ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿ“ចេញបួស” ក្នុងសិល្បៈគំនូរនិង​ចម្លាក់

“ចេញបួស” ក្នុងសិល្បៈគំនូរនិង​ចម្លាក់

ក្នុងសិល្បៈខ្មែរ​ការចេញសាងផ្នួស​​របស់​ព្រះសិទ្ធត្ថ(អនាគតព្រះពុទ្ធអង្គ)តែងឃើញ​ជា​ប្រធាន​បទ​គូរតាម​វត្ត និង​ឆ្លាក់តាម​ប្រាសាទ។ ការគូរឬឆ្លាក់​នោះ​សោត​ ជួនកាលឃើញ​បង្ហាញយ៉ាង​លម្អិតគួរឱ្យ​សិក្សាពិចារណា។​​ តាមពុទ្ធប្រវត្តិ ព្រះអង្គ​​យាង​បួស​ចាក​ចេញពី​​ព្រះនាង​ពិម្ពា និងរាហុលកុមារ​កណ្តាល​អាធ្រាត្រ ដោយ​មា​ន​ឆន្នជាអាមាត្យ​ និង​ទេវតា​ហែហម ព្រមទាំង​មហារាជ​ទាំង​បួនជាអ្នក​ទ្រជើងសេះ រហូត​ជួប​ក្រុង​មារ​រាំង​ដំណើរ​របស់​ព្រះអង្គ។ ប៉ុន្តែ​លុះដល់មាត់ស្ទឹងអនោមា ព្រះអង្គយាងចុះពីខ្នងសេះ ដោះគ្រឿងអលង្ការ កាត់ព្រះកេសាដោយទុកតែ២ធ្នាប់ប៉ុណ្ណោះ ហើយ​មានតំណាល​​បន្ត​​ទៀត​ថាព្រះឥន្ទ្រក៏យកព្រះកេសានោះតម្កល់ទុកជាសក្ការបូជានៅឋានត្រៃត្រឹង្ស។ ឯមហា​ព្រហ្ម​ ក៏យាងចុះ​មកថ្វាយចីពរព្រះអង្គ។ ព្រះអង្គឱ្យឆន្នយក​អលង្ការ និងនាំសេះត្រឡប់ទៅ​ព្រះ​​នគរវិញ​ តែ​ទៅ​ដល់ត្រឹម​​ពាក់កណ្ដាលផ្លូវសេះកណ្ឋកនោះក៏ដាច់ខ្យល់ទៅ ហើយ​ព្រះសិទ្ធត្ថ​ទ្រង់​ក៏យាង​ស្វែងរកធម៌រហូតត្រាស់ជាព្រះសព្វញ្ញូ។[1] ទិដ្ឋភាពដូចរៀបរាប់ខាងលើ បើមើល​តែ​​គំនូរ​គូរ​​នៅព្រះវិហារ​វត្ត​អំពិល ស្រុកភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ គឺឃើញ​មាន​លក្ខណៈ​ប្រហាក់​ប្រហែលនឹង​សេចក្តីខាងលើ។ គេបាន​ចែក​គំនូរ​ជាបួន​​​ផ្ទាំង​ ដោយ​នូវ​ផ្ទាំង​ទី​១ គូរ​បង្ហាញ​ព្រះសិទ្ធត្ថ​គង់លើសេះយាង​ហោះចេញពីព្រះនគរ ផ្ទាំងទី​២ ទ្រង់​កាត់​ព្រះកេសា ផ្ទាំង​ទី៣​ អាមាត្យនិងសេះត្រឡប់ទៅនគរ និងផ្ទាំងទី​៤ ព្រះអង្គទ្រង់​ស្វែង​រក​ធម៌នៅ​ក្នុង​ព្រៃ​ (រូបលេខ​១-៤)។

