ទំព័រដើមប្រវត្តិសាស្ត្រប្រតិមាសិវយោគិបដ្តរកឃើញថ្មីនៅតំបន់ស្ទឹងស្លាប់ ខេត្តកំពង់ធំ

ប្រតិមាសិវយោគិបដ្តរកឃើញថ្មីនៅតំបន់ស្ទឹងស្លាប់ ខេត្តកំពង់ធំ

ដូចដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មានការប្រទះឃើញដោយចៃដន្យនូវរូបប្រតិមាធ្វើអំពីថ្មចំនួន ១ (មួយ) ដុំ/អង្គ នៅតំបន់ស្ទឹងស្លាប់ (ទួលកំពីងក្រវិច) ស្ថិតនៅប៉ែកពាយព្យវត្តពង្រ ចម្ងាយប្រមាណ ៥០០ ម៉ែត្រ ត្រង់ភូមិសាស្រ្ត ភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ប្រតិមានេះរកឃើញដោយលោក ផាវ សុភក្ត្រ (អ្នកបើកបរគ្រឿងចក្រ) ក្នុងពេលអនុវត្តគម្រោងនៃការស្ដារ និងពង្រីកស្ទឹងស្លាប់ ដែលអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម។ ការប្រទះឃើញនេះ ក្នុងពេលដែលគ្រឿងចក្រ (Excavator) ជីកកកាយដីចេញពីស្ទឹង ដើម្បីពង្រីកមាត់ស្ទឹង និងលើកទំនប់ ហើយប្រតិមានេះ រកឃើញនៅក្នុងជម្រៅប្រមាណជិត ២ម៉ែត្រ បើធៀបនឹងមាត់ស្ទឹងស្លាប់។ តើប្រតិមាធ្វើអំពីថ្មភក់រកឃើញថ្មីនេះ មានអត្តសញ្ញាណ និងលក្ខណៈបែបណាខ្លះ?

ប្រតិមាដែលរកឃើញថ្មីនេះ មានកម្ពស់ ៥៥ ស.ម. ទទឹង ២៤ ស.ម. វិជ្ជមាត្រធំ ២៥ ស.ម. និងទម្ងន់ ៤៨ គ.ក. ហើយធ្វើឡើងអំពីថ្មភក់ដែលអាចមានប្រភពដើមមកពីតំបន់ភ្នំសន្ទុក ដែលស្ថិតនៅមិនឆ្ងាយពីទីតាំងរកឃើញ (ស្ទឹងស្លាប់) ពោល គឺមានចម្ងាយប្រមាណត្រឹមតែ ៩ គ.ម.ប៉ុណ្ណោះ។ ប្រតិមានេះបាត់ព្រះសិរ អង្គុយក្នុងកាយវិការដោយយកជើងទាំងពីរដាក់ខ្វែងគ្នាជាទម្រង់ “យោគាសន” និងចងផ្អោបជើងទាំងសងខាងដោយបន្ទះក្រណាត់ (បដ្ត) និងកំពុងតែលើកហត្ថទាំងពីរកម្បង់អញ្ជលីប្រណម្យស្មិងស្មាធិ៍ធ្វើតបធម៌ ដែលគេស្គាល់ទម្រង់នេះថា “យោគបដ្ត”។ ម្ល៉ោះហើយ គេអាចសន្និដ្ឋានថា ប្រតិមាធ្វើអំពីថ្មភក់ដែលរកឃើញថ្មីនៅតំបន់ស្លឹងស្លាប់នេះថា ជារូបតំណាងនៃ “សិវយោគិបដ្ត” ពោល គឺជារូបតំណាងព្រាហ្មណ៍ (អ្នកបួស) ក្នុងនិកាយបាសុបត ឬនិកាយសៃវ នៃលទ្ធិសៃវនិយម ក្នុងព្រហ្មញ្ញសាសនា។

