ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿពិធីដង្ហែអ្នកតាព្រីងក្អែក និងជំនឿសុំទឹកភ្លៀង

ពិធីដង្ហែអ្នកតាព្រីងក្អែក និងជំនឿសុំទឹកភ្លៀង

ក្នុងសង្គមខ្មែរជំនឿលើអ្នកតានៅតែជាឫសគល់វប្បធម៌ដ៏​សំខាន់ ដែលឆ្លុះបញ្ចាំង​​ពី​ទំនាក់ទំនងរវាងមនុស្ស ធម្មជាតិ និងពិភពអរូបី។ ក្នុងចំណោមនោះ ពិធីបុណ្យ​ឡើង​អ្នកតា ឬហែអ្នកតាព្រីងក្អែក​ ដែល​ជា​ទំនៀម​របស់ប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំបាសិត ប្រារព្ធ​ដើម្បី​សុំ​សេចក្តី​សុខ និងសុំទឹកភ្លៀង គឺជា​ឧទាហរណ៍​បង្ហាញ​ពីទំនាក់​ទំនង​រវាងអ្នក​ស្រុក​ អ្នកតា​ និង​ទឹក​ភ្លៀង ពោលគឺទំនាក់​ទំនង​រវាង​អ្នកតា​និងរបរកសិកម្មរបស់អ្នក​ស្រុក​​។ តាមទម្លាប់ ពិធីនេះតែងប្រារព្ធមួយឆ្នាំម្តង នៅថ្ងៃ៤កើត ដល់​ថ្ងៃ​៥កើត ខែជេស្ឋ (ក្នុង​ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃទី​២០ និង​ទី​២១ ខែឧសភា ឆ្នាំ​២០២៦) នៅលើកូន​ទួលតូច​មួយកន្លែងហៅថា “ទួលអ្នកតាព្រីងក្អែក” ឬ “អ្នកតា​គហេ”។ សូមបញ្ជាក់ថា ទីទួល​អ្នកតា​ព្រីង​ក្អែក​បានចុះក្នុងបញ្ជីទួលបុរាណ​នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​​ផងដែរ។

ចំពោះប្រវត្តិនៃឈ្មោះអ្នកតា​នៅទីទួល​នេះ ហាក់​ដូចជា​​វិវត្ត​ទៅតាម​ការកត់​សម្គាល់​របស់​អ្នកស្រុក ដែលយក​តាម​ទិដ្ឋភាពនៃខ្ទមអ្នកតា​តាំង​នៅក្រោម​ដើម​ព្រីង។ ប៉ុន្តែ​អ្នក​ខ្លះ​យល់ថា​ អ្នកតា​ព្រីងក្អែក ឬ​អ្នកតាគហេ គឺជាបុព្វបុរសនៅក្នុងរឿងព្រេងបុរាណខ្មែរ គឺរឿង “បក្សីចាំ​ក្រុង”​។ តាមសាច់រឿងដែលអ្នកស្រុកនៅចងចាំ និងមានកត់ត្រាក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគ៥ បញ្ជាក់ដោយ​សង្ខេបថា កាលពីព្រេងនាយមានស្តេចមួយអង្គបានឱ្យហោរាគន់គូរជោគជតារាសី។ ហោរាទាយថានឹងមានអ្នកដណ្តើមរាជ្យ។ ក្រោយមក   ស្តេចក៏បានបញ្ជាឱ្យ​គេតាមរក រហូតឃើញកុមារម្នាក់ដែលមានរូបកងចក្រនៅលើបាតដៃ ស្តេចក៏បញ្ជាឱ្យតាមសម្លាប់កុមារនោះ។ ក្នុងគ្រោះថ្នាក់នោះ ដោយសារបុណ្យបារមីក៏មានតាចាស់ម្នាក់ឈ្មោះតាគហេ បានពរកុមារនោះរត់គេចខ្លួនគ្រប់ច្រកល្ហក រហូតមកដល់ភ្នំបាសិត ហើយបានយកកុមារទៅលាក់ទុកក្នុងរូងភ្នំ។ បន្ទាប់មក ដើម្បីបង្វែងដានកុំឱ្យទ័ពស្តេចរកឃើញ តាគហេបានដើរឈានថយក្រោយ ពីរូងភ្នំរហូតមកដល់ទីទួលមួយ ដែលជាទីទួលអ្នកតាព្រីងក្អែកសព្វថ្ងៃនេះ។

