ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទព្រះធាតុទឹកឆា

ប្រាសាទព្រះធាតុទឹកឆា

ប្រាសាទព្រះធាតុទឹកឆា មានទីតាំងស្ថិតនៅក្នុងបរិវេណវត្តព្រះធាតុ ត្រង់ភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានចម្ងាយត្រឹមតែ ៣០០ម៉ែត្រ ប៉ែកឦសានប្រាសាទព្រះធាតុតូច និងចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ប៉ែកនិរតីផ្សារអ្នកតាស្នឹង។ ក្រៅអំពីឈ្មោះថា “ព្រះធាតុទឹកឆា” មានឈ្មោះហៅប្រាសាទនេះជាច្រើនទៀតដែលគេស្គាល់ ដូចជា គុកធំ, ព្រះនន្ទ និងបុសព្រះនន្ទ ជាដើម។  តើប្រាសាទព្រះធាតុទឹកឆា មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?

ប្រាសាទព្រះធាតុទឹកឆា មានប្លង់ស្ថាបត្យកម្មស្មុគស្មាញច្រើន ដោយមានកំពែងចំនួន ២ជាន់ មានរាងបួនជ្រុងទ្រវែង ធ្វើអំពីថ្មបាយក្រៀម ដែលកំពែងខាងក្នុងមានខ្លោងទ្វារ (គោបុរ) ២ (ខាងកើត និងខាងលិច) និងកំពែងខាងក្រៅសង់មិនទាន់រួចរាល់នៅឡើយ តែមានសំណង់ខ្លោងទ្វារ (គោបុរ)​ នៅទិសខាងលិច។ គួរកត់សម្គាល់ ការសិក្សារបស់លោក Lunet De Lajonquière កាលពីរវាងចុងស.វ.ទី១៩ លោកបានបែងចែករចនាសម្ព័ន្ធជាពីរផ្នែក និងតាងប្រាង្គនីមួយៗជាអក្សរឡាតាំងដើម្បីងាយស្រួលយល់។ ផ្នែកទី១ គឺជាសំណង់ប្រាង្គកណ្តាល (ប្រាង្គ A) សង់ឡើងអំពីឥដ្ឋមានរាងបួនជ្រុងស្មើ មានទ្វារចូលនៅទិសខាងកើត និងបីទិសផ្សេងទៀតជាទ្វារបញ្ឆោត។ ប្រាង្គ A មានប្រវែងខាងក្រៅប្រមាណ ៧,៣០ម៉ែត្រ និងបន្ទប់ខាងក្នុងប្រវែង ៤ម៉ែត្រ។ លោកសន្និដ្ឋានថា ដំបូលប្រាង្គ A គឺសង់មិនទាន់រួចរាល់ទេ ហើយគេបានកែច្នៃជាដំបូលឈើជំនួសវិញ។ ភ្ជាប់ពីសំណង់ប្រាង្គកណ្តាលនេះ គឺមានសាលវែងមួយភ្ជាប់ទៅមុខខាងកើត (ប្រាង្គ B) ធ្វើអំពីថ្មបាយក្រៀម កម្ពស់ប្រហែល ២ម៉ែត្រ ហើយមានដំបូលជាសំណង់ឈើដូចគ្នា។ គួរកត់សម្គាល់បន្ថែម ប្រសិនបើយើងពិនិត្យទៅលើស្ថាបត្យកម្មជាទូទៅនៃប្រាង្គកណ្តាល (ប្រាង្គ A) និងសំណង់សាលវែងភ្ជាប់គ្នានោះ (ប្រាង្គ B) យើងអាចសន្និដ្ឋានថា ជាទម្រង់សំណង់ដ៏ពិសេសមួយក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២ – ១០៤៩) ដូចដែលធ្លាប់ឃើញនៅប្រាសាទភ្នំជីសូរ ប្រាសាទភ្នំជើងព្រៃ និងប្រាសាទគុកនគរ ជាដើម។ ប៉ុន្តែ ផ្តែរទ្វារ និងសសរពេជ្រនៃប្រាង្គកណ្តាល ដែលកំពុងស្ថិតនៅទីតាំងដើមស្រាប់នេះ មានសិល្បៈមិនស្របគ្នាជាមួយសំណង់នេះឡើយ ពោល គឺមានន័យថា គេបានយកគ្រឿងលម្អស្ថា​បត្យកម្មចាស់មកប្រើប្រាស់ឡើងវិញ។ ក្នុងនោះ ផ្តែរទ្វារដែលមានចម្លាក់ព្រះឥន្រ្ទគង់នៅលើដំរីឰវ៌តជាសិល្បៈរចនាបថកោះកេរ ឬប្រែរូប នៃស.វ.ទី១០ (គេបានបន្ថែមបន្ទះថ្មភក់នៅផ្នែកខាងត្បូងដើម្បីឱ្យស្មើជាមួយទំហំទ្វារប្រាសាទ) និងសសរពេជ្រដែលរាងមូលនោះ មានទម្រង់ជាសិល្បៈរចនាបថកំពង់ព្រះ (ស.វ.ទី៨)។

