ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទបន្ទាយប្រិយ

ប្រាសាទបន្ទាយប្រិយ

ប្រាសាទបន្ទាយប្រិយ មានទីតាំងស្ថិតនៅក្នុងបរិវេណតំបន់ឧទ្យានអង្គរ ចម្ងាយប្រមាណ ៣០០ ម៉ែត្រ ប៉ែកពាយព្យអាងស្តុកទឹកនៃប្រាសាទព្រះខ័ន (វាលរាជដាក ឬជយតដាក) និងស្ថិតនៅចម្ងាយប្រមាណ ៧៥០ ម៉ែត្រ ប៉ែកឦសានប្រាសាទព្រះខ័ន ហើយស្ទើរតែស្របអ័ក្សគ្នាប៉ែកខាងជើងជាមួយប្រាសាទប្រិយ (ងាកមុំទៅទិសពាយព្យបន្តិច)។ អ្នកស្រាវជ្រាវស្គាល់ជាទូទៅថា ប្រាសាទបន្ទាយប្រិយ ជាសំណង់ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន និងមានលក្ខណៈទូទៅស្រដៀងសំណង់ប្រាសាទផ្សេងទៀតក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (ចុងស.វ.ទី១២ – ដើមស.វ.ទី១៣)។ តើប្រាសាទបន្ទាយប្រិយ មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?

ពាក្យថា “ប្រិយ” គឺជាសំណេរក្នុងភាសាសំស្រ្កឹត មានន័យជាគុណនាមថា “ដែលគួរឱ្យស្រឡាញ់”“ដែលជាទីស្រឡាញ់”។ ប៉ុន្តែ សូរនេះគឺស្រដៀងពាក្យក្នុងភាសាខ្មែរមួយថា “ប្រី” ដែលវចនានុក្រមខ្មែរបានពន្យល់ថា ជាឈ្មោះស្មៅទឹកពួកកក់មួយប្រភេទប្រើប្រាស់សម្រាប់ក្រងប្រក់ផ្ទះ ឬគាបធ្វើជាជញ្ជាំងផ្ទះ។ ឈ្មោះ “ប្រី” ដែលមានន័យជារុក្ខជាតិស្មៅទឹកបែបនេះ គឺត្រូវបានស្នើដោយលោក Lunet de Lajonquière កាលពីឆ្នាំ១៩១១។ បើមិនដូច្នេះទេ សូរថា “ប្រិយ” ដែលអ្នកស្រុកហៅនេះ អាចសំដៅន័យម្យ៉ាងទៀតដែលគេស្គាល់ថា “ព្រៃ” មានន័យថា “ទីដែលរុក្ខជាតិដុះដេរដាសទ្រុបទ្រុល”។ ម្ល៉ោះហើយ គេមិនដឹងច្បាស់ថាឈ្មោះដែលស្រុកហៅខាងចុងថា “ប្រិយ” នេះមានន័យយ៉ាងណាឱ្យប្រាកដនោះទេ។ ទោះបីជាយ៉ាងណា ប្រសិនយើងពិចារណាឈ្មោះពេញថា “បន្ទាយប្រិយ” ជាភាសាសំស្រ្កឹត វានឹងមានន័យថា “ទីដែលមានកំពែងហ៊ុមព័ទ្ធជុំវិញដ៏គួរឱ្យស្រឡាញ់”។ ក្នុងករណីនេះ យើងអាចត្រឡប់ទៅមើលរបាយការណ៍របស់អ្នកអភិរក្សប្រាសាទក្នុងតំបន់អង្គរ ជនជាតិបារាំងឈ្មោះថា Henri Marchal នៅក្នុងទសវត្សរ៍១៩៣០វិញ គឺលោករៀបរាប់ និងពន្យល់ពីភាពខុសគ្នារវាងឈ្មោះប្រាសាទ “បន្ទាយប្រិយ” និងប្រាសាទ “ប្រិយ” ដែលស្ថិតនៅកៀកគ្នា។ លោកពន្យល់ថា ប្រាសាទប្រិយ ជាប្រាសាទដែលមានប្រាង្គតែមួយធ្វើអំពីថ្មភក់ រីឯប្រាសាទបន្ទាយប្រិយ គឺគេភ្ជាប់ជាមួយពាក្យ “បន្ទាយ” ដោយសារតែប្រាសាទនេះមានរចនាសម្ព័ន្ធជាបន្ទាយការពារ ឬមានកំពែងថ្មបាយក្រៀមហ៊ុមព័ទ្ធជុំវិញ ថ្វីត្បិតតែវាមានទំហំតូចក៏ដោយ។

