តើយើងអាចយល់អំពីបច្ចេកទេសបុរាណ ហើយក្នុងពេលជាមួយគ្នានោះ អាចបកស្រាយ ឬបង្ហាញវាឡើងវិញតាមរយៈគោលគំនិតដែលយើងប្រើប្រាស់នាពេលបច្ចុប្បន្នបានយ៉ាងដូចម្តេច? សំណួរនេះពិតជាមានភាពស្មុគស្មាញខ្លាំងចំពោះអ្នកស្រាវជ្រាវបុរាណលោហវិទ្យា។ ដើម្បីស្រាយចម្ងល់នេះគេត្រូវតែទាមទារការសិក្សាលើបច្ចេកទេស និងរួមផ្សំជាមួយនឹងជំនាញផ្សេងៗ ដើម្បីបង្កើតបាននូវទ្រឹស្តីរួមគ្នាមួយដែរ សមស្របតាមការស្រាវជ្រាវបែបវិទ្យាសាស្រ្ត សម្រាប់ការបកស្រាយរវាង បច្ចេកទេសសម័យបុរាណ និង សម័យបច្ចុប្បន្ន។
ប្រសិនបើយើងអាចយល់ និងបកស្រាយវាបានយ៉ាងត្រឹមត្រូវ ទ្រឹស្តីទាំងនោះអាចជួយឲ្យយើងខិតទៅជិត និងយល់ដឹងអំពីវប្បធម៌ បច្ចេកទេសដែលមានកន្លងមក។ នៅក្នុងបរិបទនេះ ប្រវត្តិសាស្ត្រក្លាយទៅជាបច្ចេកវិទ្យា មានន័យថា វាបង្កើតការពិពណ៌នាបែបវិទ្យាសាស្ត្រ ដែលមានហេតុផល និងមានមូលដ្ឋានលើការវិភាគអំពីការអនុវត្ត និងបច្ចេកទេសនៅ អតីតកាល ដោយពិនិត្យមើលថា តើមានអ្វីខ្លះដែលនៅសល់ ជាតឹកតាងជាវត្ថុសមុច្ច័យ សម្រាប់ធ្វើការអធិប្បាយពីបច្ចេកទេសទាំងនោះដែលអាចបង្កើតឡើងវិញបាន។
ជំនាញសំខាន់ៗដែលទាក់ទងនឹងដំណើរការផលិតលោហៈនោះរួមមាន បុរាណវិទ្យា (Archéologie), បុរាណលោហវិទ្យា (Archéométallurgie) និងនរវិទ្យា (Ethnologie) ។ល។ ទិន្ន័យដែលបានមកពីការស្រាវជ្រាវជំនាញទាំងនោះ អាចឲ្យយើងដែលជាអ្នកស្រាវជ្រាវ សាកស្បងធ្វើការពិសោធន៌ (Expérimentation) និង បង្កើតឡើងវិញ (Réconstruction) នូវដំណើរការការផលិតលោហៈ ( Chaîne opératoire)[1]( រូបលេខ ១ និង ២)។
ទ្រឹស្តី និងការស្រាវជ្រាវអំពីដំណើរការនៃការផលិតដែក កកើតឡើងនៅ អំឡុងស.វ.ទី ២០ ដែលភាគច្រើនចេញពីការស្រាវជ្រាវនៅអឺរ៉ុប ( បារាំង និងស្វីស) និងនៅបន្តនៅអាហ្រ្វិក ( បេណាំ, សេណេហ្គាល, តូហ្គូ ។ល។)។ រីឯនៅតំបន់ ប្រទេសអាស៊ីអាគ្នេយ៍វិញ នៅមានតិចតួចនៅឡើយ ដែលភាគច្រើន ឃើញមានការស្រាវជ្រាវនៅតាមស្ថានីយ នៅតំបន់ម៉ាឡាយូ ( ម៉ាឡេស៊ី និងថៃ)។ ចំណែកឯនៅប្រទេសកម្ពុជា រឹតតែតិចទៅទៀត ដោយសារតែជំនាញ បុរាណលោហវិទ្យា នៅពុំទាន់មានការសិក្សា និងបណ្តុះបណ្តាលទូលំទូលាយនៅឡើយ។ បើទោះបី ជាមានការស្រាវជ្រាវតិចតួចយ៉ាងណាក៏ដោយ ក៏ចាប់តាំងពី ស.វ.ទី ១៩ មក មានបណ្តាជនជាតិបារាំងជាច្រើន ដែលជាអ្នកស្រាវជ្រាវក្តី ពុំមែនជាអ្នកស្រាវជ្រាវក្តី បានចាប់អារម្មណ៌លើ ប្រធានបទការផលិតដែក នៅក្នុងកម្ពុជា នៅតំបន់ភាគខាងជើងនៃប្រទេស។ ជាពិសេសនៅតំបន់ជុំវិញភ្នំដែក ខេត្តព្រះវិហារ។
