ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿព្រះវិហារវត្តនគរបាជ័យ

ព្រះវិហារវត្តនគរបាជ័យ

វត្តនគរបាជ័យ គឺជាបូជនីយដ្ឋានព្រះពុទ្ធសាសនា​​ដ៏ល្បីស្ថិត​​នៅ​ក្នុង​ខេត្ត​កំពង់ចាមហើយ​​​បានកសាងនៅ​​ក្នុងបរិវេណ​ប្រាសាទនគរបាជ័យ​ ដែលជា​ប្រាសាទ​ឧទ្ទិស​​ថ្វាយ​​​ព្រះពុទ្ធសាសនា​មហាយាន​នៃរាជ្យព្រះបាទជ័យវរ្ម័ន​ទី៧។ បច្ចុប្បន្ននៅក្នុងបរិវេណ​ប្រាសាទនេះដែរគេ​ឃើញ​វត្ត​ពីរ វត្តមួយស្ថិតនៅជ្រុងអាគ្នេហ៍ ខាងក្រៅកំពែង​ប្រាសាទ​​ហៅ​ថា“វត្ត​នគរបាជ័យ​ក្រៅ”។ ចំណែកវត្ត​មួយស្ថិត​ក្នុងកំពែង​​​ប្រាសាទហៅថា“វត្ត​នគរបាជ័យក្នុង” ឬ​​​​អ្នក​​ផងហៅជាទូទៅថា“វត្តនគរបាជ័យ”។ ចំពោះអ្នកស្រុក​​កំពង់ចាម ​ភាគច្រើននិយម​ហៅថា “វត្តអង្គរ” តែពុំដឹងថាពាក្យនេះ​ហៅសំដៅ​វត្តនៅខាងក្រៅ ឬវត្តនៅខាងក្នុង​ប្រាសាទ។ ប៉ុន្តែ​តាមរយៈរូបថតឯកសារសម័យ​បារាំង គេហៅវត្ត​ខាងក្នុងប្រាសាទថា “វត្តនគរ” ហើយ​បានចុះ​លេខ​សម្គាល់​គឺ IK 85។ ចំណែកឯកសារសម័យសង្គមរាស្រ្តនិយម​ក៏ហៅវត្តនេះថា “វត្តនគរ” ដែរ។ ដូច្នេះនៅក្នុងអត្ថបទនេះខ្ញុំសូមរៀបរាប់ចំពោះវត្ត​ស្ថិត​ក្នុងកំពែង​​ប្រាសាទដែល​គេហៅទូទៅថា “វត្តនគរបាជ័យ” ឬ “វត្តនគរ” តែប៉ុណ្ណោះ។

