ចាប់ពីរវាងចុងស.វ.ទី៩ មក ព្រះបាទស្រីយសោវរ្ម័នទី១ បានសព្វព្រះរាជហឫទ័យកសាងប្រាសាទនៅលើភ្នំមួយចំនួននៅជុំវិញតំបន់អង្គរ (ស្រីយសោធរបុរ) ឧទាហរណ៍ ប្រាសាទភ្នំបាខែង ប្រាសាទភ្នំបូក និងប្រាសាទភ្នំក្រោម ជាដើម។ ក្រៅអំពីនេះ នៅចម្ងាយត្រឹមតែ ៤,៥ គីឡូម៉ែត្រ ប៉ែកឦសានភ្នំបូក មានភ្នំមួយទៀតដែលអ្នកស្រុកហៅថា “ភ្នំវាក់” ឬ “ភ្នំទេវ” ក៏មានការកសាងប្រាសាទនៅលើភ្នំដូចគ្នាដែរ។ តាមរយៈរចនាសម្ព័ន្ធ និងគ្រឿងលម្អស្ថាបត្យកម្មនៃប្រាសាទភ្នំវាក់ ឬភ្នំទេវ ទំនងមានជាប់ពាក់ព័ន្ធជាមួយរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ដូចគ្នា។ តើប្រាសាទភ្នំវាក់ (ភ្នំទេវ) មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?
ប្រាសាទភ្នំវាក់ ឬហៅខ្លះថា “ភ្នំវ៉ាក” ឬខ្លះទៀតហៅថា “ភ្នំព្រះទេវៈ” មានទីតាំងស្ថិតនៅចង្កេះភ្នំវាក់ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិរវៀងតាទុំ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងមានចម្ងាយប្រមាណ ១៧ គ.ម. ប៉ែកឦសានប្រាសាទបាយ័ន ឬរាជធានីអង្គរធំ។ យោងទៅលើឈ្មោះភ្នំនេះថា “វាក់” ឬ “វ៉ាក” វាអាចត្រូវនឹងពាក្យខ្មែរដែលមានន័យថា “ភ័ន្តច្រឡំ, ចាំស្រពេចស្រពិល (វាក់គំនិត វាក់ស្មារតី វាក់ផ្លូវ)” ពោល គឺអាចសំដៅដល់ភាពភ្ញាក់ផ្អើលចំពោះអ្វីមួយដែលមើលទៅគួរឱ្យអស្ចារ្យ ឬគួរឱ្យចម្លែកនៅលើភ្នំ។ ប៉ុន្តែ បើឈ្មោះនេះក្នុងន័យថា “ទេវ” គឺមានន័យថា “ទេព” (ព្រះ) ពោល គឺសំដៅដល់ប្រតិមាទេវរូបអង្គណាមួយដែលតម្កល់នៅលើភ្នំ។
នៅអំឡុងដែលបារាំងចុះសិក្សាស្រាវជ្រាវអំពីប្រាសាទ ឬបេតិកភណ្ឌខ្មែរ នាចុងស.វ.ទី១៩ និងដើមស.វ.ទី២០ ដោយលោក Étienne Aymonier និងលោក Lunet de Lajonquière គេនៅមិនទាន់ចុះបញ្ជីប្រាសាទនេះនៅឡើយទេ។ ទើបតែមកដល់ឆ្នាំ១៩២៤ ប៉ុណ្ណោះ ដែលលោក Victor Goloubew បានកត់ត្រាខ្លះៗអំពីប្រាសាទនេះ នៅក្នុងព្រឹត្តបត្រសាលាបារាំងចុងបូព៌ាប្រទេស (BEFEO) លេខ ២៤ ដែលមានចំណងជើងថា ‘Mélanges sur le Cambodge ancien’ (ប្រែជាភាសាខ្មែរថា៖ “អត្ថបទស្តីពីកម្ពុជាបុរាណ”)។ រហូតមកដល់ឆ្នាំ១៩៧៣ លោក Jean Boulbert និងលោក Bruno Dagens បានរៀបរាប់ច្រើនគួរសមអំពីប្រាសាទភ្នំវាក់នេះ។ លោក Jean Boulbert និងលោក