ទំព័រដើមប្រវត្តិសាស្ត្រប្រតិមាព្រះសូរ្យ (ព្រះអាទិត្យ) នៅសម័យបុរាណ

ប្រតិមាព្រះសូរ្យ (ព្រះអាទិត្យ) នៅសម័យបុរាណ

ព្រះសូរ្យ ឬហៅម្យ៉ាងទៀតថា “ព្រះអាទិត្យ” ជាទេពដ៏សំខាន់មួយនៅសម័យវេទ ដែលត្រូវបានគេចាត់ទុកថា​ជា ព្រះនេត្ររបស់ព្រះសិវនិងព្រះវិស្ណុ ហើយជាទេពដែលមានតួនាទីបំភ្លឺលោកទាំងបី។ ព្រះអង្គ បានធ្វើដំណើរជុំវិញចក្រវាលជារៀងរាល់ថ្ងៃនៅលើរទេះសេះស ឬសេះប្រាំពីរ (តំណាងឱ្យថ្ងៃទាំងប្រាំពីរក្នុងមួយសប្តាហ៍ ឬពណ៌ទាំងប្រាំពីរនៃពន្លឺ) ដែលទូកកង់រទេះនេះទាញដោយសារថីម្នាក់ឈ្មោះ “អរុណ” ឬគេស្គាល់ថា “ព្រះសូយ៌្យាធិបតិ”។ នៅក្នុងសង្គមខ្មែរ ទេពអង្គនេះចាប់ផ្តើមមានអ្នកប្រណិប័តន៍ និងមានឥទ្ធិពលដំបូងតាំងពីសម័យហ្វូណន (ស.វ.ទី៦) ពោល គឺតាំងពីពេលដែលខ្មែរកំពុងគោរពនិកាយវៃស្នវយ៉ាងជ្រាលជ្រៅមកម្ល៉េះ។​ តាមរយៈឥទ្ធិពលនេះ បុព្វបុរសខ្មែរបានបង្កើតឱ្យមានរូបភាពសិល្បៈជា “ព្រះសូរ្យ” តាមរយៈចម្លាក់ផង និងប្រតិមាផង ពីសម័យកាលមួយទៅសម័យកាលមួយ។ តើប្រតិមាព្រះសូរ្យ (ព្រះអាទិត្យ) នៅក្នុងសិល្បៈខ្មែរមានលក្ខណៈដូចម្តេចខ្លះ?

ព្រះសូរ្យ គឺជាបុត្ររបស់ឥសីកស្យប និងព្រះនាងអទិតិ ដែលជាមាតារបស់ក្រុមទេវតា (អាទិត្យទាំង១២)។ ព្រះអង្គ ជាទេពមានសម្បុរក្រហមក្រម៉ៅ ព្រះនេត្រ៣ ព្រះហស្ត៤ ដែលព្រះហស្ត២កាន់ផ្កាឈូក។ នៅក្នុងទេវកថាវិស្ណុនិយមបានបង្ហាញថា ព្រះសូរ្យបានកើតឡើងអំពីការកូរសមុទ្រទឹកដោះដូចទៅនឹងព្រះចន្រ្ទដែរ ហើយពីពេលនោះមកទើបបានជាចក្រវាលទាំងមូលមានពេលយប់និងពេលថ្ងៃ។ មហេសីរបស់ព្រះសូរ្យ មានចំនួន ២ អង្គ ពោល គឺមហេសីទី១មានព្រះនាមថា “សញ្ញា” ដែលមានបុត្រសរុបចំនួន ៣ អង្គ រួមមាន ព្រះយមរាជ (ទេពនៃសេចក្តីស្លាប់) ព្រះនាងយមុណ (ទេពស្រីតំណាងឱ្យទន្លេយមុណ) ព្រះស្វយុវតី (មនុស្សដំបូងបង្អស់ក្នុងលោក)។ រីឯ មហេសីទី២ មានព្រះនាមថា “ឆាយា” (ជាស្រមោលរបស់ព្រះនាងសញ្ញា) ដែលមានបុត្រសរុបចំនួន ២ អង្គ រួមមាន ព្រះសនិ (ទេពតំណាងឱ្យភពសៅរ៍) និងព្រះសាវណ៌ីមនុ (ព្រះមនុជំនាន់ទី៨ ក្នុងចំណោមមនុទាំង១៤ជំនាន់)។ ដោយឡែក នៅក្នុងទេវកថារឿងមហាភារត ទ្រង់មានមហេសីមួយអង្គទៀតព្រះនាម “កុន្តី” ដែលមានបុត្រមួយអង្គព្រះនាម “កណ៌”។ រីឯ​ នៅក្នុងរឿងរាមយណ ទ្រង់បានលួចរួមមេត្រីជាមួយនាងអហល្យា ដែលជាប្រពន្ធរបស់ឥសីគោតម រហូតបង្កើតបានបុត្រមួយអង្គទៀតឈ្មោះថា “សុគ្រីវ” (សុគ្រីព)។

