ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿប្រពៃណីទំនៀមទម្លាប់ដក់ជាប់លើគំនូរ (ភាគ២បញ្ចប់)

ប្រពៃណីទំនៀមទម្លាប់ដក់ជាប់លើគំនូរ (ភាគ២បញ្ចប់)

នៅក្នុងអត្ថបទភាគ១ ខ្ញុំបានរៀបរាប់អំពីទំនៀម​ទម្លាប់ ​ដែលសង្កេតឃើញ​មាន​គូរ​ ជាប់​លើ​គំនូរនៅតាមវត្ត ហើយ​បន្ត​ប្រតិបត្តិ​រហូតដល់សព្វថ្ងៃ​ដូចជា ​ទំនៀមព្រះរាជពិធីច្រត់ព្រះនង្គ័ល​ និង​ទំនៀមអាពាហ៍ពិពាហ៍ ​ឬមង្គលការ។ នៅក្នុងអត្ថបទបញ្ចប់ភាគ២នេះ ខ្ញុំសូមរៀបរាប់​យ៉ាងសង្ខេប​នូវសិល្បៈទំនៀមទម្លាប់មួយ​ចំនួន​ទៀត​​ ដែល​​​​​វិចិត្រករបាន​គូរ​បញ្ចូល​ទៅក្នុងទិដ្ឋភាពខ្លះនៃគំនូរ​តាមវត្តដូចជា ពិធីក្នុងទំនៀមទម្លាប់ខ្មែរ​ និង​សិល្បៈ​​ភ្លេង​ប្រពៃណីផ្សេងៗដូចខាងក្រោម។

គ.ពិធីកោរជុក កោរជុក ជាពិធីដែលអ្នកស្រាវជ្រាវយល់ថា គឺជាផ្នែកមួយ​នៃដំណាក់កាល​ឆ្លង​វ័យ​​របស់មនុស្សខ្មែរ។ ពាក្យថា “ជុក” នេះគឺនិយាយតាមពាក្យថាជាទូទៅ ឯអ្នកស្រុកនៅតំបន់ខាងជើង និងពាយព្យនៃប្រទេសកម្ពុជាច្រើនហៅថា “កំប៉ោយ” ឬ “កំប៉ោច” ហើយបើគេចង់និយាយពីកិច្ចពិធីកាត់កំប៉ោចជាស្ថាពរនោះ គេច្រើននិយាយសាមញ្ញថា “កោរសក់”។ បច្ចុប្បន្ន​ គេឃើញទំនៀមនេះបន្តប្រារព្ធតាមភូមិមួយចំនួន​នៅតំបន់អង្គរ។ ប៉ុន្តែកាលដើមសតវត្សទី២០ គេដឹងថា​មាន​បុណ្យកោរជុកដ៏អធិក​អម​មួយបាន​ប្រារព្ធ​ថ្វាយ​ ព្រះអង្គម្ចាស់ចន្ទលេខា (ហៅម្ចាស់តូ) ដែលត្រូវជាព្រះរាជបុត្ររបស់ ​ព្រះបាទ នរោត្តម ដែរ។ ពាក់​ព័ន្ធ​ពិធីខាងលើ គេឃើញមាននៅក្នុងគំនូរ​រឿងរាមកេរ្តិ៍​ គូរនៅ​លើជញ្ជាំង​ព្រះវិហារ​វត្ត​រាជបូព៌​ ខេត្ត​សៀមរាប។ ក្នុងគំនូរនោះមានរូបពាលីពរអង្គទទៅឱ្យតាបសប្ញសីកោរជុក ហើយ​បើប្រៀបមកសព្វថ្ងៃ គឺឃើញដូច​តួអង្គ​ព្រះសង្ឃឧបកិច្ចធ្វើជាកោរឱ្យ​ក្មេងៗជា​សាមី​​ពិធី ។ ប្រការនេះពុំប្លែកអ្វីឡើយ ដ្បិតត្រូវយល់ថា​ពុទ្ធបរិស័ទ​តែង​ភ្ជាប់​កិច្ចជាច្រើនក្នុងទំនៀមប្រពៃណី ទៅនឹងព្រះសង្ឃព្រះពុទ្ធសាសនា​ជាធម្មតាក្នុងនាមជាពុទ្ធសាសនិក។

