ទំព័រដើមហោរាសាស្ត្រប្រាសាទគុកអំពិលទ្វារ

ប្រាសាទគុកអំពិលទ្វារ

ប្រាសាទគុកអំពិលទ្វារ មានទីតាំងស្ថិតនៅក្នុងបរិវេណវត្តប្រាសាទមង្គល ត្រង់ភូមិកកោះឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានចម្ងាយប្រមាណ ៦០០ ម៉ែត្រ ប៉ែកឦសានវត្តកញ្ចនារាម (ហៅវត្តអំពិលទ្វារ) និងចម្ងាយ ៣គីឡូម៉ែត្រ​ ប៉ែកពាយព្យផ្សារអ្នកតាស្នឹង។ ពាក្យ “គុក” ជាពាក្យអ្នកស្រុកហៅសំដៅដល់ប្រាសាទ រីឯឈ្មោះថា “អំពិលទ្វារ” សំដៅទៅលើឈ្មោះភូមិសាស្រ្ត។ ដូច្នេះ គុកអំពិលទ្វារ សំដៅដល់ប្រាសាទដែលស្ថិតនៅតំបន់អំពិលទ្វារ។ តើប្រាសាទគុកអំពិលទ្វារ មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?

លោក Lunet De Lajonquière ជាអ្នកស្រាវជ្រាវជនជាតិបារាំង បានសិក្សា និងចុះបញ្ជីប្រាសាទនេះដំបូងគេ ដោយបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅបញ្ជីបេតិកភណ្ឌនៅកម្ពុជារបស់លោក នៅក្នុងឆ្នាំ១៩០២។ ពេលនោះលោកកត់ឈ្មោះប្រាសាទនេះថា “គុកអំពិលទ្វារ” (Kuk Ampil Thvear) ដោយបានចុះបញ្ជីប្រាសាទនេះលេខ IK.95។ ក្នុងពេលដែលលោកចុះស្រាវជ្រាវមកដល់ទីនេះ ប្រាសាទអំពិលទ្វារនៅមានរូបរាងល្អបង្គួរនៅឡើយ និងមិនទាន់ក្លាយទៅជាទីអារាមនៃព្រះពុទ្ធសាសនាថេរវាទនៅឡើយទេ ពោល គឺលោកគ្រាន់តែបញ្ជាក់ឱ្យដឹងថាប្រាសាទនេះមានទីតាំងស្ថិតនៅចម្ងាយ ១៥០០ម៉ែត្រ ខាងកើតវត្តសម័យទំនើបមួយក្នុងភូមិអំពិលទ្វារ។ លោក Lajonquière បានរៀបរាប់ថា ប្រាសាទគុកអំពិលទ្វារ មានប្រាង្គចំនួន ៣ ធ្វើអំពីឥដ្ឋ រាងបួនជ្រុងស្មើ រត់ជួរគ្នាលើអ័ក្សពីជើងទៅត្បូង និងបែរមុខទៅទិសខាងកើត។ ក្នុងនោះ លោកបានបញ្ជាក់ថា ប្រាង្គកណ្តាល មានទំហំធំជាងប្រាង្គអមសងខាង ដោយមានប្រវែង ៤,៤០ម៉ែត្រក្នុងមួយជ្រុង (គិតពីខាងក្រៅ) រីឯប្រាង្គពីរទៀតមានប្រវែងត្រឹមតែ ៤ម៉ែត្រប៉ុណ្ណោះ។ ប្រាង្គទាំងបីនេះ សង់នៅលើខឿនរួមមួយ ដោយមានយ៉លយចេញពៅមុខខាងកើត ចំពីមុខប្រាង្គកណ្តាល តែពេលនោះជញ្ជាំងខឿននេះបាក់បែកច្រើនទៅហើយ។ លោកបានបន្តឱ្យដឹងថា ប្រាង្គឥដ្ឋទាំងបីដែលសង់នៅលើខឿនតែមួយរួមគ្នានេះ មានហ៊ុមព័ទ្ធជុំវិញដោយកំពែងធ្វើអំពីថ្មបាយក្រៀម