យោងទៅតាមគម្ពីរ បាសុបតសូត្រ (បញ្ចថ៌ភាស្យ) រៀបរាប់ថា រាល់ការធ្វើយោគ (តបធម៌) របស់ពួកព្រាហ្មណ៍បាសុបត គឺធ្វើឡើងដើម្បីបំផ្លាញកម្មចាស់ មិនបង្កើតកម្មថ្មី និងដើម្បីទទួលបានអំណាចដ៏ទេវភាពរួបរួមជាសាច់តែមួយជាមួយព្រះសិវ។ ដូច្នេះ គោលបំណងចម្បងនៃការធ្វើ “យោគ” គឺដើម្បីសម្រេចឱ្យបាននូវ “ទុក្ខាន្តៈ” មានន័យថា “ការរំលត់ទុក្ខជាស្ថាពរ” ដែលចែកចេញជា ២ គន្លង រួមមាន៖ (១) អសិទ្ធិ គឺការរួចផុតពីចំណងនៃកម្ម និងការចាប់កំណើតថ្មី និង (២) សិទ្ធិ គឺការទទួលបានឋានៈ ឬអំណាចដ៏ទេវភាពដូចព្រះសិវ។ ជាទូទៅ ពួកព្រាហ្មណ៍ ឬអ្នកបួសនៃនិកាយបាសុបតនិងនិកាយសៃវ តែងតែធ្វើយោគ ឬតបធម៌ ឬហៅមួយបែបទៀតថា “ការដុតកំដៅធម៌” មានច្រើនរបៀបណាស់ ដូចជា៖ បញ្ចាគ្និតបស (ការតាំងតបៈកណ្តាលភ្លើង), សិស៌សន ឬ   សិស៌តបស (ការឈរដាំក្បាលចុះក្រោម), វ្ឫក្សាវលម្ពនតបសឧទ៌្វបាទតបស (ការព្យួរខ្លួនបញ្ច្រាសលើដើមឈើ), វាយុស្តម្ភនវ្យាឃ្រាសន (ការធ្វើសមាធិអណ្តែតខ្លួន ឬអង្គុយលើស្បែកសត្វ), ឯកបាទតបស (ការឈរជើងមួយ), ជលតបស (ការតាំងសមាធិក្នុងទឹក), ភស្មស្នានភស្មធារណទិគម្ពរតបស (ការដើរអាក្រាតកាយ និងលាបផេះ), យោគបដ្តសន (ការសមាធិដោយចងក្រណាត់រុំជើង)។

ហេតុដូច្នេះហើយ រូបប្រតិមាដែលរកឃើញថ្មីនៅតំបន់ស្ទឹងស្លាប់ដែលបានរៀបរាប់ខាងលើ គឺស្ថិតនៅក្នុងទម្រង់ “យោគបដ្តសន” ដែលមានន័យថា ការធ្វើតបធម៌ដោយមានក្រណាត់ ឬខ្សែសម្រាប់ចងធាក់ទប់ជង្គង់ទៅនឹងខ្នង ឬចង្កេះ។ ការធ្វើ​បែបនេះ មានអត្ថប្រយោជន៍ចំនួន ២ យ៉ាង ពោល គឺទី១ ផ្នែករាងកាយ៖ គឺជួយសម្រាលកម្លាំងដងខ្លួន មិនឱ្យយោគិធុញទ្រាន់ ឬរោយខ្នង អាចងាយស្រួលអង្គុយធ្វើសមាធិបានរាប់ម៉ោង ឬរាប់ថ្ងៃដោយមិនបាច់ប្រឹងសាច់ដុំ និងទី២ ផ្នែកផ្លូវចិត្ត៖ គឺជានិម្មិតរូបនៃការចងភ្ជាប់ ឬការគ្រប់គ្រងឥន្រ្ទិយទាំងឡាយមិនឱ្យរត់ខ្ចាត់ខ្ចាយទៅរកលោកិយ។ ក្នុងន័យជារួម ការធ្វើយោគក្នុងទម្រង់ជា “យោគិបដ្តសន” គឺដើម្បីឈានទៅរកការសម្រេចធម៌ដ៏ប្រសើរខ្ពង់ខ្ពស់ តាមរយៈការកាត់ផ្ដាច់ខ្លួនឱ្យចេញពីលោកិយ និងរំដោះទុក្ខ។