យោងតាមការសិក្សាស្រាវជ្រាវ និង​សាក​សួរ​ចាស់ទុំ​បញ្ជាក់ថា តាំងពីដើមរៀងមក អ្នកតាព្រីងក្អែកពុំដែល​ដឹងថាមានរូបស្នង ឬមានកិច្ចបញ្ចូលរូប(ជាន់រូប)ឡើយ។ នៅឆ្នាំ​២០១៨ អ្នកស្រុកបាន​សាងសង់រូបសំណាកពីស៊ីម៉ងត៍ តម្កល់ក្នុងខ្ទមក្រោមដើមព្រីង (មានដើមពោធិធំមួយនៅពីមុខ)។​ រូបចម្លាក់នោះមានទម្រង់មុខមាំ មានពុកមាត់ ពុកចង្កា ចិញ្ចើមក្រាស់ អង្គុយពែនភ្នែន ដៃឆ្វេងដាក់លើក្បាលជង្គង់ ដៃស្តាំកាន់ដំបង ​សម្លៀកបំពាក់ពណ៌ខ្មៅ ហើយ​ជា​រឿយៗ​​​អ្នកស្រុក​ច្រើនចូល​មក​​ថ្វាយ​ឆ្នួត​ក្បាល​ពណ៌ក្រហម និងបង់កក្រណាត់​ក្រហម។ ប៉ុន្តែ​នៅលើ​ដើម​ព្រីង​ ខាងក្រោយខ្ទមនោះ ត្រង់មែកព្រីងធំដែលទោរលើខ្ទម គេបាន​ឆ្លាក់​ចេញជាទម្រង់រូបសំណាកបុរសម្នាក់ស្លៀកក្បិន លែងខ្លួនទទេ ដៃស្តាំកាន់​ដំបង ដែលអ្នកស្រុកជឿថានេះក៏ជារូបតំណាងឱ្យអ្នកតាព្រីងក្អែកដែរ។ នៅក្បែរខ្ទមនោះក៏មានសាលាបុណ្យមួយខ្នងសម្រាប់ប្រារព្ធ​កិច្ចខាងសាសនា សង់ឡើង​តាំងពីឆ្នាំ​២០១១។

ដោយឡែកចំពោះពិធីដង្ហែអ្នកតា គឺជាពិធីសំខាន់នៅថ្ងៃទី២ ដែលប្រព្រឹត្តទៅនៅវេលាព្រឹកព្រលឹម ពោលគឺបន្ទាប់ពីប្រគេនចង្ហាន់ដល់ព្រះសង្ឃរួចរាល់។ ក្នុង​ពិធីដង្ហែ​នេះគេសម្គាល់​ឃើញ​យុវជនប្រុស​ស្រី​តែង​នាំគ្នាគូរមុខ​ និង​តែងខ្លួន​ប្លែកៗ។ ការតុបតែង​ខ្លួននោះគេឃើញជាពិសេស គឺ​យុវជននិង​កុមារ ដោយ​​​​ភាគ​ច្រើន​គេ​​និយម​យក​យកធ្យូងមកគូរមុខ និងលាបខ្លួនឱ្យខ្មៅឱ្យ​មាន​សភាពដូច​​មនុស្ស​កុលសម្ព័ន្ធ។ ទន្ទឹមនឹងនេះ មាន​ក្រុមខ្លះ​តុបតែងខ្លួនជាតួអង្គផ្សេងៗ​ដូចជា ឥសី ស្តេច អាមាត្យ ត្លុក យក្ស អ្នកគុននិយម ឬតុបតែង​ស្លៀកសម្លៀកបំពាក់រហែករយ៉ៃ ខ្លះកាន់ដំបង ដាវ ពូថៅ ​កាំបិត ​ដើមអំពៅ ឬចងមែកឈើជុំវិញចង្កេះ ហើយអ្នក​ខ្លះ តុបតែងខ្លួន​ជា​ជាតិសាសន៍ផ្សេងៗ ពុំកំណត់តួអង្គអ្វីជាក់លាក់ឡើយ ​ដើរ​ដង្ហែ​ដោយមាន​ស្គរឆៃយ៉ាំប្រគំនាំមុខយ៉ាងគគ្រឹក​គគ្រេង និងមាន​ក្រុម​​អ្នកជិះសេះនៅខាងមុខបំផុត។ ក្បួនដង្ហែ​នេះ​មានចម្ងាយផ្លូវជិត២គីឡូម៉ែត្រ ដង្ហែកាត់តាមភូមិឆ្ពោះទៅកាន់ទួលអ្នកតា។ ក្រុមមនុស្សដែលតែងខ្លួនចម្លែកៗទាំងនោះ ច្រើនតែ​ធ្វើកាយវិការជាមនុស្សកំណាច ស្រែកធ្វើសំឡេង​​ខ្លាំងៗ ហើយ​ជារឿយៗគេ​ធ្វើ​ជា​បន្លាចអ្នកស្រុក ជាពិសេសគឺបន្លាចក្មេងៗ។ ប៉ុន្តែ​ពេល​ក្បួនដង្ហែ​ដល់អ្នកភូមិតាមផ្ទះតែងហុចប្រាក់ខ្លះ​​ផងដែរ។ លុះ​ក្បួនដង្ហែមកដល់ខ្ទមអ្នកតា គេនាំគ្នា​ចូលទៅអុជធូប និងរាំថ្វាយ​អ្នក​តា​យ៉ាង​សប្បាយ​រីករាយកំដរ​ដោយ​ភ្លេងឆៃយ៉ាំ។ ទន្ទឹម​នោះ​ក្រុម​​អ្នកជិះសេះ​​ក៏យកសេះមក​បង្ហាញមុខខ្ទម​អ្នកតា​ដែរ។