មានកម្រាស់ ០,៤០ម៉ែត្រ មានកម្ពស់ជាមធ្យម ១,៧០ម៉ែត្រ និងមានលម្អក្បាច់កំពូល។ គួរកត់សម្គាល់ថា ក្នុងពេលនោះ លោក Lajonquière មិនបានរៀបរាប់អំពីហោត្រៃ ឬបណ្ណាល័យនៃប្រាសាទគុកអំពិលទ្វារនោះទេ ប៉ុន្តែ យើងអាចដឹងថាពីមុនមកមានអគារហោត្រៃ ឬបណ្ណាល័យចំនួនពីរ ស្ថិតនៅប៉ែកឦសាន និងអាគ្នេយ៍នៃប្រាង្គឥដ្ឋទាំងបីតាមរយៈកំណត់ហេតុរបស់សាលាបារាំងចុងបូព៌ាប្រទេស ចុះផ្សាយនៅឆ្នាំ១៩៣៧ ទំព័រ ៦២៧។  ព័ត៌មានដែលបានរៀបរាប់នៅក្នុងកំណត់ហេតុនោះបានបញ្ជាក់ឱ្យដឹងថា ហោត្រៃ ឬបណ្ណាល័យទាំងពីរនេះ ស្ថិតនៅបរិវេណខាងក្នុងកំពែងជាន់ទី១ នៃប្រាសាទគុកអំពិលទ្វារ ប៉ុន្តែ បានបាក់បែកអស់ទៅហើយ។ កំណត់ហេតុនេះ ក៏ឱ្យដែរថា ប្រាសាទនេះមានកំពែងចំនួនពីរជាន់ ប៉ុន្តែ កំពែងជាន់ពីរ គឺគ្រាន់តែជាជញ្ជាំងដី ហើយជំនាន់នោះគេអាចមើលឃើញច្បាស់នៅផ្នែកខាងត្បូងប៉ុណ្ណោះ។

ប្រសិនបើយើងប្រមូលទិន្នន័យខាងលើ យកមកប្រៀបធៀបជាមួយស្ថានភាពបច្ចុប្បន្ន យើងអាចកត់សម្គាល់បានថា សព្វថ្ងៃនេះមានប្រាង្គតែមួយប៉ុណ្ណោះដែលនៅឈរ និងមានរូបរាងល្អបង្គួរនៅឡើយ ពោល គឺជាប្រាង្គខាងត្បូង រីឯប្រាង្គកណ្តាល និងប្រាង្គខាងជើងបានបាក់រលំអស់ទៅហើយ។ ម្យ៉ាងវិញទៀត ភស្តុតាងនៃប្រាង្គទាំងពីរដែលបាក់រលំនោះ ក៏យើងលែងអាចមើលឃើញទៀតហើយ ដោយសារតែទីតាំងនេះ បានក្លាយទៅជាវត្តអារាមនៃព្រះពុទ្ធសាសនាថេរវាទ នៅរវាងដើមទសវត្សរ៍ ២០០០ ហើយនៅត្រង់ទីតាំងប្រាសាទផ្ទាល់ គេបានចាក់បេតុង និងសង់ជាសាឡុំបេតុងមួយគ្របពីលើ នាំឱ្យបាត់ស្លាកស្នាមបុរាណជាច្រើន។ រីឯ កំពែងថ្មបាយក្រៀម (កំពែងជាន់ទី១) យើងអាចនៅមើលឃើញច្បាស់លាស់នៅឡើយ ដោយសារតែខឿនសំណង់ថ្មីធ្វើនៅកៀកជាមួយកំពែងថ្មបាយក្រៀម និងមិនបានបំផ្លាញឡើយ។ បន្ថែមពីនេះ ប្រាង្គខាងត្បូងដែលនៅមានរូបរាងនេះ យើងអាចនៅមើលឃើញស៊ុមទ្វារទាំងមូល ដោយផ្តែរទ្វារ និងសសរពេជ្ររបស់ប្រាសាទនៅមុខខាងត្បូង គឺនៅរក្សារូបរាងដើមនៅឡើយ រីឯមុខខាងលិច ខាងត្បូង និងខាងជើងនៃប្រាង្គខាងត្បូងនេះ គឺគេលម្អជាទ្វារបញ្ឆោត តែមិនមានក្បាច់លម្អអ្វីគួរកត់សម្គាល់នោះឡើយ។ ផ្តែរទ្វារនៃប្រាង្គខាងត្បូងនេះ លម្អដោយចម្លាក់ “ព្រះឥន្រ្ទ” (ស្តេចនៃស្ថានសួគ៌តំណាងឱ្យភ្លៀងផ្គររន្ទះ) គង់នៅលើដំរីព្ធវ៌តនៅត្រង់ពាក់កណ្តាល ហើយទ្រង់ប្រដាប់ដោយអាវុធ “វជ្រ” នៅព្រះហស្តស្តាំ និងព្រះហស្តឆ្វេងដាក់ចុះក្រោម។ ព្រះបាទស្តាំដាក់ជុចជង្គង់ និងព្រះបាទឆ្វេងលត់ជង្គង់ និងជុចម្រាមព្រះបាទមកប៉ះចំក្បាលដំរីព្ធវ៌ត។ នៅអមសងខាងដំរីព្ធវ៌ត គឺមានចម្លាក់សត្វតោកំពុងហាមាត់ខ្ជាក់ ឬពាំក្បាច់ដងធ្នូដែលមានទម្រង់ជាកម្រងមែកឈើ ហើយនៅលើក្បាច់ដងធ្នូនេះ មានបង្ហាញចម្លាក់ចំនួន ៦ អង្គ (ម្ខាង ៣ អង្គ) ដែលយើងអាចកត់សម្គាល់បានថាជា “ព្រះមរុត” (កងទ័ពខ្យល់របស់ព្រះឥន្រ្ទនៅស្ថានសួគ៌)។

ក្រៅអំពីនេះ ទោះបីជាប្រាង្គខាងជើងបាក់រលំ និងបាត់រូបរាងទៅហើយក្តី ផ្តែរទ្វារនៃប្រាង្គខាងជើងនេះនៅសេសសល់ក្នុងបរិវេណវត្តប្រាសាទមង្គលនេះនៅឡើយ ពោល គឺគេយកទៅទុកនៅខាងមុខបល្ល័ង្កព្រះនៃឧបដ្ឋានសាលា (សាលាឆាន់)។ សព្វថ្ងៃ ផ្តែរទ្វារប្រាង្គខាងជើងនេះ គេលាបពណ៌មាស ដែលយើងឃើញមានលម្អព្រះកុវេរ (ទេពតំណាងឱ្យទ្រព្យសម្បត្តិ និងភោគផល) កំពុងអង្គុយលត់ជង្គង់នៅលើជើងទម្រ និងខាងក្រោមលម្អជារូបរាហូ ឬកិត៌ិមុខកំពុងខ្ជាក់ក្បាច់ភ្ញីទេសចេញពីមាត់ រីឯព្រះហស្តស្តាំរបស់ទ្រង់កំពុងកាន់ “គទា” (ដំបង) ខ្លីមួយ (តំណាងឱ្យភោគទ្រព្យសម្បត្តិ) និងព្រះហស្តឆ្វេងដាក់ច្រត់នៅលើក្បាលជង្គង់។ ចម្លាក់ទេពនៅចំកណ្តាលផ្តែរទ្វារនៃប្រាង្គខាងជើងនេះ មិនត្រូវបានលោក Lajonquière សន្និដ្ឋានថាជា “ព្រះកុវេរ” ទេ តែលោកស្នើជាបឋមថាជា “ព្រះវិស្ណុ” ហើយលោកបានបញ្ជាក់ថា ផ្តែរទ្វារនេះបានជ្រុះដល់ដីហើយនៅពេលលោកទៅដល់ទីនោះ។ ចំណែកឯ ផ្តែរទ្វារនៃប្រាង្គកណ្តាល បានបាត់ពីទីតាំងដើមទៅហើយ តែក្នុងឯកសាររបស់លោក Lajonquière បានឱ្យដឹងថា ផ្តែរទ្វារនេះបានសឹករិចរិលដោយសំណឹកទឹកភ្លៀង រហូតមិនអាចមើលចម្លាក់យល់រួចទៅហើយ។

គួរឱ្យកត់សម្គាល់ជាពិសេសនោះ​ យើងអាចសន្និដ្ឋានថា ប្រាសាទគុកអំពិលទ្វារ ក៏មិនខុសពីប្រាសាទផ្សេងទៀតរបស់ខ្មែរដែរ ពោល គឺសង់មិនទាន់រួចរាល់ជាស្ថាពរនៅឡើយទេ។ គេអាចដឹងបានតាមរយៈសសរពេជ្ររាងប្រាំបីជ្រុង និងជញ្ជាំងប្រាសាទមិនទាន់មានចម្លាក់អ្វីនៅឡើយ។ ឧទាហរណ៍ ថែវជ្រុងឦសាននៃប្រាសាទអង្គរវត្ត មិនមានចម្លាក់អ្វីឡើយនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (គ.