ប្រាសាទក្រោលគោ

ប្រាសាទក្រោលគោ ជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនទៀត ដែលមានទីតាំងស្ថិតនៅជុំវិញអាងស្តុកទឹកនៃប្រាសាទព្រះខ័ន (ជយតដាក ឬវាលរាជដាក) ពោល គឺមានចម្ងាយត្រឹមតែប្រមាណ ១០០ ម៉ែត្រ ប៉ែកខាងកើតអាងស្តុកទឹក និងស្ថិតនៅចម្ងាយប្រមាណ ២ គីឡូម៉ែត្រ ប៉ែកឦសានប្រាសាទព្រះខ័ន ហើយស្ទើរតែស្ថិតនៅស្របអ័ក្សគ្នាប៉ែកខាងជើងជាមួយប្រាសាទនាគព័ន្ធ (ងាកមុំទៅទិសឦសានបន្តិច)។ អ្នកស្រាវជ្រាវស្គាល់ជាទូទៅថា ប្រាសាទក្រោលគោ ជាសំណង់ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន និងមានលក្ខណៈទូទៅស្រដៀងសំណង់ប្រាសាទផ្សេងទៀតក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (ចុងស.វ.ទី១២ – ដើមស.វ.ទី១៣)។ ថ្វីត្បិតតែប្រាសាទនេះ មានទំហំតូច (បើធៀបជាមួយប្រាសាទផ្សេងទៀត) ក៏ពិតមែន តែមានរឿងជាច្រើននៅពីក្រោយដែលគួរឱ្យចាប់អារម្មណ៍។ តើប្រាសាទក្រោលគោ មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?

ប្រាសាទក្រោលគោ មានប្រាង្គកណ្តាលសង់ឡើងអំពីថ្មភក់រាងជាកាកបាទ ឬជើងក្អែក បែរមុខទៅទិសខាងកើត ដោយមានយ៉ភ្ជាប់មកខាងមុខបន្តិច និងមានទ្វារបញ្ឆោតនៅតាមជញ្ជាំងផ្នែកផ្សេងទៀតដែលលយចេញ។ ផ្នែកដំបូលនៃប្រាង្គកណ្តាល គឺតុបតែងជារបៀប “វលភី” ដែលមានរាងដូចដំបូលទូក តែសព្វថ្ងៃបានបាក់ធ្លាក់មកក្រោមខ្លះទៅហើយ។ ក្រៅអំពីប្រាង្គកណ្តាល នៅប៉ែកអាគ្នេយ៍ មានសំណង់មួយធ្វើអំពីថ្មភក់លាយជាមួយថ្មបាយក្រៀម ដែលគេសង់បែរមុខ  បញ្រ្ចាសគ្នាជាមួយសំណង់ប្រាង្គកណ្តាល (បែរទៅទិសខាងលិច) ដែលគេអាចកត់សម្គាល់បានថាជាសំណង់ហោត្រៃ ឬបណ្ណាល័យ ដូចដែលគេឃើញមកជាហូរហែនៅក្នុងបរិវេណរចនាសម្ព័ន្ធប្រាសាទខ្មែរចាប់តាំងពីស.វ.ទី៧ មកម្ល៉េះ (សូមមើល Lunet de Lajonquière 1911)។ ប្រាសាទនេះ មានកំពែងហ៊ុមព័ទ្ធជុំវិញចំនួន ២ ជាន់។ ក្នុងនោះ កំពែងជាន់ទី១ (កំពែងខាងក្នុងបង្អស់) ធ្វើអំពីថ្មបាយក្រៀម មានកម្ពស់ ២,៥ ម៉ែត្រ និងមានប្លង់ជារាងបួនជ្រុងទ្រវែង ប្រវែងពីកើតទៅលិច ៣៤ ម៉ែត្រ និងប្រវែងពីជើងទៅត្បូង ២៥ ម៉ែត្រ។ កំពែងខាងក្នុងនេះ មានប្រាង្គគោបុរ (ខ្លោងទ្វារ) ចូលតែនៅទិសខាងកើតមួយប៉ុណ្ណោះ ឯបីទិសផ្សេងទៀតពុំមានខ្លោងទ្វារចូលទេ។ សំណង់គោបុរ ឬខ្លោងទ្វារនេះ ធ្វើអំពីថ្មភក់ ប៉ុន្តែកំពុងស្ថិតនៅក្នុងស្ថានភាពទ្រុឌទ្រោម ឬបាក់បែកខ្លះៗទៅហើយ។ ក្នុងកំពែងខាងក្នុងនេះផង មានកសិន្ធុទឹកហ៊ុមព័ទ្ធជុំវិញ ដែលនៅតាមច្រាំងនៃកសិន្ធុទឹកនេះ គេតម្រៀបថ្មបាយក្រៀមជាថ្នាក់ៗចំនួន ៥ ថ្នាក់។ កសិន្ធុទឹកនេះ ត្រូវបានកាត់ផ្តាច់ដោយ “ស្ពានហាល” តែមួយគត់ដើម្បីដើរចូលទៅកាន់ខ្លោងទ្វារខាងកើត។ ចំណែកកំពែងទី២ (កំពែងខាងក្រៅ) ជាជញ្ជាំងធ្វើពីថ្មបាយក្រៀមដែលមានកម្ពស់ ៣ ម៉ែត្រ ហ៊ុមព័ទ្ធជុំវិញរចនាសម្ព័ន្ធខាងក្នុងទាំងអស់ ដោយមានប្រវែងពីកើតទៅលិច ១១៤ ម៉ែត្រ និងប្រវែងពីជើងទៅត្បូង ១០៥ ម៉ែត្រ។ កំពែងនេះមានខ្លោងទ្វារតូចមួយធ្វើអំពីថ្មភក់នៅផ្នែកខាងកើត ដែលបច្ចុប្បន្នបាក់បែកខ្ទេចខ្ទីទាំងស្រុង។