បើផ្អែកតាមឯកសារសម័យ​បារាំង គេឃើញមាន​រូបថត២សន្លឹកដែល​បញ្ជាក់ថា​ជា​ព្រះវិហារ​វត្ត​នគរបាជ័យ។ រូប១សន្លឹកថតនៅឆ្នាំ​១៩៣៥ ថតសំដៅ​ទៅ​ប្រាង្គ​កណ្តាល​ប្រាសាទ ដែលបានកែរួច​ស្រេច​ជា​ទម្រង់​ចេតិយ​ ហើយគេអាចមើលឃើញជាប់​ជ្រុង​បន្តិច​នៃព្រះវិហារ​ មាន​ដំបូល​​លម្អដោយ​នាគ​ចែង​ ក្បាច់រងស្បូវ តែពុំមានជញ្ជាំង។ ចំណែក​រូប​មួយទៀត ថតក្នុង​ឆ្នាំ​១៩៣៦ បង្ហាញ​យ៉ាង​ច្បាស់នូវ​ព្រះវិហារ​​​ជហ្វា​៦ ដំបូល​ជ្រាល​ចុះ​សងខាង៤ថ្នាក់ មាន​គ្រឿង​លម្អ​​ដំបូល​យ៉ាង​វិចិត្រ ព្រមទាំងមាន​ហោជាង​​​២ថ្នាក់​ ប្រកប​ដោយ​ក្បាច់លម្អយ៉ាង​រស់វើក។ សោតឯជញ្ជាំង​​ព្រះវិហារនេះ ទំនង​ជាជញ្ជាំងក្តារ ហើយ​ដែលមាន​​ទ្វារចេញចូលធំៗតាម​ទិស​​ទាំង៤។ រូបទី២នេះ គេពុំឃើញមាន​ជាប់ប្រាង្គប្រាសាទ ឬចេតិយនៅក្បែរសោះ​ឡើយ​។ ប្រការនេះនាំឱ្យ​គេស្មាន​បានថា រូប​ទី១ ជាព្រះវិហារ​វត្តនគរបាជ័យក្នុង ដែលគ្មានជញ្ជាំង ហើយរូបទី២ ជា​ព្រះវិហារ​វត្ត​នគរ​បាជ័យក្រៅ ដែលទំនងជាស្ថិត​នៅលើស្លាកស្នាម​ខឿនថ្មបាយក្រៀម នៃផ្នែកខាងជើងព្រះវិហារ​ថ្មីវត្តនគរបាជ័យក្រៅក្នុងគ្រាបច្ចុប្បន្ន។ ដោយឡែក បើត្រឡប់មកមើល​ព្រះវិហារ​សព្វថ្ងៃនៃ​វត្ត​នគរបាជ័យក្នុង ​ដែលខ្ញុំសូម​​លើក​​មក​រៀបរាប់នេះ គឺជា​ប្រភេទ​ព្រះវិហារ​ជហ្វា​៤ និង​មាន​រចនាសម្ព័ន្ធ​ទូទៅនៃសំណង់កសាងពីបេតុង។ លក្ខណៈ​ស្ថាបត្យកម្មព្រះវិហារនេះដូចគ្នា​នឹង​ឯកសារ​រូប​ថត​មួយសន្លឹកទៀតដែលថតពីចម្ងាយ មើល​ឃើញ​ទម្រង់ដំបូលព្រះវិហារ​ពេញលេញជា​ព្រះវិហារ​ជហ្វា​៤ ប្រក់ក្បឿង​ស្រកាលេញ និងមាន​ហោជាង​ក្តារលាតឥតក្បាច់រចនា​ឡើយ។ បើពិនិត្យលម្អិត ព្រះវិហារ​ក្នុងរូបលេខ​២និង​ព្រះវិហារ​ក្នុងរូ​ប​លេខ​៤ ប្រហែលជាព្រះវិហារតែមួយនៃ​វត្តនគរបាជ័យ​ក្នុង ជាព្រះវិហារ​គ្មានជញ្ជាំង​ដូច​ការរៀប​រាប់​​ខាងលើ​។ ប៉ុន្តែបើមើលព្រះវិហារ​សព្វថ្ងៃនៅវត្តនគរបាជ័យក្នុង គេឃើញ​ជា​ព្រះវិហារ​ជហ្វា៤ដូចគ្នាដែរ​ តែដំបូលប្រក់ក្រឿង​រលោងពណ៌លឿងនិងបៃតង (អ្នកស្រុកខ្លះហៅថាក្បឿង​វាំង)។ ចំណែកឯ​ហោជាង គឺជាសិល្បៈក្បាច់ពុម្ពស៊ីម៉ងត៍។​

