំពីការគោរពប្រណិប័តន៍ព្រហ្មញ្ញសាសនានិកាយសៃវ យ៉ាងជ្រាលជ្រៅនៅស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទស្រីជយវម៌្មទី១ (គ.ស.៦៥៧-៦៨១) ដ្បិតមានសិលាចារឹកជាច្រើនក្នុងរាជ្យរបស់ទ្រង់ដែលពណ៌នាអំពីការគោរពបូជាចំពោះព្រះឥសូរ។


———–
Wat Tang Krasiang inscription
Wat Tang Krasiang inscription, located in Tang Krasaing village, Tang Krasaing commune, Santuk district, Kampong Thom province. This inscription details the offering of oblations to the deity Śrī Maṇḍaleśa (an epithet of the god Śiva) in the Śaka era year 590 (corresponding to 668 CE), which falls within the reign of King Śrī Jayavarman I.
Furthermore, the text expounds upon the principles of karmic consequences, specifically enumerating the spiritual merit (puṇya/dharma) accrued to individuals who perform virtuous deeds and the inevitable descent into hell (naraka) as punishment (pāpakarma) for those who commit evil actions.
អត្ថបទដោយ៖ កំ វណ្ណារ៉ា និងព្រះតេជគុណ អេង សុគង់