ស.១១១៣ – ១១៤៩) ហើយការងារឆ្លាក់បញ្ចប់ផ្ទាំងចម្លាក់នេះបានបន្តរហូតដល់រាជ្យព្រះបាទអង្គចន្ទ (ប្រហែលគ.ស.១៥៦៦)។ ក្នុងនោះ លោកស្រី Ahsley Thompson យល់ថា “ភាពទទេស្អាត”“ភាពមិនទាន់ចប់សព្វគ្រប់” គឺហាក់ដូចជាចេតនារបស់អ្នកកសាងច្រើនជាង ព្រោះវាហាក់ដូចជាសញ្ញា ឬរបៀបអញ្ជើញមួយដោយបើកចំហ ដើម្បីរុញច្រានអ្នកជំនាន់ក្រោយឱ្យវិលត្រឡប់មកវិញនៅពេលអនាគត។ ការបកស្រាយនេះ គឺស្របទៅនឹងប្រាសាទបុរាណទូទាំងស្រុកខ្មែរ ដែលមិនមានប្រាសាទណាមួយសាងសង់ឱ្យបានចប់សព្វគ្រប់ទាំងស្រុងនោះឡើយ។ លោកស្រីយល់ថា នៅស.វ.ទី១២ នេះ អ្នកកសាង និងជាងចម្លាក់ បានរុញច្រានប្រពៃណីនៃ “ភាពមិនទាន់ចប់សព្វគ្រប់” នេះឱ្យឡើងដល់ចំណុចកំពូលជាងសម័យមុនៗ។ ក្នុងនោះ លោកស្រីយល់ថា សារៈសំខាន់នៃសកម្មភាពរបស់ព្រះបាទអង្គចន្ទ មិនមែនស្ថិតនៅលើស្នាដៃដោយខ្លួនឯងនោះទេ ប៉ុន្តែ ស្ថិតនៅលើការបញ្ចប់នូវអ្វីដែលបុព្វបុរសរបស់ព្រះអង្គបានបន្សល់ទុកឱ្យនៅទំនេរ។ នៅប្រាសាទគុកអំពិលទ្វារនេះ ក៏មានករណីស្រដៀងគ្នានេះដែរ ប្រសិនបើយើងពិនិត្យឱ្យហ្មត់ចត់តែបន្តិច។ ជាក់ស្តែង ផ្តែរទ្វារនៃប្រាង្គខាងត្បូង និងផ្តែរទ្វារប្រាង្គខាងជើង គឺមានក្បាច់លម្អ ឬស្នាដៃសិល្បៈនៅក្នុងពេល ឬជំនាន់តែមួយនោះឡើយ។ ក្នុងនោះ ផ្តែរទ្វារប្រាង្គខាងត្បូង មានទម្រង់ជាសិល្បៈរចនាបថកោះកេរ ឬប្រែរូប គិតចាប់ពីរវាងរាជ្យព្រះបាទឦសានវរ្ម័នទី២ (គ.ស.៩២១ – ៩២៨) រហូតដល់ព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ – ៩៦៧) រីឯផ្តែរទ្វារប្រាង្គខាងជើង មានទម្រង់ជាសិល្បៈរចនាបថឃ្លាំង (គ.ស.៩៦៥ – ១០០០) គិតចាប់ពីរវាងរាជ្យព្រះបាទជ័យវរ្ម័នទី៥ (គ.ស. ៩៦៨ – ១០០០) រហូតដល់រាជ្យព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២ – ១០៤៩)។ ហេតុដូច្នេះហើយ តើនេះអាចជាឧទាហរណ៍មួយនៃការបន្តវេនរវាងអ្នកជំនាន់មុន ផ្ទេរទៅអ្នកជំនាន់ក្រោយដែរឬយ៉ាងណា? តើអាចជាឆ្លាក់ផ្តែរថ្មីមួយនៅសម័យក្រោយ យកមកដាក់តម្កល់នៅទេវស្ថានចាស់? ម្យ៉ាងវិញទៀត ហោត្រៃ ឬបណ្ណាល័យទាំងពីរដែលអ្នកអភិរក្សជនជាតិបារាំងបានរៀបរាប់នោះ តើអាចជាសំណង់សម័យក្រោយទៀតឬយ៉ាងណា?

