កន្ទេល ជាកម្រាលត្បាញដោយបន្ទោះផ្សេងៗ សម្រាប់ប្រើប្រាស់ដើម្បីក្រាលដេក ក្រាលទទួលភ្ញៀវ ក្រាលហាលស្រូវ និងខ្លះយកទៅរុំសពក៏មាន។ កន្ទេល មានច្រើនប្រភេទណាស់ទៅតាមប្រភពវត្ថុធាតុដើមដែលគេយកមកត្បាញ ជាក់ស្តែង ដូចជា កន្ទេលផ្តៅ កន្ទេលស្លឹកទ្រាំង កន្ទេលឫស្សី ឬកន្ទេលផែង កន្ទេលរំចេក កន្ទេលកក់ កន្ទេលស្លឹកត្នោត កន្ទេលចចូត និងកន្ទេលរុនជាដើម។ នៅក្នុងអត្ថបទនេះ យើងនឹងលើកយក “កន្ទេលរុន” របស់អ្នកភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មកបង្ហាញជូនដោយសង្ខេប។ តើការផលិតកន្ទេលរុនមានដំណាក់កាលដូចម្តេចខ្លះ?
យោងតាមវចនានុក្រមខ្មែរ “រុន” គឺជាកក់មួយប្រភេទ ដើមមូល ស្លឹកធំៗ សំបក ឬខ្នងមានប្រយោជន៍ប្រើការធ្វើជាខ្នួច ឬត្បាញធ្វើកន្ទេលជាដើម។ រុន មានពីរប្រភេទ គឺរុនទឹក (ដុះក្នុងទីមានទឹកឬដាំលើគោកមានដីសើមក៏រស់) និងរុនភ្នំ (ដុះក្នុងទីក្បែរជ្រោះភ្នំ ដើមធំវែងសាច់រឹង ប្រើជាដំបងបាន)។ អ្នកស្រុកខ្មែរ បានច្នៃដើមរុនធ្វើជាវត្ថុធាតុដើមសម្រាប់ត្បាញកន្ទេល និងធ្វើជាខ្សែចងស្បូងតាំងពីបុរាណកាលមក ហើយបន្តចំណេះដឹងបែបប្រពៃណីនេះ ពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ជាទូទៅ កន្ទេលរុនមានទំហំធំ ឬតូច អាស្រ័យលើដើមរបស់វា ព្រោះកន្ទេលប្រភេទនេះ មិនអាចតបាននោះទេ ហើយគេច្រើនធ្វើកន្ទេលរុន មានទំហំចន្លោះពី ១៣០ x ១៨០ ស.ម.។
នៅដំណាក់កាលដំបូង មុននឹងបានកន្ទេលមកប្រើប្រាស់ អ្នកភូមិស្រយង់ត្រូវទៅកាប់ដើមរុនដែលដុះក្បែរមាត់ទឹកជាមុនសិន ពោល គឺគេច្រើនទៅកាប់នៅខាងជើងភូមិកោះកេរ (រូបលេខ១)។ ដើមរុនដែលគេត្រូវការ គឺជាដើមចាស់ៗ ដោយសម្គាល់តាមរយៈដើមដែលមានមែកចំនួនបី ព្រោះដើមរុនខ្ចីមានមែកតែពីរប៉ុណ្ណោះ។ បន្ទាប់ពីកាប់បានប្រមាណជា ៦ ផ្លូន ស្មើនឹង ១ កន្ទេល ទើបគេចាប់ផ្តើមកាត់តម្រឹមដើម និងគល់របស់រុនឱ្យស្មើគ្នា (រូបលេខ២)។ ដំណាក់កាលបន្ត គេត្រូវពុះដើមរុននោះ ដោយគេយកដើមរុនដែលពុះមាត់រួច មកស៊កចំចំណុចប្រសព្វនៃជើងក្អែក (ធ្វើអំពីឫស្សី) ឱ្យចេញជា ៤ ចម្រៀក (រូបលេខ៣)។ ក្រោយពីពុះហែកជាចម្រៀករួចហើយ គេត្រូវកាច់ពោះដើមរុនចេញម្តង ពោល គឺគេត្រូវការតែខ្នងរុនប៉ុណ្ណោះ (សំបក) (រូបលេខ៤)។ ការកាច់ពោះចេញនេះ គេត្រូវរកដើមឈើដែលមានរាងតូចល្មមដើម្បីធ្វើជាបង្គោលសម្រាប់កាច់។ ក្រោយមកទៀត គេត្រូវយកដើមរុនទៅហាលថ្ងៃប្រមាណជា ៥ ថ្ងៃសិន ទើបស្ងួតល្អ (រូបលេខ៥-៦)។ បន្ទាប់ពីហាលស្ងួតហើយ គេត្រូវយករុនមកកូតជាមួយឫស្សីឱ្យស្មើសាច់ម្តង ដែលបន្ទះឫស្សីតូចនោះគេហៅថា “ឆ្នូត” (រូបលេខ៧)។
ជាទូទៅ គេនិយមត្បាញកន្ទេលពេលយប់ ឬព្រឹកព្រលឹម ព្រោះសរសៃរុនមានសភាពទន់ងាយស្រួលបត់បែន។ ប្រសិនបើត្បាញនៅពេលថ្ងៃ វានឹងងាយធ្វើឱ្យសរសៃរុនងាយបាក់បំផុត ព្រោះកម្តៅធ្វើឱ្យសរសៃរុនស្រួយ។ ចំពោះបច្ចេកទេសត្បាញកន្ទេលរុន គឺមិនមានអ្វីខុសប្លែកគ្នាពីកន្ទេលរំចេក ឬកន្ទេលផ្អាវនោះទេ ពោល គឺត្រូវយកសរសៃដើមរុនចំនួន ៥ សរសៃ មកខ្ទាស់ខ្វែងគ្នា ដោយដាក់រុនចំនួន ៣ សរសៃបណ្តោយ និងរុន ២ សរសៃទៀតដាក់ទទឹង (រូបលេខ៨)។ ការត្បាញនេះ គេត្រូវ “ក” (ចាប់ផ្តើម) ដេញពីកណ្តាលមកមុន ព្រោះកពីកណ្តាលងាយស្រួល “លើក” និង “សង្កត់” (រូបលេខ៩)។ ការត្បាញនេះទៀតសោត គេប្រើបច្ចេកទេសលើក “ពីរសង្កត់ ពីរឆ្លាស់”ប្រដេញគ្នាលើក្រោមពីមួយសរសៃទៅមួយសរសៃ (រូបលេខ១០)។ ជាចុងក្រោយ គេគ្រាន់តែត្បាញក្តាប់ជុំវិញជាយកន្ទេលជាការស្រេច ដែលទំហំរបស់កន្ទេលនេះអាស្រ័យលើទំហំនិងប្រវែងនៃដើមរុន (រូបលេខ១១)។