​ព្រះវិហារ​សព្វថ្ងៃ ជាសំណង់បេតុង ចំហៀង​ជុំវិញបើកចំហជើងជញ្ជាំង ហើយនៅផ្នែកខាងលិច​ព្រះវិហារ អ្នកស្រុកបាន​កែប្រាង្គកណ្តាលនៃប្រាសាទ​​ធ្វើជា​ទម្រង់ចេតិយ។ គេយល់ថាការកែសម្រួល​ប្រាង្គកណ្តាលនៃប្រាសាទ​មកធ្វើ​ជា​ចេតិយ​នេះ កើតឡើង​​តាំងពី​សតវត្ស​ទី​១៦ ហើយ​ផ្នែកខាងក្នុង​តម្កល់​ព្រះពុទ្ធបដិមា​ត្រឡែងកែង (ឬអ្នកខ្លះ​ហៅថា “ព្រះ​​ពុទ្ធបដិមា​ចតុទិស”)។ មិន​តែប៉ុណ្ណោះ​នៅលើ​ជញ្ជាំងព្រះវិហារបច្ចុប្បន្ន​ មានចំណារ​​មួយ​ផ្ទាំង​បញ្ជាក់​ថា ​ព្រះវិហារ​នេះ​កសាង​តាំងពីឆ្នាំមមី ទោស័ក​ ពុទ្ធសករាជ​២៤៧៣ បានសាងតែគ្រឹះ​កណ្តាល​ប៉ុណ្ណោះ​​ក៏អាក់ខាន​ទៅ រហូត​ដល់​ឆ្នាំ​ថោះ ត្រីស័ក ពុទ្ធសករាជ​២៤៩៤ ទើប​បាន​ធ្វើ​បាំង​សាច​(ជញ្ជាំង​)​​បន្ត​មកទៀត​ អស់ប្រាក់ចំនួន​៧៩៥៦៦រៀល។ បើយោងខ្លឹមសារចំណារនោះបានសេចក្តីថា ព្រះ​​វិហារ​​​សព្វថ្ងៃនៅវត្ត​នគរ  បាជ័យ​ក្នុង កសាង​នៅអំឡុងឆ្នាំ​១៩៣០ រហូតមក​ដល់ឆ្នាំ​១៩៥១ ទើបចាប់​​ផ្តើមកសាងជញ្ជាំង គឺហាក់ដូចជា​ស្របទៅនឹងឯកសាររូបថត​ឆ្នាំ​១៩៣៥។ រីឯ​​រចនា​សម្ព័ន្ធដំបូល និង​ហោជាង​សព្វថ្ងៃ​ប្រហែល​​ជួស​ជុលកែលម្អ​នៅក្រោយ​សម័យ​សង្រ្គាម។

ចំពោះផ្នែកខាងក្នុងនៃព្រះវិហារ ​នៅផ្នែកជញ្ជាំងខាងលិច ដែល​ភ្ជាប់ទៅ​នឹង​ប្រាង្គ​ចេតិយ​ មានតម្កល់ព្រះពុទ្ធបដិមា​​មួយ​ព្រះអង្គក្នុងកាយ​វិការ​​​សមាធិ(ធ្យានមុទ្រា)ទ្រង់ព្នែន​ ព្រះហស្តដាក់ត្រួត​លើគ្នា ព្រះនេត្រ​បិទ​។ ព្រះពុទ្ធបដិមាអង្គនេះ ប្រៀបដូចជាព្រះជីរ៍​នៅតាមព្រះវិហារ​ទូទៅដែរ តែ​តម្កល់​ក្នុង​ប្រាង្គ​ចេតិយ ដោយ​មាន​ផ្នែក​ខាងមុខ​នៃប្រាសាទ​ ដែល​មាន​សសរ​​ផ្អោប សសរពេជ្រ ផ្តែរ និង​ហោជាង​លយ​ចូលមក​ក្នុង​ព្រះវិហារ បៀប​ដូចជា​​សន្ធិយា​ខាងមុខព្រះជីវ៍។ ព្រះពុទ្ធបដិមានេះ តម្កល់បែរ​ខ្នងទល់​គ្នា​នឹងព្រះ​ពុទ្ធ​បដិមា​៣អង្គ​ផ្សេងទៀត​​ គង់ក្នុងកាយវិការផ្សេងៗ បែរទៅទិស​ខាងត្បូង ខាងលិច និង​ខាងជើង​ស្របតាមទ្វារនីមួយៗនៃប្រាង្គចេតិយ។ ប៉ុន្តែអ្វីដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ គឺចម្លាក់​នៅលើ​ហោជាង​ដែល​លយ​ចូលក្នុងព្រះវិហារ​នេះ ជាសាច់រឿងពុទ្ធប្រវត្តិ​​បង្ហាញ​ត្រង់​ព្រះ​អង្គផ្ចាញ់មារ​ លាបរំលេច​ពណ៌លឿង។ អ្នកស្រាវជ្រាវខ្លះយល់ថា ចម្លាក់នេះឆ្លាក់នៅក្នុងសតវត្សទី១៦ លើប្រាសាទដែលសាងតាំងពីសតវត្សទី១២។ ចំណែកឯសិល្បៈគំនូរ​ខាងក្នុងព្រះវិហារ បើមើលលើ​ចំណារមួយផ្ទាំង​​ទៀត​នៅលើជញ្ជាំង​ មានសេចក្តីបញ្ជាក់ពី​កាល​បរិច្ឆេទកសាងគំនូរថា គំនូរ​ព្រះវិហារនេះ​ចាប់ផ្តើម​គូរ​ពីឆ្នាំ​មមី ឆស័ក ពុទ្ធសករាជ​២៤៩៧ រហូតដល់​ឆ្នាំ​វក អដ្ឋស័ក ពុទ្ធសករាជ​២៤៩៩ ទើប​បាន​ហើយ អស់ប្រាក់​ឈ្នួល​ជាង​ចំនួន​១១.៧១៦១៛ បានពីសទ្ធា​ចូលរួម​របស់​ពុទ្ធបរិស័ទ​ជិតឆ្ងាយ​។ តាមរយៈសេចក្តីនេះអាចបញ្ជាក់​បានថាគំនូរក្នុងព្រះវិហារ​កសាងឡើង​នៅក្នុង​ឆ្នាំ១៩៥៤​ ពោលគឺក្រោយកសាងជញ្ជាំង​រួចប្រហែល​៤ឆ្នាំ។ ប៉ុន្តែបើពិនិត្យ​មើលលើលក្ខណៈ​ទូទៅនៃគំនូរក្នុងព្រះវិហារនេះក្នុងពេលបច្ចុប្បន្ន គឺប្រហែល​ជា​​​សិល្បៈ​គំនូរ​ថ្មី​ គូរឡើង​វិញ​ក្នុងរវាងទសវត្សទី​៩០ ហើយគូរតាម​សាច់រឿង​ដើម(ឆ្នាំ​១៩៥៤) ដ្បិត​ ចំណង​​​ជើង​គំនូរ​ភាគច្រើន​​មានទម្រង់អក្សរ​ និងពាក្យពេចន៍​បែបបុរាណ។ ទន្ទឹមនឹងនោះ​បើផ្ទៀងផ្ទាត់ឈ្មោះ និងប្រាក់សទ្ធា​សាងគំនូរនីមួយៗ​ក៏ប្លែកគ្នាដែរ។