 នៅសម័យបុរាណ គេគោរពចំពោះព្រះសូរ្យ និងព្រះចន្រ្ទខ្លាំងណាស់ ដោយសារតែទ្រង់ជាអ្នករក្សាលោក និងភាវរស់ទាំងឡាយ ពោល គឺព្រះសូរ្យជាអ្នកផ្តល់ពន្លឺសម្រាប់ការលូតលាស់ ហើយព្រះចន្ទ្រជាអ្នកផ្តល់នូវទឹក (សន្សើមរាត្រី)។ ក្នុងសម័យបុរាណ ពិសេសសម័យអង្គរ ខ្មែរតែងយកព្រះសូរ្យ និងព្រះចន្ទ្រជាសាក្សីនៃការធ្វើសម្បថ និងការដាក់បណ្តាសាលើបុគ្គលណាដែលបានបំពានលើទីសក្ការបូជា ប្រតិមា ឬស្តេចដែលមានឋានៈស្មើនឹងទេព។ ម្ល៉ោះហើយ ចម្លាក់នៅលើផ្ទាំងថ្មភក់ ឬផ្តែរទ្វារដែលពាក់ព័ន្ធនឹងព្រះសូរ្យ បានចាប់ផ្តើមឡើងតាំងពីសម័យមុនអង្គរមកម្ល៉េះ ដែលយ៉ាងហោចណាស់ ក៏ចាប់ពីស.វ.ទី៧មកដែរ។ ជាក់ស្តែង ផ្ទាំងថ្មភក់មួយរកឃើញនៅ ទួលវត្តចាស់ ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក បានបង្ហាញអំពីវត្តមានចម្លាក់ទេពនព្វគ្រោះ (ទេពប្រាំបួន) ដែលក្នុងនោះព្រះសូរ្យប្រហែលបង្ហាញនៅខាងដើមគេបង្អស់ ក្នុងកាយវិការឈរនៅលើទម្រស្តើងមួយ និងមានព្រះហស្តប្រដាប់ដោយកេតនភណ្ឌ (ប្រហែលផ្កាឈូក)។ មកដល់សម័យអង្គរ ចម្លាក់ព្រះសូរ្យក្នុងទម្រង់ជាទេពនព្វគ្រោះ គេបានរកឃើញពាសពេញប្រទេសកម្ពុជា ហើយចម្លាក់ទាំងនោះ គឺបង្ហាញព្រះសូរ្យក្នុងទម្រង់អង្គុយនៅលើរទេះសេះ ហើយព្រះហស្តទាំងពីរកាន់ផ្កាឈូក។ ក្រៅអំពីនេះ គេបានបង្ហាញចម្លាក់ព្រះសូរ្យនៅតាមថ្មគោលដែលមានរឿងព្រះវិស្ណុផ្ទំរង់ចាំបង្កើតលោក (រកឃើញនៅបារាយណ៍ទឹកថ្លា) និងចម្លាក់នៅជញ្ជាំងថែវខាងជើង ស្លាបខាងលិច នៃប្រាសាទអង្គរវត្ត ជាដើម។

