ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿកិច្ចបញ្ចុះទូក ឬទម្លាក់បង្គងនៅភូមិកំពង់ឈើទាល

កិច្ចបញ្ចុះទូក ឬទម្លាក់បង្គងនៅភូមិកំពង់ឈើទាល

ទូកខ្មែរ មានច្រើនប្រភេទណាស់អាស្រ័យទៅតាមការប្រើប្រាស់ និងបរិបទរស់នៅប្រចាំថ្ងៃ។ ក្នុងនោះ ទូកង ជាទូកប្រណាំង (ទូកអុំ និងទូកចែវ) ដែលគេនិយមប្រើប្រាស់ក្នុងឱកាសពិធីបុណ្យអុំទូក កឋិនទាន ឬចេញវស្សាជាដើម។ ក្រៅអំពីការប្រើប្រាស់សម្រាប់ប្រកួតប្រជែង ទូកងបានបង្កប់នូវបច្ចេកទេសផលិត សាមគ្គីភាព ប្រវត្តិសាស្រ្ត និងប្រភេទឈើធ្វើទូក។ ម្ល៉ោះហើយ ទើបមានពាក្យស្លោកមួយពោលថា “គគីរនឹងទឹក ផ្ចឹកនឹងដី សុក្រំហាលថ្ងៃ ស្រឡៅក្នុងម្លប់”។ មនុស្សខ្មែរមានជំនឿថា គ្រប់ទូកងទាំងនោះមានអមនុស្សថែរក្សា ឬសណ្ឋិតនៅ។ ដូច្នេះហើយ ទើបគេតែងប្រារព្ធកិច្ចផ្សេងៗដូចជា កិច្ចសែនព្រះពិស្ណុការធ្វើទូក កិច្ចសែនរោងទូក កិច្ចបំពាក់ភ្នែកទូក កិច្ចលេងថ្វាយភ្លេង កិច្ចទម្លាក់បង្គង កិច្ចថ្វាយកំពង់ និងកិច្ចបញ្ចុះទូកជាដើម។ នៅក្នុងអត្ថបទនេះ យើងលើកយក “កិច្ចបញ្ចុះទូកឬទម្លាក់បង្គង” របស់អ្នកភូមិកំពង់ឈើទាល ខេត្តកំពង់ធំ មកបង្ហាញដោយសង្ខេប។ តើកិច្ចបញ្ចុះទូកឬទម្លាក់បង្គងរបស់អ្នកភូមិកំពង់ឈើទាល មានដំណើរការប្រព្រឹត្តទៅយ៉ាងដូចម្តេចខ្លះ?