គួរឱ្យចាប់អារម្មណ៍អំពីតួនាទី និងប្រវត្តិផ្សេងៗរបស់ប្រាសាទក្រោលគោនេះ គេអាចដឹងបានខ្លះៗតាមរយៈសិលាចារឹកប្រាសាទព្រះខ័ន ដែលសិលាចារឹកនេះធ្លាប់បានសិក្សាដោយលោក George Coèdes និងលោក Maxwell M.S.។ ចំណុចនេះ គឺពណ៌នានៅក្នុងគាថាទី៤១ និងទី៤២ រៀបរាប់ឱ្យដឹងអំពីទេវរូបចំនួន ៥២ អង្គបន្ថែមទៀត នៅជុំវិញបរិវេណប្រាសាទព្រះខ័ន។ ក្នុងនោះ នៅគាថាទី៤២ មានខ្លឹមសារដើមជាភាសាសំស្រ្កឹតទាំងស្រុងយ៉ាងដូច្នេះថា៖

                             គៅរឝ្រីគជរត្នស្យ              ចៃត្យេចវលភីឞុច

                             តីរេជយតដាកកស្យ          វំឝតិរទ្វេចទេវតាះ   

(ប្រែថា)“និងទេវរូបចំនួន ២២ អង្គ នៅក្នុងបន្ទប់ទីសក្ការបូជា (ចៃត្យ) នៃ [ផ្ទះ] ត្បូងរតនៈរបស់ដំរីសពិសិដ្ឋ និងនៅក្នុងបណ្តាប្រាង្គវលភិស នៅលើច្រាំងនៃអាងស្តុកទឹកជយតដាក”

