ថ្មបីដុំ គឺជាទីតាំងមួយដែលស្ថិតនៅលើភ្នំត្បែង ត្រង់ភូមិក្តី ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាបូជនីយដ្ឋានព្រហ្មញ្ញសាសនា មានអាយុកាលជាងមួយពាន់ឆ្នាំ។ ការដែលគេហៅទីនេះថា “ថ្មបីដុំ” ដោយសារគេហៅទៅតាមឈ្មោះថ្មធំៗចំនួន ៣ ដុំតម្រៀបគ្នា មានសណ្ឋានដូចជាមុំចង្រ្កាន ហើយអ្នកស្រុកខ្លះហៅថា “ថ្មហោះថ្មហើរ” ដូច្នេះក៏មាន។ យោងតាមអត្ថបទរបស់លោក លឹម វណ្ណច័ន្ទ ចុះផ្សាយក្នុងគេហទំព័រ AMS Khmer Civilization កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ក្រោមចំណងជើងថា “វត្តរអាងថ្មបីដុំ” រៀបរាប់ថា នៅក្នុងបរិវេណវត្តថ្មបីដុំ មានសិលាចារឹកចំនួន ២ ផ្ទាំង តែលោកមិនបានបកប្រែខ្លឹមសារលម្អិតឡើយ។ សូមបញ្ជាក់ថា នៅតំបន់ថ្មបីដុំ មានសិលាចារឹកសរុបចំនួន ៤ ផ្ទាំង ដែលបានចុះបញ្ជីដោយសាលាបារាំងចុងបូព៌ាប្រទេសចំនួន ៣ ផ្ទាំង (K.1500, K.1501, K.1502) និង ១ ផ្ទាំងទៀត គេមិនទាន់ចុះបញ្ជីនៅឡើយ។ ម្ល៉ោះហើយ នៅក្នុងអត្ថបទភាគ១នេះ យើងនឹងលើកយកសិលាចារឹកផ្ទាំងទី១ មានលេខបញ្ជី K.1500 មកសិក្សាជាមុនសិន។ តើសិលាចារឹកថ្មបីដុំ K.1500 មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?
អត្ថបទសិលាចារឹកផ្ទាំងទី១ (K.1500) នេះ មានចម្ងាយប្រមាណ ៣០ម៉ែត្រ ពីផ្ទាំងថ្មធំៗទាំងបីដុំដូចរៀបរាប់ខាងលើ ពោល គឺចារឹកអក្សរនៅលើផ្ទាំងថ្មដា ដែលជាកន្លែងទីជម្រកចំពោះពួកឫឞី (ឥសី) ទាំងឡាយ ហើយសព្វថ្ងៃអ្នកស្រុកហៅថា “ល្អាងព្រះខែ”។ សិលាចារឹកនេះ សរសេរជាភាសាសំស្រ្កឹត និងភាសាខ្មែរ មានចំនួន ២ បន្ទាត់ (សំណេរភាសាខ្មែរនៅខាងចុងបញ្ចប់ “វ្រះឥន្រ្ទគុហា”) ហើយបើពិនិត្យមើលទៅតាមរូបរាងនិងទម្រង់អក្សរ គឺអាចមានអាយុកាលស្ថិតនៅសម័យអង្គរ រវាងស.វ.ទី៩ – ១០។ ខ្លឹមសារនៃអក្សរចារឹកនេះបានបញ្ជាក់ថា ទីតាំងល្អាងព្រះខែនេះ មានឈ្មោះដើមថា “ឥន្រ្ទគុហា” ព្រមទាំងបានបញ្ជាក់ដល់មុខងាររបស់រូងគុហានេះថា ជាទីជម្រកអាស្រ័យរបស់ពួកឫឞី (ឥសី) ទាំងឡាយ ដែលមានបំណងប្រាថ្នាប្រតិបត្តិតបៈជាន់ខ្ពស់។ ជាទូទៅ នៅក្នុងសាសនាហិណ្ឌូ ដើម្បីទទួលបាននូវពុទ្ធិវិទ្យា ឥសីទាំងឡាយចាំបាច់ត្រូវតែប្រតិបត្តិ តបៈ និងយោគៈ ដែលជាកិច្ចប្រតិបត្តិដើម្បីឱ្យប្រសើរ និងឈានទៅរកការរំដោះខ្លួនពីសេចក្តីទុក្ខ ដែលគេហៅថា “មោក្ឞ” ។
ក្នុងអត្ថបទចារឹកនេះ គេប្រើប្រាស់ឃ្លាជាភាសាសំស្រ្កឹតថា “ជយតីន្រ្ទគុហាគាឍ គុហាន្តៃកឝិលាតតី” ដែលមានន័យថា ជ័យជម្នះរមែងកើតមានដល់រូងឥន្រ្ទគុហា ឬឥន្រ្ទគុហា។ បន្ថែមពីនេះ ខ្លឹមសារអក្សរចារឹកក៏បញ្ជាក់ឱ្យដឹងថា នៅខាងក្នុងគុហានេះ មានដុំថ្ម ឬផ្ទាំងសិលាចំនួន ១ ផ្ទាំងថែមទៀតផង។ គួរចាប់អារម្មណ៍ អ្នកនិពន្ធសិលាចារឹក បានប្រើពាក្យថា “អាជិន្ម្យា” ដើម្បីបញ្ជាក់បន្ថែមលើឃ្លាថា “ឯកឝិលាតតី” (ដី) ដែលបង្ហាញឱ្យឃើញថា ផ្ទាំងសិលាមួយដុំនោះជា “អាជិន្ម្យា” ពោល គឺមានន័យពីរយ៉ាង ជាទីអាស្រ័យប្រកបដោយជ័យជម្នះ ឬប្រកបដោយសិរីមង្គលដែលសំដៅដល់ទីកន្លែង ដែលសំដៅដល់ទីកន្លែងគួរជាទីពឹងពំនាក់ ឬគួរជាទីអាស្រ័យនៃពួកឥសីដែលប្រព្រឹត្តធម៌ស្វែងរកការរំដោះខ្លួន។ ន័យមួយទៀត “អាជិន្ម្យា” (អ-ជិន) សំដៅដល់ជាទីកន្លែងដែលមិនអាចផ្ចាញ់បាន ឬគ្មាននរណាម្នាក់អាចយកឈ្នះបាន ពោល គឺបង្ហាញឱ្យឃើញថា ទីតាំងនេះ ជាកន្លែងដ៏រឹងមាំ ចីរកាល និងគ្មានអ្វីអាចបំផ្លាញបាន។ និយាយដោយខ្លី ពាក្យថា “ជន្ម-ជន្យ” សំដៅលើជីវិតដែលប្រកបដោយការកើត ចាស់ ឈឺ ស្លាប់ ដែលជាផលកើតចេញពីផលកម្ម។ ចំណែកឯ “ឧទយ-អថ៌ិនាម៑” សំដៅដល់អ្នកដែលមានបំណង ឬសេចក្តីប្រាថ្នាឱ្យបានប្រសើរ ឬការរះខ្ពស់ត្រដែត ដែលជាការស្វែងរកការរំដោះខ្លួនឱ្យរួចផុតចាកទុក្ខពីកំណើត ដោយអាស្រ័យទីស្ងប់ស្ងាត់ (ទីពិសិដ្ឋ) មានដូចជា ឝូន្យាគារ ឬឝូន្យគ្ឫហ (ផ្ទះស្ងាត់) គុហា ឬភ្នំ។
អត្ថបទចារឹក
១. ជយតីន្ទ្រគុហាគាឍ គុហាន្តៃកឝិលាតតី
២. ឫឞិណាន្នូនមាជិន្ម្យា ជន្មជន្យោទយាថ៌ិនាម៑។
វ្រះឥន្ទ្រគុហា
សេចក្តីប្រែ
(បន្ទាត់ទី១-២) ព្រះឥន្ទ្រគុហា រមែងមានជ័យជម្នះ ដុំថ្មមួយផ្ទាំងក្នុងរូងគុហា ជាទីជម្រក និងទីស្នាក់អាស្រ័យដ៏ពិតប្រកបដោយសិរីមង្គល នៃឫឞី(ឥសី)ទាំងឡាយ ដែលជាអ្នកមានសេចក្តីប្រាថ្នា ដើម្បីការធ្វើឱ្យប្រសើរឡើង ឬការរំដោះខ្លួន (មោក្ឞ)។ “ព្រះឥន្ទ្រគុហា”។
សរុបជារួមមក សិលាចារឹកថ្មបីដុំ ផ្ទាំងទី១ (K.1500) បានផ្តល់ព័ត៌មានយ៉ាងសំខាន់អំពីប្រវត្តិសាស្ត្រ និងជំនឿសាសនាទូកប្រណាំងនិងទំនៀមអ្នកស្រុក (ភាគ១)នៅលើភ្នំត្បែង។ ខ្លឹមសារនៃសិលាចារឹកនេះមិនត្រឹមតែបញ្ជាក់ពីឈ្មោះដើមនៃទីតាំងថាជា “ឥន្ទ្រគុហា” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីតួនាទីរបស់គុហានេះ ជាសព្វញ្ញូដ្ឋាន ឬជាអាស្រមដ៏ស្ងប់ស្ងាត់សម្រាប់ពួកឥសីប្រព្រឹត្តធម៌ ប្រតិបត្តិតបៈ និងយោគៈ ដើម្បីស្វែងរកការរំដោះខ្លួន (មោក្ស) នៅក្នុងសម័យអង្គរ (ស.វ.ទី៩-១០)។ ការសិក្សាលើសិលាចារឹក K.1500 នេះ បានរួមចំណែកក្នុងការផ្តល់ព័ត៌មានយ៉ាងសំខាន់សម្រាប់ការយល់ដឹងបន្ថែមអំពីបូជនីយដ្ឋានព្រហ្មញ្ញសាសនានៅតំបន់ភ្នំត្បែង មុននឹងទីនេះក្លាយជាបូជនីយដ្ឋានព្រះពុទ្ធសាសនាថេរវាទនាសម័យទំនើប។



————
This study examines Inscription K.1500, the first of four inscriptions located at the Thmor Bei Dom site on Phnom Tbeng, Preah Vihear province. Dating to the Angkorian period (9th–10th century CE), this two-line text written in Sanskrit and Khmer identifies the cave sanctuary as Indraguhā (“Indra’s Cave”). Epigraphic analysis reveals that the site served as a sacred retreat for hermits (ṛṣis) practicing austere spiritual disciplines (tapas and yoga) in pursuit of liberation (mokṣa) from the cycle of rebirth. By deciphering the functional and religious significance of Indraguhā, this paper offers valuable insights into Hindu ascetical practices and the sacred landscape of Phnom Tbeng during the early Angkorian era.
អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា





