វត្តពោធិវ័ន ដែលគេស្គាល់ជាទូទៅហៅថា “វត្តកោះប៉ែន” ស្ថិតនៅលើកូនកោះតូចមួយនាកណ្តាលដងទន្លេមេគង្គនៅក្នុងភូមិកោះប៉ែន “គ” ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចម្ងាយប្រមាណ ៣គីឡូម៉ែត្ រពីទីរួមខេត្ត ដោយធ្វើដំណើរឆ្លងកាត់ស្ពានកោះប៉ែន។ បើតាមកំណត់ត្រាសង្ខេបប្រវត្តិនៃវត្តនេះបញ្ជាក់ថា ទីវត្តកោះប៉ែនបានចាប់ផ្តើមកសាងឡើងក្នុងឆ្នាំ១៧៩៥ ដោយគំនិតផ្តួចផ្តើមរបស់លោកតា អ៊ុង មី ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត។ ប៉ុន្តែកាលដើមឡើយ សំណង់នៅក្នុងវត្តនេះចាប់ផ្តើមពីត្រឹមសាឡុំឈើប្រក់ស្បូវ សម្រាប់គោរពបូជាបណ្តោះអាសន្ន។ លុះក្រោយមក ទើបមានព្រះចៅអធិការព្រះនាម ឯក ពៅ (១៨៨៥-១៩២៨) និងព្រះចៅអធិការព្រះនាម ព្រហ្ម គិត (១៩២៥-១៩៤៥) បានដឹកនាំពុទ្ធបរិស័ទរៀបចំកសាងព្រះវិហារ ដោយបានកសាងឡើងជាច្រើនដំណាក់កាលបន្តបន្ទាប់ រហូតបានរួចរាល់ជាស្ថាបពរ គង់វង្សនៅដូចឃើញសព្វថ្ងៃ។
តាមការស្រាវជ្រាវរបស់លោកស្រី Danielle និងលោក Dominique-Pierre Guéret បញ្ជាក់ថា ព្រះវិហារវត្តកោះប៉ែនចាប់ផ្តើមកសាងឡើងរវាងឆ្នាំ១៩៣៥-១៩៣៦។ ព្រះវិហារនេះជាសំណង់បេតុងដ៏រឹងមាំ និងល្អប្លែកតាមដងទន្លេ ដែលគេយល់ថាជាការវិវឌ្ឍថ្មីនៃស្ថាបត្យកម្មនៅក្នុងរាជ្យ ព្រះករុណា ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស (ព្រះបរមខត្តិយកោដ្ឋ)។ ព្រះវិហារកសាងនៅលើខឿនខ្ពស់ត្រដែតពីរថ្នាក់ ដែលទំនងដោយហេតុផលនៃការការពាររបបទឹកទន្លេ ហើយមានបណ្តោយប្រវែង២៦ម៉ែត្រ ទទឹងប្រវែងជាង១១ម៉ែត្រកន្លះ និងមានជណ្តើរឡើងនៅគ្រប់ទិសទាំងបួន ព្រមទាំងមានទ្វារចេញចូលចំនួន១៨។ នៅលើធ្លាជុំវិញនៃខឿនថ្នាក់ទីមួយ មានបញ្ចុះសន្លឹកសីមាឆ្លាក់រូបទេពប្រណម្យ(?) ព័ទ្ធជុំវិញតាមទិសតូចនិងទិសធំទាំងប្រាំបី។ សូមបញ្ជាក់ថា សន្លឹកសីមាជាវត្ថុដែលកំណត់ថាទីនេះជាទីសក្ការៈ ដែលជាទូទៅមានចំនួនប្រាំបួនគឺ មួយនៅមុខបល្ល័ង្កព្រះហៅថាសីមាឥន្ទ្រកីល ចាត់ទុកថាសំខាន់ជាងគេ និងសីមាប្រាំបីទៀតស្ថិតនៅតាមទិសតូចនិងទិសធំទាំងប្រាំបីដូចបានរៀបរាប់ខាងលើ។
