បញ្ចុកនិងសង្គមខ្មែរ

“នំបញ្ចុក” គឺជាជំពូកម្ហូបប្រពៃណីដ៏សំខាន់ និង​ពេញ​និយម​សម្រាប់​ប្រជាជនខ្មែរហើយ​បានចុះក្នុងបញ្ជីសារពើភណ្ឌមត៌ក​វប្បធម៌អរូបីកម្ពុជា តាំងពីឆ្នាំ​២០១៧។ អ្វីដែលកាន់តែពិសេស​ជា​ប្រវត្តិ​សាស្រ្តក្នុង​សង្គមខ្មែរ គឺកាលពី​ខែ​មិថុនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសឱ្យ​ប្រជាជនកម្ពុជា ជួបជុំគ្នា​ជាមហាគ្រួសារបរិភោគ “នំបញ្ចុកសាមគ្គីជាតិ” ប្រកបដោយក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងទូទាំងប្រទេស។ មិនតែប៉ុណ្ណោះនំបញ្ចុក​ ក៏បានលេចវត្តមាន​យ៉ាង​ពិសេស​នៅក្នុង​កម្មវិធីសង្គមនិងវប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជ​កម្ម​ពិភពលោក (WTO) កាលពីក្នុង​ខែ​ កក្កដា ឆ្នាំ​​២០១៩។ អ្វីទាំងអស់នេះ បង្ហាញពីសារៈសំខាន់នំបញ្ចុកក្នុងសង្គមខ្មែរ ទាំងក្នុងជីវិតរស់នៅរាល់ថ្ងៃ និងបរិបទជំនឿសាសនា ជាពិសេសគឺជាអាហារ​ប្រពៃណី​ខ្មែរ​ដែលនាំមកនូវសាមគ្គីភាពក្នុងសង្គមជាតិ។

ជាការពិតណាស់ គេ​ជឿ​ថា​​​អ្នកស្រុក​​​​ខ្មែ​រទូទៅស្គាល់នំបញ្ចុកយ៉ាងច្បាស់តាំងតែពីដើមរៀងមក ​ដ្បិតអ្នកស្រុកនិយម​ធ្វើ​នំបញ្ចុក​​ក្នុងឱកាសជួបជុំ ឬក្នុងពិធីបុណ្យប្រចាំភូមិដូចជា បុណ្យភូមិ ដារ​លាន ឬពិធីឡើងអ្នកតាស្ទើរពុំដែលខកខាន។ ប៉ុន្តែបើ​ពោល​ពី​ប្រវត្តិ​​នំនេះ​ក្នុង​បរិបទ​នៃការ​ស្រាវជ្រាវ​ ប្រហែល​ពុំ​​ទាន់មាន​ឯក​សារ​បញ្ជាក់​​ថា​កើត​ឡើង​​សម័យ​​​ណា​ឡើយ​ ឬ​​មាន​ប្រភព​មក​ពី​ណា​ក៏​ទេ​ដែរ តែនំបញ្ចុក​ជាមត៌ក​អាហារ​ដែលមាន​តមក​ឥតដាច់ជំនាន់។​ នំនេះក៏តែងឃើញ​រៀបរាប់បញ្ចូល​​​​ក្នុង​​ស្រទាប់​អក្សរ​សិល្ប៍​ និងសិល្បៈ​​​​វប្បធម៌ខ្មែរជាច្រើន​ទម្រង់។ ក្នុង​​​រឿង​​វេស្សន្តរ​ជាតក​​ ត្រង់អន្លើបរិយា​ដោយឡែក​អំពីរឿង​ជូជក​បរិភោគអាហារ​ អ្នកនិពន្ធបានរៀបរាប់អំពីនំបញ្ចុក ដែល​ជាអាហារ​មាន​ឱជារស រហូត​ជូជកព្រាហ្មណ៍​​ទទួលទានអស់មួយល្អី។​ ចំណែក​នៅក្នុង​រឿង​ធនញ្ជ័យ​​តំណាល​ថា​ពេល​​ដល់​ស្រុក​ចិន​ ធន​ញ្ជ័យ​បានយក​នំបញ្ចុកជារបរលក់ដូរ​​​ចិញ្ចឹម​ជីវិត ​រហូតល្បីរន្ទឺទៅដល់ស្តេចក្រុងចិន។ ស្រដៀង​នេះដែរ នៅ​ក្នុង​សិល្បៈភាពយន្ត​ទស​វត្ស​​៦០​ ​រឿង​អន​អើយ​ស្រី​អន​ ​និពន្ធ​ដោយ​លោក​ លី​ ប៊ុន​យីម​ ក៏​បាន​ស្តែង​​ឱ្យ​ឃើញ​ថា​ ដើម្បី​​ដោះ​ស្រាយ​ជីវភាព​ តួអង្គនាយ​ជ័យ​​​បាន​យក​របរ​​​លក់​នំ​បញ្ចុក​ធ្វើ​​ជាទីពឹង​។ ដោយ​ឡែក​ ក្នុងសង្គម​ជាក់ស្តែង​​គេតែងសម្គាល់​ឃើញអ្នកស្រុក​ខ្មែរ​យករបរលក់​នំបញ្ចុក​ ធ្វើ​ជា​ចំណែក​នៃចំណូលចិញ្ចឹម​ជីវិតជាហូរហែមកដែរ។

ចំពោះរបៀបធ្វើនំបញ្ចុក ​​គេ​ប្រើ​អង្ករ​ខ្សាយ​​​ ហើយ​ជា​​អង្ករ​បាយរឹង។ ដំណាក់​កាល​​ធ្វើ​​នំបញ្ចុក​ គឺ​ហាក់​ដូច​ជា​វែង​ឆ្ងាយ​​បន្តិច​ ដោយ​​ដំបូងគេ​​ត្រូវ​យក​អង្ករលាង​សម្អាត​ រួច​ត្រាំ​ទឹក​​​ស្អាត​មួយ​រយៈ ហើយ​ស្រង់​​យក​ទៅ​កិន​​​ឱ្យ​​ម៉ដ្ត​ជា​ម្សៅ។ បន្ទាប់​មក​ត្រូវ​យក​ម្ស៉ៅ​​​នោះ​ទៅ​​ដាក់​ច្រោះ​ទឹក​ឱ្យស្ងួត ហើយ​បំបែក​​ និងសូន​​ជា​ដុំ​ៗ​ ​ស្ងោរ​ឱ្យ​ឆ្អិន​បន្តិច​ ដែល​ជា​​ពាក្យ​បុរាណ​លោក​និយម​ហៅ​​ម្សៅ​ដែល​ឆ្អិន​នោះ​ថា​ “​ឆ្អិន​មួយ​សម្បក​ក្រសាំង​” គឺឆ្អិន​ប្រហែល​៥០​ភាគរយ​។ ក្រោយ​ពេល​​បាន​ដូច្នេះ​ហើយ គេ​ត្រូវ​យក​ម្សៅឆ្អិន​​នោះ​​​ទៅ​​បុក​បំបែក​ក្នុង​ត្បាល់​ក្តឿង (បច្ចុប្បន្ន​គេ​ប្រើម៉ាស៊ីនវាយម្សៅ)ឱ្យ​ល្មួត​ចូលគ្នាល្អ រួច​​យក​ម្សៅ​នោះ​សូន​ជា​ដុំ​តូច​ៗល្ម​ម​​ ហើយ​យក​ទៅ​ដាក់​​ក្នុង​​ប៉ែន​ សង្កត់​​ឱ្យចេញសសៃ​ចម្អិន​ក្នុង​​ឆ្នាំង​ធំ ឬ​ខ្ទះ​ទឹក​ក្តៅ​ឱ្យ​ឆ្អិន​ល្អ ទើបស្រង់​យក​មក​​​ចាប់​ជា​ចង្វាយ។ បើ​ពោល​ពី​ឧប​ករណ៍​​​សំខាន់ៗ​​ស​ម្រាប់​ធ្វើ​នំ​បញ្ចុក​តាមរបៀបបុរាណមាន​ដូច​ជា ​​ត្បាល់​កិនម្សៅ ត្បាល់​​ជាន់​(ត្បាល់​ក្តឿង) ឬ​​ត្បាល់​​​បុក​​​ ប៉ែន​នំបញ្ចុក កញ្ច្រែង​ ​កញ្ជើ ល្អី ​​​កន្រ្តង​​ ឆ្នាំង​ធំ ឬ​ខ្ទះ​ត្នោត-ល-។ ចំពោះ​មនុស្ស​ដែលត្រូវការ​ជាកម្លាំង​សម្រាប់ចូលរួម​ធ្វើនំបញ្ចុក ប្រហែល​៤ ទៅ​១០នាក់ ដោយមាន​ទាំង​អ្នក​ចាប់ម្សៅ អ្នកសង្កត់ប៉ែន និងអ្នកចាប់ចង្វាយនំជាដើម។ ប៉ុន្តែយ៉ាងណាក្តី សព្វថ្ងៃនេះការធ្វើនំបញ្ចុក​ ជារបរសិប្បកម្មមួយនៅក្នុងសហគមន៍​ ហើយភាគច្រើន​ប្រើម៉ាស៊ីនជំនួសដៃជើងមនុស្ស​តាំងពីកិនម្សៅ វាយម្សៅឱ្យល្អិត និងសង្កត់ប៉ែនជាដើម។

ជាទូទៅ​ នំបញ្ចុក​គេ​អាច​​ទទួល​ទាន​​​​​ជា​មួយ​សម្លច្រើនបែបដូចជា សម្ល​ខ្មែរ សម្ល​ការី សម្លប្រហើរ ឬទឹក​ត្រី​ផ្អែម និង​ផ្សំពីត្រី​សាច់​ផ្សេងៗ ព្រម​ទាំង​មាន​​បន្លែ​ស្រស់ៗ​ជា​ច្រើន​ទៀត​ជារបោយ​រោយពីលើ​​​​​តាម​​និយម​​​​ដូច​ជា ​កញ្ឆែត ​ព្រលិត លំចង់ ផ្កា​ស្នោ ​កន្ធុំ​ថេត ត្រសក់​ ត្រយោង​ចេក ត្រួយ​រាំង​ ស្បៃរឿង សណ្តែក​កួរ ​ស្លឹក​ជី និង​សណ្តែក​បណ្តុះ​ជាដើម។​ ​​សព្វ​ថ្ងៃ​នេះគេ​បាន​យក​នំ​បញ្ចុកទៅ​កែ​ច្នៃ​​​​ផ្សំ​​គ្រឿង​​ផ្សំ​ដទៃ​ទៀត​តាម​ចំណង់​ចំណូល​ចិត្ត​ដូច​ជា នំបញ្ចុក​បំពង នំបញ្ចុកបុក និង​នំ​បញ្ចុកក្រៀម​ជា​ដើម។ ភាព​ចម្រុះ​គ្នា​​នៃ​បន្លែ​​បង្កា ​​​​ត្រី​សាច់ និង​សម្ល​​​ដ៏​មាន​ឱជា​រស​​​ដូចរៀបរាប់ខាងលើនេះ​ហើយ​ ដែល​នាំ​ឱ្យ​នំ​បញ្ចុក​នៅ​តែជា​​អាហារ​​ដ៏​មាន​​ប្រជា​ប្រិយ​ និង​ពេញ​និយម​​​​បំផុត​ក្នុង​​សង្គម​ខ្មែរ​ ជាពិសេសមិនដែលខកខាន​ គឺនៅក្នុង​ពិធីបុណ្យ​តូចធំក្នុងភូមិដូចរៀបរាប់ដោយអន្លើមកពីខាងដើម។​ ទន្ទឹមនេះ​គេឃើញនំបញ្ចុក ក៏ជា​សំណែន​យ៉ាងសំខាន់ក្នុងពិធីឡើងមាឃនៅតំបន់អង្គរ(ប្រារព្ធក្នុងខែមាឃ) ដែល​​អ្នក​ស្រុកតែងរៀបចំ​​ក្នុងចំណោមសំណែន​ផ្សេងៗ​ថ្វាយដល់អ្នកតាប្រចាំភូមិស្រុក។

សរុបសេចក្តីមក នំបញ្ចុកមិនត្រឹមតែជាអាហារប្រពៃណីដ៏មានឱជារស និង​​មាន​ប្រជាប្រិយភាពខ្ពស់ក្នុងចំណោមខ្មែរទូទៅឡើយ តែ​វា​គឺ​ជាមត៌កអរូបីដ៏មានតម្លៃ ដែល​ឆ្លុះបញ្ចាំងពី​ជីវភាពរស់នៅ និងអត្តសញ្ញាណម្ហូបខ្មែរយ៉ាងស៊ីជម្រៅ។ តាមរយៈវត្តមានឥតដាច់ក្នុងស្រទាប់អក្សរសិល្ប៍ សិល្បៈភាពយន្ត របរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងពិធីជា​ទំនៀម​ប្រពៃណីដូចជា ពិធីឡើងអ្នកតា ឬពិធីឡើងមាឃ នំបញ្ចុកបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុង​សហគមន៍។ លើសពីនេះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការជួបជុំ “បរិភោគនំបញ្ចុកសាមគ្គីជាតិ” ព្រមទាំងការបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ បានសែ្តងឱ្យឃើញយ៉ាងច្បាស់ថា នំបញ្ចុកគឺជាមធ្យោបាយដ៏មានឥទ្ធិពល ក្នុងការបង្រួបបង្រួមស្មារតីសាមគ្គីភាពជាតិ និងជាតំណាងម្ហូបអាហារប្រពៃណីខ្មែរនៅលើឆាកអន្តរជាតិយ៉ាងសំខាន់។

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,600SubscribersSubscribe
- Advertisement -spot_img