នំអន្សម

ខ្មែរបានចាត់ទុក “អន្សម” ជាជំពូកនំប្រពៃណី ដែលជា​រឿយ​ៗ​តែង​លេច​មុខ​ក្នុង​ពិធី​បុណ្យតូចធំនៅតាមភូមិស្រុកនានា និងពិធីមង្គលការ។ គេដឹងថា​នំអន្សមទូទៅ​ធ្វើ​ពី​អង្ករ​ដំណើបលាយគ្រឿងផ្សំផ្សេងៗ មាន​ស្នូលខាងក្នុង ​វេច​​ស្លឹក​ចេក ស្លឹកផ្អាវ ឬ​ស្លឹក​រុក្ខជាតិផ្សេងក៏មាន​។ ក្នុងសង្គមខ្មែរ អន្សមនេះសោតក៏ឃើញមាន​​ច្រើន​​​​យ៉ាង ហៅ​ឈ្មោះ​​ច្រើន​​បែបតាម​ប្រភេទស្នូល ឬគ្រឿង​ផ្សំ ហើយ​អាច​មានរបៀបវេច​ចម្អិន​ខុសគ្នាទៅ​តាម​ចំណេះ​​​​​​​អ្នកស្រុក។ បើរាប់ត្រួសៗឃើញមាន​​​អន្សម​​​ជ្រូក អន្សម​​ចេក អន្សម​ដូង អន្សម​ត្នោត អន្សម​ផ្អាវ និង​អន្សម​ក្តួច​​ជាដើម។ ចំពោះ​អន្សម​ជ្រូក អន្សម​ចេក​ និង​អន្សម​​​​​​​​ផ្អាវ គេតែង​សង្កេត​ឃើញ​​​ប្រើ​ជា​រណ្តាប់​​ក្នុងកិច្ច​ខ្លះ​នៃពិធី​មង្គល​​ការ​ និ​ងពិធី​ឡើង​​អ្នកតា​​។ លើសពីនេះអ្វីជាទិដ្ឋភាពក្នុងវប្បធម៌ខ្មែរ គឺតាមចំណាំ​គេតែង​ឃើញ​អ្នកស្រុក​វេចអន្សម​ជ្រូក ឬអន្សម​ចេក​​ពុំ​ដែលខកខាន​ក្នុងរដូវភ្ជុំបិណ្ឌ ហើយ​នំទាំងនេះ​ក៏​ហាក់ជានិមិត្តរូបរំលឹក​យុវជនឱ្យ​រលឹកនឹកឃើញដល់​ពិធីបុណ្យប្រពៃណីដែរ។

ចំពោះរបៀបធ្វើអន្សមក្នុងសង្គមខ្មែរ គេអាច​ចាត់​ថា​ជាចំណេះដឹងដូនតា​​ដែល​បន្ត​ជំនាន់ ពោលគឺពុំមានបង្ហាត់បង្រៀនក្នុងសាលាណាឡើយ។ ជាធម្មតា​ឱកាស​ដែលក្មេង​​​ជាន់ក្រោយអាចរៀនពីចាស់ជាន់មុនបាន គឺនៅពេលក្រុមគ្រួសារ​ ឬក្នុងភូមិ​មានពិធី​ ឬ​បុណ្យទាន​ ហើយ​ត្រូវការអន្សមសម្រាប់ប្រើប្រាស់ដូចជា រៀបមង្គលការ ភ្ជុំបិណ្ឌ ចូលព្រះ​វស្សា ចេញព្រះវស្សា សែនមាឃ ដារលាន ឬចូលឆ្នាំជាដើម។ គ្រឿងផ្សំវេចអន្សមជ្រូកមានជា​អាទិ ​អង្ករដំណើប​ សាច់ជ្រូកបីជាន់ និងសណ្តែក ហើយគ្រឿងផ្សំវេចអន្សេម​ចេកមាន​ អង្ករដំណើប ចេកទុំ (ភាគច្រើន​ប្រើចេកទឹក) ដូងទុំ និងសណ្តែក។ ចំណែកឯ​ស្លឹក​សម្រាប់វេចអន្សមទាំងនេះ អ្នក​ស្រុក​យល់ថាស្លឹក​ល្អបំផុត គឺ​ស្លឹកចេកជ្វា​ ដ្បិតវា​ធ្វើឱ្យសាច់​នំប្រែពណ៌ល្អ ជួយបង្កើន​រសជាតិមួយកម្រិត ហើយ​ងាយ​វេចផង។ ប៉ុន្តែស្លឹកចេកដទៃក៏អាចវេចបានដែរ លើក​លែង​តែស្លឹក​ចេកអំបូង ដែល​គេពុំសូវនិយម​ ព្រោះអាចធ្វើឱ្យនំមានរសជាតិល្វីង។ រីឯ​ខ្សែ​ចំណងចងអន្សម គេច្រើនយកធាងចេក ស្រទបចេក សម្បកដើមក្រចៅ ឬ​កក់ជ្រុង​យកទៅច្រៀកហាល​ធ្វើ​ជាខ្សែចងនំ។

ក្រោយ​ពីផ្សំគ្រឿង រៀបចំស្លឹក និងខ្សែចំណងសព្វគ្រប់ហើយអស់ហើយ គឺគេអាច​ចាប់ផ្ដើមវេចដោយរៀបស្លឹកចេកដាក់ត្រួតគ្នា៣ ឬ៥បន្ទះ(សង្កត់មុខគ្នា) ដែលអ្នកស្រុកខ្លះហៅសាមញ្ញថា “វេចស្លឹក៣”​ ឬ “ស្លឹក៥”។ នៅលើស្លឹក​ចេកនោះ ដំបូងដាក់អង្ករ បន្ទាប់មកដាក់សណ្តែក រួចហើយ​ដាក់ស្នូលសាច់ជ្រូក។ ប៉ុន្តែបើវេចអន្សម​ចេកគេត្រូវ​រាយ​អង្ករលើស្លឹក​ដូច​អន្សម​ជ្រូកដែរ តែ​ពុំដាក់សណ្តែក​រាយលើអង្ករ​​ដូចអន្សមជ្រូកឡើយ ពោលគឺគេអាចយក​សណ្តែក​លាយអង្ករ និងខ្ទិះដូង ឬសាច់ដូងកោសល្អិតៗ​តែម្តង ហើយ​យកទៅរាយលើស្លឹក ទើបដាក់ស្នូលចេក​ពីលើ​ដើម្បីវេច។ បន្ទាប់ពីវេចរួចហើយ ត្រូវចងចំណងឱ្យតឹងល្មម គឺមិនត្រូវឱ្យតឹងពេកទេ ព្រោះអាចបែកនំ ឬពេលស្ងោរនឹងមិនសូវឆ្អិនល្អ។ បើធូរពេកអាចបណ្តាល​ឱ្យ​ទឹកចូលក្នុងអន្សមពេលស្ងោរ ដែលអាចធ្វើឱ្យនំឆាប់ផ្អូម។ អន្សមដែលបានវេចរួចរាល់ស្រេចបាច់ហើយត្រូវយកមកស្ងោរក្នុងឆ្នាំង ឬខ្ទះរយៈពេលពី៤ ទៅ ៥ម៉ោង (អន្សម​ចេក​ស្ងោរ​១ម៉ោង​កន្លះ ទៅ២ម៉ោង)។ ក្នុងអំឡុងពេលស្ងោរនេះ គឺត្រូវ​មើលភ្លើងឱ្យគត់មុតផង ទើបបានឆ្អិនល្អ។ គួរបញ្ជាក់ថា អ្នកស្រុកខ្លះវេចអន្សមធ្វើក្បាលអន្សមជាសញ្ញាសម្គាល់ថាជាអន្សមជ្រូក ឬអន្សមចេក។ ពុំនោះសោត គេយកខ្សែចំណងចងធ្វើជាសញ្ញាសម្គាល់ ដែលរាប់ជាចំណេះគួរឱ្យកោតសរសើរ។

