ប្រាសាទតាសោម ជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនទៀត ដែលមានទីតាំងស្ថិតនៅជុំវិញអាងស្តុកទឹកនៃប្រាសាទព្រះខ័ន (ជយតដាក ឬវាលរាជដាក) ពោល គឺមានចម្ងាយត្រឹមតែប្រមាណ ១០០ ម៉ែត្រ ប៉ែកខាងកើតអាងស្តុកទឹក។ គួរចាប់អារម្មណ៍ ប្រាសាទនេះស្ថិតនៅស្របអ័ក្សគ្នាជាមួយប្រាសាទព្រះខ័ន (នៅខាងលិច) ប្រាសាទនាគព័ន្ធ (នៅកណ្តាល) ហើយប្រាសាទតាសោម (នៅខាងកើត)។ អ្នកស្រាវជ្រាវស្គាល់ជាទូទៅថា ប្រាសាទតាសោម ជាសំណង់ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន និងមានលក្ខណៈទូទៅស្រដៀងសំណង់ប្រាសាទផ្សេងទៀតក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (ចុងស.វ.ទី១២ – ដើមស.វ.ទី១៣)។ តើប្រាសាទតាសោម មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
ប្រាសាទតាសោម មានប្រាង្គកណ្តាលសង់អំពីថ្មភក់ មានរាងជាកាកបាទ ឬជើងក្អែក បើកចំហទ្វារទៅទិសទាំងបួន ដោយមានថែវលយចេញមកក្រៅយ៉ាងខ្លាំង។ ផ្អែកលើការរៀបចំកំពែង ទិសដៅសំខាន់ គឺបែរទៅរកទិសខាងកើត។ ផ្នែកខាងក្រៅនៃដំបូលប្រាង្គកណ្តាល រៀបចំឡើងជាថ្នាក់ៗចំនួន ៤ ថ្នាក់ ប៉ុន្តែកំពូលខាងលើបង្អស់បានបាក់ស្រុតចុះ។ ប្រាសាទនេះ មានកំពែងហ៊ុមព័ទ្ធជុំវិញចំនួន ៣ ជាន់។ កំពែងជាន់ទី១ (ខាងក្នុងបង្អស់) មានប្រវែងពីកើតទៅលិច ៣៤ ម៉ែត្រ និងប្រវែងពីជើងទៅត្បូង ២៣ម៉ែត្រ។ កំពែងជាន់ទី២ មានកម្ពស់ប្រហែល ២,៥០ម៉ែត្រ ដោយមានប្រវែងពីកើតទៅលិច ៨៥ ម៉ែត្រ និងប្រវែងពីជើងទៅត្បូង ៦៦ ម៉ែត្រ។ ចំណែកកំពែងជាន់ទី៣ (កំពែងខាងក្រៅបង្អស់) មានកម្ពស់ប្រហែល ៣ ម៉ែត្រ ដោយមានប្រវែងពីកើតទៅលិច ២៣៥ ម៉ែត្រ និងប្រវែងពីជើងទៅត្បូង ២០៨ ម៉ែត្រ។
គួរឱ្យចាប់អារម្មណ៍អំពីតួនាទី និងប្រវត្តិផ្សេងៗរបស់ប្រាសាទតាសោមនេះ គេអាចដឹងបានខ្លះៗតាមរយៈសិលាចារឹកប្រាសាទព្រះខ័ន ដែលសិលាចារឹកនេះធ្លាប់បានសិក្សាដោយលោក George Coèdes និងលោក Maxwell M.S.។ ចំណុចនេះ គឺពណ៌នានៅក្នុងគាថាទី៤១ និងទី៤២ រៀបរាប់ឱ្យដឹងអំពីទេវរូបចំនួន ៥២ អង្គបន្ថែមទៀត នៅជុំវិញបរិវេណប្រាសាទព្រះខ័ន។ ក្នុងនោះ នៅគាថាទី៤១ និង៤២ មានសេចក្តីប្រែយ៉ាងដូច្នេះថា៖
(គាថាទី៤១)៖ “ទេវរូបចំនួន ១៤ អង្គ តម្កល់នៅលើកោះរាជ្យស្រី រួមជាមួយព្រះសិវលិង្គមួយពាន់ និងទេវរូបចំនួន ១៦ អង្គរៀងៗខ្លួន តម្កល់នៅឯអាងស្តុកទឹកទាំងពីរ ព្រមជាមួយវត្ត/អាស្រមយោគីន្រ្ទវិហារ”។
