ប្រាសាទព្រៃបាសាក់ មានចម្ងាយត្រឹមតែ ៥គីឡូម៉ែត្រ ប៉ែកអាគ្នេយ៍ទីរួមខេត្តស្វាយរៀង ដែលស្ថិតនៅត្រង់ភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ។ យោងឯកសាររបស់លោក Lunet de Lajonquière បានឱ្យដឹងថា នៅឆ្នាំ១៩០១ – ១៩០២ លោក Jean Commaille បានធ្វើកំណាយបុរាណវិទ្យានៅទីនេះ ដោយបានរកឃើញប្រាសាទកណ្តាលធ្វើអំពីឥដ្ឋចំនួនមួយ ភ្ជាប់ជាមួយសាលវែងមួយ បែរមុខទៅទិសខាងកើត និងប្រាង្គតូចៗធ្វើអំពីឥដ្ឋចំនួន ៧ទៀតហ៊ុមព័ទ្ធជុំវិញ។ នៅប្រាង្គកណ្តាល គេធ្លាប់រកឃើញបដិមាធ្វើថ្មភក់ និងសំរឹទ្ធជាច្រើន។ វត្ថុសិល្បៈដែលរកឃើញតាមរយៈការធ្វើកំណាយទាំងនោះ គេបានយកទៅរក្សាទុកនៅសាលាខេត្ត និងក្រោយមកទៀតវត្ថុមួយចំនួនបានបញ្ជូនមកកាន់សារមន្ទីរជាតិកម្ពុជា នារវាងចុងទសវត្សរ៍១៩១០។ ក្នុងចំណោមវត្ថុបុរាណដែលបានចល័តមកកាន់សារមន្ទីរជាតិកម្ពុជា មានបដិមាទេពប្រុសចំនួន ១អង្គ ដែលអ្នកស្រាវជ្រាវជាទូទៅយល់ថាជា “រូបព្រះសិវ” ឬខ្លះយល់ថាជា “រូបព្រះសិវក្នុងទម្រង់ជារាជវង្ស”។ តើបដិមានេះមានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
បដិមានេះកសាងឡើងអំពីថ្មភក់ មានកម្ពស់ ១៦៧ស.ម. ទទឹង ៨៣,៥ស.ម. កម្រាស់ ៥៤,៥ស.ម. និងទម្ងន់ ៤៧៩គ.ក.។ ដោយសារតែ បដិមានេះបានមកដល់សារមន្ទីរជាតិកម្ពុជាយូរមកហើយ នាំឱ្យលេខបញ្ជីសារពើភណ្ឌសម្រាប់បដិមានេះមានច្រើនលើកច្រើនសា ជាក់ស្តែង លោក George Groslier ចុះបញ្ជីលេខ B.112, លោក Jean Boisseiler ចុះលេខ B.60.1 និងពីរដងទៀតមានលេខ Ka.1682, ខ.94។ តាមរយៈឯកសារលោក Jean Commaille កាលពីឆ្នាំ១៩០២ ទំព័រ ២៦៦ បានពណ៌នាថា “មានរូបសំណាកព្រះសិវធ្វើអំពីថ្មភក់ គង់បញ្ឈរជង្គង់ខាងស្តាំ បត់ជើងខាងឆ្វេងរាបស្មើ ព្រះហស្តស្តាំកាន់កេតនភណ្ឌអ្វីមួយតែបាត់បង់, ព្រះហស្តឆ្វេងដាក់លើភ្លៅ ព្រះកាយទទេគ្មានគ្រឿងអល្លង្ការ ស្លៀកសំពត់ខ្លី និងមានព្រះនេត្រទីបីនៅលើថ្ងាស”។ សំណេរនេះ នាំយើងដឹងថា លោក Jean Commaille ជាបុគ្គលដំបូងដែលសន្និដ្ឋានថា បដិមានេះជាព្រះសិវ តែលោកមិនបានបញ្ជាក់ហេតុផលអ្វីឡើយ ពោល ប្រហែលជាលោកយោងទៅលើព្រះនេត្រទីបីនៅលើថ្ងាសក៏អាចថាបាន។ ក្រោយមក បដិមានេះ ត្រូវបានសិក្សាជាបន្តបន្ទាប់ ជាពិសេស ការសិក្សារបស់លោក Jean Boisseiler (ឆ្នាំ១៩៥៥) និងលោក Nadine Dalsheimer (ឆ្នាំ២០០១)។ លោកទាំងពីរយល់ថា បដិមានេះ ជាព្រះសិវក្នុងទម្រង់ជារាជវង្ស ដោយព្រះបាទខាងឆ្វេងដាក់ជាប់ដី និងខាងស្តាំលើកឡើងលើ (កាយវិការអង្គុយរបៀបនេះ គេស្គាល់ថា “មហារាជលីលាសន”)។ លោក Nadine Dalsheimer យល់ថា ព្រះកេសា និងព្រះភក្រ្តរបស់បដិមានេះ រៀបចំឡើងយ៉ាងឥតខ្ចោះ ដែលបង្ហាញនូវអំណាច និងកម្លាំងដ៏អស្ចារ្យ ហើយកាន់តែទាក់ទាញខ្លាំងឡើងជាមួយនឹងត្បូងពេជ្រដែលបង្កប់នៅក្នុងព្រះនេត្រទីបី។ លោកទាំងពីរយល់ថា បដិមាព្រះសិវនេះកសាងឡើងនៅពាក់កណ្តាលទី២ នៃស.វ.ទី១១ ដែលត្រូវនឹងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (សម័យអន្តរកាលរវាងរចនាបថឃ្លាំង និងរចនាបថបាភួន)។ ការសន្និដ្ឋានអាយុកាលនេះ គឺត្រូវគ្នាជាមួយនឹងអាយុកាលដែលបានដាក់នៅក្នុងស្លាកព័ត៌មានរូប (Label) តាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជា។
ដើម្បីស្វែងយល់ព័ត៌មានបន្ថែមអំពីប្រវត្តិបដិមានេះ យើងសាកល្បងពិនិត្យសិលាចារឹកដែលបានរកឃើញនៅប្រាសាទព្រៃបាសាក់ ដែលកន្លងមកគេធ្លាប់រកឃើញចំនួន ៤ ផ្ទាំង (K.69, K.70, K.71, K.425)។ ក្នុងនោះ សិលាចារឹកមានលេខបញ្ជី K.69 គឺចារឹកជាភាសាសំស្រ្កឹត ប៉ុន្តែ ដោយសារតែរលុបអក្សរជាច្រើន គេមិនអាចយល់អត្ថន័យជារួមបានឡើយ ប៉ុន្តែ នៅក្នុងកំណាព្យស្លោកទី៤ នៃសិលាចារឹក គឺបានរំលេចអំពីព្រះនាមព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩)។ ដោយសារតែមានរំលេចព្រះនាមអង្គ បូករួមទាំងអក្សរមានលក្ខណៈជាទម្រង់អក្សរស.វ.ទី១១ផងនោះ នាំឱ្យលោក George Coedès គិតថា សិលាចារឹកនេះទំនងចារឹកឡើងនៅរាជ្យរបស់ទ្រង់។ ម្ល៉ោះហើយ តើអាចទេដែលថា បដិមាដែលគេយល់ថាជាព្រះសិវដូចបានរៀបរាប់ខាងលើ កសាងនៅក្នុងរាជ្យរបស់ទ្រង់ ឬតំណាលសិលាចារឹកនេះ? ចំណែក សិលាចារឹក មានលេខបញ្ជី K.70 បានផ្តល់ព័ត៌មានច្រើនជាងសិលាចារឹកទាំងបីផ្សេងទៀត ពោល គឺមានចារឹកជាស្លោកសំស្រ្កឹតផង និងសំណេរភាសាខ្មែរផង។ សិលាចារឹកនេះ ចារឹកឡើងនៅក្នុងរាជ្យព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤-៩៦៧) ដែលរៀបរាប់ពោលសរសើរអំពីវីរភាពរបស់ព្រះបាទរាជេន្រ្ទវរ្ម័ន និងមន្រ្តីជំនិតមួយរូបរបស់ទ្រង់ឈ្មោះ “ន្ឫបេន្រ្ទយុទ្ធ” រួមទាំងការកសាងប្រាសាទមួយកន្លែងថ្វាយដល់ទេពព្រះនាម “វកកាកេស្វរ”។ លោក George Coedès យល់ថា “វកកាកេស្វរ” ជាព្រះនាមសំស្រ្កឹត ត្រូវនឹងភាសាខ្មែរថា “កំម្រតេង ជគត វក ឯក” ដែលបានរំលេចនៅក្នុងសិលាចារឹកមួយផ្ទាំងទៀត លេខបញ្ជី K.425 ហើយជាឈ្មោះដើមរបស់ប្រាសាទ ឬជាព្រះនាមសិវលិង្គដែលតម្កល់នៅប្រាសាទព្រៃបាសាក់នេះ។ ដោយឡែក សិលាចារឹកចំនួនពីរផ្ទាំងទៀត ចារឹកនៅដើមរាជ្យព្រះបាទជ័យវរ្ម័នទី៥ (គ.ស.៩៦៨-១០០០) ដែលសុទ្ធសឹងរៀបរាប់អំពីមូលនិធិសម្រាប់ប្រាសាទ។ ហេតុដូច្នេះហើយ យោងតាមសិលាចារឹកទាំងបួនផ្ទាំងនេះ បានផ្តល់ព័ត៌មានឱ្យគេអាចសន្និដ្ឋានបានថា ប្រាសាទព្រៃបាសាក់ ទំនងមានឈ្មោះដើមថា ““វកកាកេស្វរ” ឬ “កំម្រតេង ជគត វក ឯក” ប៉ុន្តែមិនបានផ្តល់ព័ត៌មានឱ្យដឹងថា បដិមាទេពប្រុសដែលយើងលើកមកសិក្សានេះគឺពិតជា “ព្រះសិវ” ឬមិនមែននោះឡើយ ព្រោះមិនមានសិលាចារឹកណាមួយបានរៀបរាប់អំពីបដិមានេះឡើយ។ រីឯការដែលអ្នកសិក្សាស្រាវជ្រាវជំនាន់មុនយល់ថា បដិមាទេពប្រុសនេះ គឺជា “ព្រះសិវ” គឺគេយោងទៅលើនៅលើថ្ងាសមានព្រះនេត្រទី៣ និងអង្គុយក្នុងទម្រង់ជា “មហារាជលីលសន” ដែលជាកាយវិការអង្គុយបែបខ្ពង់ខ្ពស់ និងជាកាយវិការគេនិយមបង្ហាញអំពីព្រះសិវ។ ទោះបីជាយ៉ាងណាក៏ដោយ ឆ្លងតាមសិលាចារឹកទាំងបួនផ្ទាំងនេះ ក៏អាចឱ្យគេដឹងបានថា បដិមានេះ ទំនងកសាងឡើងនៅរវាងស.វ.ទី១០ ឬទី១១ ពោល គឺអាចនៅក្នុងរាជ្យព្រះបាទរាជេន្រ្ទវរ្ម័ន ព្រះបាទជ័យវរ្ម័នទី៥ ឬព្រះបាទសូរ្យវរ្ម័ន។