ជារួមមក កន្ទេលរុន ជាហត្ថកម្មប្រពៃណីមួយដែលកើតចេញពីការយកធនធានធម្មជាតិមកកែច្នៃប្រកបដោយចំណេះដឹង និងបទពិសោធន៍។ ការផលិតកន្ទេលរុនត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ចាប់តាំងពីការជ្រើសរើសដើមរុន ការកាប់ ពុះ កាច់ពោះ ហាល កូតឱ្យត្រង់ រហូតដល់ការត្បាញដោយប្រើបច្ចេកទេសត្បាញ “លើកពីរ សង្កត់ពីរ”។ ការត្បាញកន្ទេលនេះ បានឆ្លុះបញ្ចាំងពីចំណេះជំនាញ និងអត្តសញ្ញាណវប្បធម៌របស់អ្នកភូមិស្រយង់ ខេត្តព្រះវិហារ ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ប៉ុន្តែតម្បាញរុន កំពុងតែជួបវិបត្តិនៃការបាត់បង់អ្នកបន្តវេនព្រោះគេយល់ថាហត្ថកម្មប្រពៃណីនេះមានភាពហត់នឿយ និងប្រើពេលយូរ។ ចំណែក ទីផ្សារមិនសូវទូលំទូលាយទៀត រីឯកន្ទេលជ័រនាំចូលពីរបរទេសសម្បូណ៌បែប ហើយមានព៌ណចម្រុះស្អាតៗ អាចបត់បានងាយស្រួលយកតាមខ្លួនពេលដើរលំហែ និងមានតម្លៃធូរថ្លៃ។ ម្ល៉ោះហើយ នាពេលសព្វថ្ងៃនេះ ការត្បាញកន្ទេលរុននៅភូមិស្រយង់ ផលិតឡើងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារតែប៉ុណ្ណោះ ដោយពុំមានលក់ដូរទៅក្នុងទីផ្សារនោះឡើយ ដែលជាបញ្ហាប្រឈមមួយធ្វើឱ្យចំណេះដឹងប្រពៃណីនេះងាយនឹងបាត់បង់នៅថ្ងៃណាមួយ។











This paper documents the traditional craftsmanship of Run mat weaving in Srayang Village, Preah Vihear Province, exploring its production stages and contemporary socio-cultural significance. Woven from a native wetland reed, these mats represent a longstanding element of Khmer domestic life. The intensive manufacturing process involves harvesting mature reeds, trimming, splitting, scraping the inner core, sun-drying for five days, and smoothing the strips. To prevent brittle fibres, weaving is conducted during humid nights or early mornings using the Luek Pi Sangkot Pi (lifting two, pressing two) pattern technique starting from the centre.
Although a profound expression of inherited cultural identity and local ingenuity, this heritage faces an existential crisis. Production has dwindled to a strictly subsistence household activity due to its time-consuming nature, lack of market viability, and competition from cheap, colourful, imported plastic alternatives. This vulnerability highlights an urgent need for preservation efforts before this intangible cultural heritage is permanently lost.
អត្ថបទដោយ៖ ស្រី សមប៊ុនណារ៉ុង