ឃ.ពិធីបំបួសនាគ តាម​ព្រះពុទ្ធសាសនា​គេជឿ​ថា “បួស”​​ ឬ “បំបួស​” បាន​អានិសង្សបុណ្យ​ដ៏ប្រសើ​រតទៅជាតិ​មុខ ហើយក្នុង​បរិបទ​វប្បធម៌ខ្មែរ ​​អ្នក​ស្រាវជ្រាវក៏​​ចាត់ទុក​​​ការ​បួស​ជា​ផ្នែក​មួយ​​នៃទំនៀម​ក្នុង​​ដំណើរ​​ឆ្លង​​វ័យ​របស់​​មនុស្ស​ដែរ​។ ជារឿយៗព្រះសង្ឃតែ​ងតែទេសនាបង្ហាញ​​ប្រវត្តិ​​ពាក់ព័ន្ធនឹងការបួសដូចជា រឿង​យសកុលបុត្រ ដូចគំនូរ​វត្ត​ស្វាយ​សាច់ភ្នំ និងរឿង​សុបិនកុមារ ដែលតែងឃើញគូរតាម​ព្រះវិហារ​ និងសាលា​ឆាន់ជាដើម។ ចំពោះ​ការ​បួស​​ក្នុង​សង្គមខ្មែរ​មាន​ច្រើន​យ៉ាង​ដូចជា​ បួស​មុខ​ភ្លើង បួស​លា​បំណន់ បួស​សងគុណ និង​បួស​រៀន​វែងឆ្ងាយតាម​ផ្លូវ​​​សាសនា​​​​ជា​ដើម។ បុរស​​​ដែលរបាន​បួស​រៀន​ច្រើន​វស្សា លុះ​ចាក​សិក្ខា​បទ​វិញ​បុរាណ​លោក​​ឱ្យ​តម្លៃ​ថាអ្នកនោះ​​បាន​រៀន​ចេះ​ដឹង​ច្រើន និង​មាន​ចរិយា​​មារយាទល្អផង។ ទំនៀមបួស​ក្នុង​សំណាក់​ព្រះពុទ្ធសាសនា​ក្នុង​សង្គម​ខ្មែរ ក៏មាន​ប្រារព្ធ​ជា​ប្រក្រតី​​​​​ក្នុង​ព្រះបរម​រាជវាំង។ តាម​ឯក​សារ​ព្រះរាជ​ពិធី​ទ្វាទស​មាស ព្រះ​រាជ​ពិធីនេះ​តែង​ប្រារព្ធ​​នៅ​ថ្ងៃ១៤-១៥ កើត​ខែ​អាសាឍ​ ហៅ​ថា​ “បួសនាគហ្លួង”។ ចំណែក​រាស្រ្ត​សាម​ញ្ញ​ធម្មតា ​​ច្រើន​​កំណត់ថ្ងៃបួស​ជាទំនៀមមកក្នុងវេលា​ពិសាខ​បូជា ឬ​​ចូលព្រះវស្សា ដោយ​ជាប់​នូវ​ជំនឿ​អានិសង្ស​ដូចរៀបរាប់ខាងលើ។