(គាថាទី៤២)៖ “និងទេវរូបចំនួន ២២ អង្គ នៅក្នុងបន្ទប់ទីសក្ការបូជា (ចៃត្យ) នៃ [ផ្ទះ] ត្បូងរតនៈរបស់ដំរីសពិសិដ្ឋ និងនៅក្នុងបណ្តាប្រាង្គវលភិស នៅលើច្រាំងនៃអាងស្តុកទឹកជយតដាក”។
នៅត្រង់គាថាខាងលើបានបង្ហាញអំពីឈ្មោះទីតាំងដ៏សំខាន់ ២ កន្លែង ពោល គឺកោះ “រាជ្យស្រី” និង វត្តឬអាស្រមឈ្មោះ “យោគីន្រ្ទវិហារ”។ លោក George Coedès និងអ្នកស្រាវជ្រាវដទៃទៀតយល់ស្របគ្នាថា កោះរាជ្យស្រី គឺជា “ប្រាសាទនាគព័ន្ធ” ដែលស្ថិតនៅចំកណ្តាលអាងស្តុកទឹកជយតដាក។ ដោយឡែក វត្តឬអាស្រមឈ្មោះ ”យោគីន្រ្ទវិហារ” (ប្រែថា៖ ព្រះជាម្ចាស់នៃពួកយោគី គឺព្រះពុទ្ធ) លោក Thomas S. Maxwell យល់ថាទំនងជាឈ្មោះដើមរបស់ប្រាសាទតាសោម ដែលស្ថិតនៅទិសខាងកើត ជាប់មាត់អាងស្តុកទឹកជយតដាក និងស្របអ័ក្សគ្នាជាមួយប្រាសាទនាគព័ន្ធ ចម្ងាយពីគ្នាប្រមាណជិត ២គីឡូម៉ែត្រប៉ុណ្ណោះ។ ការយល់ដូច្នេះ ដោយសារតែយោងទៅតាមខ្លឹមសារសិលាចារឹកព្រះខ័ន គឺរៀបរាប់អំពីសំណង់ដេញពីខាងក្នុងបរិវេណកំពែង ឆ្ពោះទៅខាងក្រៅផ្នែកខាងកើត។ ម្ល៉ោះហើយ បន្ទាប់ពីកោះរាជ្យស្រី (ត្រូវនឹងប្រាសាទនាគព័ន្ធ) មក “យោគីន្រ្ទវិហារ” គឺជាប្រាសាទតាសោមនេះឯង។ គំនិតនេះ វាស្របទៅនឹងនៅប្រាសាទតាសោមមានអាងស្តុកទឹកពីរនៅខាងមុខស្រាប់ផង។
លោក Thomas S. Maxwell យល់ថា ក្នុងចំណោមទេវរូបទាំងអស់ដែលតម្កល់នៅប្រាសាទតាសោម (យោគីន្រ្ទវិហារ) អាទិទេពដែលធំជាងគេប្រាកដជា ព្រះពុទ្ធប្រក់នាគក្នុងទម្រង់សមាធិ ដែលគេតម្កល់នៅប្រាង្គកណ្តាល បែរមុខទៅទិសខាងកើត។ ការដែលលោកយល់ដូច្នេះ ដោយសារតែការកំណាយនៅក្នុងខែសីហា ឆ្នាំ២០០១ ដោយអង្គការមូលនិធិប្រាសាទពិភពលោក(WMF) នៅឯប្រាង្គកណ្តាល គេធ្លាប់បានរកឃើញព្រះពុទ្ធរូបប្រក់នាគមួយអង្គ ហើយនៅលើខ្នងព្រះពុទ្ធអង្គនោះ មានឆ្លាក់រង្វង់រាសីចក្រទៀតផង។ ប៉ុន្តែ គួរឱ្យចាប់អារម្មណ៍នោះ នៅសម័យក្រោយមកទៀត គេបានយក “សិវលិង្គ” មកតម្កល់នៅលើជើងទម្រជំនួសព្រះពុទ្ធប្រក់នាគវិញ ក្នុងពេលដែលព្រះរាជាបន្ទាប់ប្តូរសាសនាទៅកាន់ព្រហ្មញ្ញសាសនាវិញ (ព្រះបាទជយវរ្ម័នទី៨) ហើយបង្កឱ្យការប្រតិកម្មចំពោះរូបប្រតិមាព្រះពុទ្ធសាសនា ទើបបានជាព្រះពុទ្ធប្រក់នាគត្រូវគេកប់ទៅក្រោមដីក្បែរព្រះសិវលិង្គដូច្នេះ។
