ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿសង្កេតទិដ្ឋភាពព្រះរាជពិធីអុំទូកនៅមុខព្រះបរមរាជវាំង

សង្កេតទិដ្ឋភាពព្រះរាជពិធីអុំទូកនៅមុខព្រះបរមរាជវាំង

ព្រះរាជពិធីបុណ្យអុំទូក តែងប្រារព្ធឡើង​​​នៅត្រង់ទីប្រសព្វគ្នា​នៃទន្លេបួនមុខ មុខ​ព្រះ​ដំណាក់​ផែ​ព្រះបរមរាជវាំង នៅក្នុងរាជធានីភ្នំពេញ។ ព្រះរាជទំនៀមដ៏មាន​សារៈសំខាន់​នេះ ប្រារព្ធជា​ប្រក្រតី​រយៈពេល​៣ថ្ងៃ ពោលគឺ​ពី​ថ្ងៃ​១៤-១៥កើត និងថ្ងៃ ១រោច ខែកត្តិក ដោយភ្ជាប់នឹង​ព្រះរាជពិធី​​បណ្តែតប្រទីបរៀងរាល់រាត្រី និងព្រះរាជពិធីសំពះព្រះខែ អកអំបុក ផ្សងទៀន ​នៅវេលារាត្រី​ថ្ងៃ​១៥កើត។ ចំពោះវត្តមាន​ទូក​​​ដែលបាន​​ឱកាស​មក​​ចូលរួម​ប្រណាំង​ក្នុងព្រះរាជពិធី ក្រោមព្រះរាជាធិបតី​ដ៏ខ្ពង់​ខ្ពស់​របស់​ព្រះមហាក្សត្រ គឺជា​ទូកប្រចាំវត្តនានានៅតាម​បណ្តាខេត្ត ជាពិសេសខេត្តមួយចំនួនធំដែល​ស្ថិត​នៅតាម​ដង​ទន្លេ។ ប៉ុន្តែព្រះរាជទំនៀមនេះ ក៏ធ្លាប់អាក់ខាន​មិនបានប្រារព្ធ​ដោយ​ហេតុ​ជា​ប្រការផ្សេងៗម្តងម្កាលផងដែរ។

ជាការពិត​នៅក្នុង​​ព្រះរាជពិធីបុណ្យអុំទូក ទូកដែលយកមកប្រណាំង គេហៅថា “ទូកង” ដែលមានពីរប្រភេទ គឺទូកអុំ និងទូកចែវ ហើយ​ជា​សម្បត្តិរួម​របស់​វត្ត​ណាមួយ​នៅ​ក្នុង​ភូមិស្រុក។ ប៉ុន្តែ​ជួនកាលវត្តខ្លះ មានតែទូកអុំ ឬទូកចែវ ហើយវត្តខ្លះទៀតមានទូកទាំងពីរ។ លុះ​ពេលប្រណាំង អ្នកភូមិចំណុះជើងវត្តនោះឯងជា​ចំណុះ​ទូក​ចូលរួមប្រណាំង ហើយ​​មុនថ្ងៃបុណ្យអុំទូកមកដល់ ព្រះសង្ឃ ឬចាស់ទុំ​តែង​ប្រមូលគា្ន ដើម្បីហ្វឹកហាត់ ដ្បិតអ្នកប្រណាំងពុំមែនជាកីឡាករអាជីពឡើយ គេប្រកបរបររកស៊ីជាធម្មតា ហើយមកហ្វឹកហាត់តែនៅពេលរៀបនឹងប្រណាំងប៉ុណ្ណោះ។

ជាទូទៅ​ គេសង្កេតឃើញថានៅក្នុង​​ទំនៀមរបស់​អ្នកស្រុក មុននឹងយក​ទូក​ទៅចូលរួមប្រណាំងនៅក្នុងពិធីបុណ្យអុំទូកនៅភ្នំពេញ គេត្រូវធ្វើពិធីប្រណាំងជម្រុះក្នុងភូមិស្រុកខ្លួនឯងសិន។ វត្ត ឬភូមិស្រុកខ្លះ តែងធ្វើពិធីប្រណាំងទូកជ្រើសរើសក្នុងវេលាភ្ជុំបិណ្ឌ និងខ្លះទៀតប្រណាំងនៅថ្ងៃចេញព្រះវស្សា ដើម្បីឲ្យមនុស្សម្នាបានមើលកម្សាន្តផង និងអបអរពិធីបុណ្យនោះឲ្យអធិកអធមផង។ លុះដល់ថ្ងៃព្រះរាជពិធីបុណ្យអុំទូកមក​ដល់ គេយកតែទូកដែលឈ្នះប៉ុណ្ណោះ​​ ដើម្បីចាត់ជា​តំណាងភូមិស្រុកនីមួយៗទៅប្រណាំងនៅឯរាជធានី។ ទំនៀម​នេះគេឃើញ​មាន​បន្តប្រារព្ធមក​រាប់សតវត្សមកហើយ។ តាមប្រភព​ឯកសារ​ខ្លះ​បញ្ជាក់ថា​មានប្រវត្តិ​មកតាំងពីសម័យអង្គរ ពោលគឺដោយ​លើក​សម្អាងភ្ជាប់នឹង​ចម្លាក់​នៅលើ​ជញ្ជាំងប្រាសាទ។