ង.វង់ភ្លេងពិណពាទ្យ និងសិល្បៈឆៃយ៉ាំ

ក្រៅអំពីពិធីជាទំនៀមប្រពៃណីដែលប្រារព្ធប្រតិបត្តិក្នុងសង្គម ហើយជាប់ពាក់ព័ន្ធ​នឹង​​គំនូរ​ដូចរៀបរាប់ខាងលើ គេឃើញ​អន្លើខ្លះនៅក្នុងរឿងពុទ្ធប្រវត្តិ ឬរឿងជាតក​ក៏មាន​គូរ​បញ្ចូល​​វង់ភ្លេងសិល្បៈខ្មែរ ជាពិសេសគឺវង់ភ្លេងពិណពាទ្យ​ និងឆៃយ៉ាំ។ គំនូរ​នៅព្រះវិហារ​វត្ត​កំពង់​ត្រឡាចលើ ខេត្ត​កំពង់ឆ្នាំ​ង​ ដើមសតវត្សរ៍ទី​២០ គេគូរបង្ហាញ​វង់ភ្លេង​ពិណ​ពាទ្យ​​វង់ធំ​ ប្រគំ​ក្នុង​ព្រះរាជ​ពិធីអភិសេក​​ព្រះសិទ្ធត្ថ​ និងព្រះនាង​ពិម្ពា​។ ឧបករណ៍ភ្លេង​មានដូចជា គងវង់តូច១ គងវង់​ធំ​១ រនាតឯក១ រនាតធុង១ រនាតដែក១ ស្គរធំ១គូ ស្រឡៃ១ សម្ភោរ១ និង​ឈិង​១គូ។ ចំណែកឯគំនូរ​នៅវត្ត​ព្រះធាតុបាស្រី ស្ថិត​ក្នុងខេត្តត្បូងឃ្មុំ គូរក្នុងរវាងទសវត្សរ៍ទី​៥០ ក៏មានបង្ហាញឧបករណ៍ភ្លេង​ស្រដៀងគំនូរវត្តកំពង់ត្រឡាចលើ ហើយថែមទាំង​សរសេរបញ្ជាក់ថាជា “ភ្លេង​ព្រះរាជទ្រព្យ” ផង។ បច្ចុប្បន្ន​វង់ភ្លេងនេះប្រើឧបករណ៍ភ្លេងស្ទើរដូចនឹងគំនូរដែរ ហើយ​ជាទូទៅ​ប្រគំ​កំដរ​របាំបុរាណ របាំប្រពៃណី ល្ខោន​ខោល ល្ខោន​ស្បែក និងពិធីបុណ្យ​បែបសាសនា​ទាំង​សម្រាប់​ព្រះមហាក្សត្រ និង​ប្រជារាស្រ្ត។​ ចំណែកឯសិល្បៈ​ឆៃយ៉ាំ​ ដែល​គេសម្គាល់ឃើញ​គូរ​នៅលើគំនូរតាមវត្ត ភាគ​ច្រើន​គូរ​បញ្ចូល​​ក្នុងរឿង​ព្រះនរជីវកថិនជាតក និង​​នៅត្រង់រឿង​នាងវិសាខា​មានចិត្ត​សទ្ធាដង្ហែកថិនដូចជានៅ​​ព្រះវិហារ​វត្ត​​ព្រែក​បង្កង និងគូរនៅព្រះវិហារ​វត្ត​សុវណ្ណសាគរ​ ស្ថិត​​​ក្នុង​ខេត្ត​កណ្តាល​ជាដើម។ ក្នុងវប្បធម៌ខ្មែរ សិល្បៈនេះ​​​មាន​ប្រជា​ប្រិយ​ណាស់ ជាពិសេស​គឺតែងដង្ហែពិធីតូចធំផ្សេងៗឱ្យមានភាពសប្បាយរីករាយដូចជា ​កថិន​​ បុណ្យផ្កា បំបួសនាគ ហែក្បួន និងទទួលស្វាគមន៍​ភ្ញៀវ ។ល។ សិល្បករ​ច្រើនតែគូរមុខ ឬពាក់​​មុខ​ត្លុក​កំប្លុកកំប្លែងដូចឃើញក្នុងគំនូរតាមវត្តទាំងនោះស្រាប់។