ខ្លឹមសារគាថាខាងលើនេះ គឺបង្ហាញអំពីឈ្មោះប្រាសាទ (ចៃត្យ) មួយថា “គៅរស្រីគជ” និងប្រាសាទមួយចំនួនទៀតដែលមិនបានរៀបរាប់ឈ្មោះ (វលភិប្រាសាទ) ដោយបញ្ជាក់តែទីតាំង ស្ថិតនៅជុំវិញអាងស្តុកទឹកជយតដាក។ ពាក្យ “គៅរស្រីគជ” ជាភាសាសំស្រ្កឹតមានន័យត្រង់ថា “ដំរីសដ៏ពិសិដ្ឋ”។ លោក Maxwell M.S. ពន្យល់ថា “គៅរ”“គោរ” ប្រែថា “ដំរីស” ហើយនៅក្នុងពុទ្ធសាសនា គេចាត់ទុក “ដំរីស” ជានិម្មិតរូបសំដៅទៅលើ “កាលដែលព្រះនាងសិរីមហាមាយា (មាតារបស់ព្រះពុទ្ធ) ទ្រង់សុបិនឃើញដំរីសមួយក្បាលយាងចុះពីលើមេឃ ចូលមកក្នុងផ្ទៃរបស់ព្រះនាង” ដែលជាសញ្ញានៃការចាប់កំណើតរបស់ព្រះពោធិសត្វ។ នៅក្នុងសិលាចារឹកប្រាសាទព្រះខ័ន គេគ្រាន់តែប្រាប់ឈ្មោះថា មានប្រាសាទឈ្មោះ “គោរស្រីគជ” (ប្រាសាទដំរីស) ស្ថិតនៅជុំវិញអាងស្តុកទឹកជយតដាក ប៉ុន្តែគេមិនបានបញ្ជាក់ថាជាប្រាសាទមួយណាឱ្យចំឈ្មោះបច្ចុប្បន្ននោះទេ។ ដើម្បីស្វែងរកការពិត អ្នកស្រាវជ្រាវបានទៅពិនិត្យមើលគ្រប់ប្រាសាទនៅជុំវិញអាងស្តុកទឹកនោះ ហើយបានរកឃើញភស្តុតាងតែមួយគត់នៅ “ប្រាសាទក្រោលគោ”។ ភស្តុតាងនោះគឺ នៅត្រង់ខ្លោងទ្វារខាងកើតមានចម្លាក់ក្រឡោតទាបមួយ កម្ពស់ ១២ ស.ម​. បង្ហាញអំពីរូប “ស្រ្តីម្នាក់កំពុងឈរសំពះ (ដែលគេស្គាល់ថាជា ព្រះនាងមាយា) និងមានសត្វដំរីមួយក្បាលកំពុងហោះនៅលើអាកាសសំដៅមកនាង”។ ដោយសារតែចម្លាក់រឿង “ដំរីសយាងចូលផ្ទៃព្រះនាងមាយា” នេះ មានលេចឡើងតែនៅប្រាសាទក្រោលគោតែមួយគត់ប៉ុណ្ណោះ ទើបនាំឱ្យអ្នកស្រាវជ្រាវសន្និដ្ឋានថាប្រាសាទ “គៅរស្រីគជ”“គោរស្រីគជ” (ប្រែថា៖ ប្រាសាទដំរីសដ៏ពិសិដ្ឋ) ដែលមានចែងនៅក្នុងសិលាចារឹកប្រាសាទព្រះខ័ន គឺសព្វថ្ងៃប្រហែលជា “ប្រាសាទក្រោលគោ” នេះឯង។ ក្រៅអំពីចម្លាក់នេះ គេធ្លាប់រកឃើញប្រតិមាដំរីមួយនៅទីនោះទៀតផង ដែលកាន់តែបញ្ជាក់ឱ្យច្បាស់ក្នុងការកំណត់អត្តសញ្ញាណថា ប្រាសាទគៅរស្រីគជ គឺជាឈ្មោះដើមរបស់ប្រាសាទក្រោលគោ។ ដូច្នេះហើយ ប្រាសាទក្រោលគោ ឬគោរស្រីគជ ជាទេវស្ថាន ឬប្រាសាទរណបមួយដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ សម្រាប់តម្កល់ទេវរូបរហូតដល់ចំនួន ២២ អង្គ (យោងតាមសិលាចារឹកព្រះខ័ន​ គាថាទី៤២)។ ចំណែកឯ មូលហេតុដែលសព្វថ្ងៃប្រាសាទនេះមានឈ្មោះថា “ក្រោលគោ” គេអាចសន្និដ្ឋានថា មកពីទីនេះជាកន្លែងបង្ខាំងសត្វដំរី ឬជាកន្លែងទីជម្រកនៃសត្វដំរី ឬជាកន្លែងដែលគេបង្វឹកបង្ហាត់សត្វដំរី ទើបមានជាប់ឈ្មោះថា “ក្រោលគោ” ព្រោះ “គោ” ជាពាក្យក្លាយពីភាសាសំស្រ្កឹតថា “គៅរ”“គោរ” ដែលប្រែថា “ដំរីស”។ ម្ល៉ោះហើយ “គោ” នៅទីនេះមិនមានសំដៅដល់សត្វគោជាប្រភេទសត្វចិញ្ចឹមឡើយ តែសំដៅដល់ពាក្យសំស្រ្កឹតដែលប្រែថា “ដំរីស”

ចម្លាក់ភាគច្រើននៅជាប់នឹងជញ្ជាំងប្រាសាទក្រោលគោ គឺជារូបអប្សរា និងក្បាច់ភ្ញីវល្លិ៍។ ក្រៅអំពីនេះនៅលើសសរផ្អោបមានចម្លាក់ព្រះពុទ្ធអង្គសមាធិមួយចំនួន។ រីឯ ចម្លាក់ផ្សេងៗទៀតដែលស្ថិតនៅលើហោជាង ពុំមានហោជាងណាមួយស្ថិតនៅទីតាំងដើមឡើយ ដោយហោជាងទាំងនោះបានជ្រុះធ្លាក់ចុះមកក្រោមទាំងអស់។ ចម្លាក់លើហោជាងបង្ហាញអំពីទេវកថាព្រហ្មញ្ញសាសនាផង (ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន) និងទេវកថាព្រះពុទ្ធសាសនាផង (ភាគច្រើនបង្ហាញអំពីចម្លាក់ព្រះពោធិសត្វអវលោកិតេស្វរ) ដែលនេះជាសញ្ញាណទូទៅដែលគេតែងជួបប្រទះនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដ្បិតបើទោះបីជាព្រះអង្គគោរពប្រណិប័តន៍ព្រះពុទ្ធសាសនាក្តី ព្រហ្មញ្ញសាសនានៅតែជាជំនឿសាសនាដ៏ពេញនិយមនៅក្នុងសង្គ​មខ្មែរដដែល។ ទោបីជាសិលាចារឹកប្រាសាទព្រះខ័ន បានផ្តល់ព័ត៌មានឱ្យយើងដឹងថា ព្រះបាទជ័យវរ្ម័នទី៧ បានតម្កល់ព្រះប្រតិមាចំនួន ២២ អង្គនៅក្នុងប្រាសាទក្រោលគោនេះក៏ដោយក្តី ប៉ុន្តែប្រតិមាដែលគេបានរកឃើញ មិនគ្រប់ចំនួន ២២ អង្គនោះទេ។​ ក្នុងនោះ ក្រៅអំពីប្រតិមាសត្វដំរីដូចដែលរៀបរាប់ខាងលើ គេបានរកឃើញបំណែកក្បាលសត្វគោនន្ទិ (យានជំនិះព្រះឥសូរ) និងក្បាលសត្វគ្រុឌផង។ ក្រៅអំពីនេះទៀត គេបានរកឃើញប្រតិមាព្រះពោធិសត្វអវលោកិតេស្វរ (លោកេស្វរ) មានព្រះហស្ត ចំនួន ១ អង្គ, ព្រះសិរព្រះពោធិសត្វលោកេស្វរ ចំនួន ២ អង្គ, ព្រះសិរទេពប្រុស (មិនស្គាល់អត្តសញ្ញាណ) ចំនួន ១ អង្គ និងថ្មគោលប្រតិមាទេពស្រីមិនស្គាល់អត្តសញ្ញាណចំនួន ១ អង្គ។ ជារួមមក ទោះបីជាប្រាសាទក្រោលគោ គឺជា “ប្រាសាទរណប” មួយរបស់ប្រាសាទព្រះខ័ន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នារវាងចុងស.វ.ទី១២ ឬដើមស.វ.ទី១៣។ តាមរយៈការសិក្សាស្រាវជ្រាវផ្ទៀងផ្ទាត់រវាងភស្តុតាងបុរាណវិទ្យា និងខ្លឹមសារសិលាចារឹកប្រាសាទព្រះខ័ន (គាថាទី៤១ និងទី៤២) បានផ្តល់ពន្លឺឱ្យដឹងថា ប្រាសាទនេះទំនងមានឈ្មោះដើមថា “គោរស្រីគជ” ដែលប្រែថា “ដំរីសពិសិដ្ឋ” ដែលជាទីកន្លែងដែលព្រះបាទជ័យវរ្ម័នទី៧ បានតម្កល់ទេវរូប ២២ អង្គ។ ចំពោះឈ្មោះ “ក្រោលគោ” បច្ចុប្បន្ន គឺប្រហែលកើតចេញពីការហៅក្លាយពីភាសាសំស្ក្រឹត “គោរ” (ដំរីស) ដែលកាលពីដើមឡើយបរិវេណប្រាសាទនេះ ប្រហែលជាទីកន្លែងបង្ខាំង ឬបង្វឹកសត្វដំរី មិនមែនសំដៅលើសត្វគោនោះឡើយ។ ម្យ៉ាងវិញទៀត វត្តមាននៃចម្លាក់នៅលើហោជាងនិងជញ្ជាំងប្រាសាទ និងប្រតិមាមួយចំនួន ទាំងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា បានឆ្លុះបញ្ចាំងអំពីបរិបទសង្គមសាសនា នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលទោះបីជាព្រះពុទ្ធសាសនាមហាយានជាសាសនារបស់រដ្ឋ ក៏ជំនឿព្រហ្មញ្ញសាសនានៅតែត្រូវបានផ្តល់តម្លៃ និងគោរពទន្ទឹមគ្នា។