សិល្បៈគំនូរត្រង់អន្លើចេញបួសដដែល​នេះ បើមើលនៅតាមវត្តខ្លះទៀត​​​ វិចិត្រក​គូរ​​បង្ហាញ​​​​ត្រឹម​តែ​​​ពេល​ព្រះ​សិទ្ធត្ថ​​​យាង​ចេញពីព្រះនគរ ដោយ​មាន​អាមាត្យ និង​ទេវតាហែ​ហម​អម​​ព្រះរាជ​ដំណើរ ​រហូតហោះជួបក្រុងមារមករារាំងឃាំងផ្លូវដែរ តែមិន​គូរ​បង្ហាញ​​តាំង​ពី​​ទិដ្ឋភាព​ក្នុង​ព្រះក្រឡាបន្ទំ​ នៃព្រះរាជដំណាក់​ឡើយ។ ទិដ្ឋភាពបែបនេះភាគច្រើន​គូរ​​ជា​ទម្រង់សិល្បៈ​គំនូរ​បុរាណ ដូចឃើញ​គំនូរនៅ​ក្នុងព្រះវិហារ​វត្ត​ព្រះស៊ីសុវត្ថិរតនារាម ស្ថិត​​​ក្នុងស្រុក​​កោះធំ ខេត្ត​កណ្តាល។ គំនូរនេះ​គូរនៅ​ឆ្នាំ​១៩០៥ ដោយ​គេគូរបង្ហាញទេវតា​ មហារាជ និង​ព្រះព្រហ្ម​​​ដង្ហែ​ព្រះ​សិទ្ធត្ថ​ រហូត​ជួបក្រុងមារ ហើយ​ឆ្លង​ស្ទឹង​ទៅម្ខាង ទើប​ទ្រង់កាត់ព្រះកេសា(រូបលេខ​៥)។ គំនូរនៅវត្ត​នេះ ក៏គូរបង្ហាញមួយផ្នែកទៀត​នូវត្រង់ដែល​សេះ    កណ្ធក​ដេក​ដួល​នៅម្ខាងស្ទឹង​ជាមួយនិង​ឆន្នអាមាត្យ ក្រោយ​​ព្រះ​សិទ្ធត្ថ​ទ្រង់​​​បាន​កាត់ព្រះ​​កេសាសាង​ផ្នួស(រូបលេខ​៦)​។

គំនូរបង្ហាញ​​ព្រះរាជដំណើរ​​​​ព្រះសិទ្ធត្ថ​ចេញបួសនេះ គេឃើញមាន​របៀប​គូរ​​ម្យ៉ាងទៀត​ គឺបង្ហាញពីរាត្រីដែលព្រះសិទ្ធត្ថសម្រេចព្រះទ័យចាកចេញពីព្រះបរមរាជវាំង។ មុននឹងយាងចេញ ព្រះអង្គបានទតមើលនាងពិម្ពា បុត្រ និងពួកស្រីស្នំ ស្រីរបាំ ដែលធ្លាប់ច្រៀង​រាំថ្វាយ។ ស្រីស្នំទាំងនោះសុទ្ធតែលង់លក់ក្នុងសភាពផ្សេងៗ ខ្លះដេកហៀរទឹកមាត់ របូតសំពត់អាវលេចកេរខ្មាសជាដើម(រូបលេខ​៧)។ សិល្បៈគំនូរបែបនេះគេឃើញ​រឿយៗគូរ​នៅព្រះវិហារសម័យទំនើប ហើយ​មនុស្ស​មួយចំនួននៅសម័យបច្ចុប្បន្នមើលឃើញ​ថាជារឿងមិនសមរម្យ ឬអាសអាភាស ដែល​នាំចិត្តរវើករវាយក្នុងកាមគុណ រហូត​មានវត្តខ្លះ​កែគំនូរទាំងនោះ​ឡើង​វិញ​ ​ដោយគូរខោ​អាវគ្របពីលើ ឬលុបចេញតែម្តង។ ប៉ុន្តែតាមការសិក្សា​ គំនូរនេះកើតចេញពីលំអាន​ “គម្ពីរបឋមសម្ពោធិ” (បរិច្ឆេទទី៦)។ បំណងនៃការគូរដូច្នោះ គឺបង្ហាញ​ពីការ​សង្វេគពិចារណា​​​​របស់​​ព្រះពោធិសត្វ ទតឃើញសភាព​បុថុជ្ជន មុន​យាងទៅសាងព្រះផ្នួសស្វែងរក “មោក្ខធម្ម” (ការរួចផុតពី ជាតិ ជរា ព្យាធិ និងមរណៈ)។[1] ទន្ទឹមនឹងនេះ បើមើល​គំនិត​សិល្បៈ​មួយបែបថ្មីទៀត ដែលបង្ហាញត្រង់​អន្លើព្រះអង្គចេញសាងផ្នួសនេះ គេឃើញ​នៅ​​​ព្រះវិហារ​វត្ត​កោះផ្តៅ ក្នុងខេត្តកំពត គេឆ្លាក់ជា​ចម្លាក់​កំបោរបាយអនៅលើ​ជញ្ជាំង។ ប៉ុន្តែបានបង្ហាញ​តួ​អង្គ​សំខាន់ៗដូចក្នុងគំនូរដែរ ពោលគឺមាន​ព្រះសិទ្ធត្ថ​ទ្រង់​ទត​នាង​ពិម្ពា​ និង​រាហុល​កុមារ​​ដែល​កំពុង​លង់លក់ក្នុងដំណេក ហើយ​មាន​ឆន្នជាអាមាត្យ និងសេះកណ្ធក​នៅខាងក្រៅព្រះដំណាក់​កំពុង​រង់ចាំ(រូបលេខ​៨)។