ជារួមមក តាមរយៈការវិភាគលើទិន្នន័យបុរាណវិទ្យា និងសិលាចារឹកដែលរកឃើញនៅប្រាសាទព្រៃប្រាសាក់ គេអាចទាញសេចក្តីសន្និដ្ឋានបានថា បដិមាទេពប្រុសដែលរកឃើញដោយលោក Jean Commaille គឺមិនមានភស្តុតាងសិលាចារឹកណាមួយបញ្ជាក់ចំព្រះនាមច្បាស់លាស់អំពីអត្តសញ្ញាណនៃបដិមានេះនោះទេ។ ប៉ុន្តែ តាមលក្ខណៈរូបសាស្ត្រ ដោយផ្អែកលើកាយវិការ “មហារាជលីលាសន” និងការមានព្រះនេត្រទីបីនៅលើថ្ងាស បានផ្តល់ទម្ងន់មួយដល់ការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវជំនាន់មុនថា បដិមានេះតំណាងឱ្យព្រះសិវក្នុងទម្រង់ជារាជវង្ស។ លើសពីនេះ ចំពោះអាយុកាលរបស់បដិមា គឺអាចកសាងឡើងនៅរវាងស.វ.ទី១០ ឬទី១១ ចាប់ពីរាជ្យព្រះបាទរាជេន្រ្ទវរ្ម័ន ដល់រាជ្យព្រះបាទសូរ្យវរ្ម័នទី១។ ក្នុងនោះ អ្នកស្រាវជ្រាវមុនៗយល់ស្របគ្នាថា បដិមានេះអាចស្ថិតនៅក្នុងរចនាបថឃ្លាំង ឬបាភួន ក្នុងអំឡុងពាក់កណ្តាលទី២ នៃស.វ.ទី១១ រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ការរកឃើញនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីឥទ្ធិពលនៃព្រហ្មញ្ញសាសនា និងការគោរពបូជាព្រះសិវនៅក្នុងតំបន់ស្វាយរៀងនាសម័យបុរាណប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភស្តុតាងបង្ហាញពីទំនាក់ទំនងនយោបាយ និងសាសនារវាងរាជធានីអង្គរ និងតំបន់ជាយដែននៃអាណាចក្រខ្មែរផង។






———
This article examines the historical and iconographic significance of a male deity statue discovered at Prei Basacc temple in Svay Rieng Province. Uncovered during archaeological excavations conducted by Jean Commaille between 1901 and 1902, the sandstone statue is currently preserved at the National Museum of Cambodia. Although contemporary epigraphic evidence from the site, comprising four inscriptions (K.69, K.70, K.71, and K.425), fails to explicitly identify the statue, stylistic and iconographic analyses offer profound insights. Characterised by a distinct frontal third eye and posed in the maharajalilasana (royal ease) posture, early twentieth-century scholars concluded the effigy represents Lord Shiva in a royal manifestation. Chronologically, whilst adjacent epigraphy spans from the reigns of Rajendravarman to Jayavarman V, stylistic transitions between the Khleang and Baphuon styles, supplemented by references to Suryavarman I in inscription K.69, firmly attribute the statue to the latter half of the eleventh century. Ultimately, this research underscores the regional penetration of Angkorian state-level religious cults and reinforces the geopolitical integration of peripheral territories within the Khmer Empire.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី





