ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿកប់អង្កររាបក្នុងពិធីកោរជុក

កប់អង្កររាបក្នុងពិធីកោរជុក

អ្នកស្រាវជ្រាវយល់ថា “កោរជុក” ឬ “កោរកំប៉ោយ” ជា​ពិធី​​ឆ្លង​វ័យក្នុង​ដំណើរជីវិត​​​ មនុស្ស​ខ្មែរ ពោលគឺឆ្លងពីវ័យ​កុមារ​ភាពត្រៀមខ្លួនចូលភាពពេញវ័យ។ បើតាមចំណាំ​គេ​ច្រើន​​ធ្វើពិធីឱ្យក្មេង​​ទាំង​ប្រុសទាំងស្រី​អាយុ​ចាប់ពី៩ឆ្នាំ ឬ១១ឆ្នាំ ដល់១៣ឆ្នាំ។ មក​ដល់សព្វថ្ងៃ ទំនៀមនេះ​នៅសង្កេតឃើញបន្តប្រារព្ធតាមភូមិមួយចំនួន ស្ថិត​នៅ​តំបន់អង្គរ​ ខេត្តសៀមរាប ធ្វើក្នុងរវាងខែមាឃ និងខែផល្គុន (កុម្ភៈ-មីនា)។ សោតឯដំណើរនៃពិធី មានការរៀបចំកិច្ចតូចធំ និងមានរណ្តាប់ច្រើនប្រការដែរ រាប់តាំងពី​ធ្វើនំ សង់​រោងពិធី ចាក់ចេកតុបតែង ធ្វើរានកោរ​សក់ឬរានម៉ា ធ្វើបាយសី និងគ្រឿងសក្ការបូជា​​ផ្សេងៗ។ ក្នុង​ចំណោមនោះ អង្កររាប​ក៏ជា​រណ្តាប់យ៉ាង​សំខាន់​ ដែល​រៀបចំជាពិសេសសម្រាប់សាមីពិធីហៅថា “កិច្ច​ដេក​អង្កររាប”។​ តាម​ការ​សង្កេត​ ​គេឃើ​ញ​ក្នុងអង្កររាបតែងមាន​កប់​រុក្ខជាតិ​ ឬហៅថាថ្នាំច្រើនមុខ ហើយក្នុង​អត្ថបទនេះខ្ញុំសូមលើកករណីពិធីកោរជុក ​នៅភូមិត្នោតជ្រុំ ស្ថិត​ក្នុងស្រុក​ពួក​ ខេត្តសៀមរាប មករៀបរាប់ដូចខាងក្រោម។

តាមសម្គាល់នៅក្នុងពិធីកោរជុក គេតែងរៀបចំ​​ធ្វើកិច្ចដេកអង្កររាបនៅវេលាស្ទើរ​តែពាក់​កណ្តាលអាធ្រាត្រ ដោយ​ភ្ជាប់ទៅនឹង​កិច្ចហៅព្រលឹងសក់ឱ្យ​សាមីពិធី។ ប៉ុន្តែមុននឹង​រៀបរាប់​អំពី​​​ថ្នាំ​ដែល​កប់ក្នុងអង្កររាបនោះ​ ខ្ញុំសូមបញ្ជាក់ថា​អង្កររាប​ គឺជា​កញ្ចប់​អង្ករ​ខ្ចប់នឹង​សំពត់ស ហើយ​បរិមាណ​អង្ករ​នោះ​ត្រូវ​វាល់ច្រើនបែបយ៉ាង​ មាន​ក្បួន​ច្បាប់​ ឬទម្លាប់​រង្វាស់​រង្វាល់​ខុស​គ្នាពីអាចារ្យម្នាក់ទៅម្នាក់ដែរដូចជា​ តក់ នាឡិ ក្តាប់​ ចិប ច្បិច ថ្ពិត និងផ្ទាត់ជាដើម។ មុននឹង​វាល់អង្ករតាមក្បួនខ្នាតខាងលើ លោកអាចារ្យ​ត្រូវ​រាយ​ស្លឹក​ឈូក​​​លើ​សំពត់​សជា​​មុន​សិន។ បើពិនិត្យជាក់ស្តែង គេ​ឃើញស្លឹកឈូក​ខ្លះ​ពេញរូបរាង ស្លឹកឈូកខ្លះហែក​ត្រឹម​ពាក់កណ្តាល ហើយ​​បើរាប់​ចំនួន​ឃើញមាន​ប្រហែល​​ជាង​១០សន្លឹកប៉ុណ្ណោះ តែបើយក​ការ​សិក្សារបស់អ្នកស្រាវជ្រាវមកបញ្ជាក់ គឺស្លឹកឈូកនោះគេត្រូវ​រៀប​ចំនួន​២១សន្លឹក ដែល​តំណាង​ឱ្យ​គុណ​ឪពុក។