ក្នុង​ព្រះរាជពិធីអុំទូក​​ពីមួយឆ្នាំទៅមួយឆ្នាំ តែងមាន​ទូកចូលរួមប្រមាណពី៤០០ទៅ៦០០ ហើយទូក​នីមួយៗ​ត្រូវចាប់ឆ្នោតដើម្បីរើសគូប្រកួត ដែលរៀបចំដោយគណៈកម្មការរៀបចំ​ការប្រណាំង។ ទន្ទឹមនឹងនោះ ទូកដែល​ជា​តំណាង​មកពីភូមិស្រុក​នីមួយៗ​តែង​មាន​គណៈកម្មការ​ដឹកនាំពីស្រុកភូមិមកចូលរួម។ ទូកប្រចាំវត្តខ្លះ​ត្រូវ​ធ្វើដំណើរមកចូលរួម​មុនថ្ងៃកំណត់​ពីរ ឬបី​ថ្ងៃ ដោយរាប់តាំងពីការដឹកជញ្ជូន ការស្នាក់នៅ និងការ​ហូបចុក​ប្រកប​ដោយ​សាមគ្គីភាព​។ មិនតែប៉ុណ្ណោះ​បើតាមការសង្កេត នៅក្នុងអំឡុងពេលស្នាក់នៅ​ត្រៀម​ប្រកួត​ ចំណុះទូកទាំងអស់​តែង​តែរៀបចំ​ថ្វាយគ្រឿងសក្ការៈ​បូជា​ទូក​របស់ខ្លួន​​ទៅតាមទំនៀម​ពុំដែល​ដាច់។ មកដល់ចំណុចនេះ សូមបញ្ជាក់ថា​ទូក​ប្រពៃណី​ទាំងពីរប្រភេទ ពោលគឺ​ទូក​អុំ​ភាគ​​ច្រើន​មាន​ប្រវែង​ជា​មធ្យម​ចាប់ពី​​៣២ទៅ​៣៦​ម៉ែត្រ សម្រាប់ចំណុះ​ទូក​​​ពី​៦៥ទៅ​៧៥នាក់។ ទូក​ចែវ (ឬទូកមួង) មាន​ប្រវែង​​ជាធម្យមចាប់​ពី​២៧ទៅ​៣១​ម៉ែត្រ សម្រាប់​ចំណុះ​ទូកពី​២៨ទៅ​៤៨នាក់ ឬ​បច្ចុប្បន្ន​​មាន​រហូត​ដល់​៥០ទៅ​​​៦០នាក់។ អ្នកស្រុក​យល់ថារាល់​ទូកនីមួយ​ៗ​តែងមាន​បារមី(អ្នក​​​​​ស្រុក​​​ខ្លះហៅថា “រក្សា​ទូក”) ឬអមនុស្ស​ថែរក្សា​ ជា​ពិសេស​គឺ​មាន“ព្រាយ”កាន់នៅចាំមើលថែរក្សា​ជានិច្ច។ គេតែង​​ថ្វាយ​ក្លស់​នៅផ្នែកខាងក្បាល​ទូក​​ ទាំងពេល​​រក្សា​ទុកនៅក្នុងរោង និងពេលចុះទឹកសំចត​​​មុន​ និង​ក្រោយ​អុំ។

តាមបច្ចេកទេស​រៀបចំការប្រកួត ចំពោះក្នុងទូកមួយគូ ត្រូវប្រណាំងពីរដង ពោលគឺម្តងអុំនៅខ្សែទឹកខាងក្រៅ ហើយម្ដង ទៀតប្តូរមកខ្សែទឹកខាងក្នុងវិញ។ ទីប្រណាំងគឺចាប់ផ្តើមចេញពីក្បែរស្ពានជ្រោយចង្វា ហើយអុំបណ្តោយ​ខ្សែទឹកមកមុខព្រះបរមរាជវាំងត្រង់ដំណាក់ផែ(ឬ​វេទិកា) ដែលជាទីផ្ដាច់ព្រ័ត្រ និងជាទីដែលព្រះមហាក្សត្រ និងគណអធិបតីគង់ទត និងទស្សនា។ ទូកដែលប្រណាំងឈ្នះនៅថ្ងៃទី១ និងថ្ងៃទី២ ត្រូវទៅប្រណាំងបន្តនៅថ្ងៃទី៣ ដែលជាថ្ងៃផ្តាច់ព្រ័ត្រ។ នៅពេលបញ្ចប់ការប្រណាំង មានកិច្ចសំខាន់មួយហៅថា “កាត់ព្រ័ត្រ” ដែលធ្វើដោយក្រុមព្រាហ្មណ៍បាគូប្រចាំព្រះបរមរាជវាំង។