ច.ល្បែងរបាំផ្សេងទៀត ដោយឡែកចំពោះល្បែងរបាំផ្សេងទៀត ដែលតែងឃើញគូរភ្ជាប់នឹងគំនូរតាមវត្តគឺច្រើនតែស្ថិតក្នុង​សកម្មភាពសម្តែងកំដរពិធីផ្សេងៗ ជាពិសេសគឺក្នុងពិធីរាជា​​ភិសេក​ដូចវង់ភ្លេងពិណពាទ្យដែរ ហើយមានដូចជា​ល្បែងចំបាប់ និងសិល្បៈប្រើរាងកាយ​ (ឬហៅ​តាម​និយមថា“សៀក” ឬ “ប៉ាហ៊ី”)។ គំនូរក្នុងព្រះវិហារវត្តកំពង់ត្រឡាចលើ​ដដែលនោះ បង្ហាញឱ្យ​ឃើញមានល្បែងផ្សេងៗដូចជា យោលទោង សួព្រ័ត្រ គុនដំបង (ឬលំពែង) និង​ការ​បង្ហាញទេពកោសល្យពត់ខ្លួន ដេកលើដែកគោល ឬដាំក្បាលចុះក្រោមនៅលើបង្គោល​​ខ្ពស់ និងទម្លាក់ខ្លួនតាមប្រឡោះកងជាដើម។ គួរកត់សម្គាល់ថា គំនូរដែល​មាន​បញ្ចូលនូវ​ទិដ្ឋភាពល្បែងរបាំចម្រុះច្រើនបែបច្រើនយ៉ាងដូច្នេះ គេច្រើនឃើញ​តែ​ក្នុង​សិល្បៈ​គំនូរ​បុរាណតែប៉ុណ្ណោះ។​

សព្វថ្ងៃល្បែងចំបាប់ដូចនៅក្នុងគំនូរ​ខាងលើ ក៏ឃើញធ្លាប់​ឃើញសម្តែង​ក្នុងសម័យ​បារាំងនៅមុខ​ប្រាសាទអង្គរវត្ត​ ហើយ​បច្ចុប្បន្ន​អ្នក​ភូមិខ្លះចំណុះជើងវត្តតែង​​លេង​ជារឿយៗក្នុងវេលាមានបុណ្យទានដូចជា​ នៅវត្តដំរិល ខេត្តត្បូងឃ្មុំ និង​នៅវត្ត​ស៊ីធរ ខេត្តកណ្តាល តែងលេងចំបាប់ក្នុងថ្ងៃភ្ជុំធំ។ ចំណែក​ឯ​សិល្បៈ​ប្រើរាងកាយ​(សៀក)ដទៃទៀត ​ឃើញមាន​បង្ហាត់បង្រៀន​នៅតាម​សាលា​សិល្បៈ​ផងដែរ​។ ទន្ទឹមនេះអ្វីជាមោទនភាពបំផុត គឺក្បាច់គុនល្បុក្កតោ​ ដែលជា​ក្បាច់គុនប្រពៃណីឃើញ​មាន​​​ភស្តុតាង​លើជញ្ជាំងប្រាសាទបុរាណ និងបាន​ចុះ​ក្នុងបញ្ជី​​បេតិកភណ្ឌ​វប្បធម៌អរូបី​នៃ​មនុស្ស​ជាតិរបស់អង្គការយូណេស្កូ តាំងពីឆ្នាំ​២០២២។

សរុបសេចក្តីមក គំនូរតាមជញ្ជាំងវត្តអារាម មិនត្រឹមតែជាការគូរ​បង្ហាញ​រឿង​រ៉ាវ​ពាក់​ព័ន្ធនឹង​សាសនាប៉ុណ្ណោះទេ តែគឺជាបណ្ណសារដ៏សំខាន់​​ដែល​បាន​បញ្ចូល​នូវប្រពៃណី ទំនៀមទម្លាប់ កិច្ចពិធី សិល្បៈតន្ត្រី និងល្បែងរបាំខ្មែរតាំងពីបុរាណ។ ការភ្ជាប់ទិដ្ឋភាព​ប្រតិបត្តិជាក់ស្តែងក្នុងសង្គមទៅក្នុងសិល្បៈគំនូរនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភស្តុតាងដ៏មានតម្លៃនៃសម័យកាលនីមួយៗទេ តែបង្ហាញកាន់តែច្បាស់ពីតួនាទី​វត្តអារាម​ជា​ឃ្លាំង​ចំណេះដឹង និងជាកន្លែងសិក្សា​ស្វែងយល់រៀនសូត្រ។ មិនតែប៉ុណ្ណោះសោត គំនូរ​ទាំង​នោះ​ស្តែងពី​ទេពកោសល្យ​សិល្បករ​ ច្នៃបញ្ចូល​នូវ​ទេសភាព​វប្បធម៌​ទៅក្នុង​ជំនឿ​ពុទ្ធប្រវត្តិ​ និង​រឿង​ជាតក។

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,600SubscribersSubscribe
- Advertisement -spot_img