បន្ថែមពីលើសិលាចារឹកប្រាសាទព្រះខ័នដូចបានរៀបរាប់ខាងលើ យោងទៅតាមសិលាចារឹកប្រាសាទតាសោម នៅមេទ្វារខាងជើងនៃប្រាង្គកណ្តាល (K.460) គឺមានអក្សរចារឹកចំនួន ២ បន្ទាត់ ដែលរៀបរាប់អំពីព្រះនាមទេពស្រីមួយអង្គថា “កម្រតេង ជគត ស្រីន្រ្ទេស្វរី” ពោល ជារូបតំណាងឱ្យ “កម្រតេងអញ ស្រីន្រ្ទលក្ស្មី”។ តាមរយៈសិលាចារឹកនេះ អាចឱ្យគេដឹងថា ស្រ្តីម្នាក់នេះជាអ្នកស្ថិតនៅក្នុងវង្សត្រកូលខ្ពង់ខ្ពស់ ឬអាចជាខ្សែរាជវង្សថែមទៀតផង ទើបបានជាគេប្រតិស្ឋានរូបប្រតិមាតម្កល់នៅក្នុងប្រាង្គកណ្តាលប្រាសាទតាសោមដូច្នេះ។ ក្រៅអំពីសិលាចារឹកនេះ នៅប្រាសាទតាសោមមានសិលាចារឹកចំនួន ៤ ផ្សេងទៀត ដែលចារឹកនៅលើខ្លោងទ្វារ (គោបុរ) ទាំងបួននៃកំពែងទី១។ ក្នុងនោះ ខ្លោងទ្វារខាងកើតចារឹកអំពីទេពដែលមានព្រះនាមថា “កម្រតេង ជគត ស្រីត្រិភុវនទេវ” ប្រែថា “ព្រះនៃត្រៃភព” ដែលប្រហែលជាតំណាងឱ្យព្រះវររាជបិតារបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រោះតែទេវរូបនេះត្រូវបានគេដឹងថា បានប្រតិស្ឋានឡើងនៅប្រាសាទព្រះខ័ន, នៅតាមសំណង់ហោចំនួនបួនខុសៗគ្នាក្នុងទម្រង់ជាទេពប្រចាំទិសនៅក្នុងប្រាសាទបាយ័ន និងមាននៅប្រាសាទបន្ទាយឆ្មារថែមទៀតផង។ រីឯនៅខ្លោងទ្វារខាងត្បូងវិញ គេប្រតិស្ឋានទេពមានព្រះនាមថា “កម្រតេង ជគត ស្រីវ្ឫទ្ធេស្វរ” ប្រែថា “ព្រះចាស់បុរាណ” ដែលត្រូវបានគេស្គាល់ជាភាសាខ្មែរថា “កម្រតេង អញ ត អាចស” នៅក្នុងសិលាចារឹកខ្មែរនាស.វ.ទី៧។ ចំណែក ខ្លោងទ្វារខាងលិច មានចារឹកអក្សរចំនួន ៣ បន្ទាត់ ដោយរំលេចអំពីព្រះនាមទេពថា “កម្រតេង ជគត ធម៌្មសេនាបតីន្រ្ទ” តំណាងឱ្យដួងព្រលឹងនៃបណ្ឌិតម្នាក់ ដែលឈ្មោះរបស់គាត់មានរំលេចនៅប្រាសាទបន្ទាយក្តីដូចគ្នា ពោល គឺជាអ្នកបានកសាងរូបប្រតិមាសម្រាប់មាតាបិតា និងគ្រូរបស់ខ្លួននៅក្នុងប្រាសាទបន្ទាយក្តី។ ចំណែក ខ្លោងទ្វារខាងជើង ចារឹកព្រះនាមទេពថា “កម្រតេង ជគត ស្រីសុគតរាជ” (ពាក្យ “សុគត” ជាព្រះគោរម្យងារមួយរបស់ព្រះពុទ្ធ)។ ក្រៅអំពីនេះទៅទៀត មានអក្សរចារឹកបញ្ជាក់អំពីមរណនាមបុរសម្នាក់ទៀតដែលឈ្មោះរបស់គាត់ត្រូវបានរលុបមើលមិនច្បាស់ តែត្រូវបានគេតំណាងដោយទេពមួយអង្គមានព្រះនាមថា “កម្រតេង ជគត ស្រីនរេន្រ្ទទេវ” ហើយរូបប្រតិមារបស់គាត់ គេតម្កល់ទុកនៅក្នុងហោត្រៃខាងជើង។ ហេតុដូច្នេះ ក្នុងចំណោមទេពទាំង ១៦ អង្គនៅប្រាសាទតាសោម (យោគីន្រ្ទវិហារ) ដែលបានរៀបរាប់នៅក្នុងគាថាទី៤១ នៃសិលាចារឹកព្រះខ័ន គេស្គាល់ព្រះនាមទេពយ៉ាងតិច ៧ អង្គ (រាប់ទាំងព្រះពុទ្ធយោគីន្រ្ទនៅប្រាង្គកណ្តាល)។ សរុបរួមជាមួយនឹងទេវរូបចំនួន ៣២ អង្គនៅឯស្រះទឹកខាងកើតទាំងពីររបស់ប្រាសាទតាសោម គឺគេដឹងថានៅប្រាសាទតាសោមទាំងមូល មានព្រះទេវរូបតម្កល់សរុបចំនួន ៤៨ អង្គ។ យោងទៅតាមឈ្មោះដើមរបស់ប្រាសាទ និងព័ត៌មានដែលបានរៀបរាប់ក្នុងសិលាចារឹក នាំឱ្យគេសន្និដ្ឋានថា ប្រាសាទតាសោម គឺជាសំណង់សាសនារណបមួយរបស់ព្រះបាទជ័យវរ្ម័នទី៧ ចំណុះឱ្យសំណង់ដ៏សំខាន់របស់ទ្រង់ គឺ “ប្រាសាទព្រះខ័ន” (មានឈ្មោះដើមថា “ជយស្រី”) ដែលជាប្រាសាទដ៏ធំសម្បើម សង់ឡើងដើម្បីឧទ្ទិសដល់ព្រះវររាជបិតារបស់ទ្រង់ ក្រោមព្រះនាមទេពថា “ជយវរ្មេស្វរ” ក្នុងទម្រង់ជាព្រះពោធិសត្វអវលោកិតេស្វរ (លោកេស្វរ)។
ចម្លាក់ភាគច្រើននៅជាប់នឹងជញ្ជាំងប្រាសាទតាសោម គឺជារូបអប្សរា និងក្បាច់ភ្ញីវល្លិ៍។ រីឯ ចម្លាក់ទេវកថាព្រះពុទ្ធសាសនា គឺជាទូទៅបង្ហាញនៅលើហោជាង តែហោជាងដែលមានចម្លាក់មួយចំនួនបានជ្រុះធ្លាក់មកដល់ដី ហើយខ្លះបានផ្គុំថ្មជាថ្មីឡើងវិញដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា។ មិនខុសពីប្រាសាទផ្សេងទៀតនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ដែរ ហោជាងភាគច្រើន បង្ហាញអំពីសាច់រឿងព្រះពោធិសត្វអវលោកិតេស្វរ។ ឧទាហរណ៍ ហោជាងមួយនៅច្រកខាងលិច បង្ហាញអំពីព្រះពោធិសត្វលោកេស្វរកំពុងទទួលបានការគោរពបូជាពីពួកអសុរថ្នាក់ក្សត្រចំនួន ២ អង្គ ហើយនៅខាងក្រោមអសុរទាំងពីរនោះ មានពួកអសុរជាច្រើនទៀតកំពុងលើកដៃប្រណម្យគោរពបន់ស្រន់ដល់ព្រះពោធិសត្វដូចគ្នា។ គួរឱ្យកត់សម្គាល់ ចាប់តាំងពីសម័យអាណានិគមបារាំងមក ប្រតិមាដែលរកឃើញនៅប្រាសាទតាសោមមានចំនួនតិចតួចណាស់។ នៅសម័យបារាំង គេបានរកឃើញត្រឹមតែប្រតិមាទេពស្រីមួយអង្គ និងព្រះសិរព្រះពុទ្ធរូបមួយអង្គប៉ុណ្ណោះ។ ប្រតិមាទេពស្រីនេះ បានបាត់ព្រះសិរទៅហើយ តែទម្រង់ដងខ្លួន និងសំពត់មានលក្ខណៈជាសិល្បៈរចនាបថបាយ័ន នាចុងស.វ.ទី១២ ឬដើមស.វ.ទី១៣។ ទេពស្រីមួយអង្គនេះ ប្រហែលជារូបតំណាងនៃទេពណាមួយក្នុងទម្រង់ជាព្រះពោធិសត្វប្រាជ្ញាបារមី ហើយក៏អាចជារូបតំណាងនៃ “កម្រតេង ជគត ស្រីន្រ្ទេស្វរី” ដូចដែលមានរំលេចនៅក្នុងសិលាចារឹកប្រាង្គកណ្តាល (K.460) ក៏អាចថាបាន។ មកដល់សម័យក្រោយនេះ គេបានរកឃើញបំណែកព្រះពុទ្ធរូបប្រក់នាគដូចបានរៀបរាប់ខាងលើ និងព្រះភ្នែនទេវរូបមួយ (បាក់បែកមួយកំណាត់ខាងលើ)។