បន្ទាប់ពី​លោក​អាចារ្យក្រាលសំពត់ស និងរៀបស្លឹក​ឈូករួច​រាល់ហើយ ទើប​​​ចាប់ផ្តើម​វាល់អង្ករ​ដាក់លើស្លឹកឈូកតាមក្បួនខ្នាតដូចរៀបរាប់ខាងលើគឺ ចំនួន១២​តំណាង​ឱ្យ​ គុណ​ម្តាយ ៩តំណាងគុណគ្រូ ៧តំណាងគុណបង និងចំនួ​ន​តាម​អាយុសាមីខ្លួន​​កោរ​ជុក​នោះ។ សូមបញ្ជាក់ថាជាទូទៅក្មេងមាន​អាយុ១០ឆ្នាំឡើងទើប​លោកអាចារ្យ​​ឱ្យ​ដេក​អង្កររាប។​ ដូច្នេះ​ក្រោយ​វាល់​អង្ករ​តាម​ក្បួនខ្នាតគ្រប់ចំនួនហើយ​ លោកអាចារ្យ​ក៏យកត្រល់​មួយ​មាន​ចងស្លឹកឈូក និង​ចិញ្ចៀន​ទៅកប់ក្នុងអង្ករ​នោះ។ ចិញ្ចៀន​ចង​ភ្ជាប់នឹងត្រល់នេះ មានការ​ពន្យល់ថា​តំណាង​ឱ្យភោគផល ពោលគឺ​តំណាង​ឱ្យការ​ភពប្រសព្វ​​គ្នា​រវាង​ភេទស្រី (ចិញ្ចៀន)​ និងភេទប្រុស (ត្រល់)។ ម្យ៉ាងទៀតមានការ​បក​ស្រាយ​​ខ្លះ​បញ្ជាក់​ថា​ កិច្ចដេកអង្កររាប គឺធ្វើឱ្យសាមីពិធីទទួលបាន​នូវកម្លាំងពលំ និងសេចក្តីសុខដែល​កើត​ពីគ្រឿង​មង្គល​ទាំង​ឡាយកប់ក្នុងអង្ករ។ ដោយឡែកចំពោះឈ្មោះ​រុក្ខជាតិ ឬថ្នាំប្រើសម្រាប់កប់ក្នុងអង្កររាបនោះ​ យ៉ាង​ហោចមាន​៩មុខ ហើយខ្លះ​ឃើញ​សរសេរឈ្មោះភ្ជាប់ជាមួយផង។ ប៉ុន្តែ​​មុន​នឹង​រាយ​ថ្នាំទាំងអស់ អាចារ្យ​គូរ​បែងក្រឡាលើអង្ករម្តងជាពីរដង រួចទើបយកថ្នាំដាក់រាយតាមប្រឡោះ​ទិសនីមួយៗ​ ដែលមាន​​កំណាត់ដើមស្បូវភ្លាំងខណ្ឌចែក។​ នៅទិសខាងកើតដាក់ក្រវាញ ទិសអាគ្នេយ៍ដាក់​ក្លាំពូ ទិសខាងត្បូង​​ដាក់ដីប្លី ទិសនិរតីដាក់សម្បួរវែង ទិស​ខាងលិចដាក់​សណ្តែកមាស ទិស​ពាយ័ព្យ​ដាក់​ដំបែរ ទិស​ខាងជើង​ដាក់ស្លាត្រក ​ទិសឦសាន​ដាក់ម្រេច ហើយនៅកណ្តាល​ដាក់​ផ្កាចន្ទន៍។ សូមបញ្ជាក់ថា​អង្កររាបនេះ បើនៅតំបន់អង្គរមានប្រើក្នុងពិធីផ្សេងទៀតដែរដូចជា បួសនាគ អាពាហ៍ពិពាហ៍ និងចម្រើនអាយុជាដើម ហើយរបៀបរៀបចំក៏អាចប្លែកគ្នាខ្លះ។