ដោយឡែក បើបកត្រឡប់ទៅមើលសារបានខ្លះនៃព្រះរាជពិធីបុណ្យអុំទូកនេះវិញ គេឃើញមានការវិវត្តប្រែប្រួលគួរកត់សម្គាល់។ ក្នុង​ព្រះរាជ​កំណត់បុណ្យទ្វា​ទសមាស​ឆ្នាំ​១៩០៧ និង​ឆ្នាំ១៩៣៧ ជារៀងរាល់ថ្ងៃគឺចាប់ពីម៉ោង​៣រសៀល​ គេតែងចាប់ផ្តើម​ការប្រណាំងទូក​។ លុះម៉ោង​៥ ព្រះករុណាជាអម្ចាស់​លើត្បូង​ ស្តេចយាង​​ប្រថាប់ព្រះទីនាំង​ម្ករធំ រហូតម៉ោង​៦ទ្រង់យាង​អុជទៀន​​ប្រទីប និង​កន្ទោង​ធំ។ ម៉ោង​៨ ស្តេចយាង​ប្រថាប់​ក្នុង​ព្រះដំណាក់​ផែ​ ទ្រង់​ព្រះ​សណ្តាប់​ចម្រៀងសកវារ៍ និងទតរបាំព្រះរាជទ្រព្យ។ នៅរាត្រីថ្ងៃ១៥កើត ស្តេចទ្រង់​យាង​ប្រារព្ធ​ព្រះរាជពិធីសំពះព្រះខែ និង​អកអំបុក​ក្នុងព្រះដំណាក់​ផែ។ ប៉ុន្តែបច្ចុប្បន្ន ព្រះរាជពិធី​សំពះព្រះខែ អកអំបុក​ប្រារព្ធ​នៅ​ប្រាសាទ​ទេវាវិនិច្ឆ័យ​ ខាងក្នុងបរិវេណព្រះបរមរាជវាំង។

សូមរម្លឹកថា​ ព្រះរាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ ដែលជា​ព្រះរាជពិធីថ្នាក់ជាតិនេះ ក៏ធ្លាប់​អាក់ខានមិនបានប្រារព្ធដោយ​ហេតុផ្សេងៗ​ដូច​បញ្ជាក់មកខាងលើដែរ។ ក្នុងសម័យ​សង្រ្គាម​រវាងឆ្នាំ​១៩៧០ ដល់​១៩៧៨ ព្រះរាជទំនៀមនេះ​បានផ្អាកជា​ស្ថាពរ រហូត​ដល់​ឆ្នាំ​១៩៩០ ទើប​រដ្ឋាភិបាល​បានចាប់ផ្តើម​កសាង​ប្រទេស​ជាតិឡើងវិញ ដោយ​​រៀបចំ​​ឱ្យមានការប្រារព្ធព្រះរាជពិធីបុណ្យ​អុំទូក និង​ទំនៀម​ពាក់​ព័ន្ធ​ឡើងវិញ។ គ្រានោះចំនួនទូក​ចូលរួម​ប្រកួត​មានចំនួន​ត្រឹមតែ៤៣ទូកប៉ុណ្ណោះ ដែល​ជា​ទូក​ក្នុង​ក្រុង​ភ្នំពេញ និងមកពី​បណ្តាខេត្តជាប់ដងទន្លេ។ ព្រះរាជទំនៀមនេះចេះ​តែ​បន្ត​ប្រារព្ធ និងរីកចម្រើន មានចំនួនទូកចូលរួមកើនឡើងរហូតរាប់រយគូ។ ប៉ុន្តែមក​ដល់ឆ្នាំ​២០១១ ព្រះរាជទំនៀម​ថ្នាក់ជាតិនេះក៏ត្រូវផ្អាក​វិញដោយ​សារប្រទេសជាតិជួបគ្រោះទឹកជំនន់។ ឆ្នាំ២០១២ ត្រូវ​ផ្អាក​​ម្តងទៀត ដោយកម្ពុជា​ត្រូវ​កំណត់​កាន់​ទុក្ខនៃការយាងសោយទិវង្គត ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥ ត្រូវ​ផ្អាក​ដោយសារ​​កម្ពុជា​ជួប​គ្រោះទឹក​ជំនន់ និងគ្រោះរាំងស្ងួត​ជា​បន្ត​បន្ទាប់។ ឆ្នាំ​២០២០ និងឆ្នាំ​២០២១ ត្រូវ​ផ្អាក​ដោយសារ​វិបត្តិសកល​ជំងឺកូវីដ-១៩ ហើយ​នៅឆ្នាំ​២០២២ ត្រូវ​ផ្អាក​ដោយសា​រកម្ពុជា​​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​កំពូល​អាស៊ាន និង​ឆ្នាំ​២០២៥ និង​ឆ្នាំ​២០២៦ រាជរដ្ឋាភិបាល​កំណត់​ឱ្យ​​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះព្រះខែ អកអំបុក ដោយរាជរដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ និងបញ្ហា​ប្រជាពលរដ្ឋភៀសសឹក៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,700SubscribersSubscribe
- Advertisement -spot_img