ប្រាសាទនេះ មានប្រាង្គកណ្តាលសង់ឡើងអំពីថ្មភក់រាងកាកបាទ ឬជើងក្អែក ដោយមានយ៉លយចេញមកក្រៅ។ លោក Jean Boisselier កត់សម្គាល់ថា យ៉ដែលលយចេញមកក្រៅនៅប្រាសាទបន្ទាយប្រិយ គឺមានទំហំខ្នាតតូចជាងប្រាសាទផ្សេងទៀតនៅក្នុងរចនាបថបាយ័ន ដែលធ្វើឡើងក្នុងទម្រង់បែបសាមញ្ញ និងប្លែកពីប្រាសាទធំៗដទៃទៀតដែលជានិច្ចកាលមានសាលវែង (មណ្ឌប) ធំៗតភ្ជាប់គ្នាញែកដាច់ចេញពីគ្នា។ ក្នុងចំណោមមុខទាំងបួននៃប្រាង្គកណ្តាលនេះ គឺមានតែទិសខាងកើតប៉ុណ្ណោះដែលមានទ្វារចេញចូល រីឯទិសខាងជើង ខាងលិច និងខាងត្បូង លម្អជាទ្វារបញ្ឆោត ដែលបង្កើតបានជាបន្ទប់វិហារតូចៗនៅសងខាង។ ផ្នែកដំបូលមានរាងមូលធ្វើឡើងដោយការតម្រៀបថ្មផ្ទប់គ្នាជាថ្នាក់ៗ។ គួរឱ្យចាប់អារម្មណ៍នោះ មានស្លាកស្នាមដាប់បំផ្លាញចោលនូវរូបចម្លាក់អាទិទេពសំខាន់ៗមួយចំនួននៅទីនេះ ដែលជាភស្តុតាងនៃប្រតិកម្មចំពោះព្រះពុទ្ធសាសនា ក្រោយរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។​