ដោយឡែក ចំពោះប្រតិមាព្រះសូរ្យ មានលេចឡើងដំបូងតាំងពីសម័យហ្វូណនមកម្ល៉េះ ពោល គឺស្ថិតនៅក្នុងរចនាបថភ្នំដា (ស.វ.ទី៦) និងក្រោយមកទៀតបន្តវត្តមាននៅសម័យចេនឡា (រចនាបថសំបូរព្រៃគុក) រួចបន្តមកដល់សម័យអង្គរ។ ប្រតិមាសម័យមុនអង្គរទាំងនោះ បង្ហាញឡើងជាទម្រង់ប្រតិមាទោល សង់អំពីថ្មភក់ ឈរជំហរត្រង់ (ខ្លះមានទប់ដោយជន្ទល់រាងដូចដែកក្រចកសេះ) មានព្រះហស្ត២ (កាន់ផ្កាឈូក) ពាក់ខ្សែក ស្លៀកសំពត់ខ្លី ឬវែង (មានខ្សែចំណងចង្កេះ)។ ចំណុចសម្គាល់ជាពិសេសនៃប្រតិមាព្រះសូរ្យនៅសម័យមុនអង្គរ (ស.វ.ទី៦-៧) គឺផ្នែកខាងលើ គេបង្ហាញព្រះភក្រ្តស្ថិតនៅក្នុងទម្រង់ញញឹមស្ងប់ ព្រះនេត្រធំ ច្រមុះធំមានខ្ទង់ ចិញ្ចឹមវែងកោង (ភ្ជាប់គ្នាជាមួយខ្ទង់ច្រមុះ) ថ្ពាល់ប៉ោងមូល ព្រះកាណ៌វែង បបូរមាត់ក្រាស់ មានពុកមាត់ ពាក់មកុដរាងស៊ីឡាំងខ្ពស់ (មកុដប្រតិមាខ្លះមានចម្លាក់ផ្ការាងមូលចំពាក់កណ្តាលថ្ងាសផង) និងនៅខាងក្រោយព្រះសិរមានចម្លាក់រាងរង្វង់មូលមួយដែលជានិមិត្តរូបនៃពន្លឺ ហើយរង្វង់មូលនៃប្រតិមាខ្លះបង្ហាញជាចម្លាក់ពន្លឺចែងចាំងជុំវិញថែមទៀតផង។ គួរឱ្យចាប់អារម្មណ៍នោះ ប្រតិមាព្រះសូរ្យនៅដំណាក់ដំបូង ច្រើនរកឃើញអតីតទឹកដីខ្មែរសម័យហ្វូណន ដែលសព្វថ្ងៃជាប្រទេសវៀតណាមប៉ែកខាងត្បូង (ខេត្តតាយនិញ, ខេត្តអានជាំង, ខេត្តដុងថាប់)។ គេដឹងយ៉ាងច្បាស់ថា តំបន់ទាំងនោះ ជាតំបន់អតីតកំពង់ផែអូរកែវ ដែលជាកំពង់ផែសមុទ្រភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌ជាមួយពិភពខាងក្រៅ (ឥណ្ឌានិងចិន) ហើយស្ថិតនៅមិនឆ្ងាយពីតំបន់អង្គរបុរី ខេត្តតាកែវ ដែលគេសន្និដ្ឋានថា ជាអតីតរាជធានីខ្មែរនៅសម័យហ្វូណន។ ក្រៅអំពីនេះ មានប្រតិមាព្រះសូរ្យចំនួន ៣ អង្គទៀត ដែលគេមិនស្គាល់ប្រភពដើម ដូចជា ប្រតិមាព្រះសូរ្យគ្មានព្រះសិរនៅសារមន្ទីរជាតិកម្ពុជា លេខបញ្ជី B.63, ប្រតិមាមួយកំពុងតម្កល់នៅសារមន្ទីរជាតិអង្គរ និងប្រតិមាមួយទើបទទួលបានពីសារមន្ទីរដេនវ័រសហរដ្ឋអាមេរិក (ឆ្នាំ២០២៣) ។