 ផ្នែកទី២ដែលលោក Lajonquière បានកត់សម្គាល់នោះ គឺជាប្រភេទអគាររង និងសំណង់តូចៗជាច្រើននៅបរិវេណខាងក្នុង (ប្រាង្គ C) សង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ ប្រវែង ៣,៤៥ម៉ែត្រ កម្ពស់ ៣ម៉ែត្រ និងបែរមុខទៅទិសខាងជើង (បែរទៅរកប្រាង្គ A)។ ក្រៅអំពីនេះ មានអគារវិហារតូចៗចំនួនពីរទៀត (ប្រាង្គ D) សង់ឡើងអំពីឥដ្ឋ មានទីតាំងស្ថិតនៅអមសងខាងផ្លូវចូលទៅប្រាង្គកណ្តាល និងបែរមុខទៅទិសខាងលិច (បញ្ច្រាសគ្នាជាមួយប្រាង្គ A)។ មិនទាន់អស់នៅឡើយ មានអគារមួយទៀតធ្វើអំពីថ្មបាយក្រៀម (ប្រាង្គ E) មានរាងបួនជ្រុងទ្រវែង ស្ថិតនៅទិសអាគ្នេយ៍ ដែលគេអាចសន្និដ្ឋានថាជាសំណង់ហោត្រៃ ឬបណ្ណាល័យ។ ចុងក្រោយនៃផ្នែកទី២ គឺមានអគារថ្មបាយក្រៀមតូចៗជាច្រើនចំនួន ១៣អគារ (តាងដោយប្រាង្គ F) ស្ថិតនៅរាយប៉ាយជុំវិញសំណង់ប្រាង្គកណ្តាល (ប្រាង្គ A) ហើយអគារទាំងនេះ ប្រហែលមានតួនាទីជាអាស្រម ឬបន្ទប់ធ្វើយោគៈរបស់ពួកព្រាហ្មណ៍។

ដើម្បីយល់អំពីសាវតាររបស់ទេវស្ថានខាងលើនេះ គេអាចដឹងបានតាមរយៈសិលាចារឹកដែលរកឃើញនៅទីនោះរហូតដល់ទៅ ៤ ផ្ទាំង​ (K.87, K.88, K.89, K.702) ដែលយើងនឹងរៀបរាប់ជាបន្តបន្ទាប់ទៅតាមលំដាប់កាលបរិច្ឆេទ។ ក្នុងចំណោមសិលាចារឹកទាំងបួននេះ សិលាចារឹក មានលេខបញ្ជី K.87 គឺមានភាពចំណាស់ជាងគេ (សម័យមុនអង្គរ ស.វ.ទី៧-៨)។ សិលាចារឹកនេះចារឹកនៅលើមេទ្វារទាំងសងខាងនៃប្រាង្គ C ដោយមេទ្វារខាងកើតជាភាសាសំស្រ្កឹតមានចំនួន ១០បន្ទាត់ (រលុបផ្នែកខាងលើ និងនៅអាចមើលយល់ចំនួន ៥បន្ទាត់) និងមេទ្វារខាងលិចជាភាសាខ្មែរមានចំនួន ២១បន្ទាត់ (នៅមើលយល់ទាំងស្រុង)។ តាមរយៈមេទ្វារចារឹកនេះ នាំឱ្យយើងសន្និដ្ឋានថា ប្រាង្គ C នេះ អាចជាប្រាសាទចាស់នៅស.វ.ទី៧ ឬទី៨ ឬមួយអាចជាប្រាសាទសម័យអង្គរ (ស.វ.ទី១១ ឬ១២) តែគេបានយកមេទ្វារមកពីប្រាសាទចាស់ណាមួយដែលមានអក្សរចារឹកស្រាប់មកប្រើប្រាស់ឡើងវិញ។