សាច់រឿងដែលគូរបង្ហាញមានទាំងលើ​ជញ្ជាំងជុំវិញ លើពិតាន និង​លើ​ហប់ខ្យល់។ ខ្លឹមសារ​ជាចម្បងទាក់ទង​​អន្លើ​សំខាន់ៗនៃរឿងពុទ្ធប្រវត្តិ និងរឿងជាតក។ ប៉ុន្តែតាមសង្កេត​នៅលើ​ជញ្ជាំង​​ជុំវិញ​គូររឿងពុទ្ធប្រវត្តិ និងរឿងជាតក ហើយនៅលើ​ពិតាន គូរបង្ហាញ​ពាក់ព័ន្ធនឹង​អន្លើនានានៅក្នុងឋានសួគ៌ និងព្រះអាទិត្យ ព្រះចន្រ្ទ ឬសត្វផ្សេងៗ​ក្នុងទេពកថា។ រីឯ​នៅតាម​សសរនីមួយៗ គេគូរក្បាច់លម្អ ​លាយឡំដោយរូបនាគ និង​​សត្វផ្សេងៗ​។

ជារួមមកព្រះវិហារវត្តនគរបាជ័យ គឺជាបូជនីយដ្ឋានព្រះពុទ្ធសាសនា​សម័យ​ទំនើប​ ​ដែល​បានកសាងឡើងក្នុងបរិវេណប្រាសាទពុទ្ធសាសនាសតវត្សទី១២។ បើរាប់តាំងពីការកែប្រែប្រាង្គកណ្តាលទៅជាចេតិយនៅសតវត្សទី១៦ ការសាងសង់គ្រឹះ និងជញ្ជាំងព្រះវិហារចន្លោះឆ្នាំ១៩៣០ ដល់១៩៥១ រហូតដល់ការរចនាគំនូរពុទ្ធ ក្នុងទសវត្ស១៩៥០ និងការជួសជុលឡើងវិញនៅពេលក្រោយ បានបង្ហាញយ៉ាងច្បាស់ពីការ​វិវត្តមុខងារ​សំណង់​បុរាណ និង​​គំនិត​នៃការ​ថែរក្សា​បុរាណដ្ឋានទៅតាមសម័យកាល។

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,600SubscribersSubscribe
- Advertisement -spot_img