បន្ថែមពីនេះ ដើម្បីកំណត់អាយុកាលប្រតិមារកឃើញថ្មីខាងលើនេះ គេត្រូវពិនិត្យទៅលើសិល្បៈជារួម ប៉ុន្តែផ្នែកព្រះសិរដែលងាយស្រួលក្នុងការកំណត់អាយុកាលសិល្បៈ គឺបានបាត់បង់ទៅហើយ។ ចំណែក សម្លៀកបំពាក់វិញ ក៏មិនមានដែរ ពោល គឺនៅសល់តែបន្ទះក្រណាត់ដែលរុំព័ទ្ធចង្កេះតែប៉ុណ្ណោះ។ ម្ល៉ោះហើយ យើងអាចពិនិត្យទៅលើចំណុច ២ យ៉ាងសំខាន់ៗ គឺទី១ការវិភាគទៅលើទិដ្ឋភាពប្រវត្តិសាស្រ្តនៃការគោរពប្រណិប័តន៍និកាយបាសុបត និងនិកាយសៃវ និងទី២ គឺការវិភាគទៅលើបរិស្ថានជុំវិញ។ ចំពោះចំណុចទី១ ដូចដែលអ្នកស្រាវជ្រាវដឹងមកជាទូទៅថា កាលពីសម័យបុរាណ ខ្មែរបានប្រតិបត្តិនិកាយបាសុបត និងនិកាយសៃវ តាំងពីស.វ.ទី៧ មកម្ល៉េះ ពោល គឺគេអាចមើលឃើញតាមរយៈចម្លាក់ (ព្រះលកុលីស) និងសិលាចារឹកជាច្រើនផ្ទាំង (ឧទាហរណ៍ សិលាចារឹកសំបូរព្រៃគុក K.604 និងសិលាចារឹកភ្នំព្រះវិហារ ខេត្តកំពង់ឆ្នាំង K.733)។ មកដល់រជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ នាចុងស.វ.ទី៩ ដល់ដើមស.វ.ទី១០ ក្នុងជួររាជការ និងសង្គមខ្មែរទាំងមូលនៅតែបន្តគោរពប្រតិបត្តនិកាយទាំងពីរនេះដដែល ដូចដែលមានបញ្ជាក់នៅក្នុងសិលាចារឹកប្រាសាទព្រៃប្រាសាទ K.279។ ម្ល៉ោះហើយ មានន័យថា ទាំងនៅសម័យមុនអង្គរ និងសម័យអង្គរ សង្គមខ្មែរទាំងមូលគឺគោរពប្រតិបត្តិនិកាយទាំងពីរនេះដូចគ្នា។ ដោយឡែក ចំណុចទី២ ប្រសិនបើយើងក្រឡេកទៅមើលភូមិសាស្រ្ត និងបុរាណដ្ឋានជុំវិញទីតាំងរកឃើញប្រតិមា (ទួលកំពីងក្រវិច-ស្ទឹងស្លាប់) យើងឃើញថានៅតំបន់នោះសម្បូណ៌ទីតាំងប្រាសាទបុរាណ និងទួលបុរាណច្រើនគួរសម។ វត្ថុសិល្បៈបុរាណដែលប្រទះឃើញនៅតាមទីតាំងបុរាណដ្ឋានទាំងនោះ ភាគច្រើនមានអាយុកាលនៅចុងរចនាបថបាខែង ដល់ដើមរចនាបថកោះកេរ ពោល គឺនៅរវាងដើមស.វ.ទី១០។ ឧទាហរណ៍ ផ្តែរទ្វាររកឃើញនៅប្រាសាទវត្តពង្រ (ចម្ងាយត្រឹមតែ ៥០០ ម៉ែត្រ) និងប្រតិមាព្រះពោធិសត្វអវលោកិតេស្វររកឃើញនៅតំបន់កំពង់លាន-ស្ទឹងស្លាប់ (ចម្ងាយត្រឹមតែ ៣៥០ម៉ែត្រ) សុទ្ធសឹងមានអាយុកាលនៅរវាងចុងស.វ.ទី៩ ដល់ដើមស.វ.ទី១០។ ម្ល៉ោះហើយ ប្រសិនបើយកការវិភាគចំណុចទី១ និងចំណុចទី២ បូកបញ្ចូលគ្នា យើងនឹងឃើញថា ប្រតិមាសិវយោគិបដ្ត ដែលរកឃើញនៅទួលកំពីងក្រវិចនេះ អាចមានអាយុកាលនៅចុងស.វ.ទី៩ ឬដើមស.វ.ទី១០ ក្នុងរវាងចុងរចនាបថបាខែង ដល់ដើមរចនាបថកោះកេរ ហើយករណីនេះមានភាពស៊ីសង្វាក់គ្នាជាមួយរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ (គ.ស.៨៨៩ – ៩១០) ដែលទ្រង់ពិតជាបានគោរពប្រណិប័តន៍ចំពោះនិកាយបាសុបត និងសៃវ នៃលទ្ធិសៃវនិយម (ព្រហ្មញ្ញសាសនា) យ៉ាងរឹងមាំ និងជ្រាលជ្រៅបំផុត។ សរុបជារួមមក ប្រតិមាធ្វើអំពីថ្មភក់ដែលបានរកឃើញថ្មីនៅតំបន់ទួលកំពីងក្រវិច (ស្ទឹងស្លាប់) ក្នុងភូមិសាស្រ្តស្រុកសន្ទុក ខេត្តកំពង់ធំ ទំនងជារូបតំណាងនៃ “សិវយោគិបដ្ត” ពោល គឺជាព្រាហ្មណ៍ ឬអ្នកបួស នៃនិកាយបាសុបត ឬនិកាយសៃវ នៃលទ្ធិសៃវនិយម ក្នុងព្រហ្មញ្ញសាសនា ក្នុងកាយវិការកំពុងតែលើកហត្ថកម្បង់អញ្ជលីប្រណម្យស្មិងស្មាធិ៍ធ្វើតបធម៌ (យោគ) ដោយចងបន្ទះក្រណាត់រុំជើងទាំងពីរ ដើម្បីឈានទៅរកការសម្រេចធម៌ដ៏ប្រសើរខ្ពង់ខ្ពស់ តាមរយៈការកាត់ផ្ដាច់ខ្លួនឱ្យចេញពីលោកិយ និងស្វែងរកការរំដោះទុក្ខ។ យោងទៅតាមទិដ្ឋភាពប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងបុរាណដ្ឋានជុំវិញទីតាំងរកឃើញ យើងអាចសន្និដ្ឋានថា ប្រតិមារកឃើញថ្មីនេះ ទំនងមានអាយុកាលនាសម័យអង្គរ រវាងចុងស.វ.ទី៩ ដល់ដើមស.វ.ទី១០ (ចុងរចនាបថបាខែង ដល់ដើមរចនាបថកោះកេរ)។ ការប្រទះឃើញប្រតិមានេះ គឺជាសក្ខីភាពដ៏រឹងមាំមួយបញ្ជាក់ឱ្យដឹងថា នៅតំបន់ស្ទឹងស្លាប់ (ស្រុកសន្ទុក ខេត្តកំពង់ធំ) ជាទីតាំងដែលមានមនុស្សរស់នៅ និងប្រណិប័តន៍ព្រហ្មញ្ញសាសនា និកាយបាសុបត និងនិកាយសៃវយ៉ាងរឹងមាំនៅសម័យបុរាណ។