—————

This paper examines Krol Ko, a late twelfth- to early thirteenth-century Mahayana Buddhist temple built during the reign of King Jayavarman VII near the Jayatataka at Angkor. Despite its modest scale, the site provides crucial insights into late Angkorian history, architecture, and language. Architectural analysis reveals a central sandstone tower with a valabhi roof, an auxiliary library, and two concentric laterite enclosures surrounded by a moat. By correlating these physical remains with stanzas 41 and 42 of the Preah Khan stele inscription, this study identifies Krol Ko as the historical temple of Gorasrigaja (‘Sacred White Elephant’), where twenty-two deities were originally enshrined. This epigraphic link is corroborated by a unique bas-relief at the site depicting Queen Maya’s dream of the white elephant and the discovery of a freestanding elephant statue. Furthermore, etymological evidence indicates that the modern name ‘Krol Ko’ (popularly associated with cattle) is a linguistic corruption of the Sanskrit gora (white elephant), suggesting that the precinct originally served as a royal elephant enclosure. Finally, the co-existence of Buddhist iconography and Hindu bas-reliefs, such as Krishna lifting Mount Govardhana, reflects the religious syncretism of the era, where Brahmanical traditions remained deeply respected alongside state-sponsored Mahayana Buddhism.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,400SubscribersSubscribe
- Advertisement -spot_img