សង្គមខ្មែរចាត់ទុកភ្ជុំបិណ្ឌជាទំនៀមបុណ្យប្រពៃណីដ៏សំខាន់ ដូចបណ្តាពិធីឯទៀតនៃទ្វាទសមាស។ ដើមហេតុនៃភ្ជុំបិណ្ឌនេះ បើមើលប្រភពភស្តុតាងប្រវត្តិសាស្រ្តតាមរយៈសិលាចារឹកសម័យកណ្តាល (IMA.3) ឃើញថានៅក្នុងសតវត្សរ៍ទី១៦ ព្រះបាទជេដ្ឋាទី១ (១៥៧៦-១៥៩៤)ទ្រង់បានប្រារព្ធ“ពិធីតប៌្បណទ្វាទសបិណ្ឌ” ដើម្បីឧទ្ទិសកុសលនៅអំឡុងបុណ្យដាក់បិណ្ឌទាំង១២។ ប៉ុន្តែបើមើលភស្តុតាងប្រវត្តិសាស្រ្តហួសទៅដល់សម័យអង្គរ អ្នកស្រាវជ្រាវយល់ថា ពិធីភ្ជុំបិណ្ឌទទួលឥទ្ធិពលពិធីឝ្រាទ្ធ [śrāddha] (ស្រាទ្ធ) នៃវប្បធម៌ឥណ្ឌា។ ពាក្យឝ្រាទ្ធឃើញក្នុងសិលាចារឹកថ្នល់បារាយណ៍ (K.279c) ចារក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១(៨៨៩-៩០០) ដែលមានសេចក្តីរៀបរាប់ពិធីបោះបាយបិណ្ឌឧទ្ទិសដល់អ្នកស្លាប់អនាថា ឬស្លាប់ក្នុងសមរភូមិ ដើម្បីអាចចាប់ជាតិកំណើតថ្មីបាន។ ឯរូបសត្វនរកក៏ឃើញមានឆ្លាក់ច្បាស់នៅអង្គរវត្ត និងប្រាសាទតានៃ។
ទោះយ៉ាងណាក្តី សព្វថ្ងៃមនុស្សខ្មែរណាម្នាក់ក៏យល់ដូចគ្នាថា ភ្ជុំបិណ្ឌគឺជាទំនៀមក្នុងព្រះពុទ្ធសាសនាដែរ។ ហេតុពោលដូច្នោះក៏មិនខុស ដ្បិតតាំងពីដូនតាមកខ្មែរតែងប្រារព្ធភ្ជុំបិណ្ឌនៅតាមវត្តអារាមជាដរាប។ មិនតែប៉ុណ្ណោះ ពាក់ព័ន្ធនឹងប្រវត្តិភ្ជុំបិណ្ឌ ក៏មានរឿងដែលព្រះសង្ឃតែងតែលើកមកទេសនាបញ្ជាក់ជារឿយៗពីក្នុងគម្ពីរបេតវត្ថុ គម្ពីរធម្មបទដ្ឋកថា សាស្រ្តាវិជ្ជាធរ ឬព្រះនេមិរាជជាតក និងព្រះមហាល័យសូត្រជាដើម។ លើសពីនេះក្នុងគម្ពីរ ឬរឿងរ៉ាវខាងលើឱ្យដឹងថា ភ្ជុំបិណ្ឌកើតដោយព្រះអរិយបុគ្គលមានឥទ្ធិរិទ្ធដូចជាព្រះពុទ្ធ ព្រះមោគ្គលាន ព្រះមាល័យ ឬព្រះនេមិរាជ… បានឃើញសេចក្តីទុក្ខវេទនារបស់ពពួកសត្វនរកប្រែត ដែលយម្ភូបាលធ្វើទុក្ខទោស ហើយពពួកសត្វនរកប្រែតទាំងឡាយនោះតែងប្រាថ្នាឱ្យញាតិសន្តានធ្វើបុណ្យឧទ្ទិសកុសលឱ្យ។
ជាការពិត “ភ្ជុំបិណ្ឌ” គឺមាន “បាយបិណ្ឌ” ជារណ្តាប់សំខាន់ ឬអាចនិយាយបញ្ច្រាសថាបើគ្មាន “បាយបិណ្ឌ” ប្រហែលក៏គ្មានពិធី “ភ្ជុំបិណ្ឌ” ដែរ។ បុរាណលោកពន្យល់ថា “បិណ្ឌ” ក្លាយពីពាក្យបាលីដែលប្រែថា “ដុំបាយ”។ ដុំបាយនេះ គេតែងចម្អិនពីអង្ករដំណើប ផ្សំនឹងសណ្តែក ល្ង ខ្ទិះដូង ឬគ្រឿងដទៃទៀតតាមទម្លាប់ប្លែកគ្នាខ្លះ ហើយខ្លះមានលម្អដោយផ្កាភ្ញី ចំណិតផ្លែឈើ នំចំណី ប្រាក់ និងទៀនធូបផង។ ទម្លាប់ប្រកាន់មករបស់ស្រុកខ្លះ តែងទៅរៀបចំធ្វើបាយបិណ្ឌ ឬហៅថាពូតបាយបិណ្ឌ ឬចាប់បាយបិណ្ឌនៅវត្តតាមវេនប្រចាំភូមិ (រូបលេខ៣)។ ប៉ុន្តែអ្នកស្រុកខ្លះក៏តែងរៀបចំបាយបិណ្ឌនៅផ្ទះទីទៃៗរៀងខ្លួននៅវេលាព្រលប់ ឬវេលាទៀបភ្លឺ ទើបយកទៅឧទ្ទិសកុសល និងបោះនៅវត្ត (រូបលេខ៤)។ ទោះបីយ៉ាងណា បុរាណលោកពន្យល់ថាពេលពូតត្រូវសូត្រថា “ខ្ញុំសូមចាប់បាយបិណ្ឌ មធុបាយាស ព្រះពុទ្ធបានត្រាស់ ពោធិសត្វផង ផ្តាំទៅតាកឹង ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង យកបាយទៅជូនដូនតា” ឬអ្នកខ្លះសូត្រថា “អុជធូប១ដើមកន្លះ ព្រះពុទ្ធបានត្រាស់ពោធិកន្លង ត្រាប់ទៅតាកឹង(បរិវាររបស់ព្រះយមរាជ) ឱ្យចាប់ឆ្កែចង(សត្វរបស់ព្រះយមរាជ) សុំផ្លូវទៅផង យកចង្ហាន់ថ្វាយមាតាបិតា”។ ប៉ុន្តែលោកអាចារ្យខ្លះថាពេលពូតបាយបិណ្ឌត្រូវសូត្រ “ឧកាស ឥមំ អាហារ បិណ្ឌបាតំ អហំបូជាមិ។ ទុតិយម្បិ ឥមំ អាហារ បិណ្ឌបាតំ អហំបូជាមិ។ តតិយម្បិ ឥមំ អាហារ បិណ្ឌបាតំ អហំបូជាមិ” ហើយពេលបោះបាយបិណ្ឌត្រូវសូត្រថា “សព្វេ សត្តា អាហារបិណ្ឌបាតំ ផល្លា ផល្លំ ភវន្តុ”។
តាំងពីដើមរៀងមកដូនតាខ្មែរតែងប្រារព្ធពិធីភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ គឺពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ បើចែកលម្អិត ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គេហៅថាថ្ងៃកាន់បិណ្ឌ ឬថ្ងៃដាក់បិណ្ឌ ហើយនៅថ្ងៃ១៥រោច ហៅថាថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ។ តាមទម្លាប់ស្រុកខ្លះភូមិនីមួយៗចុះជើងវត្ត ត្រូវទទួលកាន់បិណ្ឌតាមវេន ហើយចាត់ចែងចង្ហាន់ និងទេយ្យទានព្រះសង្ឃផង។ បើនៅតំបន់អង្គរ ក្នុងថ្ងៃកាន់បិណ្ឌនីមួយៗ គេតែងកិច្ចផ្សេងៗទៀតដូចជា ពេលល្ងាចក្រុងពាលី បួងសួងព្រះយមរាជ សែនដូនតា ព្រះសង្ឃចម្រើនព្រះបរិត្ត និងចាប់បាយបិណ្ឌ (វត្តខ្លះចាប់បាយបិណ្ឌពីព្រលប់ ឬវត្តខ្លះធ្វើទៀបភ្លឺ)។
ក្នុងគំនិតអ្នកស្រាវជ្រាវ បាយបិណ្ឌអាចបកស្រាយបានវែងឆ្ងាយក្នុងបរិបទវប្បធម៌ខ្មែរ។ គេជឿថាការបោះបាយបិណ្ឌ មិនមែនក្នុងន័យបោះដើម្បីឱ្យពពួកប្រេត ដែលកំពុងស្រេកឃ្លានទាំងនោះបានទទួលទានចំអែតក្រពះទេ។ ត្រង់ចំណុចនេះ គេអាចពិចារណាពាក្យថា “បោះ” នៅក្នុងពាក្យបោះបាយបិណ្ឌនោះបាន ដ្បិតបោះមានន័យថាចោលទៅឱ្យឆ្ងាយ គឺឱ្យដល់ពពួកប្រេត ព្រោះគេជឿថាជំពូកប្រេតខ្លះខ្លាចពន្លឺ មិនហ៊ានមកក្បែរមនុស្ស ឬមិនហ៊ានចូលបរិវេណវត្តផង។ លើសពីនេះមានការពន្យល់ថាបាយបិណ្ឌពូតពីអង្ករដំណើប ចំនួន១៩ពំនូត ជាតំណាងឱ្យរូបកាយដែលអាចឱ្យព្រលឹងរបស់អ្នកស្លាប់ អាចមកចាប់យករូបកាយបាន ហើយក៏អាចវិលមកកើតជាមនុស្សវិញ។ តាមទំនៀមខ្មែរជឿថាមនុស្សគ្រប់រូប មានធាតុពីរសំខាន់គឺ នាម(ព្រលឹង) និងរូប(រាងកាយ)។ នៅពេលមនុស្សស្លាប់ទៅនៅសល់តែនាម គឺព្រលឹង រីឯរូបបានរលាយបាត់ទៅហើយ។ ដោយសារហេតុផលនេះ គេជឿថា ដើម្បីឱ្យអ្នកស្លាប់អាចវិលមកកើតជាមនុស្សវិញបាន ទាល់តែធ្វើឱ្យនាមនិងរូបបានភ្ជាប់គ្នាឡើងវិញ។ មិនតែប៉ុណ្ណោះ បើគេសង្កេតឱ្យដិតដល់ នៅពេលបោះបាយបិណ្ឌ អ្នកស្រុកខ្លះថែមទាំងកាត់ក្រដាសដោតលើបាយបិណ្ឌ មានសណ្ឋានដូចតួខ្លួនមនុស្ស។