This paper examines a recently discovered sandstone statue unearthed during river dredging operations at the Stueng Slap site (Tuol Kamping Kravech) in Santuk District, Kampong Thom Province, on 25 May 2026. Weighing 48 kg and measuring 55 cm in height, the acephalous icon sits in a cross-legged ascetical posture (yogāsana) with its legs bound by a meditative band (yogapatta), whilst its hands are raised in a prayerful gesture of devotion (yogabaṅgaṃ). Typological and iconographical analyses identify the statue as a Śivayogipaṭṭa, a representation of a Brahmin or an ascetic belonging to either the Pāśupata or the Śaiva sect of mainstream Śaivism. Historically, according to the Pāśupata Sūtra, the practice of such rigorous yoga (tapas) aimed to destroy past karma and prevent its accumulation, thereby attaining absolute liberation (duhkhānta) and divine union with Lord Śiva. Although the head and stylistic garments are absent, relative dating based on epigraphic evidence (such as K.604, K.733, and K.279) and regional archaeological context, specifically proximity to 10th-century Bakheng and Koh Ker style ruins, suggests that the sculpture dates back to the late 9th or early 10th century, corresponding to the reign of King Yasovarman I (r. 889–910 CE). This discovery provides compelling empirical evidence corroborating the profound establishment and active practice of Pāśupata and Śaiva asceticism within the provincial socio-religious landscape of the Angkorian Empire.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,400SubscribersSubscribe
- Advertisement -spot_img