ក្រោយពេលរៀបចំវេចខ្ចប់អង្កររាបរួចស្រេច ដាក់នៅកណ្តាលទីប្រារព្ធកិច្ច​ហើយ លោកអាចារ្យ និង​ចាស់ទុំ​ចាប់ផ្តើមបង្វិលពពិល។ ប៉ុន្តែមុននឹងបង្វិលពពិល លោក​អាចារ្យដឹកនាំនមស្ការ​សង្ខេប ដោយមានសាមីពិធីចូលរួមផង។ បន្ទាប់មកទើប​អុជ​ទៀន​បិទ​ភ្ជាប់នឹងពពិល​ បង្វិល​៣ជុំ​តាម​ទិស​ប្រទក្សិណជុំវិញអង្កររាប និងក្មេងៗសាមីពិធី។ បើ​និយាយ​ហួស​​ទៅបន្តិច​អត្ថន័យពពិលនិងទៀន ​ក៏ពុំ​ខុស​ពីត្រល់និង​ចិញ្ចៀន ដូចរៀបរាប់ខាងលើដែរ ដ្បិត​កិច្ចធ្វើក្នុងន័យ​ជា​និមិត្តរូប​រីកចម្រើន​ដុះដាលលូតលាស់ជាមង្គល បុរាណ​តែង​មាន​​វត្ថុពិសិដ្ឋជានិមិត្តរូបដូច្នេះ។​ លុះ​បង្វិល​ពពិលគ្រប់៣ជុំហើយ  សាមីពិធីត្រូវដេកលើអង្កររាបនោះ ចំណែកចាស់ទុំ​បន្ត​​កិច្ច​ហៅ​​ព្រលឹង​សក់​ ហើយ​ក្មេងៗជាសាមីពិធីដេកលង់លក់កើយអង្កររាបរហូតដល់ភ្លឺ។

ពាក់ព័ន្ធនឹង​ថ្នាំ​កប់ក្នុងអង្កររាប បើមក​មើល​សេចក្តី​ក្នុង​ក្រាំង​​ និង​វាន​បុរាណប្រើសម្រាប់រៀបចំកិច្ចជាមង្គលខ្មែរ ដែលមាននិយាយដល់ថ្នាំកប់អង្កររាបនោះដែរ គេឃើញរៀបរាប់ឈ្មោះរុក្ខជាតិ​ប្រហែលជិត​២០មុខ។ រុក្ខជាតិខ្លះ​​ឈ្មោះ​ដូចរុក្ខជាតិជា​ថ្នាំរបស់​​អ្នកស្រុកនៅតំបន់​អង្គរប្រើ​ តែរុក្ខជាតិខ្លះមាន​ឈ្មោះខុសគ្នា​ដូចជា ក្រវាញ ក្លាំ​ពូ ទេពទារូ សម្បុរល្វែង ដីប្លី ស្រូវគង់ សណ្តែក​មាស ម្រេច ខ្ទឹម ដំបែ ស្លឹក​ឈូក ស្លឹក​ចារ ស្លឹក​ព្នៅ ស្លឹក​ខ្លែង​គង់ ស្លឹក​ល្វា ​ស្លឹកឫស្សី ស្លឹក​បន្លាស្អិត ស្លឹក​កំពូល​បាយ និង​ស្លឹក​សំបួរមាស។ ចំពោះរុក្ខ​ជាតិមួយ​ចំនួន​​ក្នុងចំណោមរុក្ខជាតិ​ដូចរាប់មកខាងលើ ខ្លះ​ក៏ឃើញមាន​ដុះលូតលាស់សព្វថ្ងៃ ខ្លះប្រទះឃើញដោយកម្រ តែខ្លះពុំដែលប្រទះឃើញផង។

ជារួមមក ក្នុងបណ្តារុក្ខជាតិទាំងឡាយដូចរៀបរាប់មក​​ខាងលើ គេឃើញ​រុក្ខជាតិខ្លះ​ប្រើផ្សំគ្នាជាថ្នាំបុរាណកបនឹងជំងឺផ្សេងៗដូចជា សម្បកទេពទារូមានក្លិនប្រហើរ​ ប្រើ​​ផ្សំជាមួយ​សម្បុរល្វែង​ប្រើជាថ្នាំក្តៅ។ ចំណែកឯផ្លែដីប្លី គឺជារុក្ខជាតិកម្រប្រទះឃើញសព្វថ្ងៃ តែ​ផ្លែដីប្លីទុំគេអាចហាលឱ្យស្ងួត​សម្រាប់ស្រ្តីមានគភ៌​ដាំទឹក​ទទួល​ទាន។ លើសពីនោះទៅទៀត ចំពោះស្លឹក​ព្នៅសព្វថ្ងៃឃើញ​ប្រើក្នុងទំនៀមក្សត្រ ដែល​ព្រះករុណាជាអម្ចាស់ ទ្រង់តែង​សៀតព្រះកាណ៌ យាង​ជាព្រះរាជាធិបតី​នៅក្នុង​ព្រះរាជពិធីសំខាន់ៗផងដែរ៕

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,600SubscribersSubscribe
- Advertisement -spot_img