ជារួមមក ប្រាសាទតាសោម ទំនងមានឈ្មោះដើមថា “យោគីន្រ្ទវិហារ” ដែលជាសំណង់រណបមួយនៃប្រាសាទព្រះខ័ន កសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វ.ទី១២ ឬដើមស.វ.ទី១៣។ តាមរយៈការសិក្សាទៅលើរចនាសម្ព័ន្ធប្លង់ កំពែងទាំងបីជាន់ រួមជាមួយនឹងវត្តមានកសិន្ធុទឹក និងសំណង់នានា បានបង្ហាញពីការរៀបចំដែនដីសក្ការៈស្របទៅតាមនិមិត្តរូបនៃលោកធាតុវិទ្យាយ៉ាងពិតប្រាកដ។ ការរកឃើញរូបប្រតិមាព្រះពុទ្ធប្រក់នាគ និងបំណែកចម្លាក់ទេពស្រី (ប្រាជ្ញាបារមី) រួមទាំងចម្លាក់រឿងរ៉ាវព្រះពោធិសត្វអវលោកិតេស្វរនៅលើហោជាង ពិតជាបានគូសបញ្ជាក់កាន់តែច្បាស់អំពីតួនាទីខាងជំនឿសាសនា និងកិច្ចបូជាចំពោះបុព្វការីជន ឬបុគ្គលជាន់ខ្ពស់នាសម័យនោះ។ គួរចាប់អារម្មណ៍ នៅសម័យក្រោយរាជ្យព្រះបាទជ័យវរ្ម័នទី៧ ពោល គឺក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៨ ប្រាសាទនេះក៏មិនខុសពីប្រាសាទផ្សេងទៀតនៅក្នុងតំបន់អង្គរដែរ គឺមានការដាប់បំផ្លាញចម្លាក់ព្រះពុទ្ធសាសនាមហាយានដោយចេតនា និងការជំនួសមកវិញនូវព្រះសិវលិង្គនៅប្រាង្គកណ្តាលជាដើម។














———-
This paper examines the historical, architectural, and epigraphic significance of Prasat Ta Som, a late 12th to early 13th-century Mahayana Buddhist temple constructed during the reign of King Jayavarman VII. Situated east of the Jayatataka baray, the site is aligned along a central axis with Preah Khan and Neak Pean, functioning as a satellite temple to Preah Khan. Cross-referencing epigraphic evidence from the Preah Khan stele (K.908) with inscriptions found on-site, including the central sanctuary doorframe (K.460) and four outer gopuras, the study identifies Ta Som’s original name as Yogīndravihāra. These epigraphs detail the ritual consecration of statues dedicated to noble personages, ancestors, and Buddhist deities. Architectural analysis highlights a concentric layout comprising three enclosures, a cruciform sandstone central sanctuary, and pediments dominated by Avalokiteśvara narratives, conforming to sacred Khmer cosmological principles. Furthermore, archaeological finds, such as a subterranean Nāga-sheltered Buddha excavated by the World Monuments Fund, alongside later iconoclasm and Shiva linga substitutions, demonstrate the temple’s transition during the post-Jayavarman VII Hindu reaction under Jayavarman VIII.