ប្រាសាទនេះ មានកំពែងហ៊ុមព័ទ្ធជុំវិញចំនួន ៣ ជាន់។ កំពែងជាន់ទី១ (កំពែងខាងក្នុងបង្អស់) ជាទម្រង់ថែវថ្មភក់ចំនួន ៤ ហ៊ុមព័ទ្ធជុំវិញទីធ្លាខាងក្នុង ដែលរំលេចជាប្លង់រាងបួនជ្រុងទ្រវែង ប្រវែងពីកើតទៅលិច ៣០ ម៉ែត្រ និងប្រវែងពីជើងទៅត្បូង ២៤ ម៉ែត្រ។ ចំពោះថែវកំពែងខាងក្នុងនេះ មានទទឹងខាងក្នុងប្រហែល ២ ម៉ែត្រ មានដំបូលជារាងកោងដូចដំបូលទូក។ ថែវទាំងនេះចែកជាបន្ទប់ៗ ដែលមានទ្វារចូល និងបង្អួចសម្រាប់ផ្តល់ពន្លឺនៅខាងក្នុង។ នៅតាមទិសទាំងបួននៃថែវកំពែង មានសំណង់ខ្លោងទ្វារ (គោបុរ) រចនាឡើងជាសំណង់មានរាងកាកបាទដែលមានដំបូលកោងដូចដំបូលទូកដូចថែវជាន់ទី១ដែរ ហើយស្ទើរតែមានទម្រង់ស្រដៀងទៅនឹងប្រាង្គកណ្តាល តែមានទំហំតូចជាង។ ចំណែកកំពែងជាន់ទី២ (កំពែងកណ្តាល) ជាជញ្ជាំងធ្វើពីថ្មបាយក្រៀមដែលមានកម្ពស់ ៣ ម៉ែត្រ ដែលមានក្បាច់ទ្រនាប់ខាងលើធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធជុំវិញដីរាងបួនជ្រុងទ្រវែង ដោយមានប្រវែងពីកើតទៅលិច ៧៤ ម៉ែត្រ និងពីជើងទៅត្បូង ៦៤ ម៉ែត្រ។ កំពែងនេះមានខ្លោងទ្វារ (គោបុរ) ធ្វើអំពីថ្មភក់ចំនួន ២ នៅច្រកខាងកើត និងខាងលិច។ ក្នុងបរិវេណកំពែងជាន់ទី២នេះ មានកសិន្ធុទឹកហ៊ុមព័ទ្ធជុំវិញកំពែងថ្មបាយក្រៀម ដែលមានទទឹងប្រវែង ១២ ម៉ែត្រ ព្រមទាំងមានកាំជណ្តើរធ្វើអំពីថ្មបាយក្រៀម។ នៅត្រង់ផ្នែកកណ្តាលខាងកើត និងខាងលិច គេបានធ្វើស្ពានហាលផ្តាច់គូទឹក (កសិន្ធុ) នេះ ដោយផ្លូវខាងកើតមានបង្កាន់ដៃខ្លួននាគមានក្បាលច្រើន ព័ទ្ធជុំវិញរូបសត្វគ្រុឌ (តែសព្វថ្ងៃបានបាក់បែកអស់ហើយ)។ ដោយឡែក កំពែងជាន់ទី៣ (កំពែងខាងក្រៅបង្អស់) ធ្វើអំពីថ្មបាយក្រៀម កម្ពស់ប្រហែល ៣ ម៉ែត្រ មានទំហំធំជាងកំពែងជាន់ទី២ ពោល គឺមានប្រវែងពីកើតទៅលិច ១៨០ ម៉ែត្រ និងប្រវែងពីជើងទៅត្បូង ១៤៤ ម៉ែត្រ។ កំពែងខាងក្រៅនេះ ក៏មានខ្លោងទ្វារចូលពីរនៅខាងកើតនិងខាងលិចដូចគ្នាដែរ តែបានបាក់បែកអស់ហើយ។ លោក Lunet de Lajonquière រៀបរាប់ថា ថ្មជញ្ជាំងកំពែងនេះភាគច្រើនត្រូវបានគេរុះរើយកទៅសាងសង់បន្ទាយការពារក្រុងសៀមរាប ​នាសម័យក្រោយមក។

គួរឱ្យចាប់អារម្មណ៍អំពីតួនាទី និងប្រវត្តិផ្សេងៗរបស់ប្រាសាទបន្ទាយប្រិយនេះ គេអាចដឹងបានខ្លះៗតាមរយៈសិលាចារឹកដែលបានរកឃើញនៅទីតាំងផ្ទាល់ផង (លេខបញ្ជី K.526)​ និងតាមរយៈថ្មគោលចារឹករកឃើញនៅប្រាសាទព្រះខ័នផង (លេខបញ្ជី K.908)។​ តាមរយៈសិលាចារឹកប្រាសាទប្រិយ ដែលរកឃើញនៅលើមេទ្វារថែវជ្រុងឦសាន នាំឱ្យគេស្គាល់នាមអ្នកស្ថាបនាព្រះទេវរូប និងព្រះនាមព្រះទេវរូបដែលតម្កល់នៅក្នុងប្រាសាទបន្ទាយប្រិយចំនួន ៣ អង្គ។ ក្នុងនោះ អ្នកស្ថាបនាមាននាមថា “វ្រះ អំតេង រាជសីល្បិ”។ រីឯព្រះនាមទេវរូបទាំងបី រួមមាន ទី១ជាទេពប្រុសព្រះនាម “កម្រតេង ជគត ស្រីរាជសិល្បីន្ទ្រេស្វរ”, ទី២ ក៏ជាទេពប្រុសដូចគ្នាមានព្រះនាម “កម្រតេង ជគត ស្រីចន្រ្ទេស្វរ” និងទី៣ ជាទេពស្រីមានព្រះនាម “កម្រតេង ជគត ស្រីចាន្តីស្វរី” (សូមមើល George Coèdes 1951:116)។ ព្រះនាមទេពទាំងនេះ ប្រហែលជាសាច់ញាតិរបស់អ្នកស្ថាបនា ដោយធ្វើរូបប្រតិមាតំណាង ក្នុងរូបភាពជាទេពណាមួយនៃព្រះពុទ្ធសាសនាមហាយាន ដើម្បីផ្សារភ្ជាប់ឱ្យញាតិសន្តានរបស់លោក បានក្លាយទៅជាព្រះនៅឯស្ថានសួគ៌។