ដោយឡែកបើមើលការប្រើអន្សម​ជារណ្តាប់សំខាន់ក្នុងកិច្ចពិធីផ្សេងៗ គេសម្គាល់ឃើញទាំងក្នុងពិធីបុណ្យនិងមង្គលការ។ បើ​ក្នុងពិធីមង្គលការគេយកអន្សម​​ប្រើជារណ្តាប់ជំនូនផង និង​រៀប​​​ដាក់ក្នុង​តៀប​​បាយ​ព្រះ​ស្រី​ជាមួយ​​​​​​នំគម ឬ​នំបត់ប្រើ​ក្នុងកិច្ច​សំពះផ្ទឹមផង។ អ្នក​ស្រាវ​ជ្រាវ​ពន្យល់​ថា ការ​ដាក់​អន្សម​​នៅ​ជាមួយ​​នំ​គមឬនំបត់ ហាក់​ដូចជា​បញ្ជាក់​ឱ្យ​ឃើញ​ច្បាស់​ថា ជា​សម្ព័ន្ធ​គ្នា​រវាង​ប្រុស​និង​ស្រី។ ដូច​យើង​ធ្លាប់​​ដឹងស្រេច នំអន្សមនិង​នំ​គម​ ក្រៅពីប្រើក្នុង​ពិធី​ ខ្មែរ​តែង​យក​មក​និយាយ​​លេង​បញ្ឆិត​​បញ្ឆៀង​​​​​សំដៅ​​ទៅ​លើ​ខ្មាស​ប្រុស​(អន្សម)ខ្មាសស្រី(នំគម)។ នំទាំង​នេះ​គេតែង​សង្កេត​ឃើញ​មាន​​​​តាំង​​ពី​ថ្ងៃ​ចូល​ចែចូវ ស្តីដណ្តឹង ​រហូត​ដល់​ថ្ងៃ​រៀប​មង្គល​ការ។ លើស​ពីនេះ​អ្នក​ស្រុក​ទូទៅ​តែង​​វេច​​អន្សម​ជ្រូក​ ឬអន្សម​ចេកនៅ​ក្នុង​រដូវភ្ជុំ​បិណ្ឌជា​និច្ច ទាំង​ថ្ងៃកាន់បិណ្ឌ និងថ្ងៃភ្ជុំធំ​សែន​ដូនតា។ ប៉ុន្តែ​គេនៅ​ពុំទាន់អាចពន្យល់បាន​ជាក់លាក់នៅក្នុងបរិបទស្រាវជ្រាវ​ថា ​អន្សម​មាន​អត្ថន័យ​​សំខាន់​ដូចម្តេច​ក្នុង​ពិធីបុណ្យភ្ជុំបិណ្ឌ ឬបុណ្យប្រពៃណីឯទៀត។

បើងាកមកមើលប្រភេទអន្សម​​ផ្អាវ ​​ឬ​អ្នក​ខ្លះ​ហៅនំស្បង់ឬនំភ្លៅ​កង្កែប គេ​​​ឃើញ​​​តែ​នៅ​ស្រុក​តំបន់​​ទំនាបលើ​នៅក្នុងខេត្ត​កំពង់ធំ និង​សៀមរាប។ នំនេះធ្វើ​ពី​អង្ករ​ដំណើប​​​លាយ​ខ្ទិះ​ដូង​ដូច​អន្សម​ចេក​​ដែរ ហើយ​គេ​​ប្រើ​​សណ្តែក​បាយ ឬសណ្តែក​ខ្មៅ​លីង​ឱ្យ​ឈ្ងុយ​​ ​លាយ​​ជា​មួយ​អង្ករ តែនំនេះ​ពុំមាន​ស្នូលឡើយ។ រីឯ​ការ​វេច គឺ​ប្រើ​ស្លឹក​ផ្អាវ​​ស្រស់​កេវ​​ខ្ចប់​អង្ករ​​ឱ្យ​ជិត​ល្អ រួច​ដាក់ស្ងោរ​ចម្អិន​។ ​បើតាម​ចំណាំ អ្នក​ស្រុក​​​ភាគ​ច្រើន​វេច​អន្សម​​ផ្អាវ​តែក្នុង​ពិធីតូច​តាច​ល្មមៗ មាន​ភ្ញៀវ​​តិចតួច​ដូចជា ​សង្ឃទាន ដារលាន ឬឡើង​អ្នកតា​ជាដើម។ ឧទាហរណ៍មួយក្នុង​កិច្ច​ឡើង​​អ្នក​តា​តំបន់សំបូរ​ព្រៃ​គុក ឬនៅភូមិ​ចុងព្រៃ និង​​ភូមិ​ព្រៃ​ព្រះ អ្នកស្រុកតែង​យក​អន្សម​ផ្អាវ​ដាក់ជាសំណែន​អ្នកតា​ជា​និច្ច។ ឧទាហរណ៍​​មួយ​ទៀតនៅស្រុកលើដែលជាស្រុកព្រៃ ពេល​ឡើង​អ្នកតា​ម្ដងៗ ការបន់ស្រន់ ឱ្យ​សម្បូណ៌​ឃ្មុំ​នៅតាមដើមឈើជាការធម្មតា។ ពេលឡើង​នោះ គេ​យក​នំអន្សមផ្អាវ​ទៅចង​រាយ​គ្នា​នៅ​ខ្ទម​អ្នកតាក្នុងគំនិតថា នំនីមួយៗជាឃ្មុំមួយផ្លិត។ បើ​សាច់​នំ​នោះ​​របូត​ពីស្លឹកផ្អាវធ្លាក់​មកដី​ក៏​មិនជាការអ្វី ព្រោះហាក់បីដូចជាឃ្មុំដែល​គេយកបានផុត​ពី​ដើម​មក​ដែរ។ ចំណែកឯ​នំត្នោត ឬអន្សម​​ត្នោត គេអាច​ចាត់ជាបង្អែម តែពេលខ្លះក៏អាចជាអាហារជំនួសអាហារព្រឹក​បានម្តងម្កាលមុនចេញប្រកបការងារផ្សេងៗដែរ។ នំនេះល្បីល្បាញ​គួរសមនៅម្តុំខេត្តព្រៃវែង ដោយគេធ្វើលក់ដូរផង និងធ្វើពេលមានបុណ្យទានផង។

ជាការពិតដូចបាន​ពោលពីខាងលើមកហើយថា អន្សមជា​នំប្រពៃណី ដែល​បាន​ជ្រួតជ្រាបខ្លាំងក្នុងសង្គមខ្មែរ មិនថាក្នុងអាហារចំណី និងក្នុងកិច្ចពិធីប៉ុណ្ណោះទេ ថែមទាំងក្នុងភាសាផង។ ខ្មែរមានសំនួន​វោហារសព្ទ​និយាយធៀបនឹងអន្សមដូចជា “ទឹកមួយថ្លុក កូន​ជ្រូកដេកពេញ” ជាពាក្យល្បងប្រាជ្ញាសំដៅលើ “ស្ងោរនំ​អន្សម​ជ្រូក” ឬឃ្លា​ថា “គ្នា​ច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ” ​ជាសំនួន​ប្រៀបធៀបបង្ហាញការសង្កេត​ពីការចាត់​ចែងមនុស្សក្នុងការងារណាមួយពុំបានច្បាស់លាស់ មនុស្សនឹងមើលបំណាំគ្នា ពុំទទួលខុសត្រូវចំពោះកិច្ចការងាររួម នាំឱ្យ​ខូចការ ពោលគឺដូចជាវេលាស្ងោរអន្សម ដែលនាំឱ្យទៅជាខ្លោច ព្រោះមិនមានអ្នកយកចិត្តទុកដាក់មើលទឹកក្នុងឆ្នាំង ឬក្នុងខ្ទះ។ លើសពីនេះសុភាសិតខាងលើបង្ហាញច្បាស់ថា