ដោយឡែកបើតាម “សាស្រ្តាអានិសង្សបិណ្ឌ” លោកថាចាប់ពីថ្ងៃ១ រោច ខែភទ្របទ មានប្រេតជាញាតិមកដោយក្តីទុក្ខសោក ខ្លះទុំនៅជើងជណ្តើរ ខ្លះនៅមាត់ទ្វារ ខ្លះនៅលើធ្នឹម ប្រមេផ្ទះ ខ្លះនៅដើមឈើ ខ្លះនៅផ្លូវច្រកល្ហក រកអាហារបរិភោគ។ ដូច្នោះបើនរណាបានរៀបរណ្តាប់បាយបិណ្ឌ និងបាយបត្តបូរ ថ្វាយព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហៅថាបានធ្វើបុណ្យចម្រើនជូនទៅម្តាយឪពុកញាតិទាំងឡាយនោះ។ មិនប៉ុណ្ណោះសោត លោកឱ្យសមាទានសីល ស្តាប់ព្រះធម៌ទេសនាកុំឱ្យប្រមាទប្រហែសឡើយ ហើយចម្រើនមេត្តាភាវនាជូនផល្លានិសង្សទៅអស់ញាតិមិត្តសម្លាញ់ផងទាំងឡាយ ទើបនឹងបានរួចចេញអំពីទុក្ខភ័យទាំងពួងបានទៅសោយសម្បត្តិសួគ៌។ នាកាលភ្ជុំបិណ្ឌនោះដែរឱ្យរៀបអាស្នា ហើយចងនូវពិតានផង ប្រដាប់បូជានូវផ្លែឈើ ដើមឈើ ប្រដាប់នូវគ្រឿងឱជារស គន្ធពិដោរ យកនូវបាយបិណ្ឌ បាយបត្តបូរ ភ្ញីផ្កាទាំងឡាយមកសំណាក់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដ៏ជាស្រែបុណ្យនោះមិញ រីញាតិផងទាំងឡាយក៏សិងមកសព្វទិសទីទៃៗ។ រណ្តាប់ទាំងនោះ ត្រូវរៀបឱ្យល្អនៅល្វែងកណ្តាលប្រមាណ១ហត្ថ ហើយទើបយកគ្រឿងត្រីសាច់ចេកអំពៅមកបូជាស្មាលានូវទោសកន្លងទៅ។ ប្រហែលប្រការនេះហើយ ទើបខ្មែរជឿថាការធ្វើនូវកុសលរដូវភ្ជុំបិណ្ឌ គឺឧទ្ទិសដល់បុព្វការីឱ្យបានទទួលកុសល ម្ហូបចំណីផ្សេងៗ ហើយមានទំនៀមសែនដូនតានៅតាមផ្ទះ និងជូនដូនតាក្នុងថ្ងៃបញ្ចប់ភ្ជុំបិណ្ឌ។
ជារួមពិធីភ្ជុំបិណ្ឌដែលខ្មែរជឿតមក គឺជាប្រពៃណីដ៏យូរលង់ ប្រារព្ធឧទ្ទិសកុសលដល់បុព្វការីជន ហើយអ្នកស្រាវជ្រាវយល់ថាទទួលឥទ្ធិពលពិធីស្រាទ្ធក្នុងវប្បធម៌ឥណ្ឌា ដែលមានភស្តុតាងសិលាចារឹក និងចម្លាក់។ ការប្រារព្ធពិធីរយៈពេល១៥ថ្ងៃ នៅក្នុងខែភទ្របទ ដោយមានបោះបាយបិណ្ឌ គឺតំណាងឱ្យការភ្ជាប់នាមនិងរូប(ព្រលឹង និងខ្លួន)ឱ្យពពួកប្រេតទៅយកកំណើតថ្មី។ ការសមាទានសីល ស្តាប់ធម៌ទេសនា និងកិច្ចសែនដូនតា មិនត្រឹមតែបង្ហាញពីជំនឿលើការរំដោះទុក្ខទោស និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជីដូនជីតាទេ តែថែមទាំងឆ្លុះបញ្ចាំងពីជំនឿអានិសង្ស និងតម្លៃកតញ្ញូធម៌ដ៏ជ្រាលជ្រៅរវាងអ្នករស់រលឹកដល់ញាតិសន្តានដែលចែកស្ថានទៅ៕
