ចំណែកឯ សិលាចារឹកប្រាសាទព្រះខ័ន គាថាទី៤២ មានខ្លឹមសារដើមជាភាសាសំស្រ្កឹតទាំងស្រុងយ៉ាងដូច្នេះថា៖

                             គៅរឝ្រីគជរត្នស្យ              ចៃត្យេចវលភីឞុច

                             តីរេជយតដាកកស្យ          វំឝតិរទ្វេចទេវតាះ   

(ប្រែថា)“និងទេវរូបចំនួន២២អង្គ នៅក្នុងបន្ទប់ទីសក្ការបូជា (ចៃត្យ) នៃ [ផ្ទះ] ត្បូងរតនៈរបស់ដំរីសពិសិដ្ឋ និងនៅក្នុងបណ្តាប្រាង្គវលភិស នៅលើច្រាំងនៃអាងស្តុកទឹកជយតដាក”

ខ្លឹមសារគាថាខាងលើនេះ គឺបង្ហាញថា ក្រៅអំពីប្រាសាទគៅរស្រីគជ(ប្រាសាទក្រោលគោ គឺមានព្រះប្រតិមាទេវរូបសរុបចំនួន ២២ អង្គ គឺបានតម្កល់នៅប្រាសាទផ្សេងទៀតដែលមិនបានរៀបរាប់ឈ្មោះ ពោល គឺគេគ្រាន់តែប្រើពាក្យថា​ “វលភីប្រាសាទ” (ទីសក្ការៈមានកំពូលស្រួច) ហើយបានបញ្ជាក់ថាប្រាសាទទាំងនោះស្ថិតនៅជុំវិញអាងស្តុកទឹកជយតដាក។ វលភីប្រាសាទ គឺចង់សំដៅទៅលើប្រភេទសំណង់ប្រាសាទទោលដែលមានរាងបួនជ្រុងទ្រវែង និងមានដំបូលរាងកោងវែង មានសណ្ឋានដូចដំបូលទូកផ្កាប់ និងច្រើនតែតុបតែងរូប “កលស” (ក្អមទឹក) នៅកំពូលចុងខាងលើ  បង្អស់។ ពាក្យ “វលភី” ជាពាក្យបច្ចេកទេសដែលគេប្រើនៅក្នុងស្ថាបត្យកម្មឥណ្ឌាខាងជើង (រចនាបថនគរ)។ “វលភិប្រាសាទ” ដែលសិលាចារឹកព្រះខ័នបានរៀបរាប់ គឺប្រើពាក្យថា “វលភីសុ” ដែលតាមវេយ្យាករណ៍នៃភាសាសំស្រ្កឹតស្ថិតនៅក្នុងទម្រង់ជា “ពហុវចនៈលក្ខនវិភត្តិ” ពោល គឺចង់សំដៅថាប្រាសាទនោះមាន ៣ ឬច្រើនជាងនេះ។ ក្នុងនោះ បើគេគិតអំពីប្រាសាទដែលស្ថិតនៅជិតអាងស្តុកទឹកជយតដាក ឬវាលរាជដាក បើសិនជារាប់ពីទិសខាងលិចទៅទិសខាងកើត ដោយដកប្រាសាទក្រោលគោមួយ គឺមានប្រាសាទប្រិយ ប្រាសាទបន្ទាយប្រិយ រីឯនៅទិសពាយព្យមានប្រាសាទតាសោម ដែលគេស្គាល់ឈ្មោះដើមថា “យោគិន្រ្ទវិហារ” (តាមគាថាទី៤១ នៃសិលាចារឹកព្រះខ័ន)។ ម្ល៉ោះហើយ អ្នកស្រាវជ្រាវមួយចំនួន ជាក់ស្តែងដូចជា លោក Maxwell យល់ថា ព្រះទេវរូបចំនួន ២២ អង្គនោះ ប្រហែលមានមួយចំនួនត្រូវបានព្រះបាទស្រីជ័យវរ្ម័នទី៧ សព្វព្រះរាជហឫទ័យតម្កល់នៅប្រាសាទបន្ទាយប្រិយ ព្រោះប្រាសាទនេះមានទម្រង់ជាប្រាសាទបែបវលភី (មានរាងបួនជ្រុង និងកំពូលស្រួច)។ តាមន័យនេះ នាំឱ្យយើងអាចសន្និដ្ឋានថាប្រាសាទប្រិយ ប្រហែលជាសំណង់រណបដ៏សំខាន់មួយរបស់ប្រាសាទព្រះខ័ន (ជយស្រី) ដែលគេស្គាល់ថាជាប្រាសាទឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះបាទស្រីជ័យវរ្ម័នទី៧។ ម្ល៉ោះហើយ យើងអាចត្រឹមដឹងថា ប្រាសាទបន្ទាយប្រិយ ជាសំណង់រណបមួយរបស់ប្រាសាទព្រះខ័ន ដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ហើយតួនាទីលម្អិតទៀតយ៉ាងណានោះ គឺមិនបានបញ្ជាក់ឱ្យដឹងតាមរយៈសិលាចារឹកណាមួយនោះឡើយ។