ជាបន្តនេះ យើងនឹងរៀបរាប់ដោយសង្ខេបអំពីសិលាចារឹក K.89 ដែលចារឹកនៅលើមេទ្វារនៃប្រាង្គ F ដែលមានអក្សរចារឹកជាភាសាខ្មែរសរុបចំនួន ២៩ បន្ទាត់ ហើយសព្វថ្ងៃកំពុងរក្សាទុកនៅសារមន្ទីរជាតិហ្គីមេត (ទីក្រុងប៉ារីស ប្រទេសបារាំង)។ សិលាចារឹកនេះ គឺចាប់ផ្តើមដោយកាលបរិច្ឆេទឆ្នាំមហាសករាជ ៩២៤ (ត្រូវនឹងគ.ស.១០០២) ដែលត្រូវនឹងការចាប់ផ្តើមឡើងសោយរាជ្យដំបូងរបស់ព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២​-១០៤៩)។ សាច់រឿងទាំងមូល គឺរៀបរាប់អំពីមន្រ្តីរាជការជាន់ខ្ពស់ម្នាក់មានងារថា “វ្រះកម្រតេងអញ” មានឈ្មោះថា “ស្រីប្ឫថិវីន្រ្ទបណ្ឌិត” មកពីស្រុក “អាយរមណិ” បានបរិច្ចាគទេវស្ថាន “ស្រីភទ្រេស្វរាស្រម” ថ្វាយដល់ “វ្រះកម្រតេងកំត្វនអញស្រីសូយ៌្យវម៌្មទេវ” (ព្រះបាទសូរ្យវរ្ម័នទី១) រួមជាមួយការកសាងនិងការបរិច្ចាគវត្ថុមានតម្លៃ ដីធ្លី និងទាសករ ជូនដល់ “ព្រះលិង្គបុរ”, “លិង្គសោធន” និង “ជលាង្គេស្វរ”។ លោក George Coedès បានបញ្ជាក់ថា ឈ្មោះ “លិង្គបុរ” ជាឈ្មោះទីសក្ការបូជាដែលធ្លាប់ឃើញមានច្រើនកន្លែងណាស់នៅសម័យអង្គរ ប៉ុន្តែចំពោះឈ្មោះ “លិង្គសោធន” គេឃើញនៅប្រាសាទព្រះធាតុទឹកឆាតែមួយគត់ ហើយលោកបានសន្និដ្ឋានជាបឋមថា ឈ្មោះទាំងពីរនេះ ទំនងសំដៅដល់សំណង់ប្រាសាទ “គុកធំ” (ព្រះធាតុទឹកឆា) និង “គុកតូច” (ព្រះធាតុតូច)។ រីឯ “ស្រីភទ្រេស្វរាស្រម” លោកស​ន្និដ្ឋានថា ប្រហែលជាឈ្មោះសាលវែងធ្វើអំពីថ្មបាយក្រៀមដែលស្ថិតនៅចន្លោះប្រាសាទគុកធំ និងគុកតូច។ ការសនិ្នដ្ឋាននេះ សមស្រប ឬមិនសមស្របយ៉ាងណានោះ យើងនឹងបន្តពិនិត្យទៅលើសិលាចារឹកផ្សេងទៀតនៅខាងក្រោម។