បន្ទាប់​ពីក្បួន​ដង្ហែ​មក​ដល់​ខ្ទម​អ្នកតា និងរាំថ្វាយ ព្រម​ទាំង​​ធ្វើកិច្ចបូជារួចហើយ គេ​នាំ​​គ្នា​ហែជុំវិញខ្ទម​អ្នកតា​បីជុំ​។​ បន្ទាប់មក គេ​ដង្ហែ​​​សង្ឃឹក​​ទៅចោល​ឆ្ងាយ​ ​​តាម​​ដែល​លោក​អាចារ្យ​ចង្អុលបង្ហាញ។ សោតឯសង្ឃឹក​នោះគេ​ធ្វើពីស្រទបចេក​និងដើមចេក ហើយគ្រឿងបូជា​សង្ឃឹក​រួមមាន​ ស្រូវ ពោត សណ្តែក ល្ង អង្ករ និងប្រាក់បន្តិចបន្តួច។ បន្ទាប់ពី​ដើរប្រទក្សិណ​គ្រប់៣ជុំ​ខ្ទមអ្នកតា ​គេ​ចាប់លើក​សែង​សង្ឃឹក​ចេញ​ក្បួន​បន្តទៅទិសឦសាន។ សង្ឃឹក​នោះមុននឹង​ទម្លាក់ចោល គេនាំគ្នាលើកឡើង​ខ្ពស់ហ៊ោកញ្ជ្រាវពីរ៣ដង ទើបទម្លាក់​​ចុះឲ្យខ្ចាត់ខ្ចាយ។ ក្មេងៗ​ក៏ដណ្តើមយក​​​ប្រាក់ ឬស្រូវអង្ករ​នោះរៀងៗខ្លួន។

អ្នក​ស្រុក​​និយាយដោយខ្លីថា បំណង​និង​អត្ថន័យ​នៃពិធីជា​ទំនៀម​ខាងលើ រៀបចំ​ឡើង​​តាំងពីដូនតា​ ដើម្បីសុំសេចក្តីសុខសប្បាយ​ដល់​មនុស្ស​សត្វ​ និងជា​ពិសេស​គឺ​​សុំ​ទឹក​ភ្លៀង​​ពីលោកតាព្រីងក្អែក។ ប្រការត្រង់នេះហាក់ដូចជា​សំខាន់ដែលត្រូវ​ពិចារណា ដ្បិត​ភូមិស្រុកនេះដើមឡើយ​ជា​វាលស្រែល្វឹង​ល្វើយ អ្នកស្រុក​ប្រកបរបរ​ធ្វើ​ស្រែ ចិញ្ចឹម​សេះ ចិញ្ចឹម​គោក្របីជាកម្លាំង​អូសទាញ។ ចំណែក​ឯការ​ដង្ហែ​​អ្នកតា​ដ៏គគ្រឹក​គគ្រេង លាបខ្លួនខ្មៅ គូរមុខមាត់ និងស្លៀកពាក់ខោអាវរហែក រយ៉ៃ ឬស្លៀកស្លឹកចេក ស្រដៀងទៅនឹងពួកមនុស្សព្រៃ ព្រាយ ឬខ្មោច ដែល​ទិដ្ឋភាពនេះ​ហាក់ដូចជា​ស្រដៀង​គ្នានឹងទំនៀម​ “បញ្ចៀសចង្រៃ” តែងប្រារព្ធឡើងក្នុងតំបន់បុរាណផ្សេងទៀតដូចជា តំបន់​អង្គរ (សៀមរាប) ឬកោះកេរ (ព្រះវិហារ)។ ការបន្លាចក្មេងៗ និងការយកស្រូវអង្ករ ប្រាក់កាសដាក់ក្នុងសង្ឃឹក រួចយកទៅចោលនោះ គឺទំនងជានិមិត្តរូបនៃការ​បញ្ចៀសភាពអត់ឃ្លាន ជំងឺតម្កាត់ និងគ្រោះចង្រៃទាំងឡាយឱ្យចេញឆ្ងាយពីសហគមន៍ ដែល​ទម្លាប់នេះបានក្លាយជាវប្បធម៌អរូបីដ៏មាន​តម្លៃ និងជាចំណែក​នៃចំណងសាមគ្គីភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់៕

អត្ថបទដោយ៖  ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,400SubscribersSubscribe
- Advertisement -spot_img