ចម្លាក់ភាគច្រើននៅជាប់នឹងជញ្ជាំងប្រាសាទបន្ទាយប្រិយ គឺជារូបអប្សរា និងក្បាច់ភ្ញីវល្លិ៍។ ក្រៅអំពីនេះ មានចម្លាក់ព្រះពុទ្ធអង្គសមាធិមួយចំនួននៅលើជញ្ជាំង និងផ្តែរទ្វារ។ ប៉ុន្តែ គួរឱ្យចាប់អារម្មណ៍ ចម្លាក់ព្រះពុទ្ធមួយចំនួន ត្រូវបានគេដាប់កម្ទេចចោលនៅក្រោយរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ក្នុងនោះ មានហោជាងមួយនៅកំពែងជាន់ទី២ និងបានតម្រៀបថ្មលើកឡើងវិញដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា គឺបានបង្ហាញអំពីចម្លាក់ព្រះពុទ្ធអង្គ ឬព្រះពោធិសត្វ អមដោយអ្នកគោរពបូជាចំនួន ២ នាក់ ហើយនៅផ្នែកខាងលើមានចម្លាក់ស្រីសួគ៌ និងជាន់ក្រោមបង្អស់មានអ្នកគោរពបូជាចំនួន ៩ នាក់ទៀត។ ដោយឡែក ទោះបីអត្ថបទសិលាចារឹកបន្ទាយប្រិយ និងព្រះខ័ន បញ្ជាក់ឱ្យឃើញថា ទីនេះទំនងមានទេវរូបជាច្រើនតម្កល់នៅក្នុងប្រាសាទក៏ដោយ តាមភស្តុតាងបុរាណវិទ្យា គេមិនទាន់រកឃើញប្រតិមាណាមួយនៅប្រាសាទនេះទេ។ ពោល គឺមានតែរូបក្បាលទ្វារបាលមួយប៉ុណ្ណោះដែលបានរកឃើញកាលពីជំនាន់បារាំង។ ករណីនេះ តើអាចមកពីការប្រតិកម្មចំពោះព្រះពុទ្ធសាសនានៅក្រោយរាជ្យព្រះបាទជ័យវរ្ម័នទី៧ដែរឬទេ (រាជ្យព្រះបាទជ័យវរ្ម័នទី៨)? ដ្បិត ករណីនៃការវាយបំផ្លាញ និងកប់ព្រះពុទ្ធចោលជាច្រើនអង្គនៅក្នុងរណ្តៅ ក្នុងបរិវេណប្រាសាទបន្ទាយក្តី អាចជាមូលហេតុមួយដែលអ្នកជំនាញរកមិនឃើញប្រតិមាណាមួយ ទោះបីភស្តុតាងសិលាចារឹកបានប្រាប់ឱ្យដឹងថាមានក៏ដោយ។