សិលាចារឹកដ៏សំខាន់មួយផ្ទាំងទៀតដែលមានលេខបញ្ជី K.702 គឺជាថ្មគោលចារឹកដែលរកឃើញនៅចន្លោះប្រាសាទព្រះធាតុទឹកឆា (គុកធំ) និងប្រាសាទព្រះធាតុតូច (គុកតូច) ហើយសព្វថ្ងៃកំពុងរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា (រាជធានីភ្នំពេញ)។ ថ្មគោលចារឹកនេះ មានអក្សរចារឹកទាំងសងខាង ដែលមុខទី១ ចារឹកជាភាសាសំស្រ្កឹតចំនួន ២៣បន្ទាត់ និងមុខទី២ ចារឹកជាភាសាសំស្រ្កឹតចំនួន​ ២បន្ទាត់ រួចបន្តជាភាសាខ្មែរចំនួន ១៤បន្ទាត់។ គួរឱ្យចាប់អារម្មណ៍ នៅផ្នែកខាងក្រោមនៃមុខទី១ គឺមានចម្លាក់រូបព្រះគណេស។ ទាំងផ្នែកភាសាសំស្រ្កឹត និងភាសាខ្មែរ មានមួយចំនួនស្រដៀងគ្នា ជាពិសេស ត្រង់សាច់រឿងដែលរៀបរាប់អំពីការអភិវឌ្ឍភូមិដោយមន្រ្តីម្នាក់របស់ព្រះមហាក្សត្រ។ សិលាចារឹកនេះ ចាប់ផ្តើមឡើងដោយគោលនយោបាយគ្រប់គ្រងរដ្ឋរបស់ព្រះបាទសូរ្យវរ្ម័នទី១ ដែលគេស្គាល់ថា “សសប្តប្រប្រក្ឫតមណ្ឌល” (ស្វាមិន, អាមាទ្យ, ទុគ៌, ជនបទ, ទណ្ឌ, កោស, មិត្រ)។ ស្លោកជាបន្តបន្ទាប់រៀបរាប់អំពីការគោរពព្រះសិវ ព្រះវិស្ណុ ព្រះព្រហ្ម ព្រះនាងឧមា ព្រះភារតី និងព្រះនាងលក្ស្មី។ ស្លោកទី៨ បានបញ្ជាក់ព័ត៌មានដ៏សំខាន់មួយគឺ “ព្រះអង្គមានខ្សែស្រឡាយប្រសូត្រចេញពីខាងមាតាព្រះបាទស្រីឥន្រ្ទវរ្ម័ន ទើបបណ្តាលឱ្យទ្រង់អាចគ្រងរាជ្យសម្បត្តិបន្តពីស្តេចអង្គមុនៗ”។ ព្រះអង្គមានមន្រ្តីបម្រើការម្នាក់ឈ្មោះ “ជង្ឃាល” ឬគេស្គាល់ឈ្មោះម្យ៉ាងទៀតថា “ស្តេងអញ លក្ស្មីន្ទ្របណ្ឌិត” ដោយព្រះរាជាបានប្រទានវត្ថុមានតម្លៃផ្សេងៗដល់មន្រ្តីរូបនេះ រួមជាមួយការប្រទានដីមួយកន្លែងដែលមានឈ្មោះថា “សិទ្ធិបុរ” ដែលដីនោះមានកំណត់ព្រំប្រទល់ច្បាស់លាស់ផង។ នៅមហាសករាជឆ្នាំ៩៤៧ (ត្រូវនឹងគ.ស.១០២៥) មន្រ្តីរូបនេះបានបង្កើតភូមិមួយឈ្មោះថា “លក្ស្មីន្រ្ទបទ” និងបានស្ថាបនាព្រះសិវលិង្គមួយមានព្រះនាមថា “ស្រីភទ្រេស្វរ” រួមជាមួយរូបចម្លាក់ពីរផ្សេងទៀត (តាមស្លោកសំស្រ្កឹតហៅថា “ហរ” និង“ភារតី” តែតាមសំណេរភាសាខ្មែរហៅថា “បរមេស្វរ” និង “សរស្វតី”។ បន្ថែមពីនេះ មន្រ្តីរូបនេះក៏បានជីកត្រពាំងមួយទៀតដែលឱ្យឈ្មោះថា “លក្ស្មីន្រ្ទតដាក” ហើយដើម្បីបន្សុទ្ធទឹកឱ្យថ្លា លោកបានប្រតិស្ឋានសិវលិង្គមាសមួយនៅចំកណ្តាលត្រពាំង ព្រមទាំងបានបរិច្ចាគនូវទ្រព្យសម្បត្តិជាច្រើន។ ដោយឡែក ផ្នែកភាសាខ្មែរនៅម្ខាងទៀត ចាប់ផ្តើមដោយកាលបរិច្ឆេទម.ស.៩៤៦ (គ.ស.១០២៤) ជាពេលដែលមន្រ្តីឈ្មោះ “លក្ស្មីន្រ្ទបណ្ឌិត” ដាក់ពាក្យស្នើសុំព្រះបាទសូរ្យវរ្ម័នទី១ អំពីការអភិវឌ្ឍដីធ្លីនៅស្រុកសិទ្ធិបុរ។ ហេតុដូច្នេះ តាមរយៈគោលចារឹកមួយផ្ទាំងនេះ សិវលិង្គមួយដែលមានព្រះនាមថា “ស្រីភទ្រេស្វរ” គឺប្រតិស្ឋានអំពីមាស​ និងដាក់តម្កល់នៅត្រង់កណ្តាលត្រពាំងលក្ស្មីន្រ្ទតដាក ពោល គឺមានន័យថា មិនមែនជាសិវលិង្គរបស់ប្រាសាទព្រះធាតុទឹកឆា ឬព្រះធាតុតូចនោះឡើយ។