តាមរយះទិន្នន័យនៃការសិក្សាខាងលើ (បុរាណវិទ្យា ប្រវត្តិសាស្រ្ត នរវិទ្យា) បានបង្ហាញថា ដំណើរការនៃការផលិតលោហៈ ជាពិសេសដែក គឺមានភាពស្មុគស្មាញខ្លាំង ដែលទាមទារបច្ចេកទេស និងអ្នកជំនាញ។ តាមរយៈទ្រឹស្តីរួម នៅក្នុងដំណើរការនៃការផលិតដែក ជាទូទៅមានពីរដំណាក់កាលធំៗ ៖ ទី១ ការស្លពីរ៉ែទៅជាដែក (Réduction) និងទី២ ការលត់ ដំ ទៅជា ឧបករណ៍ប្រើប្រាស់សម្រេច (Post- réduction)។
ដំណាក់កាលទី១៖ ពី រ៉ែ ទៅជាលោហៈ
ជាដំបូង គេត្រូវដើររកប្រភពថ្មមួយប្រភេទដែលចាត់ទុកថាជា រ៉ែដែកសម្រាប់យកទៅ ស្ល បំលែងឲ្យទៅជាដែក។ ចំពោះ រ៉ែដែកទាំងនោះ ត្រូវចាំបាច់ ដំ បំបែក វា ឲ្យជា បំណែកតូចៗ ដើម្បីងាយស្រួលនៅក្នុងការស្ល ងាយស្រួលចម្រាញ់ ។ ដើម្បីឲ្យងាយស្រួលបំបែក គេយករ៉ែទាំងនោះ ទៅដុតធ្វើទាល់តែប្រេះ។ ដូច្នេះ រ៉ែកាន់តែងាយបំបែក។ វិធីសាស្ត្រដ៏សាមញ្ញបំផុត គឺដុត វាទុកចោលពីរ ទៅ បីម៉ោង។ ដូចនេះ ហើយ តាមរយៈសំណល់បុរាណវិទ្យាដែលបន្សល់ទុកដោយប្រតិបត្តិការនេះ ជាញឹកញាប់មានត្រឹមតែតំបន់ដែលមានពណ៌ក្រហមដោយសារកម្ដៅ និងបំណែករ៉ែតូចៗដែលប្រែពណ៌ទៅជា ក្រហម (រូបលេខ ៣)។
ក្រៅពីរ៉ែ គេចាំបាច់រើសរកធ្យូងដែលមានចំហេះខ្ពស់យកមកស្លលាយជាមួយរ៉ែ។ ដើម្បីទទួលបានដែក គេត្រូវស្ល នៅក្នុងចង្រ្កាន្ត (សន្លង់) ដោយលាយជាមួយ ធ្យូង និង រ៉ែ ម៉ងកាណេស នៅសីតុណ្ហភាពខ្ពស់ ទើបអុកស៊ីតដែលមាននៅក្នុងដែកត្រូវបានរលាយដោយឧស្ម័នដែលសម្បូរទៅដោយកាបូនម៉ូណូអុកស៊ីត។ ដំណើរការនេះផ្អែកលើប្រតិកម្មគីមីមួយ៖ អុកស៊ីសែនដែលមាននៅក្នុងអុកស៊ីតដែក និងសមាធាតុគីមី នៅក្នុងធ្យូង និង ម៉ង់កាណេស ដើម្បីបម្លែងអ៊ីយ៉ុង Fe³⁺ ទៅជាដែក។ ក្នុងអំឡុងពេលឆេះ ធ្យូងបញ្ចេញកាបូនម៉ូណូអុកស៊ីត (CO) ដែលដើរតួជាភ្នាក់ងារនៃការរំលាយ។ ឧស្ម័ននេះជ្រៀតចូលទៅក្នុងម៉ាសរ៉ែជាបន្តបន្ទាប់ ហើយកាត់បន្ថយអុកស៊ីតដែក ដំបូងនៅតំបន់ខាងក្រៅ ហើយបន្ទាប់មកឈានដល់ផ្នែកខាងក្នុងនៃរ៉ែ។ ប្រតិកម្មទាំងនេះអាចកើតឡើង នៅសីតុណ្ហភាពចន្លោះពី 700 ដល់1000 °C ដែលចំណុចរលាយរបស់រ៉ែនៅ ជាង (1500°C)។ នៅកន្លែងជិតបំពង់ខ្យល់ឬត្រឡែក (tuyère) ជាកន្លែងដែលមានសីតុណ្ហភាពខ្ពស់ និងក្តៅបំផុត បន្ទាប់មកវានឹងសាយភាយនៅពេញចង្រ្កាន្ត ដែលធ្វើឲ្យរ៉ែចាប់ផ្តើមរលាយក្លាយជាដែកមកផ្ទុំនៅ បាតចង្រ្កាន្ត ហើយ សារធាតុផ្សេងៗទៀត ដែលពុំមាន ជាតិដែក ហូរចេញមកខាងក្រៅ ដែលហៅថា អាចមន៌ដែក និងមានមួយភាគតូចនៃអាចមន៌ដែកដែលកកនៅក្នុងចង្រ្កាន្តដែរ (រូបលេខ ៤ , ៥, ៦) ។ នៅក្នុងការស្រាវជ្រាវបុរាណលោហវិទ្យា រ៉ែដែក រលាយនៅ សីតុណ្ហភាពទាបបំផុត ប្រហែល 1 500 °C។ នៅពេលដំណើរការនៃការស្ល ត្រូវបានបញ្ចប់ ដែកត្រូវបានយកចេញពីចង្រ្កាន្ត ហើយការយកចេញ គឺគេវាយបំបែកចង្រ្កាន្ត ដើម្បយកដែកចេញ។ គួរបញ្ជាក់ដែរថា ប្រវែង និងទំហំ ដែក គឺអាស្រ័យលើ បច្ចេកទេស និងទំហំ នៃចង្រ្កាន្តស្ល។ តាមរយៈការស្រាវជ្រាវកន្លងមក ចង្រ្កាន្ត មានពីរប្រភេទ ៖ ចង្ក្រាន្ត ខ្ពស់ ( Haut fourneau)និង ចង្រ្កាន្តទាប (Bas fourneau)។ តាមរយៈការស្រាវជ្រាវកន្លង មានបង្ហាញថា នៅកម្ពុជាសម័យបុរាណ ប្រើប្រាស់បច្ចេកទេស ចង្ក្រាន្តទាប។
ដំណាក់កាលទី២ ៖ ពីដែកឆៅ ទៅជាវត្ថុប្រើប្រាស់សម្រេច
ដែកដែលបានមកពីការស្ល នេះ ពុំទាន់ប្រើប្រាស់បាននៅឡើយទេ ដែលហៅថា ជាដែកឆៅ ( Masse brute ) នៅ លាយឡំ នឹង អាចមន៌ដែក ធ្យូង នៅ ឡើយ ដោយចាំបាច់ត្រូវការដំ សម្អាត លត់ និងធ្វើវាឲ្យទៅជាវត្ថុផ្សេងៗ ដែលនេះ ជាដំណាក់កាលទី២ ។ ចាប់ពីដំណាក់កាលនេះ ទៅ ការងារគឺផ្តោតទៅលើជាងដែក[7]។ បន្ទាប់ពី សម្អាតរួចរាល់ គេចាត់ទុកថាជា ដែកពាក់កណ្តាលសម្រេច ( Demi- produit) ដែលមានទម្រង់ជាដុំដែក (Lingot) គេ កាត់ដុំដែកនោះ ជាបំណែកតូច តាមប្រភេទឧបករណ៌ប្រើប្រាស់ផ្សេង ។ ដើម្បី ឲ្យក្លាយជាឧបករណ៌ប្រើប្រាស់ ជាងដែកចាំបាច់ ធ្វើ ចង្រ្កាន្តដំដែក និង ឧបករណ៌សម្រាប់ដំ លត់ និង ឲ្យទៅជា វត្ថុសម្រេច។ តាមរយៈសំណល់បុរាណវិទ្យាដែលបន្សល់ទុកដោយប្រតិបត្តិការនេះ ជាញឹកញាប់ឃើញ ចង្រ្កាន្តដំដែក អាចមន៌ដែកមកពីការដំ ដែលនៅក្នុងចង្ក្រាន្ត និងកំទេចដែកដែលធ្លាក់នៅពេលជាងដែកដំ។
សរុបសេចក្តីមក ដំណើរការផលិតលោហៈ នៅសម័យបុរាណ ជាពិសេស ដែក គឺមានភាពស្មុគស្មាញខ្លាំង ដែលទាមទារទាំងបច្ចេកទេស និងជំនាញ ច្បាស់លាស់។ ទិន្នន័យដែលបានរៀបរាប់ខាងគឺជា ទ្រឹស្តីរួមមួយ តែបណ្តាអ្នកស្រាវជ្រាវជាច្រើន ក្នុងវិស័យបុរាណលោហវិទ្យាធ្វើការពិព៌ណនា តាមលទ្ឋផលនៃការសិក្សា ប្រៀបធៀប ជាច្រើនរវាងទិន្នន័យ បុរាណវិទ្យា ការពិសោធន៍ និងនរវិទ្យា។ ទោះបីជាទ្រឹស្តីនេះ ត្រូវបានគេប្រើប្រាស់ជាទូទៅក៏ដោយ ប៉ុន្តែត្រូវការបន្ត សិក្សាឲ្យបានស៊ីជម្រៅ បន្តទៀត តួយ៉ាង ការសិក្សាអំពីដំណើរការផលិតដែក នៅក្នុងប្រទេសកម្ពុជា ដែរ ពុំទាន់មានទិន្នន័យច្រើននៅឡើយ។






អត្ថបទដោយ៖ អេង តុលា