ភូមិកំពង់ឈើទាល ជាភូមិដែលស្ថិតនៅជាប់ដងស្ទឹងសែន ក្នុងភូមិសាស្រ្តឃុំសំបូរណ៍ និងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ជាទូទៅ នៅចន្លោះខែតុលា ដល់ខែវិច្ឆិកា អ្នកស្រុកនៅតាមដងស្ទឹងសែន រួមទាំងអ្នកភូមិកំពង់ឈើទាលផងតែងតែប្រារព្ធពិធីបុណ្យអុំទូកប្រចាំតំបន់ជារៀងរាល់ឆ្នាំ មុននឹងត្រៀមខ្លួនទៅប្រកួតប្រជែងថ្នាក់ខេត្ត និងថ្នាក់ជាតិ។ តាមទម្លាប់មុនការប្រកួត ទូកស្ទើរតែទាំងអស់ត្រូវចុះទឹក ដើម្បីឱ្យចំណុះ(អ្នកអុំ)ហាត់សម និងហ្វឹកហ្វឺនកម្លាំង។ ម្ល៉ោះហើយ ទើបមានតំបន់ខ្លះប្រារព្ធកិច្ចពិធីផ្សេងៗមុនពេលទូកចុះទឹក។ ជាក់ស្តែង ទូកងនៅភូមិកំពង់ឈើទាល មានឈ្មោះថា “ឯកសុវណ្ណច័ន្ទមូលី” ស្ថិតនៅវត្តច័ន្ទមូលី នៅតែរក្សាទំនៀមទម្លាប់ “កិច្ចបញ្ចុះទូក” មុននឹងលើកទូកងចុះទឹក។ ជាធម្មតា​ឈ្មោះទូកតែងបង្ហាញពីអត្តសញ្ញាណតំបន់ ដូចជាឈ្មោះភូមិ វត្ត ឬសត្វជាដើម ហើយនាសម័យក្រោយមក ក៏មានការដាក់បន្ថែមឈ្មោះអ្នកឧបត្ថម្ភធំផងដែរ។ ចំពោះទូក “ឯកសុវណ្ណច័ន្ទមូលី” ក៏មិនខុសគ្នាដែរ ពោលគឺពាក្យ “ឯក” គឺជាឈ្មោះអ្នកតាមួយអង្គដែលថែរក្សាការពារទូកក្នុងវត្តនេះជាយូរយាមកហើយ។ រីឯពាក្យ “ច័ន្ទមូលី” គឺសំដៅលើឈ្មោះវត្តតែម្តង។ មុនពេលមានទូកងនេះ វត្តច័ន្ទមូលី ធ្លាប់មានទូកងឈ្មោះ “បង្កងផ្ទាត់ចង្ហាន់ហុយ” ធ្វើដោយក្រុមលោកតាប្រុក មកពីភូមិតាំងក្រង ឃុំតាំងក្រសៅ ស្រុកប្រាសាទ  សំបូរ ខេត្តកំពង់ធំ។ ទោះតួទូកពុំសេសសល់ តែភ្នែកទូកមួយគូត្រូវបានគេរក្សាទុកយ៉ាងល្អ និងយកមកបំពាក់ឱ្យទូកក្នុងវត្តជាបន្តបន្ទាប់។ លុះដល់ឆ្នាំ១៩៩១ ទូកងឈ្មោះ “ឯកសុវណ្ណច័ន្ទមូលី” បានបង្កើតឡើយ ហើយរហូតដល់ឆ្នាំ២០០៣ គេធ្វើទូកថ្មីមួយទៀតដោយដាក់ឈ្មោះដដែលនិងមានចំណុះ៥៧នាក់។ រីឯទូកចាស់គេបានប្ដូរឈ្មោះទៅជា “ឯកសុវណ្ណច័ន្ទបុប្ផា” សម្រាប់ឱ្យនារីអុំវិញម្តង។ ទូកទាំងពីរនេះ គឺជាស្នាដៃរបស់លោកតា ម៉ែន ទុន ដែលជាជាងទូកដ៏ចំណាន និងមានកិត្តិនាមល្បីល្បាញក្នុងវិស័យទូកង ព្រោះទូកដែលលោកធ្វើ តែងតែមានល្បឿនលឿន និងល្បីល្បាញឆាប់រហ័ស។

មុនពេលចាប់ផ្តើមកិច្ចបញ្ចុះទូកឬទម្លាក់បង្គង ចំណុះទូកទាំងអស់ រួមទាំងចាស់ទុំបានមកជួបជុំគ្នានៅក្នុងរោងទូក។ ព្រមជាមួយគ្នានេះ ក៏មានវត្តមានរូបស្នងម្នាក់មកចូលរួមកិច្ច ដើម្បីឱ្យអ្នកតាដែលថែរក្សាទូកចូលមកសណ្ឋិត តាមរយៈការប្រគុំភ្លេងអារក្សផង។ នៅក្នុងពេលនោះ រូបស្នងដែលមានអមនុស្សកំពុងចូលសណ្ឋិត បានធ្វើត្រាប់តាមកាយវិការអ្នកអុំទូកង និងបានចងខ្សែអំបោះដល់ទូកង ច្រវា និងចំណុះទូក។  លុះពេលអ្នកតារាំកម្សាន្តសប្បាយចិត្តហើយក៏លាចេញពីក្នុងខ្លួនរូបស្នង ដោយបានផ្តាំផ្ញើថា លោកនឹងជួយបីបាច់ថែរក្សាកម្លាំងចំណុះទូកឱ្យមានសុខសុវត្ថិភាព និងទទួលបានជ័យជម្នះក្នុងការប្រកួត។ បន្ទាប់មក ចំណុះទូកទាំងអស់បាននាំគ្នាលើកទូកដើម្បីយកទៅកំពង់ ពោលគឺចុះទឹក។ មុននឹងលើកចេញ គេឃើញមានលោកតាចំណាស់ម្នាក់ដែលមានតួនាទីជាអ្នកបញ្ជានៅលើក្បាលទូកបានស្រែកឡើងថា “ទូកជាបល្ល័ង្ក ស្រឡោជារនាំង ចង្វារជាព្រះខ័នជ័យ!” ។ ស្រឡោនៅត្រង់នេះ សំដៅដល់ក្តារសន្ទះស្ទះឬគ្របត្រង់ច្រក-កទូកខាងក្បាលឬខាងកន្សៃ ដែលជាទូទៅមានពាក្យពេញហៅថា “ស្រឡោកោ”។​ ការស្រែកបែបនេះ គឺគេយកលំនាំលោកតា ម៉ែន ទុន ដែលជាជាងធ្វើទូកផ្ទាល់។ហេតុដូច្នេះរាល់ទូករបស់គាត់ធ្វើ គឺភាគច្រើនតែងមានទម្រង់ស្រែកបែបនេះដូចៗគ្នា។ លុះស្រែកចប់ គេក៏នាំគ្នាតម្រង់ជួរដង្ហែទូកចេញពីរោង សំដៅទៅកាន់មាត់កំពង់ដើម្បីទម្លាក់ទូកចុះទឹក។ ក្នុងអំឡុងពេលហាត់សម អ្នកសំឡេងខ្លាំងម្នាក់ស្រែកដាស់កម្លាំងដល់ចំណុះទូក និងថែមទាំងមានអ្នកបន្ទរ ដូចខាងក្រោម៖