សរុបជារួមមក ប្រាសាទបន្ទាយប្រិយ ជាប្រភេទសំណង់បែប “វលភីប្រាសាទ” ទំនងដើរតួនាទីជាសំណង់រណបដ៏សំខាន់មួយរបស់ប្រាសាទព្រះខ័ន (ជយស្រី)។ ទោះបីជាសព្វថ្ងៃ ភស្តុតាងខាងបុរាណវិទ្យាមិនទាន់បានរកឃើញរូបប្រតិមាណាមួយនៅសេសសល់ ក្រៅពីព្រះសិរទ្វារបាលក៏ដោយ ប៉ុន្តែ ភស្តុតាងសិលាចារឹកទាំងនៅប្រាសាទបន្ទាយប្រិយផ្ទាល់ (K.526) និងសិលាចារឹកប្រាសាទព្រះខ័ន (K.908) បានផ្តល់តម្រុយយ៉ាងសំខាន់អំពីការតម្កល់ព្រះទេវរូប និងតួនាទីសក្ការៈរបស់ប្រាសាទនេះ។ លើសពីនេះទៅទៀត ស្លាកស្នាមនៃការដាប់បំផ្លាញរូបចម្លាក់ព្រះពុទ្ធនៅលើហោជាង ជញ្ជាំង សសរ និងផ្តែរទ្វារ ជាទិន្នន័យប្រវត្តិសាស្ត្រដ៏រស់រវើកដែលបានបង្ហាញខ្លះៗអំពីព្រឹត្តិការណ៍ “ប្រតិកម្មសាសនា” ដ៏ខ្លាំងក្លានៅសម័យក្រោយរាជ្យព្រះបាទជ័យវរ្ម័នទី៧ ពោល គឺក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ ដែលជាពេលខ្មែរបានប្តូរពីព្រះពុទ្ធសាសនាមហាយាន មកគោរពព្រហ្មញ្ញសាសនាឡើងវិញដូចកាលពីមុន។

———–

This paper explores Banteay Prei, a late 12th to early 13th-century Mahayana Buddhist temple situated within the Angkor Archaeological Park, near Preah Khan temple. Built during the reign of King Jayavarman VII, the site showcases the distinct Bayon architectural style, characterised by a central sandstone tower with modest cruciform projections and three concentric enclosures. Historically, epigraphic data from inscriptions K.526 (found on-site) and K.908 (from Preah Khan) suggest that Banteay Prei served as a vital satellite temple to Preah Khan, dedicated to housing numerous sacred images, including those consecrated by a dignitary named Omteng Rajasilpa. Structurally classified as a valabhi type temple owing to its rectangular, vault-roofed galleries, the site presents a stark archaeological paradox: while historical inscriptions record the installation of multiple deities, extensive modern excavations have yielded only a single guardian deity (dvarapala) head. This study argues that the ubiquitous defacement of Buddhist reliefs on the temple’s pediments and lintels, alongside the absence of physical statues, provides vivid material evidence of the intense anti-Buddhist iconoclastic reaction that occurred during the subsequent reign of King Jayavarman VIII, marking the empire’s ideological reversion to Hinduism.

អត្ថបទដោយ៖ លោក ម៉ង់វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,500SubscribersSubscribe
- Advertisement -spot_img