យោងតាមសាវតារវត្តបញ្ជាក់ថា ក្នុងសម័យខ្មែរក្រហមព្រះវិហារវត្តកោះប៉ែនបានបិទទ្វារចោល មិនប្រើធ្វើឃ្លាំងដូចព្រះវិហារដទៃទេ ហើយក្នុងទសវត្ស១៩៩០ ព្រះសង្ឃនិងពុទ្ធបរិស័ទបានជួសជុលឡើងវិញ ទុកជាតំណព្រះសាសនាគោរពបូជាដល់សព្វថ្ងៃ។ ចំពោះរចនាសម្ព័ន្ធដំបូលព្រះវិហារ គឺកសាងឡើងក្នុងទម្រង់ជាព្រះវិហារជហ្វាបួន ខ្ពស់ត្រដែត ហើយផ្ទៃដំបូលមានជម្រាលចុះជាថ្នាក់ៗសងខាង ប្រក់ក្បឿងស្រកាលេញ។ នៅលើហោជាងមុខ និងក្រោយលម្អដោយសិល្បៈចម្លាក់ពុម្ពស៊ីម៉ងត៍។ លើផ្ទៃហោជាងទាំងពីរនេះមានរចនារូបព្រះឥន្រ្ទគង់លើដំរីឰរាវតនៅចំកណ្តាល ហើយផ្នែកខាងក្រោមជារូបរាហូខ្ជាក់កម្រងក្បាច់រាយពេញផ្ទៃហោជាង។ សូមបញ្ជាក់ថារចនាសម្ព័ន្ធដំបូលនិងការលម្អផ្សេងៗនេះបានជួសជុលថ្មីកាលពីឆ្នាំ២០១៥។
ដោយឡែកនៅផ្នែកខាងក្នុងព្រះវិហារមានសសរបេតុងមូលចំនួន១២ដើម ទ្រផ្នែករចនាសម្ព័ន្ធដំបូលខ្ពស់ស្រឡះ ល្វែងគ្រឹះនៅកណ្តាល និងមានរបៀងអមសងខាងដូចព្រះវិហារផ្សេងៗដែរ តែព្រះវិហារនេះនៅរក្សាកម្រាលឥដ្ឋពណ៌តាំងពីដើមដដែល។ ចំណែកនៅចុងល្វែងគ្រឹះផ្នែកខាងលិចមានបល្ល័ង្កខ្ពស់តម្កល់ព្រះជីវ៍ធំ។ រីឯនៅផ្នែកខាងក្រោយបល្ល័ង្កនោះ មានចំណារបញ្ជាក់ព្រះនាម និងឈ្មោះព្រះសង្ឃ និងពុទ្ធបរិស័ទមានចិត្តសទ្ធាសាងព្រះពុទ្ធរូប តាំងពីសាសនា២៤៨៣ នៅក្នុងឆ្នាំរោង ត្រូវនឹងឆ្នាំ១៩៤០។ បើផ្អែកតាមកាលបរិច្ឆេទនេះមានន័យថា ក្រោយចាប់ផ្តើមកសាងព្រះវិហារប្រហែល៤ឆ្នាំ ទើបបានកសាងព្រះបដិមាព្រះជីរ៍ធំ។ ប៉ុន្តែអ្វីជាការកត់សម្គាល់គេឃើញព្រះបដិមាតម្កល់លើបល្ល័ង្កចំនួនប្រាំពីរព្រះអង្គ ស្ថិតក្នុងឥរិយាបថសិល្បៈតែមួយ ពោលគឺគង់ព្នែនសមាធិ ឬហៅថាកាយវិការផ្ចាញ់មារទាំងប្រាំពីរព្រះអង្គ។ ទន្ទឹមនេះបើពិនិត្យមើលក្បាច់លម្អនៅជុំវិញបាល្ល័ង្កនោះសោត គឺជាក្បាច់សិល្បៈចម្លាក់ពុម្ពស៊ីម៉ងត៍ ដែលទំនងជាការជួសជុល កែលម្អជាថ្មីក្នុងពេលក្រោយដែរ។
ចំពោះសិល្បៈគំនូរលើជញ្ជាំងខាងក្នុងព្រះវិហារ គេឃើញគូរជារបៀបគំនូរបុរាណគូរប្រធានបទធំពីរគឺ រឿងពុទ្ធប្រវត្តិគូរជាផ្ទាំងធំៗនៅជួរខាងលើ និងរឿងជាតកគូរនៅជួរខាងក្រោម។ គំនូរពុទ្ធប្រវត្តិរៀបរាប់ដំណើររឿងចាប់ពីផ្នែកខាងកើតនៃជញ្ជាំងខាងត្បូង តែផ្តើមរឿងសង្ខេបយកពីត្រឹមព្រះអង្គទតរាហុលកុមារ មុនយាងចេញបួសទាំងកណ្តាលអាធ្រាត្រ។ ដំណើររឿងនេះបន្តលើជញ្ជាំងខាងត្បូង ទៅខាងលិច និងខាងជើង ទៅតាមទិសប្រទក្សិណ រហូតមកបញ្ចប់នៅជញ្ជាំងខាងកើត ដែលជាផ្ទាំងគំនូរធំជាងគេគូរត្រង់ព្រះអង្គបរិនិព្វាន។ ឯគំនូររឿងជាតកនៅជួរខាងក្រោម គឺចាប់ផ្តើមគូរពីរឿងព្រះវិធូរបណ្ឌិតនៅលើជញ្ជាំងខាងកើត (ក្រោមព្រះអង្គបរិនិព្វាន) ហើយបន្ទាប់មកគឺរឿងព្រះវេស្សន្តរ និងបន្តមកទៀតគូររឿងជាតកផ្សេងៗចម្រុះគ្នា ពុំតាមលំដាប់លំដោយឡើយ។ ប៉ុន្តែអ្វីជាការកត់សម្គាល់ក្នុងគំនូរជាតកនីមួយៗ គឺតែងគូរបញ្ចូលទិដ្ឋភាពសង្គមជាក់ស្តែងទៅក្នុងនោះដូចជា វាំងវិមាន ឬបុស្បុកជាសំណង់ស្ថាបត្យកម្មខ្មែរ ក្រុមទាហានហ្លួង ទាហានបារាំង និងភ្លេង ល្បែងរបាំផ្សេងៗជាដើម។ ពិសេសជាងនេះទៀតនៅលើជញ្ជាំងខាងលិច គេបានគូរបញ្ចូលតួអង្គក្នុងរឿងទេពកថាមួយចំនួនដូចជា ហនុមាន កិន្នរ គ្រុឌ និងទេវតា។ ពាក់ព័ន្ធនឹងគំនូរទាំងអស់ខាងលើនេះ អ្នកស្រាវជ្រាវយល់ថាគូររវាងឆ្នាំ១៩៣៦ និង ១៩៤២។ បើផ្អែកតាមចំណារលើជញ្ជាំងខាងកើតផ្នែកខាងក្រោមគំនូរត្រង់អន្លើព្រះអង្គទ្រង់បរិនិព្វានបញ្ជាក់ច្បាស់ថា“ព្រះពុទ្ធសករាជកន្លងទៅបាន២៤៨៥ព្រះវស្សា ឆ្នាំមមី ចត្វាស័ក លោកគ្រូព្រះ ឥន្ទ ជ្ជោត(?) កើតដួងចិត្តតម្លាសទ្ធាបានបបួលអស់ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា កុមារី កុមារា កសាងគំនូរនៅថ្ងៃសៅរ៍ ប្រាំបួនរោច ខែភទ្របទ ឆ្នាំមមី ចត្វាស័ក” ហើយនៅលើជញ្ជាំងខាងត្បូងចុងខាងលិច ក៏បានកត់ឆ្នាំដូចគ្នាដែរ ហើយថែមទាំងបញ្ជាក់ថា “លោកគ្រូនាមឈ្មោះ ណោ ជាអ្នកដើមគំនិត” ដែលកាលបរិច្ឆេទនេះគឺត្រូវនឹងឆ្នាំ១៩៤២ ប្រាកដមែន។
សិល្បៈគំនូរលើពិតានឈើខាងលើល្វែងគ្រឹះ មានបីផ្នែកគឺ ត្រង់លើព្រះជីវ៍ គូររង្វង់ពន្លឺឆពណ្ណរង្សី(?) ហើយបន្ទាប់មកគូរត្រង់ព្រះអង្គសម្តែងបដិហារ្យលើចុងស្វាយ នៅក្រុងសាវត្ថី រួចយាងទៅសម្តែងធម៌នៅស្ថានតាវតឹង្ស។ គំនូរនេះហាក់ប្លែកពីវត្តដទៃ ដែលនិយមគូរព្រះអាទិត្យ និងព្រះចន្រ្ទ។ គំនូរលើពិតាននេះ មានលក្ខណៈប្លែកពីគំនូរលើជញ្ជាំងជុំវិញ ហើយចុះកាលបរិច្ឆេទពុទ្ធសករាជ២៤៨៧(ត្រូវនឹងឆ្នាំ១៩៤៤)។ ប៉ុន្តែលោកស្រី Danielle និងលោក Dominique-Pierre Guéret យល់ថាគំនូរនេះគូរក្នុងឆ្នាំ១៩៦០។
រួមសេចក្តីមក ព្រះវិហារវត្តវត្តកោះប៉ែនជាសិល្បៈស្ថាបត្យកម្មដ៏មានតម្លៃ ដែលមិនត្រឹមតែបង្ហាញពីការវិវឌ្ឍសំណង់ពុទ្ធសាសនាក្នុងសង្គមប៉ុណ្ណោះទេ តែព្រះវិហារនេះមានសិល្បៈគំនូរលើជញ្ជាំង និងលើពិតាន ដែលចារឹកកាលបរិច្ឆេទតាំងទសវត្សរ៍ទី១៩៤០។ សិល្បៈគំនូរដ៏ល្អវិចិត្ររៀបរាប់ពីរឿងពុទ្ធប្រវត្តិ រឿងជាតកនានា ហើយថែមទាំងបញ្ចូលនូវទិដ្ឋភាពសង្គមខ្មែរជាក់ស្តែងដោយអន្លើខ្លះផង។ មិនតែប៉ុណ្ណោះ សំណង់ព្រះវិហារនេះជាតឹងតាងមត៌កដែលដ៏កម្រដែលឆ្លងកាត់សម័យកាលសង្គ្រាមគង់វង្សមកដល់សព្វថ្ងៃ៕












អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