ការធ្វើនំអន្សមបើនិយាយត្រឹមតែក្នុងពេលស្ងោរគឺត្រូវការពេលវេលា និងការយកចិត្តទុកដាក់ខ្លាំងផង។ បើមើលទៅក្នុងសិល្បៈគំនូរតាម​វត្ត​ ម្តងម្កាលគេឃើញ​វិចិត្រករ​បញ្ចូលរូបភាពអន្សម​ជាម្ហូបចំណីក្នុងអន្លើរឿងពុទ្ធប្រវត្តិ ឬ​នៅក្នុង​​​រឿង​​ជាតក ជាពិសេសត្រង់កណ្ឌជូជក​ហូបអាហាររហូតបែកពោះ។

ក្នុងសកម្មភាព​ចូលរួមលើកស្ទួយវប្បធម៌ខ្មែរ​តាមរយៈ​ “អន្សម” ដែលជា​នំប្រពៃណីខ្មែរ​​ផ្សព្វផ្សាយ​ទៅកាន់​សាធារណជន ជាពិសេសដើម្បី​ឱ្យយុវជន​បានស្វែងយល់ និងសកលលោក​បានស្គាល់ “សហភាពសហព័ន្ធយុវជនកម្ពុជា” បាន​រៀបចំព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត “បំបែក​កំណត់ត្រា​ពិភពលោក​អន្សម​យក្ស” ដែលមាន​កម្ពស់១ម៉ែត្រ ប្រវែង​៥ម៉ែត្រ និង​ទម្ងន់រហូត​ជាង៣តោន កាល​ពីឆ្នាំ​២០១៥។ ក្នុងរដូវភ្ជុំបិណ្ឌជាបន្តបន្ទាប់មករាល់ឆ្នាំ​ យុវជន​ខ្មែរ​បាន​ចាប់អារម្មណ៍​ ស្វែងយល់ និងចូលរួម​សកម្មភាពវេចអន្សម​កាន់តែផុស​ផុល​ នៅតាម​សហគមន៍ ឬវត្តអារាមក្នុងភូមិស្រុករៀងៗខ្លួន។​

ជារួមមក ក្នុងសង្គមខ្មែរទំនើបបច្ចុប្បន្ន ថ្វីត្បិតតែការរស់នៅមានការប្រែប្រួល និងមមាញឹកយ៉ាងណាក៏ដោយក៏នំអន្សមនៅតែមាន​សារៈសំខាន់ក្នុងកិច្ចពិធី និងហាក់ដូចជា​​នំ​បង្កឱ្យ​មាន​​ការ​ជួបជុំគ្រួសារ។ ការវេចនំអន្សមនៅរដូវភ្ជុំបិណ្ឌ ឬពិធីរៀបអាពាហ៍​ពិពាហ៍ បានក្លាយ​ជាឱកាសល្អសម្រាប់សមាជិកគ្រួសារ និងអ្នកភូមិផងរបងជាមួយបានជួបជុំគ្នា ជួយគ្នាយ៉ាងស្និទ្ធស្នាល និងផ្ទេរចំណេះដឹងពីជំនាន់មួយទៅជំនាន់មួយទៀត។ លើសពីនេះក្រុមយុវជនខ្មែរ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរួមគ្នា និងខិតខំលើកស្ទួយតម្លៃមត៌កវប្បធម៌នំអន្សមយ៉ាង​ផុសផុស៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,600SubscribersSubscribe
- Advertisement -spot_img