ចុងក្រោយ គឺសិលាចារឹក មានលេខបញ្ជី K.88 ដែលរកឃើញនៅប្រាង្គ F (ក្បែរប្រាង្គកណ្តាល) ដែលមានអក្សរចំនួន ១១ បន្ទាត់ ចារឹកជាភាសាខ្មែរ ហើយអាចនៅមើលយល់ទាំងស្រុង។ គួរចាប់អារម្មណ៍ នៅផ្តើមសាច់រឿង មានរំលេចអំពីកាលបរិច្ឆេទមហាសករាជឆ្នាំ១០២៥ (ត្រូវនឹងគ.ស.១១០៣) រជ្ជកាលព្រះបាទជ័យវរ្ម័នទី៦ (គ.ស.១០៨០-១១០៧) ពោល កាលបរិច្ឆេទនេះមានគម្លាតក្រោយសិលាចារឹក K.89 (ម.ស.៩២៤/គ.ស.១០០២) ចំនួន ១០១ឆ្នាំ និងគម្លាតក្រោយគោលចារឹក K.702 (ម.ស.៩៤៦/គ.ស.១០២៤) ចំនួន ៧៩ឆ្នាំ។ សិលាចារឹកនេះ រៀបរាប់អំពីការជាវដីដើម្បីសង់អាស្រម និងរៀបរាប់អំពីតង្វាយសម្រាប់ថ្វាយដល់ “កម្រងតេងជគត ស្រីជលាង្គេស្វរ”។ ហេតុដូច្នេះហើយ ឈ្មោះ “ស្រីជលាង្គេស្វរ” នេះ ដែលប្រែថា “ព្រះឥសូរនៃទឹក” ប្រហែលជាឈ្មោះដើមរបស់ប្រាសាទព្រះធាតុទឹកឆា ច្រើនជាងការសន្និដ្ឋានរបស់លោក George Coedès ខាងលើ ដែលយល់ថាជា “លិង្គសោធន” ព្រោះកាលបរិច្ឆេទនៃសិលាចារឹក K.88 នេះ ចារឹកនៅពេលក្រោយកាលបរិច្ឆេទនៃការកសាងប្រាសាទព្រះធាតុទឹកឆា ប៉ុន្តែគេបានរៀបរាប់រំឭកអំពីព្រះនាមរបស់ទេពនៃទេវស្ថាននេះ​ គឺ “ស្រីជលាង្គេស្វរ”