មកដល់សម័យអង្គរ ព្រះសូរ្យបង្ហាញជាទម្រង់ប្រតិមាទោល គេមិនសូវនិយមដូចសម័យមុនអង្គរនោះទេ។ ប៉ុន្តែ ក្នុងចំណោមនោះ មានប្រតិមាមួយដែលពិសេសខ្លាំង រកឃើញនៅតំបន់ប្រាសាទកោះកេរ ត្រង់គោបុរទី២ ប៉ែកខាងកើត (ច្រកចូលប្រាសាទធំ) ដែលមានអាយុកាលស្ថិតនៅក្នុងរចនាបថកោះកេរ នាស.វ.ទី១០។ ប្រតិមានេះ បង្ហាញព្រះសូរ្យកំពុងតែអង្គុយទ្រង់ភ្នែននៅលើជើងទម្ររាងបួនជ្រុងស្មើមួយ ព្រះហស្តពីរកាន់កេតនភណ្ឌ ព្រះភក្រ្តមូល ញញឹមស្ងប់ បបូរមាត់ក្រាស់ មានពុកមាត់ ព្រះនេត្របិទ ព្រះកាណ៌វែង ពាក់មកុដរាងដូចភ្នំ (គិរីមកុដ) ហើយផ្នែកខាងក្រោយជាចម្លាក់រាងដូចស៊ុមទ្វារដែលមានហោជាង និងរង្វង់មូលធំមួយនៅផ្នែកខាងក្រោយបង្អស់ ដែលតំណាងឱ្យពន្លឺ។ គួរកត់សម្គាល់នោះ នៅសម័យមុនអង្គរ (ស.វ.ទី៦-៧) ចម្លាក់រង្វង់មូលដែលតំណាងឱ្យពន្លឺ គេឆ្លាក់នៅខាងក្រោយព្រះសិរតូចៗប៉ុណ្ណោះ តែប្រតិមាព្រះសូរ្យរកឃើញនៅតំបន់កោះកេរនេះ គឺមានទំហំធំជាងដងខ្លួនប្រតិមាទៅទៀត។ ក្រៅអំពីនេះ មានប្រតិមាព្រះសូរ្យធ្វើអំពីលោហធាតុមួយចំនួនទៀតដែលគេបានរកឃើញ ដែលច្រើនតែមានទម្រង់ឈរត្រង់ និងព្រះហស្តទាំងពីរកាន់ផ្កាឈូក ហើយខ្លះពុំមានចម្លាក់រង្វង់មូលដែលតំណាងឱ្យពន្លឺនោះទេ។ សរុបជារួមមក ប្រតិមាព្រះសូរ្យ (ព្រះអាទិត្យ គឺជាមត៌កដ៏សំខាន់មួយដែលបានបង្ហាញអំពីការវិវឌ្ឍនៃជំនឿ សាសនា និងសិល្បៈប្រតិមាវិទ្យា។ តាមរយៈការសិក្សាបង្ហាញឱ្យឃើញថា ព្រះសូរ្យមិនត្រឹមតែជាទេពតំណាងឱ្យពន្លឺនិងជីវិតប៉ុណ្ណោះទេ ប៉ុន្តែមនុស្សខ្មែរជំនាន់បានយកកិត្តិនាមរបស់ព្រះអង្គ មកធ្វើជាបន្ទាល់ ឬសាក្សីនៃការធ្វើសម្បថថែមទៀតផង។ ទម្រង់សិល្បៈនៃប្រតិមាព្រះសូរ្យមានការប្រែប្រួលគួរឱ្យត់សម្គាល់ ពោលគឺនៅសម័យមុនអង្គរ (រចនាបថភ្នំដា និងសំបូរព្រៃគុក) គេនិយមឆ្លាក់ប្រតិមាទោលយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតំបន់អតីតកំពង់ផែអូរកែវ និងតំបន់ជុំវិញ ដោយមានលក្ខណៈឈរជំហរត្រង់ ព្រះភក្ត្រស្ងប់ និងមានរង្វង់ពន្លឺតូចនៅខាងក្រោយព្រះសិរ។ លុះចូលដល់សម័យអង្គរ ទោះបីជាចំនួនប្រតិមាទោលមានការថយចុះយ៉ាងខ្លាំងក៏ដោយ តែសិល្បៈតំណាងឱ្យព្រះសូរ្យបានប្តូរទម្រង់ទៅជាចម្លាក់នៅលើផ្តែរទ្វារ (ជាពិសេសទេពនព្វគ្រោះ) ព្រមទាំងស្នាដៃប្រតិមាដ៏ល្បីល្បាញនៅសម័យកោះកេរ (ស.វ.ទី១០) ដែលមានទម្រង់អង្គុយ និងមានរង្វង់ពន្លឺធំសម្បើមនៅខាងក្រោយ។

————
This paper examines the evolution, religious significance, and iconographic representation of Surya (the Sun deity) in ancient Khmer art, spanning from the pre-Angkorian to the Angkorian periods. Revered since the Vedic era as a principal deity embodying light and life, Surya was historically invoked as a divine witness for oaths. During the pre-Angkorian period, freestanding statues of Surya were widely discovered around the ancient port of Oc Eo in southern Vietnam, characteristically depicted in a standing posture with a small solar halo behind the head. In the Angkorian period, artistic representation shifted toward architectural lintel reliefs, notably the Navagraha (nine deities) panels, alongside the renowned 10th-century masterpiece from Koh Ker, which features a seated posture and a remarkably large solar halo.

អត្ថបទដោយ៖ លោក​ ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,600SubscribersSubscribe
- Advertisement -spot_img