Bruno Dagens បានរៀបរាប់ថា ប្រាសាទភ្នំវាក់ ជាប្រាង្គឥដ្ឋលាយជាមួយថ្មបាយក្រៀម ដែលសង់នៅលើទួលតូចមួយនៃចង្កេះភ្នំវាក់ (ត្រើយខាងស្តាំនៃស្ទឹងរលួស) បែរមុខទៅទិសខាងលិច និងជញ្ជាំងបីទិសផ្សេងទៀតមានស្នាមរបេះចេញនូវចម្លាក់រូបព្រះពុទ្ធប្រតិមាទ្រង់ឈរខ្នាតធំៗ ដែលមានកម្ពស់ស្មើនឹងប្រាង្គប្រាសាទទាំងមូលតែម្តង។ លោកទាំងពីរបានប្រៀបប្រដូចចម្លាក់ព្រះពុទ្ធទ្រង់ឈរនៅលើជញ្ជាំងប្រាសាទភ្នំវាក់ ជាមួយនឹងប្រាសាទមួយនៅស្រុកសៀមដែលមានចម្លាក់ប្រតិមាព្រះពុទ្ធធ្វើឡើងអំពីកំបោរបាយអ។
លោក Jean Boulbert និងលោក Bruno Dagens គិតថា ចម្លាក់ព្រះពុទ្ធទ្រង់ឈរនៅជាប់នឹងជញ្ជាំងប្រាសាទភ្នំវាក់នេះ មិនមែនឆ្លាក់ដំណាលគ្នាជាមួយប្រាសាទនោះទេ ពោល គឺមានអាយុកាលក្រោយប្រាសាទឆ្ងាយណាស់។ ប៉ុន្តែ លោកទាំងពីរមិនបានសន្និដ្ឋានថា ប្រាសាទនេះសាងសង់ឡើងនៅស.វ.ទីប៉ុន្មាននោះទេ ដោយគ្រាន់តែបញ្ជាក់ថាផ្តែរទ្វារមួយនៅខាងក្នុងប្រាសាទមានអាយុកាលស្ថិតនៅស.វ.ទី១០។ នៅពេលឃើញចម្លាក់ព្រះពុទ្ធទ្រង់ឈរនេះភ្លាម គេនឹងនឹកឃើញភ្លាមទៅដល់ប្រាសាទគុកជើង (ឬហៅថាត្នោតជុំខាងជើង) ដែលមានទីតាំងស្ថិតនៅឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រោះប្រាសាទបុរាណខ្មែរដែលមានចម្លាក់ព្រះពុទ្ធទ្រង់ឈរឆ្លាក់ជាប់នឹងជញ្ជាំងបែបនេះ គឺមានតែពីរប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា ពោល គឺប្រាសាទគុកជើង និងប្រាសាទភ្នំវាក់នេះឯង។ ភាពខុសគ្នាដែលយើងអាចមើលឃើញនោះគឺ ចម្លាក់ព្រះពុទ្ធទ្រង់ឈរនៅប្រាសាទភ្នំវាក់ គេឆ្លាក់នៅជាប់ជញ្ជាំងថ្មបាយក្រៀមលាយជាមួយឥដ្ឋតិចតួច ចំណែឯនៅប្រាសាទគុកជើងគេឆ្លាក់នៅជាប់ជញ្ជាំងប្រាសាទឥដ្ឋ។ នៅប្រាសាទគុកជើង មានចម្លាក់ព្រះពុទ្ធទ្រង់ឈរចំនួន ៥ (ខាងកើត ២ អង្គ (ទំហំតូចៗអមសងខាងច្រកចូល) និងចម្លាក់ ៣ អង្គទៀតមានទំហំធំៗនៅជាប់ជញ្ជាំងខាងលិច ខាងជើង និងខាងត្បូង។ ផ្ទុយពីនៅប្រាសាទភ្នំវាក់នេះ មានចម្លាក់ព្រះពុទ្ធទ្រង់ឈរចំនួន ៣ ប៉ុណ្ណោះ នៅជញ្ជាំងខាងលិច ខាងជើង និងខាងត្បូង។ គួរកត់សម្គាល់ ចម្លាក់ព្រះពុទ្ធអង្គទ្រង់ឈរនៅប្រាសាទគុកជើង គេអាចនៅមើលឃើញកាយវិការព្រះហស្តទាំងខាងស្តាំនិងឆ្វេងរបស់ព្រះពុទ្ធអង្គ ដែលលោកស្រី Madelain Giteau កំណត់ថា ជាកាយវិការ ”អភយមុទ្រ” (កុំខ្លាច, ហាមមិនឱ្យមានគ្រោះថ្នាក់, ការផ្តល់សេចក្តីស្ងប់)។ រីឯ នៅប្រាសាទភ្នំវាក់ដែលយើងកំពុងសិក្សានេះ គឺមានតែព្រះបាទប៉ុណ្ណោះដែលគេអាចនៅមើលឃើញបានច្បាស់ល្អ ហើយក្រៅពីនេះ គឺនៅសល់តែស្លាកស្នាមតែប៉ុណ្ណោះ។ ម្ល៉ោះហើយ គេមិនអាចកំណត់កាយវិការយ៉ាងណានោះឡើយ។ ដោយយោងទៅលើភស្តុតាងសិលាចារឹក និងក្បាច់លម្អនៃចម្លាក់ព្រះពុទ្ធអង្គទ្រង់ឈរនៅប្រាសាទគុកជើង លោក Jean Boisselier និងលោកស្រី Madelain Giteau បានសន្និដ្ឋានថា ចម្លាក់នោះអាចឆ្លាក់បន្ថែមនៅរវាងស.វ.ទី១៤ ដល់ស.វ.ទី១៦ ជាពិសេស ប្រហែលនៅក្នុងរជ្ជកាលព្រះបាទអង្គចន្ទទី១ (គ.ស.១៥១៦ – ១៥៦៦) ដែលជាព្រះមហាក្សត្រលើកតម្កើងព្រះពុទ្ធសាសនាថេរវាទយ៉ាងខ្លាំងក្លានៅសម័យកណ្តាល។ ដោយឡែក ចម្លាក់ព្រះពុទ្ធទ្រង់ឈរនៅប្រាសាទភ្នំវាក់ យើងត្រឹមតែអាចសន្និដ្ឋានថា អាចមានអាយុកាលប្រហាក់ប្រហែលនឹងចម្លាក់នៅប្រាសាទគុកជើងដូចគ្នាដែរ ពោល គឺសម័យក្រោយអង្គរ ឬសម័យកណ្តាល ចាប់ពីរវាងស.វ.ទី១៤ ដល់ទី១៦។
ដើម្បីអាចកំណត់អាយុកាល និងបកស្រាយប្រវត្តិផ្សេងៗអំពីប្រាសាទភ្នំវាក់បាន យើងអាចក្រឡេកមើលទៅលើភស្តុតាងប្រវត្តិសិល្បៈផ្សេងៗ ដែលធ្លាប់បានរកឃើញនៅបរិវេណប្រាសាទ។ ជាដំបូងនេះ យើងអាចក្រឡេកទៅមើលចម្លាក់រងស្បូវធ្វើអំពីថ្មភក់មួយផ្ទាំង ដែលអ្នកស្រាវជ្រាវជនជាតិបារាំងរកឃើញនៅខាងក្នុងប្រាសាទភ្នំវាក់។ ចម្លាក់នេះជាប្រភេទទេពប្រណម្យតូចៗឆ្លាក់តម្រៀបគ្នាជាជួរនៅក្នុងស៊ុមហោជាង អមដោយក្បាច់ភ្ញីទេស។ ចម្លាក់របៀបនេះ មានភាពពេញនិយមខ្លាំងនៅរវាងចុងស.វ.ទី៩ រហូតដល់ស.វ.ទី១០។ ក្រៅអំពីនេះ តាមរយៈរូបថតរបស់លោក Jean Boulbert និងលោក Bruno Dagens បានបង្ហាញថា នៅខាងលើចម្លាក់រងស្បូវនេះ មានប្រតិមាព្រះពុទ្ធរូបសមាធិតូចៗជាច្រើនទៀត ដែលមានទម្រង់ជាសិល្បៈសម័យក្រោយអង្គរ (រវាងស.វ.ទី១៥ – ១៦)។ គួរចាប់អារម្មណ៍នោះ អ្នកស្រាវជ្រាវជនជាតិបារាំងធ្លាប់រកឃើញស្លឹកសីមាធ្វើអំពីថ្មភក់មួយ ដែលមានចម្លាក់ទេពអង្គុយក្នុងកាយវិការមហារាជលីលសន (បញ្ឈរជង្គង់ម្ខាងឡើងលើ និងជើងម្ខាងទៀតដាក់រាបស្មើ) និងព្រះហស្តម្ខាងមានកាន់ដំបង។ បើពិនិត្យទម្រង់ជាទូទៅ រូបនេះអាចជាចម្លាក់ “ព្រះយម” (ទេពនៃសេចក្តីស្លាប់)។ តាមលក្ខណៈសិល្បៈនៃស្លឹកសីមាថ្មភក់នេះ អាចមានអាយុកាលស្ថិតនៅសម័យអង្គរដូចគ្នាដែរ។ កាន់តែគួរឱ្យកត់សម្គាល់បន្ថែមទៀតនោះ គេធ្លាប់រកឃើញប្រតិមាទ្វារបាល (ភេទប្រុស) ចំនួន ១ អង្គ ដែលរចនាឡើងក្នុងទម្រង់ពាក់មកុដខ្ពស់ជារាង “ជដាមកុដ” ហើយលក្ខណៈរបៀបនេះច្រើនលេចឡើងនៅក្នុងរចនាបថបាខែង នារជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ (គ.ស.៨៨៩ – ៩១០)។ ដូចបានរៀបរាប់ខាងលើ នៅពេលបរិយាយអំពីព្រះបាទស្រីយសោវរ្ម័នទី១ គេនឹងនឹកឃើញភ្លាមទៅដល់រាជ្យព្រះអង្គ ដែលទ្រង់តែងសព្វព្រះរាជហឫទ័យក្នុងការកសាងប្រាសាទនៅលើភ្នំជុំវិញតំបន់អង្គរ ដូចជា ភ្នំបាខែង, ភ្នំបូក, ភ្នំក្រោម ។ល។ ម្ល៉ោះហើយ វាអាចទៅរួចដែរថា ប្រាសាទភ្នំវាក់ កសាងឡើងនៅក្នុងរាជ្យរបស់ទ្រង់ បើទោះបីប្រាសាទនេះមានប្រាង្គទោលតែមួយខុសពីប្រាសាទភ្នំបូក និងភ្នំក្រោមក៏ដោយ (ប្រាង្គបីទន្ទឹមគ្នា)។
មានប្រតិមាមួយទៀតរកឃើញនៅប្រាសាទភ្នំវាក់ដែលគេចាប់អារម្មណ៍ខ្លាំង គឺរូបមនុស្ស ឬភិក្ខុ (សាវ័ក) មួយអង្គ/នាក់ ប្រវែង ១,៨៤ម៉ែត្រ ក្នុងកាយវិការកំពុងដេកផ្កាប់មុខចុះក្រោម លើកដៃទាំងពីរប្រណម្យសំពះដាក់សណ្តូកទៅមុខត្រង់។ កាយវិការរបៀបនេះ គេធ្លាប់ឃើញមានជាចម្លាក់នៅតាមជញ្ជាំងប្រាសាទក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ជាពិសេស ចម្លាក់ហោជាង ដែលភាគច្រើន គឺតួអង្គនេះគោរពប្រតិបត្តិចំពោះព្រះពុទ្ធអង្គ ឬគោរពដល់ព្រះពោធិសត្វលោកេស្វរ។ រូបប្រតិមានេះ សព្វថ្ងៃកំពុងដាក់តាំងបង្ហាញនៅសាលព្រះពាន់ នៃសារមន្ទីរជាតិអង្គរ ហើយត្រូវបានអ្នកជំនាញសន្និដ្ឋានថា មានអាយុកាលស្ថិតនៅក្នុងរចនាបថបាយ័ន (ចុងស.វ.ទី១២ ដល់ដើមស.វ.ទី១៣)។ ចំពោះរូបប្រតិមានេះដែរ លោក Jean Boulbert និងលោក Bruno Dagens បាន កត់ត្រារឿងព្រេងដែលអ្នកស្រុកនិទានអំពីប្រតិមានេះដ៏គួរឱ្យចាប់អារម្មណ៍ថា៖ “អ្នកស្រុកហៅរូបនេះថា “តាបស” ដែលមានមន្តវិជ្ជាការស័ក្តិសិទ្ធិ ដោយបានយករូបកាយរបស់ខ្លួនធ្វើជាស្ពានថ្វាយចំពោះព្រះពុទ្ធអង្គ ដែលយាងទៅគង់សមាធិធម៌នៅលើភ្នំ។ ជាលទ្ធផល តាបសរូបនេះទទួលបានការរួចចាកផុតពីវាលវដ្តសង្សារ (ការចាប់ជាតិជាថ្មី)”។ អ្នកស្រុកនិទានបន្តទៀតថា “ដោយសារតែមានការកោតខ្លាចចំពោះបារមីតាបសម្នាក់នេះ ក្រុមអ្នកលេងល្បែងស៊ីសង តែងតែមកបន់ស្រន់ចំពោះតាបសនេះ តែក្រោយមកដោយសារអ្នកលេងល្បែងម្នាក់ក្ស័យធន ក៏បានខឹងសម្បារ និងបញ្ជាឱ្យមនុស្សប្រាំនាក់សែងរូបប្រតិមានេះទៅចោលនៅក្នុងស្ទឹងដែលស្ថិតនៅក្បែរនោះ។ ប៉ុន្តែ បុរសទាំងប្រាំនាក់នោះ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់នៅក្នុងរយៈពេលដ៏ខ្លី ទើបក្រោយមកគេបានសម្រេចយករូបប្រតិមានោះមកទីតាំងដើមវិញ…..”។
ម្ល៉ោះហើយ ឆ្លងតាមការសិក្សាអំពីភស្តុតាងបុរាណវិទ្យា និងប្រវត្តិសិល្បៈដូចដែលបានរៀបរាប់ខាងលើ យើងអាចទាញសេចក្តីសន្និដ្ឋានថា ប្រាសាទភ្នំវាក់ ទំនងកសាងឡើងនៅសម័យអង្គរ ជាពិសេស ប្រហែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ នាចុងស.វ.ទី៩ ឬដើមស.វ.ទី១០ ពោល គឺជាព្រះមហាក្សត្រ ដែលតែងសព្វព្រះរាជហឫទ័យខ្លាំងក្នុងការកសាងសំណង់ប្រាសាទនៅលើភ្នំជុំវិញតំបន់អង្គរ។ ប្រាសាទនេះ ក៏ទំនងមានការជួសជុល និង សាងសង់បន្ថែមជាបន្តបន្ទាប់នៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ (គ.ស.១១៨១ – ១២២០) ដូចដែលបានរកឃើញស្លឹកសីមាមានចម្លាក់រូបព្រះយមរាជ និងប្រតិមារូបសាវ័កព្រះពុទ្ធដែលរៀបរាប់ខាងលើ។ ក្រោយមកទៀត នៅសម័យក្រោយអង្គរ ឬសម័យកណ្តាល រវាងស.វ.ទី១៤ ដល់ទី១៦ គេបានកែច្នៃប្រាសាទនេះបន្ថែមទៀត ដោយឆ្លាក់ចេញជាចម្លាក់រូបព្រះពុទ្ធទ្រង់ឈរនៅតាមជញ្ជាំងប្រាសាទ (ខាងលិច ខាងជើង និងខាងត្បូង) តាមលំនាំព្រះពុទ្ធសាសនាថេរវាទ ដែលកំពុងតែចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គមខ្មែរនាពេលនោះ។
ជារួមមក ប្រាសាទភ្នំវាក់ ជាសំណង់ដ៏សំខាន់មួយនៅប៉ែកឦសានរាជធានីអង្គរធំ ដែលបានឆ្លុះបញ្ចាំងពីការវិវឌ្ឍនៃប្រវត្តិសាស្ត្រ សិល្បៈ និងសាសនារបស់ខ្មែរឆ្លងកាត់យុគសម័យជាច្រើនដំណាក់កាល។ តាមរយៈភស្តុតាងបុរាណវិទ្យាដែលបានរកឃើញ គេអាចសន្និដ្ឋានថា ប្រាសាទភ្នំវាក់ នៅតែជាសំណង់ដែលមានជីវិតរស់រវើក ឬមានមនុស្សគោរពប្រណិប័តន៍ជាបន្តបន្ទាប់ចាប់តាំងពីសម័យអង្គរ (ចុងស.វ.ទី៩ ដល់ដើមស.វ.ទី១០) នៅក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ ស្របតាមទម្លាប់នៃការកសាងប្រាសាទលើកំពូលភ្នំ ដូចដែលស្តែងឡើងតាមរយៈប្រតិមាទ្វារបាលរចនាបថបាខែង និងក្បាច់រងស្បូវថ្មភក់។ មកដល់ចុងសម័យអង្គរ និងសម័យកណ្តាល (ក្រោយអង្គរ) ចាប់ពីរវាងចុងស.