ដោយ​ឡែក ចំពោះចម្លាក់ចេញ​បួស​នៅតាម​ប្រាសាទ​បុរាណ ជារឿយៗ​គេឃើញ​ឆ្លាក់នៅ​លើ​ហោជាង​ប្រាសាទ​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា។ ជាក់ស្តែង​នៅប្រាសាទបន្ទាយ​ឆ្មារ ស្ថិតក្នុងខេត្តបន្ទាយ​មានជ័យ គេឃើញ​​មាន​ហោរជាង​ចំនួន​ពីរដែលបានផ្គុំឡើងវិញ ហើយលេចឡើងនូវទិដ្ឋភាពពីរ​ផ្សេងគ្នា​ដែរ។ ហោជាង​មួយ​ឆ្លាក់រូបព្រះសិទ្ធត្ថចំកណ្តាល​ ទ្រង់​គ្រឿង​ជាក្សត្រ​ និង​ម្កុដ គង់​លើ​ខ្នង​សេះ ព្រះហស្តស្តាំទ្រង់​កាន់​ព្រះខាន់(?)។ នៅផ្នែកខាងក្រោមជើងសេះ មានអ្នកទ្រជើងសេះដូចនឹងគំនូរ​លោកបាល​ទាំង​បួនគូរ​​នៅតាម​ព្រះវិហារ​ ព្រមទាំង​មានទេវតាហែហមជាច្រើនផង(រូបលេខ​៩)។ ចំណែកលើ​ហោជាងមួយ​​ផ្សេងទៀត​ឆ្លាក់ជា​បីផ្នែក​ នៅផ្នែកកណ្តាល​ឆ្លាក់​រូប​ព្រះសិទ្ធត្ថ​គង់ក្នុងឥរិយាបថព្នែន​លើ   បល្ល័ង្ក ព្រះហស្ត​ឆ្វេង​កាន់ព្រះកេសា​ ព្រះហស្តស្តាំកាន់ប្រះខ័ន្ឌ​​កាត់ព្រះកេសា​ ដោយ​​មាន​​ទេវតា​​បាំងក្លស់​ហែហម​ផង​។ នៅជួរខាងក្រោម មានរូបចម្លាក់ទេពជាច្រើនក្នុង​ឥរិយា​បថ​ ប្រណម្យ​យ៉ាង​ខ្ជាប់ខ្ជួន(រូបលេខ​១០)។ សូមបញ្ជាក់ថាប្រាសាទបន្ទាយឆ្មារ​កសាង​ក្នុ​ង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ​(១១៨១-១២១៨) ជា​ស្ថាបត្យកម្មព្រះពុទ្ធសាសនា​មហា​យានឧទ្ទិស​​ដល់​ព្រះរាជបុត្ររបស់ព្រះអង្គ។ ក្នុងរាជ្យរបស់ព្រះអង្គ ទ្រង់ក៏បានកសាងប្រាសាទ​​​នគរ​បាយជ័យ ស្ថិត​ក្នុងខេត្ត​កំពង់ចាម ជា​ប្រាសាទព្រះពុទ្ធសាសនា​មហាយានដែរ ហើយ​​​មាន​ហោ​ជាង​​ពីរ​ឆ្លាក់​​អន្លើ​ព្រះសិទ្ធត្ថ​ចេញបួស​។ ចម្លាក់នោះ​ឆ្លាក់​លើ​​ហោជាង​ខាងត្បូង​​ និង​ហោជាងខាងជើង​​ នៃប្រាង្គដែល​បានកែជាចេតិយ​ស្ថិត​នៅ​ខាងក្រោយ​ព្រះវិហារ។ ហោង​ជាង​ខាងត្បូង ឆ្លាក់រូបព្រះសិទ្ធត្ថគង់លើសេះនៅចំកណ្តាល​ ដែលមាន​ពពួក​ទេវតា​បាំង​ក្លស់​ហែហម​អម​ដំណើរ​។ ចំណែក​ចម្លាក់ហោជាង​ខាង​ជើង ​គេឃើញ​តួ​អង្គ​ព្រះសិទ្ធត្ថ​គង់​លើ​បល្ល័ង្ក​ ព្រះហស្ត​​កាន់​ព្រះខាន់កាត់​ព្រះកេសា ឆ្លាក់​​នៅផ្នែកខាងលើបំផុត។​ រីឯ​នៅ​ផ្នែក​កណ្តាល​ឆ្លាក់រូបសេះ និង​​មនុស្ស​បួននាក់ ហើយ​ផ្នែក​ខាងក្រោម​បំផុត​ឆ្លាក់​រូប​​ទេពច្រើន​អង្គ​​អង្គុយ​ប្រណម្យ​(រូបលេខ​១១-១២)។ ដូច្នេះចម្លាក់នៅហោជាងប្រាសាទទាំងពីរ​ គឺហាក់​ដូចជាស្រង់​យក​អន្លើ​ព្រះអង្គចេញបួសមក​បង្ហាញ​ដូចគ្នា ពោលគឺទ្រង់​​គង់ខ្នង​សេះ​ហោះ​ចេញទៅ និងទ្រង់កាត់ព្រះកេសា។ ទន្ទឹមនេះ នាសម័យ​ទំនើមក្រោយមក គេឃើញ​ខ្លោង​ទ្វា​រ​វត្ត​មួយ​ចំនួន​ក៏តែង​ឆ្លាក់រូ​បព្រះអង្គចេញបួស​ជារឿយៗដែរ ដូចមាន​នៅ​ខ្លោង​ទ្វារ​​វត្ត​ពោធិ​លង្ការ​ ស្ថិត​ក្នុង​​ក្រុង​សៀមរាបជាដើម។

រួមសេចក្តីមក សិល្បៈគំនូរនិងចម្លាក់ពាក់ព័ន្ធនឹងព្រះសិទ្ធត្ថចេញបួស គេមើលឃើញទម្រង់សិល្បៈទាំងពីរ បានស្រង់និងស្តែងចេញនូវឈុតឆាកសំខាន់ៗដូចគ្នាតាមពុទ្ធប្រវត្តិ ជាពិសេសគឺទិដ្ឋភាពព្រះអង្គគង់លើខ្នងសេះហោះយាងចេញពីព្រះនគរ ដែលមានទេវតាហែហម និងទិដ្ឋភាពត្រង់ព្រះអង្គទ្រង់កាត់ព្រះកេសា។ ប៉ុន្តែសិល្បៈគំនូរនៅតាមព្រះវិហារ គេមើលឃើញរៀបរាប់ដំណើររឿងលម្អិត លាតសន្ធឹងច្រើនប្លង់ រហូតដល់បង្ហាញពីសភាពស្រីស្នំលង់លក់ ឬដំណើររបស់សេះនិងអាមាត្យ ដោយយកគម្ពីរបឋមសម្ពោធិជាមូលដ្ឋាន។

————

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,500SubscribersSubscribe
- Advertisement -spot_img