តាមុំ គឺជាឈ្មោះប្រាសាទមួយស្ថិតនៅប៉ែកខាងពាយព្យក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ចម្ងាយប្រមាណ ១៨៦០ ម៉ែត្រ និងស្ថិតនៅជ្រុងឦសានក្នុងបរិវេណក្រុងឦសានបុរ (តំបន់ប្រាសាទសំបូរព្រៃគុក) ដែលស្ថិតនៅក្នុងភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សព្វថ្ងៃ អ្នកស្រុកហៅឈ្មោះប្រាសាទនេះថា “តាមុំ” ឬខ្លះហៅថា “ជ្រូកគាស់”។ ប៉ុន្តែ បើយោងតាមឯកសាររបស់លោក Henri Parmentier (អ្នកស្រាវជ្រាវជនជាតិបារាំង) បោះពុម្ពនៅឆ្នាំ១៩១៣ និង១៩២៧ លោកបានកត់ឈ្មោះប្រាសាទនេះថា “ឫស្សីរលៀក”។ បើសិនយើងសាកសួរអ្នកស្រុកអំពីឈ្មោះ “ឫស្សីរលៀក” នេះ គឺច្បាស់ជាពុំមាននរណាម្នាក់បានស្គាល់ឡើយ។ ដូច្នេះហើយ យើងមិនដឹងសាវតារច្បាស់ថា ហេតុអ្វីបានជាអ្នកស្រាវជ្រាវបារាំងកត់ឈ្មោះប្រាសាទនេះថា “ឫស្សីរលៀក” នោះឡើយ ពោល យើងអាចត្រឹមតែដឹងថា “រលៀក” ជាប្រភេទមួយនៃឫស្សី។ តើ ប្រាសាទតាមុំ ឬជ្រូកគាស់ ឬឫស្សីរលៀក មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
ប្រាសាទតាមុំ ជាប្រភេទសំណង់ទោល សាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង ដែលមានប្រវែងពីលិចទៅកើត ៦,០៧ ម៉ែត្រ និងប្រវែងពីជើងទៅត្បូង ៨,៤៦ ម៉ែត្រ។ ប្រាសាទនេះ សង់បែរមុខទៅកើត មានទ្វារចូលនៅទិសខាងកើត និងជញ្ជាំងបីទិសផ្សេងទៀតលម្អជាទ្វារបញ្ឆោត។ សំណង់ទោលនេះ ហ៊ុមព័ទ្ធដោយកំពែងឥដ្ឋឬថ្មបាយក្រៀមដែលមានរាងបួនជ្រុងស្មើ ដែលមានប្រវែងមួយជ្រុងប្រមាណ ១៥០ ម៉ែត្រ។ គួរឱ្យចាប់អារម្មណ៍ នៅប៉ែកពាយព្យប្រាង្គប្រាសាទតាមុំ ប្រមាណ ៣០ ម៉ែត្រ មានប្រាង្គមួយទៀតដែលមានទំហំតូចជាង ហើយសព្វថ្ងៃបានបាក់រលំទាំងស្រុងទៅហើយ។ វាហាក់បីដូចជា នៅដំណាក់កាលដំបូងគេកសាងប្រាង្គកណ្តាលធំមួយ និងដំណាក់កាលបន្ទាប់មកទៀត ទំនងគេចង់សាងសង់ប្រាង្គរណប (អនុទិស) ជុំវិញចំនួន ៤ ទៀត ដើម្បីបង្កើតទៅជាប្លង់រាងកាកបាទ ឬប្លង់រាងក្វែងជើងក្អែក ពោល គឺឱ្យដូចទៅនឹងក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ឬក្រុមប្រាសាទត្រពាំងរពាក់ដូច្នោះដែរ។ ប៉ុន្តែ ការកសាងនេះទំនងបានតែមួយប្រាង្គប៉ុណ្ណោះ ក៏អាក់ខានទៅវិញ។ នៅក្នុងសំណេររបស់លោក Henri Parmentier (ឆ្នាំ១៩២៧) បានបញ្ជាក់ថា ប្រាង្គនេះបែរមុខទៅទិសខាងកើត និងងាកមុំទៅទិសខាងជើង ៨ ដឺក្រេ ហើយក្បាច់លម្អជាទូទៅដូចទៅនឹងប្រាសាទដើមចន្ទន៍ (ប្រាង្គ N15) និងប្រាសាទបុសរាម (ប្រាង្គ N24)។ ក្រៅអំពីអ្វីដែលបានរៀបរាប់ខាងលើ ប្រាសាទតាមុំត្រពាំងតូចមួយនៅទិសឦសាន និងត្រពាំងធំមួយទៀតនៅទិសខាងកើត ដែលមានប្រវែងពីលិចទៅកើត ១០០ ម៉ែត្រ និងពីជើងទៅត្បូង ២៩០ ម៉ែត្រ។