វ.ទី១២ ដល់ស.វ.ទី១៦ ប្រាសាទនេះទំនងបានផ្លាស់ប្តូរទម្រង់សាសនាចេញពីព្រហ្មញ្ញសាសនា ដោយបានកែច្នៃបន្ថែមយ៉ាងខ្លាំងក្លាទៅជាប្រាសាទព្រះពុទ្ធសាសនា។ ជាពិសេសនោះ តាមរយៈចម្លាក់ព្រះពុទ្ធរូបទ្រង់ឈរខ្នាតធំនៅលើជញ្ជាំងប្រាសាទ បានបង្ហាញអំពីឥទ្ធិពលព្រះពុទ្ធសាសនាថេរវាទយ៉ាងរឹងមាំនៅក្នុងសង្គមខ្មែរនាសម័យកណ្តាល។ ជំនឿនេះបានចាក់ឫសមកទល់បច្ចុប្បន្ន ដ្បិតទីតាំងនេះបានក្លាយទៅអារាមពុទ្ធសាសនាថេរវាទដែលនៅបន្តជំនឿយ៉ាងរស់រវើកដដែល។












This article examines the historical, architectural, and religious evolution of Prasat Phnom Veak (also known as Phnom Devah) in Banteay Srei District, Siem Reap Province. Located 17 kilometres north-east of Angkor Thom, the temple offers key insights into the continuity of Khmer heritage across multiple eras. Archaeological and artistic evidence, including a Bakheng-style dvarapala statue and a sandstone lintel strongly suggests that the monument was founded during the late 9th or early 10th century under King Yasovarman I, adhering to the tradition of mountain-top temple construction.
The site underwent significant religious and structural modifications during the late Angkorian and post-Angkorian periods (12th to 16th centuries), highlighted by a Bayon-style disciple statue and post-Angkorian modifications. Of special note, the temple features rare, monumental standing Buddha images carved directly into its brick and laterite walls. This distinct iconographic feature reflects a major socio-religious transition from Hinduism to Theravada Buddhism during the Middle Period. Ultimately, the study demonstrates that Prasat Phnom Veak is a dynamic, living monument whose spiritual significance continues today as a functioning Theravada Buddhist monastery.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី





