ទំព័រដើមសិល្បៈព្រះវិហារទ្រុឌទ្រោមនៅក្នុងវត្តត្នោត

ព្រះវិហារទ្រុឌទ្រោមនៅក្នុងវត្តត្នោត

​ស្ថិតនៅលើ​ទឹកដី​នៃឃុំ​កោះសូរទិន ស្រុកកោះសូរទិន ខេត្ត​កំពង់ចាម មាន​វត្ត​មួយឈ្មោះ​វត្តត្នោត (ឬវត្តពោធិរិទ្ធិ) គឺ​ជា​វត្ត​ដែលមាន​ព្រះវិហារ​ចាស់​ថ្មី​ពីរសាងឡើង​ទន្ទឹម​គ្នា នៅ​តាម​បណ្តោយ​ដងទន្លេមេគង្គ​​​។ បច្ចុប្បន្ន​ព្រះវិហារ​ចាស់​ក្នុង​វត្ត​នេះ​​ពុំបាន​ប្រើប្រាស់​​ធ្វើកិច្ចប្រតិបត្តិគោរពបូជា​ដូចប្រមាណ​​​ជាង​​​២០​ឆ្នាំ​​មុន​​ទៀត​​ឡើយ ហើយ​គេ​សង្កេត​ឃើញថា​​ព្រះ​វិហារ​នេះ​កំពុងស្ថិត​ក្នុងសភាព​ទ្រុឌទ្រោម ពុក​បាក់បែក ស្មៅព្រៃដុះរុំស្រោប និង​​​​ធ្លុះធ្លាយ​​ដំបូល​ដោយ​អន្លើ។​ ប៉ុន្តែ​បើពិនិត្យលក្ខណៈ​សិល្បៈស្ថាបត្យ​កម្ម គ្រឿង​លម្អលើ​​សំណង់ គំនូរពុទ្ធប្រវត្តិ​ និង​ចំណារ​កត់ត្រាផ្សេងៗ​ នាំឱ្យគេយល់​ថា​ព្រះវិហារ​ចាស់​​ក្នុង​វត្ត​ត្នោត​នេះ​​សាង​ឡើង​​នៅ​​​​​ពាក់​កណ្តាល​សតវត្សរ៍ទី​២០ ហើយ​កន្លង​មក​ព្រះសង្ឃ និង​​អ្នកស្រុកតែង​នាំ​គ្នា​​ជួសជុល​ថែទាំ​​ជាហូរហែ ជាពិសេស​បាន​ជុសជុលច្រើន​នៅក្នុង​សម័យ​សង្គមរាស្រ្តនិយម។ លុះ​​ដល់​ឆ្នាំ​២០០៨ វត្តត្នោត​បានសាង​ព្រះវិហារធំថ្មីមួយទៀត​សម្រាប់​​ប្រើប្រាស់គោរពបូជា​ជំនួស​​ព្រះវិហារចាស់ ដែល​​តែងរងផលប៉ះពាល់ដោយ​គ្រោះ​ធម្មជាតិ​នៃការបាក់ច្រាំងទន្លេ។

បើផ្អែកតាម​ការ​ស្រាវជ្រាវរបស់​ Danielle និង Dominique-Pierre Guéret យល់ឃើញថា​ព្រះវិហារ​ចាស់នៅ​ក្នុងវត្ត​ត្នោតកសាង​តាំងពីឆ្នាំ​១៩៥០។ គិតមក​ដល់សព្វថ្ងៃព្រះ​វិហារ​នេះ​ ជាសំណង់​បេតិកភណ្ឌដ៏មានតម្លៃ ហើយបាន​ឆ្លុះបញ្ចាំងពីសិល្បៈស្ថាបត្យកម្មអំឡុង​​​ចុង​សម័យអាណាព្យាបាលបារាំង ដែលជាការចាប់ផ្តើម​រួមបញ្ចូលគ្នារវាងទម្រង់សិល្បៈប្រពៃណីខ្មែរ និងឥទ្ធិពលសម្ភារៈសំណង់ថ្មីៗ។ ​នៅលើ​បរិវេណ​ខឿន​ទី​២ គេឃើញ​មាន​ចេតិយ​បុរាណ​​ជា​ទម្រង់ចេតិយ​លាត ​សាងឡើង​​នៅ​តា​ម​ជ្រុង​​ទាំង៤ ចម្លាក់តោ​១គូ​ ខាង​មុខ​ព្រះវិហារ ​និង​មាន​ខ្លោងទ្វា​រ​​​តាម​ទិស​ទាំង៤​។ ចំណែកនៅតាម​បង្កាន់ដៃជណ្តើរ​​ឡើង​ផ្នែក​ខាងមុខ មាន​​ឆ្លាក់​លម្អជា​រូប​ក្បាលដំរី និង​ភេឬស្ការ(?) ដ៏រស់​រវើកគួរ​​​ឱ្យចាប់អារម្មណ៍។ សូមបញ្ជាក់ថា នៅលើ​ខឿនថ្នាក់ទី១ ខាងក្រោយព្រះវិហារ អមជណ្តើរ​ផ្នែកខាងឆ្វេង​មាន​ចារ “ពុទ្ធសករាជ​​២៥០៤” ហើយផ្នែកខាងស្តាំជណ្តើរ​​​ចារ “​គ្រិស្តសករាជ១៩៦១”។ កាលបរិច្ឆេទនេះ ទំនង​បញ្ជាក់ពីការសាងបញ្ចប់ខឿនព្រះវិហារ​ ក្រោយ​សាង​ព្រះវិហារ​ឡើង​រយៈ​ពេល១០ឆ្នាំ។

ព្រះវិហារចាស់​វត្តត្នោត ជាសំណង់រចនាបថព្រះវិហារបុរាណ ដែលមានលក្ខណៈពិសេសលេចធ្លោលើផ្នែកសិល្បៈតុបតែងលម្អ។ សំណង់នេះប្រើប្រាស់សសរឈើ​​នៅ​ផ្នែក​ខាងក្នុង​​មាន​ចំនួន​​​២៨ដើម ​ហើយ​នៅលើផ្ទៃសសរមួយចំនួនមានពាសម្រ័ក្សណ៍ និងបិទមាសសន្លឹក ដែលជាសិល្បៈដ៏វិសេសពេញនិយម​ក្នុង​​សំណង់​ព្រះពុទ្ធសាសនា​។ បើផ្អែកតាម​ការ​សិក្សា​អំពីសំណង់នៅតាម​វត្ត​ ព្រះវិហារ​នេះ​គេចាត់ថ្នាក់​ទៅជាទម្រង់​ជហ្វាបួន ឬហៅទូទៅថា​ព្រះវិហារ​បុរាណ។ ព្រះវិហារ​នេះប្រក់ក្បឿងស្រកាលេញ ហើយ​គ្រឿងលម្អស្ថាបត្យកម្ម​ផ្នែកដំបូលរួមមាន ជហ្វា និង​នាគ​ចែង​ខ្លះ​បាន​បាក់បែក​​ធ្លាក់ខូចដោយ​អន្លើ។ ខាងមុខមានទ្វារចូលមួយយ៉ាងធំ ខាងក្រោយមានទ្វារពីរ ហើយ​ចំហៀង​នីមួយៗមាន​ទ្វារម្ខាងបួន ដែលនេះអាច​រាប់ថា​ជាលក្ខណៈ​ពិសេសនៃព្រះវិហារវត្ត​ត្នោត ពោលគឺពុំមាន​បង្អួចដូចបណ្តា​ព្រះវិហារ​ដទៃឡើយ។ តាមទ្វារទាំង​អស់លម្អដោយ​ក្បាច់ក្បាំង និងស៊ុមទ្វារ​ពណ៌ទឹកប្រាក់យ៉ាង​រស់រវើក។ សន្លឹក​ទ្វារ​នីមួយៗ​ជាបន្ទះក្តារលាត គ្មានក្បាច់លម្អ គ្មាន​លាបពណ៌ ហើយ​សន្លឹកទ្វារខ្លះបានពុកផុយបាក់ជ្រុះទាំងស្រុង។ ចំណែក​ឯ​សសរ​បាំង​សាច​ជុំវិញព្រះវិហារ ដែលទល់ទ្រ​ពិតាន​បេតុងខាងលើ គឺជា​សសរ​បេតុង​លាតរាងបួនជ្រុង លម្អដោយ​កិន្នរទ្រចុងពិតាន​នៅក្បាល​សសរ ដែលទំនង​សាងបន្ថែម​ក្នុងពេលណាមួយ។ សូមបញ្ជាក់ថា ពិតានបេតុងនៃព្រះវិហារនេះមានតែត្រង់​បាំងសាចជុំវិញព្រះវិហារ​ប៉ុណ្ណោះ ពិតានខាងក្នុងព្រះវិហារ​ផ្នែក​ខាង​លើ​​ល្វែង​គ្រឹះ​ គឺជា​ពិតានឈើ។ ចំពោះហោជាង​ទាំងពីរ​លើព្រះវិហារនេះ ប្រហែលជាសាង​ថ្មី​​ជំនួស​ហោជាង​ចាស់ក្នុងសម័យ​ណាមួយ។ ហោជាង​ទាំង​ពីរចនា​លម្អដោយ​​ក្បាច់អង្គរ ជា​ប្រភេទសិល្បៈ​ចម្លាក់ពុម្ពស៊ីម៉ងត៍។ ហោជាង​មុខ​ឆ្លាក់រូបទេពមួយអង្គគង់​លើបាល្ល័ង្ក​ត្រង់​​ផ្ទៃកណ្តាល ដោយ​លើ​ព្រះហស្តទាំង​ពីរ​មានកាន់គម្ពីរ(?) ខាងស្តាំមានចំណារ“អរហំ” ហើយ​ខាងឆ្វេងមាន​ចំណារ “ន មោ​ ពុ ទ្ធា យ”។ បើសម្រាយ​សេចក្តីនៃពាក្យបាលីទាំង នេះ “អរហំ” មានន័យថា “ព្រះមានព្រះភាគ ជាបុគ្គលដែលគួរដល់​ការគោរ​ពបូជា”។ “ន មោ ពុ ទ្ធា យ” មានសេចក្តីថា “នមស្ការថ្វាយ​បង្គំ​នៃខ្ញុំ ​ចូរ​មាន​ដល់​ព្រះដ៏មាន​ព្រះភាគ(ព្រះពុទ្ធ)។ ហោជាងខាងក្រោយ ពុំមាន​ចម្លាក់អ្វីកត់សម្គាល់ឡើយ ពោលគឺមាន​តែការរចនា​ក្បាច់​អង្គរ​​ពេញ

ហោជាងតែម្តង។ គួរកត់ចំណាំថាសិល្បៈចម្លាក់លើ​ហោជាងទាំងពីពុំមាន​លាបពណ៌លម្អ​អ្វីឡើយ​ ពោលគឺជា​ពណ៌​ស៊ី​ម៉ងត៍ទាំងអស់។ ខាងក្នុងព្រះវិហារមាន​ក្រាល​ការ៉ូបុរាណ ហើយគេសង់​ឡើង​ដោយ​​ចែកជា​​៣ល្វែង គឺល្វែងគ្រឹះ​នៅ​កណ្តាល ​អម​ដោយ​របៀង​សងខាង ព្រម​ទាំង​​មាន​សសរ​ឈើ​មូល​ធំៗចំនួន​​២៨ដើម (សសរ​២ជួរ​អម​ល្វែងគ្រឹះ និង​២​ជួរនៅតាម​ជញ្ជាំង​)។ សសរ​ខ្លះ​គេសង្កេតឃើញ​មាន​សេសសល់ស្លាក​ស្នាម​​លាប​ម្រ័ក្សណ៍ និងបិទមាស។ ប៉ុន្តែសព្វថ្ងៃសសរ​​​មួយ​ចំនួនធំ​ក្នុងចំណោម​សសរទាំង​នោះ បាន​ប្រះរហែក ហើយ​សសរ​ខ្លះ​​ទៀត​ត្រូវ​កណ្តៀរ​ស៊ី​ពុកដាច់ជើង​​សសរទាំងស្រុង។​ ក្នុងចំណោម​សសរខាងក្នុង​ព្រះវិហារ​ គេឃើញ​មាន​សសរ២ដើម ចារឈ្មោះ​ ឯកឧត្តម តាវ សេងហួរ ជាសមាជិក​រាជរដ្ឋាភិបាល និង​លោកជំទាវ​ ព្រមទាំងគ្រួសារ​ ជាម្ចាស់សទ្ធា​សាង​សសរ។ ក្រៅពីនោះគឺជា​ឈ្មោះ​​អ្នកស្រុកជិតឆ្ងាយដែលចេញប្រាក់សាងសសរ​នីមួយៗ។

ដោយឡែក ចំពោះព្រះជីវ៍តម្កល់ក្នុងព្រះវិហារវត្តត្នោត គឺស្ថិតនៅខាងចុងនៃល្វែងគ្រឹះ។ ព្រះបដិមាតម្កល់លើបាល្ល័ង្កខ្ពស់ ដែលមានខឿនបាល្ល័ង្ក២ថ្នាក់។ ផ្អែកតាមការសិក្សាកាយវិការព្រះពុទ្ធបដិមា គេសម្គាល់ថា ជាកាយវិការព្រះពុទ្ធផ្ចាញ់មារ ទ្រង់ដាក់ព្រហស្តស្តាំដោយម្រាមទាំងប្រាំសណ្តូកស្របគ្នា ហើយលាតទៅប៉ះដី យកព្រះធរណីជាសាក្សី។ ចំណែកគំនូរខាងក្នុងព្រះវិហារ​​មាន​ពីរផ្នែក គឺគំនូរលើ​ជញ្ជាំងនិងគំនូរលើពិតាន។ គំនូរ​នៅ​លើ​ជញ្ជាំង​រៀបរាប់សាច់រឿង​ក្នុងពុទ្ធ​ប្រត្តិ ដោយ​នៅតាម​ជ្រុង​ជញ្ជាំង​​ទាំង​៤គេគូរ​ជា​២ជួរ​លើក្រោម។ គំនូរ​​ចាប់ផ្តើម​ពី​ព្រះអង្គ​​ទ្រង់​ចាប់បដិសន្ធិ (សុបិន​និម្មិត)​ ​រហូត​ទ្រង់​បរិនិព្វាន និង​ចែក​ព្រះសារីរិកធាតុ។ លក្ខណៈ​ពិសេស​​នៃ​គំនូរ​នេះ គឺមាន​ចំណុច​ខ្លះ​បាន​បញ្ចូល​នូវ​ទិដ្ឋភាព និង​សម្លៀក​បំពាក់​​សង្គមខ្មែរ​មួយចំនួនដូច​ជា​ វត្ត​មាន​មន្រ្តីរាជការ​ និងកងទ័ព​ ​​ត្រង់អន្លើ​ព្រះអង្គបរិនិព្វាន សម្តែងឫទ្ធិ និងពិធីអភិសេក​ជាដើម។ ទន្ទឹមនេះ បើមើលលើ​ទិដ្ឋភាពផ្សេងៗទៀត ព្រមទាំងពិនិត្យ​លើ​​ក្បាច់​លម្អ​លើសសរ និងធ្នឹម​ព្រះវិហារ រួមទាំង​តម្លៃជាវ​គំនូរ​តាម​ផ្ទាំង​នីមួយៗ​ផង គេយល់ថាគំនូរទាំងនេះប្រហែលគូរឡើង(ឬគូរឡើង​វិញ?)ក្នុង​​​ទសវត្សរ៍​ទី៩០។ ប៉ុន្តែយ៉ាង​ណា​ក្តីគេពុំឃើញមាន​ចំណារ​ឈ្មោះ​ជាងគំនូរ ឬកាលបរិច្ឆេទគូរគំនូរទាំងនោះ​ឡើយ។ ចំណែក​ឯ​គំនូរ​​លើ​ពិតានឈើខាងលើល្វែងគ្រឹះ មាន​តែរូប​ព្រះអាទិត្យ ព្រះចន្រ្ទ និង​ព្រះពុទ្ធ៥ព្រះអង្គ។ ប៉ុន្តែ​ផ្នែក​ខាងលើ​សន្ធិយាព្រះជីវ៍ មានគំនូរមួយផ្ទាំងទៀតគូរអំពីព្រះពុទ្ធមង្គល ដែល​ពុំ​សូវ​ប្រទះនៅតាម​បណ្តាព្រះវិហារ​ផ្សេង។

សរុបមកព្រះវិហារចាស់នៅក្នុងវត្តត្នោត គឺជាសំណង់បេតិកភណ្ឌដ៏មានតម្លៃ និងជាសក្ខីភាពនៃសិល្បៈស្ថាបត្យកម្មចុង​​សម័យ​អាណាព្យាបាល​បារាំង។ ព្រះវិហារជហ្វាបួននេះមានលក្ខណៈពិសេសលេចធ្លោខុសប្លែកពីព្រះវិហារដទៃ មានទ្វារជុំវិញ (គ្មានបង្អួច)មានគ្រឿងលម្អយ៉ាងរស់រវើក និងសសរឈើមូលធំៗ ដែលមានស្លាកស្នាមពាសម្រ័ក្សណ៍បិទមាសសន្លឹក និងគំនូរពុទ្ធប្រវត្តិនាំមកនូវទិដ្ឋភាពឆ្លុះបញ្ចាំងពីសម្លៀកបំពាក់ និងសង្គមខ្មែរនាសម័យកាលនោះ។ ទោះជាយ៉ាងណា គ្រឿងបង្គុំសំខាន់ៗនៃព្រះវិហារនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ និងជ្រោមជ្រែងជួសជុលអភិរក្សជាបន្ទាន់។ ប្រសិនបើពុំមានវិធានការសង្គ្រោះទាន់ពេលវេលានោះទេ បេតិកភណ្ឌសិល្បៈដ៏កម្រ និងមានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ នឹងត្រូវវិនាសបាត់បង់ជារៀងរហូតពីទឹកដីនៃដងទន្លេមេគង្គ។

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,400SubscribersSubscribe
- Advertisement -spot_img