យើងមិនអាចដឹងរឿងរ៉ាវអតីតកាល អំពីប្រាសាទគុកអំពិលទ្វារនេះបានច្រើននោះឡើយ ដោយសារតែនៅទីនេះ ពុំមានសេសសល់នូវផ្ទាំងសិលាចារឹកណាមួយឡើយ។ ម្ល៉ោះហើយ យើងអាចត្រឹមតែពិនិត្យទៅលើបុរាណវត្ថុដែលនៅសល់តែប៉ុណ្ណោះ ដើម្បីដឹងអំពីប្រវត្តិរបស់ប្រាសាទ។ ក្រៅអំពីនេះទៅទៀត យើងក៏មិនអាចដឹងច្បាស់ថា តើកាលដើមឡើយនៅបន្ទប់ខាងក្នុង (គភ៌គ្រឹះ)នៃប្រាង្គឥដ្ឋទាំងបីនេះ គេតម្កល់ព្រះទេវរូបណាមួយ ឬក្នុងសាសនាណាមួយនោះឡើយ។ ករណីនេះ បើយើងទៅមើលឯកសាររបស់លោក Lajonquière គឺបានរៀបរាប់ថា មានជើងទម្រដែលមានរន្ធកណ្តាលរាងបួនជ្រុងស្មើ និងមានសោមសូត្រ ឬស្នានទ្រោណិដែលគេយកទៅបោះចោលនៅក្នុងគំនរបាក់បែកព័ទ្ធជុំវិញប្រាសាទឥដ្ឋទាំងនោះ។ តែលោករៀបរាប់ថា នៅបន្ទប់ខាងក្នុងប្រាង្គកណ្តាល មានព្រះពុទ្ធរូបចូលបរិនិព្វាន និងព្រះពុទ្ធអង្គតូចៗ ដែលគេទើបតែបិទមាសឡើងវិញ ហើយថែរក្សាទុកបានយ៉ាងល្អ។ ព័ត៌មានដែលលោកបានរៀបរាប់នេះ យើងមិនដឹងថាជាប្រតិមាព្រះពុទ្ធរូបសម័យបុរាណ ឬទើបតែឆ្លាក់តម្កល់ថ្មីនៅសម័យលោកទៅដល់នោះឡើយ។ ដូច្នេះ យើងនៅតែមិនអាចកត់សម្គាល់ឱ្យច្បាស់ថា ប្រាសាទគុកអំពិលទ្វារ ជាប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនានោះឡើយ។

សរុបជារួមមក ប្រាសាទគុកអំពិលទ្វារ  គឺជាមត៌កប្រវត្តិសាស្ត្រមួយដ៏មានតម្លៃមួយ ដែលឆ្លុះបញ្ចាំងពីការវិវឌ្ឍនៃសិល្បៈ និងស្ថាបត្យកម្មខ្មែរចន្លោះសតវត្សរ៍ទី១០ ដល់ទី១១។ ទោះបីជាសម័យបច្ចុប្បន្ន ប្រាសាទនេះបានប្រែប្រួល ឬបាត់បង់រូបរាងដើមជាច្រើន ដោយសារការខូចខាតតាមពេលវេលា និងការប្រែប្រួលទីតាំងទៅជាវត្តអារាមព្រះពុទ្ធសាសនាថេរវាទទំនើបក៏ដោយ ក៏ស្លាកស្នាមសិល្បៈដែលនៅសេសសល់ ដូចជាប្រាង្គឥដ្ឋខាងត្បូង ផ្ដែរទ្វារ និងកំពែងថ្មបាយក្រៀម នៅតែផ្ដល់ជាតម្រុយសំខាន់ៗសម្រាប់ការសិក្សាស្រាវជ្រាវ។ ជាពិសេស ភាពខុសគ្នានៃសិល្បៈផ្តែរទ្វារប្រាង្គខាងត្បូង (រចនាបថកោះកេរ ឬប្រែរូប) និងប្រាង្គខាងជើង (រចនាបថឃ្លាំង) បានគាំទ្រទ្រឹស្តីនៃការបន្តវេនកសាង ឬការបន្ថែមនូវធាតុផ្សំសិល្បៈពីអ្នកជំនាន់មួយទៅអ្នកជំនាន់មួយទៀត ដែលជាលក្ខណៈពិសេសនៃប្រាសាទបុរាណខ្មែរ។ ការសិក្សា និងថែរក្សាសមាសភាគដែលនៅសល់ទាំងនេះ អាចរួមចំណែកដល់ការយល់ដឹងកាន់តែស៊ីជម្រៅអំពីការវិវឌ្ឍនៃសាសនា និងសិល្បៈក្នុងអរិយធម៌អង្គរ នៅក្នុងតំបន់នេះផង។

————

This paper examines the history, architectural features, and artistic evolution of Prasat Kuk Ampil Thvear (IK.95), situated in Sampong Chei Commune, Cheong Prei District, Kampong Cham Province. Originally documented in 1902 by Lunet de Lajonquière as a brick sanctuary comprising three North-South aligned towers enclosed within a laterite wall, the site has undergone substantial transformations, particularly following its integration into a modern Theravada Buddhist monastery in the early 2000s. Through a comparative analysis of early inventory records and current site observations, this study highlights the distinct stylistic divergence between the surviving lintels. The southern tower’s lintel exhibits elements of the Koh Ker/Pre Rup styles (10th century), whereas the northern tower’s lintel, now relocated within the monastery, reflects the Khleang style (late 10th to early 11th century). Drawing upon Ashley Thompson’s discourse on the “unfinished” nature of Khmer monuments, this article contends that Kuk Ampil Thvear illustrates a sequential transmission of architectural patronage across successive generations. Furthermore, in the absence of epigraphic evidence, the presence of both Brahmanical iconographies and Theravada Buddhist additions underscores the site’s complex religious trajectories over time.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,500SubscribersSubscribe
- Advertisement -spot_img