នៅផ្នែកខាងក្នុងប្រាសាទ សិល្បកររៀបជាបន្ទប់សក្ការបូជា (គភ៌គ្ឫហ) មានរាងបួនជ្រុងទ្រវែង និងមានយ៉លយមកមុខខាងកើត។ យើងសង្កេតឃើញថា ដំបូលរបស់ប្រាសាទតាមុំ បាក់បាក់រលំស្ទើរទាំងស្រុង ដែលជាហេតុនាំឱ្យគំនរពំនូកឥដ្ឋបានធ្លាក់មកផ្នែកខាងក្នុងនៃប្រាសាទ។ ប៉ុន្តែ ដោយហេតុថា កាលពីរវាងទសវត្សរ៍ ១៩៩០ ជនទុច្ចរឹតបានជីកកកាយរកវត្ថុបុរាណនៅផ្នែកខាងក្នុងនេះ នាំឱ្យគំនរពំនូកឥដ្ឋដែលធ្លាក់ពីដំបូល ត្រូវបានកាយចេញយកមកស្តុកទុកនៅមុខទ្វារចូលខាងកើត។ រីឯ សព្វថ្ងៃផ្នែកខាងក្នុង យើងអាចត្រឹមមើលឃើញថាជារណ្តៅដែលសល់ពីការជីកកកាយតែប៉ុណ្ណោះ ហើយក៏ពុំមាននៅសល់ជើងទម្រ ឬសិវលិង្គ ឬបដិមាអ្វីឡើយ។ ហេតុដូច្នេះហើយ យើងមិនដឹងព័ត៌មានច្បាស់លាស់ថា កាលពីដើមមក អ្នកកសាងបានតម្កល់អាទិទេពណាមួយនៅក្នុងប្រាសាទឡើយ ព្រោះប្រាសាទនេះមិនមានបន្សល់ទុកសិលាចារឹក និងមិនមាន ភស្តុតាងផ្នែកបុរាណវិទ្យាណាមួយមកបញ្ជាក់ឡើយ។
ក្រឡេកមកមើលផ្នែកខាងក្រៅប្រាសាទវិញ ផ្នែកដំបូលដែលសេសសល់នៅទិសខាងលិច នាំឱ្យយើងអាចសន្និដ្ឋានថា ប្រាសាទនេះរចនាផ្នែកដំបូលជាថ្នាក់ៗ ដោយបង្រួមខ្នាតពីធំទៅតូច ចាប់ពីផ្នែកខាងក្រោមទៅលើកំពូលបញ្ចប់ដោយការប្រក់ដំបូលមានរាងកោងដូចទូក ពោល គឺមានលក្ខណៈប្រហាក់ប្រហែលប្រាសាទត្រពាំងរពាក់ (ប្រាង្គ Z1) ប្រាសាទជ្រៃ (ប្រាង្គ N18) និងប្រាសាទសណ្តាន់ (ប្រាង្គ N21) ដែលគេស្គាល់ជាទូទៅថាមានលំនាំស្រដៀងសំណង់នៅឥណ្ឌាខាងជើង (វលភី) និងឥណ្ឌាខាងត្បូង (សាលា)។ រីឯផ្នែកខឿនរបស់ប្រាសាទ (ខាងក្រោម) លម្អជាក្បាច់សារពើសូត្រថ្នាក់ៗ ដែលក្បាច់លម្អមួយចំនួនបានរលុបជាច្រើន ប៉ុន្តែយើងអាចនៅមើលឃើញក្បាច់ត្របកឈូក ក្បាច់ផ្កាចន្ទន៍ និងក្បាច់ជើងទៀន។ កាន់តែគួរឱ្យចាប់អារម្មណ៍ នៅតាមទ្វារបញ្ឆោតទាំងបីរបស់ប្រាសាទ គេតម្រៀបឥដ្ឋចេញជារាងស៊ុមទ្វារ ដែលខាងលើទ្រដោយថ្មភក់ និងនៅកណ្តាលស៊ុមទ្វារគេតម្រៀបចេញជាក្បាច់សន្ទះទ្វារ។ ក្នុងចំណោមទ្វារបញ្ឆោតទាំងអស់ គឺមានតែទ្វារបញ្ឆោតនៅទិសខាងជើងប៉ុណ្ណោះ ដែលយើងអាចនៅមើលឃើញការលម្អច្រើនជាងគេ រីឯទ្វារបញ្ឆោតនៅទិសខាងលិច និងខាងត្បូង បានរលុះឥដ្ឋធ្លាក់មកក្រោមស្ទើរអស់ហើយ។ ទ្វារបញ្ឆោតខាងជើងនេះ មាននៅសល់សសរពេជ្ររាងមូល (រចនាបថសំបូរព្រៃគុក) និងមាននៅសល់ផ្តែរទ្វារមួយធ្វើអំពីឥដ្ឋ ដែលនៅខាងលើផ្តែរទ្វារមានលម្អជាចម្លាក់សត្វទេវកថាមានស្លាបទ្រសំណង់អ្វីមួយនៅខាងលើ (រលុបក្បាច់អស់) ដែលប្រហែលជាទ្រហោជាង។ ផ្តែរទ្វារឥដ្ឋនេះ មានរូបសត្វមករបែរមុខចូលក្នុងខ្ជាក់សត្វម្រឹគនិងក្បាច់អង្កត់ធ្នូនៅចុងសងខាង ហើយនៅលើបន្ទាត់ធ្នូមានរាងកោងនេះមានរូបចម្លាក់នៅក្នុងរង្វង់ចំនួន ៣ ដែលលោក Henri Parmentier សន្និដ្ឋានថា នៅកណ្តាលជាចម្លាក់សត្វស្លាប និងនៅសងខាងជាចម្លាក់រូបមនុស្សតូចៗ។ ប៉ុន្តែ បើយើងពិនិត្យឡើងវិញទៅ នៅត្រង់កណ្តាលជាចម្លាក់ហង្ស និងអមសងខាងដោយរូបចម្លាក់គ្រុឌកំពុងលើកដៃប្រណម្យ។ ផ្តែរទ្វារនេះ មានទម្រង់ជាទូទៅដូចទៅនឹងផ្តែរទ្វារផ្សេងទៀតនៃរចនាបថសំបូរព្រៃគុក ដែលមានអាយុកាលចន្លោះពីគ.ស.៦០០ ដល់ ៦៥០។
នៅតាមជញ្ជាំងគ្រប់ទិសទាំងអស់ មានលម្អជាក្បាច់សសរផ្អោបបញ្ឈរ ដែលចន្លោះសសរផ្អោបនីមួយៗមានលម្អជាចម្លាក់វិមានអណ្តែត ឬហៅម្យ៉ាងទៀតថា ប្រាសាទអណ្តែត។ ចម្លាក់វិមានអណ្តែតនីមួយៗ សិល្បករលម្អជាបីថ្នាក់ ដែលនៅខាងក្រោមបង្អស់ទ្រដោយសត្វទេវកថាមានស្លាប ដូចជា តោ សេះ និងគ្រុឌ។ គ្រប់ថ្នាក់ទាំងអស់នៃវិមានអណ្តែត សុទ្ធសឹងលម្អដោយរូបទេព និងតួអង្គហែរហម ដោយថ្នាក់ខាងលើបង្អស់មានទេពសំខាន់ ១ អង្គ អមដោយអ្នកហែរហម ៤ អង្គ, ថ្នាក់កណ្តាលមានទេពសំខាន់ ១ អង្គ និងអ្នកហែរហម ២ អង្គ និងថ្នាក់ខាងក្រោមបង្អស់មានទេពសំខាន់ ១ អង្គមានព្រះហស្តកាន់ដំបង (មិនមានអ្នកហែរហម)។
លោក ចិន្ត ច័ន្ទរតនា សន្និដ្ឋានថា ទេពសំខាន់ៗដែលឆ្លាក់នៅក្នុងវិមានអណ្តែតនេះ មួយចំនួនជារូប “ព្រះវិស្ណុ”។ តួយ៉ាង ចម្លាក់វិមានអណ្តែតនៅមុខខាងលិច (ផ្នែកខាងជើង) ដែលថ្នាក់ កណ្តាលមានតួអង្គទេពចំនួន ៣ អង្គ លោកយល់ថា ទេពស្ថិតនៅកណ្តាលដែលកំពុងអង្គុយក្នុងកាយវិការ “មហារាជលីលាសន” (Mahārājalīlāsana) គឺជាតួអង្គព្រះវិស្ណុ ដោយយោងទៅលើព្រះសិររបស់ទ្រង់មានពាក់មកុដរាងស៊ីឡាំង មានព្រះភក្រ្តធំនិងរាងពងក្រពើ ត្រចៀកវែងនិងពាក់ក្រវិល។ រីឯទេពដែលឆ្លាក់នៅក្នុងហោជាង (ថ្នាក់ខាងលើ) នៃវិមានអណ្តែតដដែលនេះ លោកយល់ថា ចម្លាក់នៅត្រង់កណ្តាលជាព្រះវិស្ណុអមដោយអ្នកហែរហម ទោះបីរូបនេះបាត់ព្រះសិរទៅហើយក្តី។ ចំណែក ចម្លាក់វិមានអណ្តែតនៅមុខខាងជើង (ផ្នែកខាងកើត) ដែលមានចម្លាក់ទេពចំនួន ៥ អង្គ លោកយល់ថា ចម្លាក់តួអង្គនៅកណ្តាលជារូបភាពតំណាងឱ្យព្រះវិស្ណុដូចគ្នា។ ចម្លាក់វិមានអណ្តែតមួយទៀតនៅមុខខាងត្បូង (ផ្នែកខាងលិច) ដែលស្ថិតនៅថ្នាក់កណ្តាលមានទេព ៣ អង្គ លោកយល់ថា ទេពកណ្តាលដែលអង្គុយក្នុងកាយវិការមហារាជលីលាសនក៏ជារូបព្រះវិស្ណុដែរ ហើយអមសងខាងដោយមហេសីទាំងពីររបស់ទ្រង់ ព្រោះលោកសម្គាល់នៅត្រង់មកុដដែលមានរាងស៊ីឡាំង។ ចម្លាក់មួយបន្ថែមទៀតនៅវិមានអណ្តែតខាងត្បូង (ផ្នែកខាងកើត) ដែលមានរូបទេពសំខាន់មួយនៅកណ្តាល និងអមដោយហែរហមចំនួន ៤ អង្គ លោកយល់ថា ជារូបព្រះវិស្ណុដូចគ្នា។