ក្រៅអំពីភស្តុតាងស្ថាបត្យកម្ម និងសិលាចារឹកទាំងបួនផ្ទាំងដែលបានរៀបរាប់ខាងលើ នៅជុំវិញប្រាសាទព្រះធាតុទឹកឆា មាននៅសល់ជើងទម្រប្រតិមាជាច្រើន ទាំងជើងទម្ររាងបួនជ្រុង និងជើងទម្ររាងមូល។ ប៉ុន្តែ កាលពីសម័យអាណានិគមនិយមបារាំង គេធ្លាប់រកឃើញប្រតិមាតែពីរប៉ុណ្ណោះ គឺប្រតិមាព្រះនាងទុគ៌ា រចនាបថព្រៃក្មេង ឬកំពង់ព្រះ ស.វ.ទី៧-៨ (សព្វថ្ងៃតម្កល់នៅសារមន្ទីរជាតិកម្ពុជា) និងប្រតិមាព្រះព្រហ្ម រចនាបថឃ្លាំង ឬបាភួន ស.វ.ទី១១ (សព្វថ្ងៃតម្កល់នៅសារមន្ទីរប្រវត្តិសាស្រ្តវៀតណាម នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម)។ ដូច្នេះ ប្រតិមាទេពស្រីនេះ អាចជាប្រតិមានៃទេវស្ថានចាស់នៅតំបន់នេះ រីឯប្រតិមាព្រះព្រហ្ម ទំនងជាប្រតិមាដែលតម្កល់នៅលើជើងទម្ររាងមូលនៅប្រាសាទព្រះធាតុទឹកឆាផ្ទាល់តែម្តង។

សរុបជារួមមក ប្រាសាទព្រះធាតុទឹកឆា (គុកធំ ឬបុសព្រះនន្ទ) ទំនងជាសំណង់ទេវស្ថានព្រហ្មញ្ញសាសនា និកាយសៃវដ៏ចំណាស់មួយ (ប្រាសាទតម្កល់សិវលិង្គ) ដែលសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩)។ តាមរយៈការសិក្សាសិលាចារឹកទាំងបួនផ្ទាំង (K.87, K.88, K.89, K.702) បាននាំឱ្យយើងអាចសន្និដ្ឋានថា ប្រាសាទនេះទំនងមានឈ្មោះដើមថា “ស្រីជលាង្គេស្វរ” (ព្រះសិវនៃទឹក) ព្រមទាំងការអភិវឌ្ឍភូមិ (ដីធ្លី) ការគ្រប់គ្រងរដ្ឋបាល និងបរិច្ចាគទ្រព្យសម្បត្តិនានាសម្រាប់ទេវស្ថាន (អាស្រម) ចាប់ពីមហាសករាជឆ្នាំ៩២៤ (គ.ស.១០០២) រហូតដល់មហាសករាជឆ្នាំ១០២៥ (គ.ស.១១០៣)។ ភស្តុតាងទាំងនេះ អាចឱ្យយើងសន្និដ្ឋានថា ប្រាសាទនេះអាចកសាងបន្ថែមនៅរាជ្យស្តេចបន្តបន្ទាប់ទៀតក្រៅពីព្រះបាទសូរ្យវរ្ម័នទី១ ពោល គឺយ៉ាងហោចណាស់ដល់រជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៦ (គ.ស.១០៨០-១១០៧)។

————

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

This paper examines the archaeological and epigraphical evidence of Preah Theat Toek Chha Temple (also known as Kuk Thom) in Kampong Cham Province. Built during the reign of King Suryavarman I (1002–1049 CE) and utilised through King Jayavarman VI’s reign (1080–1107 CE), the site features architectural elements from various periods. Epigraphic analysis of inscriptions K.87, K.88, K.89, and K.702 indicates that the temple’s original dedication was to Srî Jalāṅgeçsvara, while documenting local land development, royal grants, and religious

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,500SubscribersSubscribe
- Advertisement -spot_img