  • វើយឯក! វើយសៅរ៍! នាងពៅព្រៃកោះ             (ហៃអើៗ!)
  • វើយឯក! វើយម៉ៅ! នាងពៅព្រៃគុក                    (ហៃអើៗ!)
  • វើយឯក! វើយសៅរ៍! នាងពៅព្រៃកោះ             (ហៃអើៗ!)
  • តាដុំដែក! ហែកយាយម៉ៅ! នាងពៅព្រៃគុក          (ហៃអើៗ!)
  • លោកតាទាំងអស់ ជួយទូកឱ្យឈ្នះ!                   (ហៃអើៗ!)

ពាក្យស្លោកប្រចាំទូកនេះកើតឡើងជាយូរមកហើយ ហើយអ្នកភូមិដែលជាចំណុះទូកបានស្រែកតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់។ គេជឿថាពាក្យស្លោកដែលបានស្រែកនេះ គឺអ្នកតាជាអ្នកផ្តល់ឱ្យ ដើម្បីជួយដាស់កម្លាំងស្មារតី និងបន្ថែមថាមពលដល់ចំណុះទូកឱ្យមានកម្លាំងខ្លាំងក្លាជាងមុន ទើបបានជាពាក្យស្លោកនេះនៅតែបន្តឥតដាច់មកដល់សព្វថ្ងៃ។

សរុបជារួមមក កិច្ចបញ្ចុះទូកឬទម្លាក់បង្គងរបស់អ្នកភូមិកំពង់ឈើទាល ខេត្តកំពង់ធំ មិនត្រឹមតែជាទំនៀមទម្លាប់ប្រពៃណីមុនពេលយកទូកចុះទឹកប៉ុណ្ណោះទេ តែវាបានបង្ហាញអំពីស្មារតីសាមគ្គីភាពក្នុងសហគមន៍ និងការថែរក្សាមត៌កវប្បធម៌អរូបីពីមួយជំនាន់ទៅមួយជំនាន់។ តាម      រយៈកិច្ចសែនព្រេន ការចូលរូបស្នងរបស់អ្នកតា ព្រមទាំងពាក្យស្លោក និងក្បួនខ្នាតដែលបន្សល់ទុកដោយជាងទូកជើងចាស់ទាំងអស់នេះ បានក្លាយជាមូលដ្ឋានជំនឿដ៏រឹងមាំក្នុងការជួយដាស់ស្មារតី បង្កើនថាមពល និងជាទីពំនាក់ផ្លូវចិត្តដ៏សំខាន់សម្រាប់ចំណុះទូក “ឯកសុវណ្ណច័ន្ទមូលី” ក្នុងការបោះជំហានចូលរួមប្រកួតប្រជែងដោយភាពអង់អាច និងចូលរួមថែរក្សាមត៌កវប្បធម៌ខ្មែរឱ្យគង់វង្សតទៅមុខទៀត។

————

This study explores the traditional ritual known as “Kech Banhchus Tuok or Tumleak Bangkang” (the boat-launching ceremony) practiced in Kampong Chheu Teal village, Kampong Thom province. As an integral component of Khmer intangible cultural heritage, the ceremony is performed prior to the annual water festival season to bless the traditional racing boat (Tuok Ngor) named “Ek Sovann Chan Muoly”. The ritual involves a series of sacred practices, including offerings to protective spirits, mediumship through Arak music performances, the tying of protective blessed threads for the rowers, and traditional invocations chanted before moving the vessel into the river. These customs serve not merely as preparatory steps before water training, but function as crucial psychological pillars that reinforce community solidarity, boost the morale and physical endurance of the crew, and preserve ancestral traditions. Ultimately, this research highlights how indigenous beliefs and ritualistic practices remain vital in empowering modern competitive boat teams while safeguarding historical Khmer cultural expressions.

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,700SubscribersSubscribe
- Advertisement -spot_img