សូមបញ្ជាក់ថា ការសន្និដ្ឋានទាំងអម្បាលម៉ានរបស់លោក ចិន្ត ច័ន្តរតនា ក៏ពុំមានអ្វីរឹងមាំនោះឡើយ ព្រោះទេពនៅក្នុងព្រហ្មញ្ញសាសនាដែលអង្គុយនៅក្នុងកាយវិការមហារាជលីលាសន ជាលក្ខណៈធម្មតាទៅហើយ ពោល គឺព្រះសិវ ព្រះវិស្ណុ និងព្រះព្រហ្ម សុទ្ធសឹងមានកាយវិការអង្គុយបែបនេះដូចគ្នា។ ម្យ៉ាងទៀត កេតនភណ្ឌសំខាន់ៗដែលព្រះវិស្ណុកាន់ ដូចជា ខ្យងស័ង្ខ កងចក្រ ដំបង និងដុំមូល (ផែនដី) ក៏ពុំមានបង្ហាញនៅក្នុងចម្លាក់ទាំងនេះដែរ។ ពោល គឺសរុបមក យើងពិបាកកំណត់អត្តសញ្ញាណទេពទាំងអស់នៅក្នុងចម្លាក់វិមានអណ្តែតប្រាសាទតាមុំណាស់។
ជារួមមក ឆ្លងតាមការរៀបរាប់ខាងលើនេះ ប្រាសាទតាមុំ ឬជ្រូកគាស់ ឬឫស្សីរលៀក គឺជាសំណង់មួយដែលស្ថិតនៅជ្រុងឦសាននៃបរិវេណក្រុងឦសានបុរ នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលទំនងកសាងឡើងនៅស.វ.ទី៧ ក្នុងចន្លោះរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឬព្រះបាទស្រីភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧)។ ដោយសារកង្វះព័ត៌មានសិលាចារឹក និងការលំបាកក្នុងការកំណត់អត្តសញ្ញាណទេពនៅក្នុងចម្លាក់វិមានអណ្តែត យើងមិនដឹងថាប្រាង្គដ៏សំខាន់នេះតម្កល់អាទិទេពណាមួយឡើយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ យោងទៅតាមប្រាង្គបាក់បែកតូចមួយដែលស្ថិតនៅទិសពាយព្យ យើងអាចសន្និដ្ឋានថា ប្រាសាទនេះកសាងឡើងជា ២ ដំណាក់កាលផ្សេងគ្នា ពោល គឺដំណាក់កាលដំបូង គេសង់សំណង់ទោលសំខាន់មួយមានរាងបួនជ្រុងទ្រវែង អមដោយកំពែងព័ទ្ធជុំវិញ និងដំណាក់កាលបន្ទាប់ស្ថាបត្យករទំនងមានបំណងកសាងសំណង់រណបតូចៗចំនួន ៤ ទៀតនៅអនុទិសនៃសំណង់សំខាន់ ដែលមានលក្ខណៈដូចគ្នាទៅនឹងក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) និងក្រុមប្រាសាទត្រពាំងរពាក់។















————-
Prasat Tamom
The architectural design of Prasat Tamom Temple situated within the Sambor Prei Kuk temple complex in Kampong Thom province (Ou krou kae village, Sambor commune, Prasat Sambor district), is notable for its brick tower, which is configured in a rectangular plan and surrounded by a laterite or brick enclosure. Based on art historical evidence from the temple, the initial construction of this shrine is attributed to the 7th century, a period encompassing the reigns of King Ishanavarman I (616 – 637) or King Bhavarman II (637 – 657 CE).
អត្ថបទដោយ៖ លោក ម៉ង់ វ់ាលី